របប​ក្រុងភ្នំពេញ​ណែ​នាំ​ឱ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រៀម​វិធានការ​ទប់ទល់​គ្រោះ​ទឹកជំនន់

របប​ក្រុងភ្នំពេញ​ណែនាំ​ដល់​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់​វិធានការ​ចាំបាច់ ដើម្បី​ត្រៀម​ទប់​ទល់នឹង​គ្រោះ​ទឹកជំនន់ ដើម្បី​បញ្ចៀស​ការ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ទ្រព្យ​សម្បត្តិ និង​អាយុជីវិត​របស់​ពលរដ្ឋ។

សារាចរ​របប​ក្រុងភ្នំពេញ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា ឥទ្ធិពល​ព្យុះ​កាហ្សីគី (KAJIKI) បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​គំហុក​នៅ​ខេត្ត​មួយ​ចំនួន​របស់​កម្ពុជា និង​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេ​មេគង្គ​នៅ​ប្រទេស​វៀតណាម ថៃ និង ឡាវ ដែល​ធ្វើ​ឱ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ខ្ពស់​យ៉ាង​ឆាប់រហ័ស ដែល​នឹង​អាច​បង្ក​ឱ្យ​មានការ​លិចលង់​នៅ​ខេត្ត​មួយ​ចំនួន ស្ថិតនៅ​អម​សងខាង​ទន្លេមេគង្គ​ផ្នែក​ខាងលើ​។ ឥទ្ធិពល​របស់​ព្យុះ​នេះ ធ្វើ​ឱ្យ​អាង​ស្តុក​ទឹក​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​ហក់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន ក្នុង​នោះ​រួមមាន​ស្ថានីយ​ជលសាស្ត្រ​ខេត្ត​ស្ទឹងត្រែង ទឹក​អាច​នឹង​ហក់​ឡើង​កម្ពស់​ជាង ១២​ម៉ែត្រ នៅ​ថ្ងៃ​ទី​៨​កញ្ញា ខាងមុខ ស្ថានីយ​ជលសាស្ត្រ​ខេត្ត​ក្រចេះ ទឹក​អាច​នឹង​ហក់​ឡើង​កម្ពស់​ជាង ២៣​ម៉ែត្រ​នៅ​ថ្ងៃទី​៩ កញ្ញា ស្ថានីយ​ជលសាស្ត្រ​ខេត្ត​កំពង់ចាម ទឹកនឹង​ហក់​ឡើង​កម្ពស់​ជាង ១៥​ម៉ែត្រ​នៅ​ថ្ងៃ​ទី​១០ កញ្ញា​។ រីឯ​ស្ថានីយ​ជល​សាស្ត្រ​បាសាក់ ចតុមុខ រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី​១១ កញ្ញា ទឹក​អាច​នឹង​ហក់​ឡើង​កម្ពស់​ជិត ១០​ម៉ែត្រ។

ដោយឡែក​កម្ពស់​ទឹកទន្លេ​មេគង្គ​ក្រោម ទន្លេបាសាក់ ទន្លេសាប នឹង​ទឹក​ក្នុង​បឹង​ទន្លេសាប ក៏​នឹង​ហក់​ឡើង​ទន្ទឹមគ្នា​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។