ពលរដ្ឋរងគ្រោះដោយទឹកជំនន់ រស់នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួនទៀតត្អូញត្អែរ ខ្វះស្បៀង និងតង់សម្រាប់ស្នាក់នៅលើទីទួលសុវត្ថិភាព ស្របពេលដែលស្ថានភាពទឹកជំនន់នៅតែអូសបន្លាយពេល។ ពួកគេអះអាងថា ពលរដ្ឋទីទ័លក្រមួយចំនួន នៅមិនទាន់ទទួលបានជំនួយមនុស្សធម៌នៅឡើយទេ។ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថា រដ្ឋាភិបាលកំពុងប្រឹងប្រែងផ្តល់ជំនួយមនុស្សធម៌ និងសង្គ្រោះពលរដ្ឋ។
ពលរដ្ឋជាច្រើនគ្រួសារ ដែលបន្តរស់នៅលើទីទួលសុវត្ថិភាព ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងដង្ហើយរកជំនួយមនុស្សធម៌ជាបន្ទាន់ ព្រោះប្រឈមជំងឺ និងអាកាសធាតុ។
ពលរដ្ឋរស់នៅសង្កាត់ព្រែកកំពឹសខណ្ឌដង្កោ លោកស្រី ផន ណារី ឱ្យដឹងនៅថ្ងៃទី១៦ តុលាថា គ្រួសារលោកស្រីទីទ័លក្រ និងមានកូនខ្ចីអាយុ ២ខែ កំពុងរស់នៅក្នុងតង់ហាលថ្ងៃ ហាលភ្លៀងរយៈពេល ៤ថ្ងៃមកហើយដោយមិនទាន់ទទួលបានជំនួយមនុស្សធម៌ ពីរដ្ឋាភិបាលនៅឡើយទេ។ លោកស្រីថា មានពលរដ្ឋជាច្រើនគ្រួសារ កំពុងលំបាកវេទនា ខ្វះស្បៀង គ្មានជម្រកស្នាក់នៅ និងខ្វះទឹកស្អាតជាដើម៖ «ខ្វះខាតអង្កអ៊ីចឹងទៅ គ្រឿងគ្រៅហូប ស្ករប៊ីចេង គ្មាននរណាចែកអំណោយអីផង អត់ទាំងអស់ហ្នឹង។ បើលិចទឹកអស់ហើយ ពួកខ្ញុំរស់នៅមាត់ស្ទឹង ពួកខ្ញុំរត់ឡើងលើទាំងអស់ហ្នឹង។ សុទ្ធតែលិចខ្លាំងបានរត់មក »។
ចំណែក ពលរដ្ឋម្នាក់ទៀត រស់នៅខណ្ឌដង្កោ លោកស្រី គង់ វន្នី ប្រាប់អាស៊ីសេរីថា ទឹកជំនន់បានជន់លិចផ្ទះរបស់លោកស្រី ៤ថ្ងៃមកហើយ ហើយបច្ចុប្បន្នគ្រួសារលោកស្រីកំពុងបន្តរស់នៅ លើទីកន្លែងមានសុវត្ថិភាព ជាប់ផ្លូវជាតិក្នុងរាជធានីភ្នំពេញ។ លោកស្រីត្អូញថា ពួកគាត់បានជម្លៀសពីផ្ទះ មករស់នៅលើទីទួលសុវត្ថិភាពជាច្រើនថ្ងៃមកហើយ មិនទាន់ឃើញ អាជ្ញាធរណា មកសួរសុខទុក្ខនៅឡើយទេ៖ «ខ្វះខាតអាហារហូបចុក លុយកាក់ អង្ករប្អូនអើយ។ បើលិចខាងនោះ ខាងនេះ ហើយដេកហាលភ្លៀង តង់ក៏អត់មានចង់ ខ្ញុំមកនៅទីនេះ ដោយសារចិញ្ចើមថ្នល់គេហ្នឹង ៣ ទៅ ៤ថ្ងៃ ទាំងថ្ងៃហ្នឹងហើយ »។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក ឃុន សុខា ថ្លែងថា រដ្ឋាភិបាល និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ កំពុងផ្តល់ជំនួយមនុស្សធម៌ជួយសង្គ្រោះពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។ ក៏ប៉ុន្តែលោកមិនបញ្ជាក់លម្អិតថា មកទល់ពេលនេះរដ្ឋាភិបាលបានចំណាយថវិកាអស់ចំនួនប៉ុន្មានហើយនោះទេ។ លោកបន្ថែមថា រដ្ឋាភិបាល បានបញ្ជាកងកម្លាំងចែកចេញជាពីរផ្នែកទី១ សមត្ថកិច្ចជាង ១ពាន់នាក់ អន្តរាគមន៍រុករក និងជួយសង្គ្រោះពលរដ្ឋដល់ទីតាំង ហើយទី២ សមត្ថកិច្ចថ្នាក់ខេត្តមាន មន្ត្រីអាវុធហត្ថ និងនគរបាលសហការជួយដឹកជញ្ជូនស្បៀងចែកជូនពលរដ្ឋដល់ផ្ទះ និងទីកន្លែងដែលពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ន៖ «យើងកំពុងតាមដាន រហូតដល់យប់មិញនេះ យើងមិនទាន់ផុតពីគ្រោះអាសន្នទេ យើងកំពុងប្រឈម។ ពេលយើងជម្លៀសពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព គឺទីនោះ ចែកជំនួយសង្គ្រោះមួយហើយ ទី២ ប្រជាពលរដ្ឋដែលមិនទាន់បានជម្លៀសគឺនៅតាមលំនៅឋាន ជាពិសេសគឺពលរដ្ឋខ្វះខាត ជួបការលំបាក គឺយើងចែកនៅតាមលំនៅឋានរបស់គាត់តែម្តង »។
ចំណែកអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានប្រាប់កាសែតក្នុងស្រុកថា មកទល់ថ្ងៃទី១៦ តុលា ពលរដ្ឋជាង ៥ពាន់គ្រួសារ (៥.០០០) ត្រូវបានជម្លៀសមកកាន់ទីទួលសុវត្ថិភាព ហើយអាជ្ញាធរកំពុងជួយមើលថែពលរដ្ឋយ៉ាងយកចិត្តទុកដាក់។ លោកថា ពលរដ្ឋរស់នៅរាជធានីភ្នំពេញ ដែលត្រូវជម្លៀសមកកន្លែងមានសុវត្ថិភាពនេះ រួមមាននៅខណ្ឌកំបូល ពោធិ៍សែនជ័យ និងខណ្ឌដង្កោ។
របាយការណ៍គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយឱ្យដឹងថា គិតត្រឹមរសៀលថ្ងៃទី១៦ តុលានេះ មានពលរដ្ឋ ១៨នាក់ហើយ បានស្លាប់ដោយសារគ្រោះទឹកជំនន់។ ទឹកជំនន់បានបង្កផលប៉ះពាល់ពលរដ្ឋជាង ២សែននាក់ (២១១.០០០) ក្នុងនោះជាង ២ម៉ឺននាក់ (២៥.០០០) ត្រូវជម្លៀសចេញពីលំនៅឋានខូចខាតស្រូវជាង ១សែន ៣ម៉ឺនហិកតារ (១៣៧.០០០) និងដំណាំផ្សេងៗ ជាង ៦ម៉ឺនហិកតារ (៦៧៥.០០)។ លើសពីនេះ ទឹកជំនន់បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទំនប់ទឹក ស្ពាន ផ្លូវថ្នល់ និងផ្លូវលំតាមជនបទជាច្រើនកន្លែងទៀត។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា ពលរដ្ឋជម្លៀសទៅកាន់ទីទួលសុវត្ថិភាព កំពុងប្រឈមខ្វះស្បៀងអាហារ និងទីជម្រកបណ្ដោះអាសន្នអាជ្ញាធរគួរតែពន្លៀនជួយអន្តរាគមន៍ជាបន្ទាន់មិនគួរអូសបន្លាយពេលនោះទេ។ លោកចាត់ទុកគ្រោះទឹកជំនន់ឆ្នាំនេះ កាន់តែធ្វើឱ្យពលរដ្ឋលំបាកវេទនា ផ្នែកសេដ្ឋកិច្ច និងជីវភាពមួយកម្រិតទៀត ជាពិសេសពលរដ្ឋដែលជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ៖ «គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយគួរតែផ្តល់ជួយជ្រោមជ្រែងឱ្យពួកគាត់មានអាហារហូបចុក និងអាហារការស្នាក់នៅជារឿងមួយសំខាន់ណាស់រួមទាំងថ្នាំ និងទឹកស្អាតទាំងអស់ហ្នឹង »។
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឱ្យដឹងថា គ្រោះទឹកជំនន់បង្កប៉ះពាល់ដល់ពលរដ្ឋចំនួន ១៩ខេត្តក្រុងក្នុងនោះមានខេត្តពោធិ៍សាត់ បាត់ដំបងប៉ៃលិន បន្ទាយមានជ័យ និងខណ្ឌដង្កោក្នុងរាជធានីនៅភ្នំពេញរងគ្រោះធ្ងន់ធ្ងរជាងគេ។ លើសពីនេះនៅខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនថៃអាជ្ញាធរខេត្តនេះកំពុងត្រៀមកម្លាំងសង្គ្រោះពលរដ្ឋក្រោយពីប្រទេសថៃបានជូនដំណឹងថា អាជ្ញាធរថៃអាចនឹងបើកទំនប់ទឹកនៅពេលឆាប់ៗ នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។