ភ្លៀង​បន្ត​ធ្លាក់​នៅ​ក្រុង​ភ្នំពេញ និង​បណ្ដា​ខេត្ត​ក្រុង​មួយ​ចំនួន

ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់ នៅ​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មានផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ពលរដ្ឋ​នោះ​ទេ នៅ​រាត្រី​ថ្ងៃសៅរ៍ ទី១៧ ខែ​តុលា។ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ឲ្យ​ដឹង​ថា ដោយសារ​តែ​ឥទ្ធិពល​នៃ​ព្យុះ​ទី១៧ កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់​ពី​ថ្ងៃ​ទី១៧ ដល់​ថ្ងៃ​ទី២១ ខែតុលា នៅ​តាម​បណ្ដា​ខេត្ត​ភាគ​ពាយ័ព្យ ហើយ​បណ្ដា​ខេត្ត​នៅ​តាម​ជូរ​ភ្នំ​ដងរែក ខ្ទង់​រាប​ភាគ​ឦសាន និង​តំបន់​ជូរ​ភ្នំក្រវាញ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ខ្លាំង។ នៅ​ឯ​តំបន់​មាត់​សមុទ្រ នឹង​អាច​មាន​ភ្លៀង​ធ្លាក់​ច្រើន និង​នៅ​លើ​ផ្ទៃ​សមុទ្រ មាន​ភ្លៀង​លាយឡំ​ខ្យល់​បក់​បោក និង​រលក​សមុទ្រ​ខ្ពស់ៗ។

ចំពោះ​លោក​អ្នក​នាង​ដែល​រស់​នៅ​ខេត្ត​បាត់ដំបង​វិញ អាជ្ញាធរ​ខេត្ត​នេះ​បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ស្ដីពី​ការ​ផ្អាក​បណ្ដោះអាសន្ន នៃ​រថយន្ត​ធុន​ធំ​គ្រប់​ប្រភេទ គឺ​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ៥ ផ្លូវ​ខេត្ត​លេខ១៥៧០ ផ្លូវ​ខេត្ត​លេខ ១៥៩សេ (159C) និង​ផ្លូវ​ខេត្ត​លេខ ១៥៩ បេ១ (159B1) ដែល​ផ្លូវ​ទាំង​ស្ថិត​ក្នុង​ខេត្ត​បាត់ដំបង។ អាជ្ញាធរ​ថា ការ​ផ្អាក​នេះ​ដោយសារ​តែ ដើម្បី​ការពារ​សុវត្ថិភាព​ធ្វើ​ដំណើរ​ដល់​ពលរដ្ឋ និង​បញ្ចៀស​គ្រោះថ្នាក់ ដែល​អាច​កើត​ឡើង​ជា​យថាហេតុ និង​ដើម្បី​ចូលរួម​ថែ​រក្សា​ផ្លូវ​ថ្នល់​ស្ពាន កុំ​ឲ្យ​បាក់​ស្រុត។

នៅ​ឯ​រាជធានី​ភ្នំពេញ​ឯ​ណោះ​វិញ កាល​ពី​ល្ងាច​ថ្ងៃ​ទី១៧ ខែតុលា អាជ្ញាធរ​ខណ្ឌ​ដង្កោ បាន​ចាប់​បាន​ក្រពើ​ទម្ងន់ ៣០គីឡូ​ក្រាម ដែល​បាន​រួច​ពី​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​មួយ។ អាជ្ញាធរ​ស្នើ​ពលរដ្ឋ​ឱ្យ​ឈប់​បារម្ភ ដោយសារ​តែ​ក្រពើ​នោះ ត្រូវ​បាន​គេ​ចាប់​បាន​វិញ​ហើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។