ជនជាតិ​ដើម​ភាគតិច​ចង់​ឲ្យ​សហភាព​អឺរ៉ុប​បន្ត​ជំនួយ​ដល់​សហគមន៍​ព្រៃឈើ

ដោយ អ៊ុំ រង្សី
2015-09-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​សហគមន៍​ព្រៃឈើ​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​ស្ទឹងត្រែង លោក ជួង ផល ផ្ដល់​បទសម្ភាសន៍​នៅ​ក្នុង​សិក្ខាសាលា​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព និង​ការ​លើក​កម្ពស់​របរ​ចិញ្ចឹម​ជីវិត​ក្រោម​ជំនួយ​របស់​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៥។
តំណាង​សហគមន៍​ព្រៃឈើ​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ខេត្ត​ស្ទឹងត្រែង លោក ជួង ផល ផ្ដល់​បទសម្ភាសន៍​នៅ​ក្នុង​សិក្ខាសាលា​បូក​សរុប​លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព និង​ការ​លើក​កម្ពស់​របរ​ចិញ្ចឹម​ជីវិត​ក្រោម​ជំនួយ​របស់​សហភាព​អឺរ៉ុប កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Um Raingsy

ពលរដ្ឋ​នៃ​សហគមន៍​ព្រៃឈើ មក​ពី​ខេត្ត​ចំនួន ៩ ដែល​មាន​គម្រោង​គ្រប់គ្រង​ព្រៃឈើ​ក្រោម​ជំនួយ​របស់​សហភាព​អឺរ៉ុប កំពុង​ព្រួយ​បារម្ភ​ថា គម្រោង​របស់​ពួកគេ​នឹង​ជួប​ការ​លំបាក ប្រសិន​បើ​ជា​ម្ចាស់​ជំនួយ​ធំ​ជាង​គេ​ក្នុង​វិស័យ​ព្រៃឈើ មិន​ផ្ដល់​ជំនួយ​បន្ត​ទៀត។ ពួកគេ​យល់​ថា សហភាព​អឺរ៉ុប មាន​សារសំខាន់​ក្នុង​ការ​ធានា​និរន្តរភាព​ព្រៃឈើ​នៅ​កម្ពុជា។

ពលរដ្ឋ​សហគមន៍​ព្រៃឈើ​បារម្ភ​ថា ការ​គំរាមកំហែង​ពី​ការ​ទន្ទ្រាន​កាន់កាប់​ដី និង​កាប់​ឈើ​លក់​អាច​កើត​មាន​នៅ​ក្រោយ​ពេល​ដែល​សហភាព​អឺរ៉ុប បញ្ចប់​គម្រោង​ដែល​ផ្ដល់​ជំនួយ​ដល់​សហគមន៍។ ពលរដ្ឋ​សហគមន៍​ព្រៃឈើ​ទាំង​នោះ ចង់​ឲ្យ​សហភាព​អឺរ៉ុប ពិសេស​រដ្ឋាភិបាល គាំទ្រ​ទាំង​ថវិកា និង​បច្ចេកទេស​ដល់​ដំណើរការ​គ្រប់គ្រង​សហគមន៍​បន្ត​ទៀត បើ​ទោះ​ជា​គម្រោង​គ្រប់គ្រង​ព្រៃឈើ​របស់​សហភាព​អឺរ៉ុប បាន​បញ្ចប់​ក៏ដោយ។

ការ​លើក​ឡើង​របស់​ពលរដ្ឋ​សហគមន៍​ព្រៃឈើ ចំនួន ៩​ខេត្ត នៅ​ពេល​នេះ ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​សិក្ខាសាលា​បូកសរុប​លទ្ធផល​នៃ​ការ​អនុវត្ត​គម្រោង​គ្រប់គ្រង​ព្រៃឈើ​ដោយ​និរន្តរភាព និង​ការ​លើក​កម្ពស់​របរ​ចិញ្ចឹម​ជីវិត​តាម​រយៈ​សហគមន៍​ព្រៃឈើ​ក្រោម​ជំនួយ​របស់​សហភាព​អឺរ៉ុប នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា។

តំណាង​សហគមន៍​ព្រៃឈើ​ជនជាតិ​ដើម​ភាគតិច​ម្នាក់ មកពី​ខេត្ត​ស្ទឹងត្រែង លោក ជួង ផល បាន​ឲ្យ​ដឹង​ថា តាម​រយៈ​គម្រោង​សហគមន៍​ព្រៃឈើ បាន​ធ្វើ​ឲ្យ​លោក និង​ពលរដ្ឋ​ក្នុង​សហគមន៍​ទាំង​អស់ ទទួល​បាន​ចំណេះដឹង​ច្រើន មាន​ស្មារតី​រួម​គ្នា​ស្រលាញ់​ធនធាន​ព្រៃឈើ ហើយ​អាច​ទាញ​យក​អនុផល​ព្រៃឈើ ដែល​មាន​ក្នុង​សហគមន៍​ព្រៃឈើ ដើម្បី​ចិញ្ចឹម​ជីវិត​ប្រចាំថ្ងៃ​កាន់​តែ​ប្រសើរ។

ជាង​នេះ​ទៀត លោក​ថា ទោះជា​ពលរដ្ឋ​សហគមន៍​មានលទ្ធភាព​ការពារ​ព្រៃ​សហគមន៍​ក៏ដោយ ក៏​លោក​និង​ពលរដ្ឋ​ក្នុង​សហគមន៍​ចង់​ឲ្យ​សហភាព​អឺរ៉ុប នៅ​តែ​បន្ត​គាំទ្រ៖ «សំណូមពរ​ឲ្យ​គាត់​ជួយ​ទាំង​ថវិកា ទាំង​បច្ចេកទេស​ការ​គ្រប់​សហគមន៍​ដើម្បី​ឲ្យ​បាន​គង់វង្ស»

ទន្ទឹម​គ្នា​នេះ អ្នក​សម្របសម្រួល​កម្មវិធី​នៃ​អង្គការ​រីខូហ្វ (RECOFT) ក្រោម​ជំនួយ​សហភាព​អឺរ៉ុប អ្នកស្រី ហ៊ូ កល្យាណ មាន​ប្រសាសន៍​ថា ជំនួយ​សហភាព​អឺរ៉ុប​កន្លង​មក បាន​រួម​ចំណែក​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ធានា​និរន្តរភាព​ស្បៀង។ អ្នកស្រី​បារម្ភ​ថា ពលរដ្ឋ​ក្នុង​សហគមន៍​ព្រៃឈើ អាច​ពិបាក​គ្រប់គ្រង បើសិនជា​គ្មាន​ការ​បន្ត​គាំទ្រ​ពី​សហភាព​អឺរ៉ុប និង​ដៃគូ​ពាក់ព័ន្ធ៖ «ចង់​ឲ្យ​សហភាព​អឺរ៉ុប បន្ត​នៅ​ការ​គាំទ្រ និង​អនុវត្ត​ដែល​យើង​គិត​ថា វា​នឹង​រួម​ចំណែក​ដល់​ការ​គ្រប់គ្រង​ដើម្បី​ឲ្យ​មាន​និរន្តរភាព និង​សម្រេច​តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស ២ របស់​រដ្ឋាភិបាល»

​ចំណែក​ឯ​ទីប្រឹក្សា និង​ជា​ប្រធាន​ផ្នែក​សហប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប ប្រចាំ​កម្ពុជា អ្នកស្រី ហ្វីអូណា រ៉ាមស៊ី (Fiona Ramsey) មាន​ប្រសាសន៍​ថា សហភាព​អឺរ៉ុប មើល​ឃើញ​ថា អសុវត្ថិភាព​សិទ្ធិ​កាន់កាប់ ការប្រែប្រួល​អាកាសធាតុ និង​ការ​អនុវត្ត​ច្បាប់​ចំពោះ​ព្រៃឈើ​នៅ​ទន់ខ្សោយ​នៅ​ឡើយ។

អ្នកស្រី​បន្ត​ថា សហភាព​អឺរ៉ុប​នឹង​បន្ត​ពិនិត្យ​មើល​លើ​ជំនួយ​បន្ត​ទៀត ហើយ​សហភាព​អឺរ៉ុប​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ និង​រដ្ឋាភិបាល​មាន​ផែនការ​ច្បាស់លាស់ ដើម្បី​ការពារ​ព្រៃឈើ​ឲ្យ​មាន​និរន្តរភាព។

គម្រោង​គ្រប់គ្រង​សហគមន៍​ព្រៃឈើ ក្រោម​ជំនួយ​របស់​សហភាព​អឺរ៉ុប ក្នុង​ទឹកប្រាក់ ១,៦​លាន​អឺរ៉ូ មាន​រយៈពេល ៥៧​ខែ ផ្ដើម​អនុវត្ត​ចាប់​ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០១០ ដល់​ខែ​កញ្ញា ឆ្នាំ​២០១៥។ គម្រោង​នេះ​ត្រូវ​បាន​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​៩ រួម​មាន​ខេត្ត​កំពត កែប តាកែវ ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និង​​ខេត្ត​រតនគីរី ហើយ​ព្រៃឈើ​ដែល​ជំនួយ​នេះ​គ្រប​ដណ្ដប់​មាន​ទំហំ​ជាង ១៣​ម៉ឺន ៦​ពាន់ (១៣៦.៦៦៦) ហិកតារ មាន​សមាជិក​សរុប​ជាង ៤​ម៉ឺន ២​ពាន់ (៤២.៥៦៦) គ្រួសារ។

​ពលរដ្ឋ​នៃ​សហគមន៍​ព្រៃឈើ ក្រៅ​ពី​ចង់​ឲ្យ​សហភាព​អឺរ៉ុប​បន្ត​ជំនួយ ពួកគេ​ក៏​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពង្រឹង​ការ​កសាង​សមត្ថភាព​របស់​សហគមន៍​ព្រៃឈើ ដើម្បី​ឆ្ពោះ​ទៅ​រក​និរន្តរភាព​សេដ្ឋកិច្ច​បៃតង​នៅ​ប្រទេស​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល