បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្ត ដែលមានព្រៃឈើគ្របដណ្ដប់លើ ខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ និងស្ទឹងត្រែងត្អូញត្អែរ ពីការរឹតត្បិតសេរីភាពចុះល្បាតព្រៃ និងការប្រារព្ធពិធីបុណ្យព្រៃឡង់ ដោយសារក្រសួងបរិស្ថានហាមឃាត់ គំរាមកំហែង និងចោទពួកគេថា ជាបណ្ដាញក្រៅច្បាប់។ សហគមន៍ថា ពួកគេមិនទុកចិត្តប្រសិទ្ធភាពការងារ ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលកំពុងឈរជើងការពារព្រៃឡង់នោះទេ ព្រោះសកម្មភាពកាប់ឈើ និងការទន្ទ្រានដីព្រៃឡង់ ធ្វើជាកម្មសិទ្ធិ ពីសំណាក់អ្នកមានលុយ មានអំណាច នៅតែកើតមានឥតស្រាកស្រាន្ត។
បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តប្រកាសជំហរថា នឹងបន្តបេសកកម្មការពារព្រៃឈើ បើទោះបីមានការគំរាមកំហែង រារាំង និងធ្វើទុក្ខបុកម្នេញ ពីឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានក្ដី។ ពួកគេបារម្ភថា ប្រសិនបើបណ្ដោយឱ្យក្រសួងបរិស្ថានការពារព្រៃឡង់តែឯង ស្ថាប័នសាមីមួយនេះ នឹងជិះសេះលែងដៃ បណ្ដោយឱ្យបទល្មើសព្រៃឈើកើតមានច្រើន ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន និង អំពើពុករលួយ។
ប្រធានសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ឱ្យដឹងនៅថ្ងៃទី២៣ កុម្ភៈថា តំបន់ដែលមន្ត្រីបរិស្ថានរារាំង និងហាមឃាត់ សហគមន៍ព្រៃឡង់មិនឱ្យចូលទៅក្នុងចំណុចវាលពពាល គឺពោរពេញដោយជំរំបទល្មើសអារឈើខុសច្បាប់ ការដាក់អន្ទាក់សត្វ បរបាញ់សត្វ និងមានគល់ឈើធំៗ រាប់រយដើម ត្រូវគេកាប់រំលំធ្វើអាជីវកម្មនៅពេលថ្មីៗ នេះ។ លោកសង្កេតឃើញថា ក្រុមជនល្មើសមានឱកាសចូលព្រៃឡង់កាប់ឈើបានជារៀងរាល់ថ្ងៃ ពុំឃើញក្រសួងបរិស្ថានអនុវត្តច្បាប់នោះទេ ហើយបែរជាមកធ្វើទុក្ខបុកម្នេញ លើអ្នកការពារព្រៃឈើទៅវិញ៖ «សហគមន៍ព្រៃឡង់ចុះល្បាតការពារព្រៃដោយសារតែ ពួកបទល្មើសចេះតែចូលកាប់ឈើបានរាល់ថ្ងៃ ចុះហេតុអីបានជាក្រសួងបរិស្ថាន ឬក៏មន្ត្រីណាខ្លះ មិនទៅចាត់ការគាត់ ឱ្យគាត់ដឹកឈើបានតាមចិត្ត។ ហេតុផលនេះ ពេល ដែលពួកខ្ញុំធ្វើសកម្មភាពល្បាតម្ដងៗ ឃើញគល់ឈើរាប់រយគល់ ដែលគេកាប់ក្នុងព្រៃឡង់ដឹកជញ្ជូនចេញ។ ការលាក់បាំងរបស់គេហ្នឹងហើយ បានជាមិនចង់ឱ្យពួកខ្ញុំចូល។ តាមច្រកចូលព្រៃឡង់ គេមានអ្នកចាំផ្លូវស្រេចហើយ គេចូលគេបង់លុយឱ្យមន្ត្រីហ្នឹង » ។
បណ្ដាញសហគមន៍ព្រៃឡង់ទាំងបួនខេត្តអះអាងថា ក្រសួងបរិស្ថានបានយកច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ជាលេស ដើម្បីរារាំង និងហាមឃាត់សហគមន៍ព្រៃឡង់ ក្រុមនិស្សិត និងព្រះសង្ឃ រាប់រយនាក់ មិនឱ្យចូលព្រៃឡង់។ ពួកគេសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានក៏ត្រូវធានាថា គ្មានអ្នកកាប់ឈើ និងដឹកជញ្ជូនឈើក្នុងតំបន់ព្រៃឡង់ ហើយប្រសិនបើមានសកម្មភាពដឹកឈើ និងកាប់ឈើខុសច្បាប់ ក្រសួងសាមីមួយនេះត្រូវទទួលខុសត្រូវ និងត្រូវធានាថា ចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់។
ប្រធានសហគមន៍ការពារព្រៃឡង់ ខេត្តកំពង់ធំ លោក ហឿន សុភាព ថ្លែងថា សហគមន៍ព្រៃឡង់បានខកចិត្តយ៉ាងខ្លាំង ចំពោះការរឹតត្បិតសេរីភាពចុះល្បាត ការប្រមាថ ការគំរាមចាប់ខ្លួន និងការធ្វើទុក្ខបុកម្នេញសហគមន៍ មិនឱ្យចុះល្បាតព្រៃ និងធ្វើបុណ្យព្រៃឡង់ ពីសំណាក់ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន។ លោកថា សហគមន៍បានយកអាយុជីវិត ទៅប្ដូរនឹងកិច្ចគាំពារព្រៃឈើ ប្រឈមឧបសគ្គជាច្រើនជាមួយក្រុមជនល្មើស ខណៈដែលក្រុមអ្នកកាប់ឈើ និងអ្នកដឹកឈើ មានកាំភ្លើងកែច្នៃ និងវិទ្យុទាក់ទងគ្រប់ដៃ។ លោកចាត់ទុក ការរារាំងសហគមន៍មិនឱ្យចុះល្បាតព្រៃ និងធ្វើបុណ្យព្រៃឡង់ ជាចេតនាចង់បិទបាំងអំពើពុករលួយ និងការឃុបឃិតគ្នា កាប់ឈើខុសច្បាប់៖ «យើងខកចិត្តមែនទែន ដោយសារយើងបានប្ដូរជីវិត ជាមួយនឹងការការពារព្រៃឈើមួយនេះ។ រឿងដែលគេមិនឱ្យចូលជារឿងមួយ ដែលគេបិទបាំងអំពើពុករលួយណាមួយ ឬមួយគេឃុបឃិត ដើម្បីកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ មិនចង់ឱ្យព្រៃឡង់នៅសល់ទេ។ យើងឃើញសកម្មភាពរាល់ថ្ងៃនេះគឺ ព្រៃឈើមិនបានថយចុះច្រើនទេ កំពុងមានការកាប់បំផ្លាញជាបន្តបន្ទាប់ ស្ទើរជារៀងរាល់ថ្ងៃ។ ប្រសិនបើមិនមានបណ្ដាញព្រៃឡង់ធ្វើការ ការពារព្រៃឡង់បន្តទៀត ខ្ញុំគិតថា យ៉ាងហោចណាស់ ៥ ទៅ ៦ឆ្នាំទៀត បាត់អស់ហើយឈើធំៗ » ។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងក្នុងទំព័រហ្វេសបុករបស់ក្រសួងថា សួងបរិស្ថានសម្ដែងការសោកស្ដាយ ចំពោះឥរិយាបថបំពានច្បាប់ ម្ដងហើយម្ដងទៀត របស់ក្រុមសមាជិកបណ្ដាញព្រៃឡង់ មិនមានការចុះបញ្ជីស្របច្បាប់ត្រឹមត្រូវ និងថែមទាំងធ្វើសកម្មភាពល្មើសច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ។
លោកថា បណ្ដាញសហគមន៍ព្រៃឡង់ព្យាយាមធ្វើសកម្មភាពក្រៅច្បាប់ និងធ្វើខ្លួនឱ្យឃ្លាតឆ្ងាយពីសមូហភាពនៃការដឹកនាំគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិជាមួយស្ថាប័នពាក់ព័ន្ធ៖ «បណ្ដាញ ព្រៃឡង់ដែលគាត់ធ្វើសកម្មភាពនេះ គឺជាសកម្មភាពមួយមិនមានការទទួលស្គាល់ដោយច្បាប់ទេ ដោយសារតែបណ្ដាញព្រៃឡង់ ដែលគាត់ចងក្រងនេះ ជាបណ្ដាញមួយខុសច្បាប់ នៅក្រៅច្បាប់ គាត់មិនបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ ឬក៏ស្នើសុំការទទួលស្គាល់ណាមួយ ចុះកិច្ចព្រមព្រៀងណាមួយ ធ្វើការងារជាមួយក្រសួងពាក់ព័ន្ធទេ។ សកម្មភាពដែលគាត់ធ្វើមកនេះ ជាសកម្មភាពមួយមិនត្រឹមត្រូវតាមច្បាប់ » ។
ក៏ប៉ុន្តែ អ្នកសិក្សាច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងជាប្រធានកម្មវិធី នៃបណ្ដាញយុវជនកម្ពុជា លោក ស ម៉ូរី មិនគាំទ្រ ចំពោះការលើកឡើងរបស់លោក នេត្រ ភក្ត្រា ដែលចោទបណ្ដាញសហគមន៍ព្រៃឡង់ ជាបណ្ដាញក្រៅច្បាប់នោះទេ។ លោកយល់ថា ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រសួងមហាផ្ទៃបានចេញលិខិតបញ្ជាក់ថា បណ្ដាញសហគមន៍ព្រៃឡង់ និងបណ្ដាញសហគមន៍មូលដ្ឋាន មិនតម្រូវឱ្យឋិតក្រោមការគ្រប់ដណ្ដប់របស់ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនោះទេ។ លោកបញ្ជាក់ថា ច្បាប់នេះ ក៏មិនបានតម្រូវឱ្យសហគមន៍មូលដ្ឋាន ធ្វើការចុះបញ្ជីដែរ នៅពេលដែលធ្វើសកម្មភាពការពារធនធានធម្មជាតិ។
លោក ស ម៉ូរី សង្កេតឃើញថា សរាចរណែនាំ លេខ ០៥ របស់លោកនាយកមន្ត្រី ហ៊ុន សែន បានបង្ហាញខ្លឹមសារលើកទឹកចិត្តដល់សហគមន៍ និងពលរដ្ឋមូលដ្ឋាន ឱ្យចូលរួមការពារធនធានធម្មជាតិដែរ។ ហេតុនេះ ការលើកឡើងរបស់លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន ជារឿងមិនត្រឹមត្រូវតាមច្បាប់ និងបទបញ្ជារបស់រដ្ឋាភិបាល៖ «សំណួរដែលយើងចោទសួរទៅក្រសួងបរិស្ថាន ហើយនិងមន្ត្រីឧទ្យានុរក្សនៅជុំវិញព្រៃឡង់ គឺថា ហេតុអីអ្នកចូលកាប់ឈើ និងអ្នកដឹកឈើចេញពីព្រៃឡង់មិនត្រូវបានហាមឃាត់ ហើយសហគមន៍ដែលចូលរួមល្បាតព្រៃ និងការពារព្រៃឡង់ ដែលចៀសវាងការកាប់បំផ្លាញ ដោយឈ្មួញទុច្ចរិតត្រូវបានហាមឃាត់ទៅវិញ ? ប្រសិនបើបណ្ដាញសហគមន៍ព្រៃឡង់មិនអាចចូលរួមល្បាតព្រៃបន្តទៀត ខ្ញុំមើលឃើញថា ស្ថានភាពនៃការកាប់បំផ្លាញព្រៃឡង់នឹងកាន់តែធ្ងន់ធ្ងរជាងមុន » ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍នៃសមាគមអាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ច្បាប់ទាំងឡាយ ក្នុងព្រះរាជាណាចក្រកម្ពុជា ឋិតក្រោមរដ្ឋធម្មនុញ្ញទាំងអស់។ លោកថា ខ្លឹមសាររដ្ឋធម្មនុញ្ញបានកំណត់ច្បាស់ថា ពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចការពារធនធានធម្មជាតិ និងសម្បត្តិសាធារណៈរបស់រដ្ឋ ហើយសិទ្ធិទាំងអស់នេះហើយ ស្ថាប័នពាក់ព័ន្ធត្រូវគោរព ការពារ និងលើកទឹកចិត្ត។ លោកបញ្ជាក់ថា ការរារាំងពលរដ្ឋមិនឱ្យការពារធនធានធម្មជាតិ គឺជាទង្វើល្មើសច្បាប់៖ «សកម្មភាពរបស់សហគមន៍ព្រៃឡង់ទោះបីលោក មិនបានចុះបញ្ជី ប៉ុន្តែក្នុងនាមជាពលរដ្ឋម្នាក់ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលប្រគល់សិទ្ធិឱ្យការងារព្រៃទាំងអស់ហ្នឹង វាត្រឹមត្រូវ។ ក្រសួងបរិស្ថានត្រូវតែមានកាតព្វកិច្ចមួយ ដើម្បីផ្ដល់ឱកាសឱ្យពលរដ្ឋ ព្រោះខ្ញុំគិតថា ក្រសួងតែឯងមិនអាចធ្វើការងារ ការពារធនធានធម្មជាតិហ្នឹងបានទេ។ យើងឃើញថា ក្នុងកិច្ចការពារធនធានធម្មជាតិហ្នឹង ក្រសួងត្រូវតែផ្ដល់ការលើកស្ទួយលើកទឹកចិត្តដល់សហគមន៍ ដើម្បីឱ្យលោកចូលរួម » ។
លោក ស ម៉ូរី សង្កេតឃើញថា បណ្ដាញសហគមន៍ព្រៃឡង់ បានដើរតួនាទីសំខាន់ ក្នុងការបំពេញបន្ថែមចំណុចខ្វះខាតរបស់មន្ត្រីឧទ្យានុរក្សក្នុងដែនជម្រកសត្វព្រៃឡង់។ លោកយល់ថា ការហាមឃាត់សកម្មភាពសហគមន៍ព្រៃឡង់ មិនឱ្យល្បាតព្រៃ នឹងបង្កលក្ខណៈងាយស្រួលឱ្យក្រុមជនល្មើស លួចកាប់ឈើ និងដឹកឈើចេញពីដែនជម្រកសត្វព្រៃឡង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។