សកម្មជនបរិស្ថានគ្មានជំនឿថា របបភ្នំពេញអាចដោះស្រាយបញ្ហាសំរាមនៅខេត្តព្រះសីហនុបាន
2019.08.02

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនអះអាងថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្រោយលោកអវត្តមានជា ច្រើនសប្ដាហ៍មកថា កម្ពុជាមិនអនុញ្ញាតដាច់ខាតឱមានការនាំចូលសំរាមពីបរទេសដើម្បីកែច្នៃ ឬក៏ផលិតថាមពលអគ្គិសនីនោះទេ បន្ទាប់ពីកម្ពុជាគ្រោងនឹងបញ្ជូនចេញសំរាមចំនួនជិត ១៦០០តោនដែលដឹកពីប្រទេសកាណាដា និង សហរដ្ឋអាមេរិក ឱ្យចប់សព្វគ្រប់នៅចុងខែសីហានេះ។
អាជ្ញាធររបបក្រុងភ្នំពេញកាលពីថ្ងៃទី១៦ ខែកក្កដាកន្លងទៅនេះ បានរកឃើញកាកសំណល់សំរាមប្លាស្ទិកដែលបានវេចខ្ចប់យ៉ាងមានរបៀបរៀបរយដាក់នៅក្នុងកុងតឺន័រចំនួន៨៣ បានដឹកមកកាន់កំពង់ផែក្រុងព្រះសីហនុតាំងពីខែតុលាឆ្នាំ២០១៨មកម្ល៉េះ។
រដ្ឋាភិបាលបានដាក់ចេញនូវវិធានការណ៍៣ចំណុច ដល់ក្រុមហ៊ុន ជុង យៀន ប្លាស្ទិក ដែលបាននាំសំរាមមកចាក់ចោលក្នុងខេត្តព្រះសីហនុ ត្រូវនាំសំរាមទាំងនោះទៅប្រទេសដើមវិញ និងផាកពិន័យជាប្រាក់បន្ថែមទៀត។ លោក ហ៊ុន សែន ក៏ថាសាលាក្រុងភ្នំពេញ និងខេត្តព្រះសីហនុ ត្រូវតែដោះស្រាយបញ្ហាទីលានចាក់សំរាម និងលើកទឹកចិត្តឱមានការកែច្នៃសំរាមក្នុងស្រុកដើម្បីផលិតថាមពលអគ្គិសនីបន្ថែម។
សកម្មជនបរិស្ថានចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា គ្មានជំនឿថា របបក្រុងភ្នំពេញនឹងដោះស្រាយបញ្ហាសំរាម និងការសម្អាតបរិស្ថាននៅក្នុងក្រុងព្រះសីហនុបានល្អប្រសើរឡើងវិញទេ ដោយសារតែក្រុងទេសចរណ៍មាត់សមុទ្រមួយនេះដែលធ្លាប់តែស្រស់ស្អាតមកខូចខាតស្ទើរតែទាំងស្រុងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕