លោក ហ៊ុន ម៉ានី ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដក​ប្រធាន​មន្ទីរ​បរិស្ថាន​ចំនួន៤ ខេត្ត នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់

ដោយ ហ៊ុំ ចំរើន
2025.01.15
លោក ហ៊ុន ម៉ានី ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដក​ប្រធាន​មន្ទីរ​បរិស្ថាន​ចំនួន៤ ខេត្ត នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់ លោក សុង ច័ន្ទសុជាតិ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ
មន្ទីរបរិស្ថានខេត្តព្រះវិហារ

រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ លោក ហ៊ុន ម៉ានី ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្លាស់ប្ដូរ​ប្រធាន​មន្ទីរ​បរិស្ថាន​ចំនួន​ ៤​ខេត្ត​ នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់ ដោយ​ឲ្យ​មន្ត្រី​ទាំង​នោះ ទៅ​បម្រើ​ការងារ​នៅ​ទី​ស្ដីការ​ក្រសួង​បរិស្ថាន​វិញ។ បណ្ដាញ​សហគមន៍​ថា ការ​ផ្លាស់ប្ដូរ​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី​នេះ មិនមែន​ជា​ដំណោះស្រាយ​ល្អ​ក្នុង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅ​តំបន់​ព្រៃ​ឡង់​ឡើយ។

ក្រោយ​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ី​វិល រក​ឃើញ​បទល្មើស​ព្រៃឈើ​ជា​ច្រើន​ករណី នៅ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​កន្លង​មក រដ្ឋ​មន្ត្រី​ក្រសួង​មុខ​ងារ​សាធារណៈ លោក ហ៊ុន ម៉ានី ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្លាស់ប្ដូរ​ប្រធាន​មន្ទីរ​បរិស្ថាន​ទាំង​ ៤​ខេត្ត​នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់ ក្នុង​នោះ​មាន ខេត្ត​កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និង​ក្រចេះ។

តាម​លិខិត​របស់​ក្រសួង​មុខ​ងារ​សាធារណៈ ចុះ​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ដែល​វិទ្យុ​អាស៊ីសេរី​ទទួល​បាន​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ឲ្យ​ដឹង​ថា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ចំនួន​៤​នោះ រួមមាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​លោក អោង ប៊ុនធឿន ប្រធាន​មន្ទីរ​ខេត្ត​ព្រះវិហារ​លោក សុង ច័ន្ទសុជាតិ ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​លោក មឿន សុភេទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ស្ទឹងត្រែង លោក​ស្រេង ជាហេង ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​លោក អ៊ិន ប៉ូលី និង​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ក្រចេះ លោក ឆាយ ឌួងសាវុធ ត្រូវ​ផ្ទេរ​ឲ្យ​ទៅ​លោក គា ប៊ូ ។ ចំណែក​ឯ​អតីត​ប្រធាន​មន្ទីរ​បរិស្ថាន​ទាំង​៤​ខេត្ត​នេះ ត្រូវ​ទៅ​បម្រើ​ការងារ​នៅ​ទី​ស្ដីការ​ក្រសួង​បរិស្ថាន​វិញ។

ជុំ​វិញ​រឿង​នេះ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋ​មន្ត្រី លោក មាស សុភ័ណ្ឌ និង​អ្នក​នាំ​ពាក្យ​ក្រសួង​មុខ​ងារ​សាធារណៈ លោក យក់ ប៊ុនណា បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​មករា។

ទោះ​ជា​យ៉ាង​ណា បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ លោក ខេម សុឃី ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា​ថា លោក​សាទរ​ចំពោះ​ការ​ផ្លាស់ប្ដូរ​មន្ត្រី​អសកម្ម​ក្នុង​ការ​ការពារ​ព្រៃ​ឈើ។ ប៉ុន្តែ​លោក​ថា ដើម្បី​ការពារ​ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​ឲ្យ​មាន​ប្រសិទ្ធភាព រដ្ឋាភិបាល និង​ក្រសួង​ពាក់ព័ន្ធ​ត្រូវ​តែ​បើក​ចិត្ត​ឲ្យ​ទូលាយ អនុញ្ញាត​ឲ្យ​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​បាន​ចូលរួម​ល្បាត​ព្រៃ​ឡើង​វិញ។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល​មិន​អនុញ្ញាត​នោះ​ទេ បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​បន្ត​កើត​មាន​ដដែល។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​តែងតាំង​មន្ត្រី​រូប​ណា​ដែល​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ការពារ​ធនធាន​ធម្មជាតិ និង​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ បណ្ដែត​បណ្ដោយ​ឲ្យ​ក្រុម​ឧក្រិដ្ឋជន​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​តំបន់​អភិរក្ស​មួយ​នេះ។

លោក ខេម សុឃី៖ «សង្ឃឹម​ថា​ប្រធាន​មន្ទីរ​បរិស្ថាន​ថ្មី ជា​មនុស្ស​ដែល​មាន​ឆន្ទៈ​ខ្ពស់​ហើយ​ស្ដាប់​ច្រើន ចិត្ត​ទូលាយ បើក​ឱកាស​ឲ្យ​សហគមន៍ ឬ​ក៏​ប្រជាពលរដ្ឋ ដែល​ចូល​អ្នក​ស្រឡាញ់​នូវ​ធនធាន​ធម្មជាតិ ចូលរួម​នៅ​ក្នុង​ការ​ការពារ​សម្បត្តិ​ជាតិ​ទាំង​អស់​នេះ​ទើប​នៅ​គង់វង្ស​បាន និង​រឹត​បន្តឹង​នូវ​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​ខុស​នូវ​កិច្ច​ការងារ​របស់​ខ្លួន ដែល​មិន​អនុវត្ត​នូវ​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ និង​ប្រព្រឹត្ត​អំពើពុករលួយ»

ស្រដៀង​គ្នា​នេះ​ដែរ សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​បរិស្ថាន លោក ម៉ា ចិត្រា លើក​ឡើង​ថា គ្មាន​អ្វី​ចំ​ឡែក​នោះ​ទេ​ដែល​រដ្ឋាភិបាល​ត្រូវ​ផ្លាស់ប្ដូរ​មន្ត្រី​នៅ​ថ្នាក់​ក្រោម ប៉ុន្តែ​លោក​ថា​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស រដ្ឋាភិបាល​ត្រូវ​លុប​បំបាត់​អំពើពុករលួយ ស្វែង​រក​អ្នក​ជាប់​ពាក់ព័ន្ធ​បណ្ដែតបណ្ដោយ​ឲ្យ​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​កន្លង​ទៅ​យក​មក​ផ្ដន្ទាទោស​ឲ្យ​បាន​តឹងរ៉ឹង។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ត្រូវ​អនុញ្ញាត​ឲ្យ​បណ្ដាញ​សហគមន៍​នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់ បាន​ចូល​ល្បាត​ព្រៃ​ដោយ​សេ​រី​ឡើង​វិញ ដើម្បី​ជួយ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឲ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​កន្លង​ទៅ​ក្រសួង​បរិស្ថាន​តែងតែ​រអ៊ូរទាំ​ថា ដោយសារ​មិន​មាន​មន្ត្រី​បរិស្ថាន​របស់​ខ្លួន​គ្រប់គ្រាន់ ទើប​ការ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​មិន​មាន​ប្រសិទ្ធភាព។

លោក ម៉ា ចិត្រា៖ «សហគមន៍​មូលដ្ឋាន​ឲ្យ​គាត់​មាន​ចំណែក​ចូល​រួម​ការ​ការពារ ទើប​អាច​ទប់ស្កាត់​បាន ចំណុច​សំខាន់​មួយ​ទៀត គឺ​ត្រូវ​តែ​ហ៊ាន​ក្នុង​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​ដែល​គាត់​ប្រព្រឹត្ត​អំពើពុករលួយ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់ ប្រសិនបើ​រដ្ឋាភិបាល និង​មន្ត្រី​ឧទ្យានុរក្ស​គ្មាន​ឆន្ទៈ​ក្នុង​ការ​ការពារ​ទេ ទោះ​បី​ដាក់​មន្ត្រី​រាប់ពាន់​រាប់​ម៉ឺន​នាក់​ទៅ​ការពារ​ទៀត​ក៏​ព្រៃ​ឈើ​មួយ​នេះ​នៅ​តែ​អស់​ដដែល»

កន្លង​ទៅ​សកម្មជន​បរិស្ថាន អង្គការ​ស៊ី​វិល​ជាតិ និង​អន្តរ​ជាតិ រក​ឃើញ​ថា ដែន​ជម្រក​សត្វ​ព្រៃ​ព្រៃ​ឡង់​តែងតែ​រង​ការ​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​កាប់​ទន្ទ្រាន​ដី​ព្រៃ​យក​ធ្វើ​ជា​កម្មសិទ្ធិ​ពី​សំណាក់​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​នៅ​ជុំ​វិញ​តំបន់​នោះ​យ៉ាង​អនាធិបតេយ្យ។

ក្រៅ​ពី​ស្នើ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ប្រធាន​មន្ទីរ​បរិស្ថាន នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់​ទាំង​៤​ខេត្ត​ហើយ​នោះ លោក ហ៊ុន ម៉ានី ក៏​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តែងតាំង​លោក ហាល់ វិបុល ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី និង លោក អេង រស្មី ជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ហ៊ុន សែន និង​លោក សេង សារី បន្ត​ឆ្លើយឆ្លង​គ្នា​លើ​បណ្ដាញ​សង្គម​ពាក់ព័ន្ធ​សារ​បែក​ធ្លាយ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។