សហគមន៍​នេសាទ​ខេត្ត​បាត់ដំបង​ទទូច​ឲ្យ​អាជ្ញាធរ​ទប់ស្កាត់​នេសាទ​ខុសច្បាប់

ដោយ អាស៊ីសេរី
2017-10-29
Share
នេសាទ​ខុសច្បាប់ ឯកភ្នំ បាត់ដំបង ៦២២ បទ​ល្មើស​នេសាទ​នៅ​ភូមិ​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង កាល​ពី​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ​២០១៧។
Photo Provided

មន្ត្រី​សហគមន៍​នេសាទ​នៅ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង សម្ដែង​ការ​ខកចិត្ត​យ៉ាង​ខ្លាំង ចំពោះ​មន្ត្រី​រដ្ឋបាល​ជលផល និង​អាជ្ញាធរ ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​នេះ​ថា បណ្ដោយ​ឲ្យ​អ្នកមាន​លុយ​មួយ​ក្រុម​តូច ធ្វើ​នេសាទ​ខុសច្បាប់​នៅ​តំបន់​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ដោយ​សេរី និង​ពុំ​មាន​ការទប់ស្កាត់​ឡើយ។

មន្ត្រី​សហគមន៍​នេសាទ​រូប​នេះ អះអាង​ថា ការ​ធ្វើ​នេសាទ​ខុសច្បាប់​នេះ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ធ្វើ​ឲ្យ​ពួកគាត់​មិន​អាច​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ​បាន។

សហគមន៍​នេសាទ​នៅ​ស្រុក​ឯកភ្នំ អះអាង​ថា បញ្ហា​នេសាទ​ខុសច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ខេត្ត​បាត់ដំបង​ឆ្នាំនេះ កើត​មាន​ឡើង​ជា​ច្រើន​ឆ្នាំ​កន្លងទៅ។

អនុប្រធាន​សហគមន៍​នេសាទ​ស្ដីក្រោមរហាលសួង លោក ហោ សំអាត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៨ តុលា ថា ក្រុម​អ្នកមាន​លុយ​ប្រមាណ ១០​នាក់ បាន​ឆក់​ឱកាស​នយោបាយ​កំពុង​ឡើង​កម្ដៅ នាំគ្នា​ធ្វើ​នេសាទ​ខុសច្បាប់ ដោយ​ប្រើ​ឧបករណ៍​នេសាទ​មង​ក្រឡាញឹក ឬ​ហៅថា​បណរ៉ាវ ដាក់​ចាប់​ត្រី​ទាំង​តូច​ទាំង​ធំ​នៅ​តំបន់​ភូមិ​ព្រែកត្រប់ ឃុំ​ព្រែកនរិន្ទ និង​ភូមិ​បាក់ព្រា ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ យ៉ាង​គគ្រឹកគគ្រេង ដោយ​ពុំ​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ។

លោក ហោ សំអាត អះអាង​ទៀត​ថា ការ​ធ្វើ​នេសាទ​នេះ​មួយ​កន្លែងៗ ចម្ងាយ​ជិត​១០​គីឡូម៉ែត្រ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​មិន​អាច​ចូល​ទៅ​ធ្វើ​នេសាទ​ជា​លក្ខណៈ​គ្រួសារ ដើម្បី​រក​ប្រាក់​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ​បានទេ។

ឆ្លើយតប​នឹង​បញ្ហា​នេះ នាយផ្នែក​រដ្ឋបាល​ជលផល​ប្រចាំ​នៅ​ភូមិ​ព្រែកទាល់ លោក សៀង ដារិទ្ធ មាន​ប្រសាសន៍​ថា លោក​មិន​អាច​ទទួល​បានទេ ដែល​សហគមន៍​នេសាទ​អះអាង​ថា បទល្មើស​នេសាទ​ឆ្នាំនេះ មាន​សភាព​ធំធេង​ជាង​ឆ្នាំ​កន្លងទៅ។ លោក​ថា រឿង​នេះ​មិនមែន​ជា ព័ត៌មាន​ពិត​ឡើយ។ ទោះជា​យ៉ាងណា​មន្ត្រី​ជលផល​រូប​នេះ ទទួល​ស្គាល់​ថា ការ​ធ្វើ​នេសាទ​ខុសច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប កើត​មាន​ខ្លះ​ប្រាកដ​មែន ប៉ុន្តែ មិន​ច្រើន​ទេ។ លោក​បន្ថែម​ថា បញ្ហា​នេះ មន្ត្រី​ជលផល ក៏​កំពុង​ចាត់​វិធានការណ៍​ដូច​ភ្លៀងរលឹម​ដែរ។

ទោះជា​យ៉ាង​នេះ​ក្ដី សហគមន៍​នេសាទ​ស្ដី​ក្រោមរហាលសួង លោក សំអាត អះអាង​ថា បញ្ហា​នេសាទ​ខុសច្បាប់​នេះ កន្លងមក​លោក​បាន​ដាក់​លិខិត​ស្នើ​ទៅ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង ឲ្យ​ចាត់វិធានការ​ជិត ២​ខែ​ហើយ ក៏ប៉ុន្តែ​ពុំ​មាន​ការ​ឆ្លើយ​តប​នឹង​សំណូមពរ​របស់​លោក​ទេ។

សហគមន៍​នេសាទ​រូប​នេះ សង្កត់ធ្ងន់​ទៀត​ថា ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ​រវល់​តែ​រឿង​នយោបាយ​ដោយ​មិន​ទប់ស្កាត់​ចំពោះ​អ្នកធ្វើ​នេសាទ​ខុសច្បាប់​ទេ គឺ​នៅ​រដូវ​សម្រក​ខាងមុខ ប្រជាពលរដ្ឋ​ដែល​ប្រកប​របរ​ធ្វើ​នេសាទ ប្រមាណ ៣​ពាន់​គ្រួសារ​នៅ​ស្រុក​ឯកភ្នំ នឹង​មិន​អាច​ធ្វើ​នេសាទ​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ពួកគាត់​បាន​ឡើយ។ មិន​តែ​ប៉ុណ្ណោះ​លោក​ថា តំបន់​បឹង​ទន្លេសាប​ប្រឈម​នឹង​ការ​ហិនហោច​ត្រី​នៅ​ថ្ងៃ​ខាងមុខ​ជា​ពុំ​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល