មន្ត្រីអង្គការសង្គមស៊ីវិល និងសហគមន៍នេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង លើកឡើងថា អាជ្ញាធរបានបង្កឧបសគ្គដល់សហគមន៍ធ្វើឲ្យរាំងស្ទះ ដល់ដំណើរចូលរួមការពារធនធានធម្មជាតិដោយសារតែមិនអនុញ្ញាតឲ្យសហគមន៍នេសាទ ចុះអង្កេតមើលការធ្វើនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប។
តំណាងប្រជានេសាទនៅខេត្តបាត់ដំបង លោក ហ៊ុត ហាន ឲ្យដឹងនៅថ្ងៃទី១៤ កញ្ញា ថា អាជ្ញាធរស្រុកឯកភ្នំមិនអនុញ្ញាតឲ្យពួកគាត់ចុះអង្កេតបទល្មើសនេសាទ នៅតំបន់ព្រៃលិចទឹក ក្នុងស្រុកមួយនេះ គឺកាន់តែធ្វើឲ្យក្រុមអ្នកមានលុយមានអំណាចឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន ធ្វើនេសាទបានដោយសេរី ហើយនឹងធ្វើឲ្យហិនហោចមច្ឆាជាតិកាន់តែឆាប់រហ័ស ព្រោះរដូវនេះជារដូវហាមឃាត់ការធ្វើនេសាទ ដើម្បីឲ្យត្រីបានពងកូន៖ «កាលពីមុនអាជ្ញាធរតម្រូវឲ្យប្រជាពលរដ្ឋមុននឹងធ្វើអ្វីមួយត្រូវជូនដំណឹង តែដល់ពេលពួកខ្ញុំជូនដំណឹងទៅអាជ្ញាធរៗមិនអនុញ្ញាត ដូច្នេះខ្ញុំយល់ថា អាជ្ញាធរហាក់ដូចមានការបិទបាំងរឿងអ្វីមួយបានជាមិនឲ្យពួកខ្ញុំចុះអង្កេតការធ្វើនេសាទខុសច្បាប់។មួយវិញទៀតមានពាក្យខ្លះថា បែរជាចោទពួកខ្ញុំថា បម្រុងបង្កើតតំបន់អបគមន៍អីទៅវិញ ហើយធ្វើពាក្យនេះធ្វើឲ្យពួកខ្ញុំដែលមានគំនិតចង់ការពារធនធានធម្មជាតិបាត់ទឹកចិត្ត ហើយអ្នកដែលប្រព្រឹត្តបទល្មើសនេសាទនៅតែធ្វើសកម្មភាពដដែល»។
តំណាងប្រជានេសាទរូបនេះបន្ថែមទៀតថា ពួកគាត់ដែលជាតំណាងសហគមន៍នេសាទចំនួន៧សហគមន៍បានដាក់លិខិតរួមគ្នា ស្នើសុំទៅអភិបាលស្រុកឯកភ្នំ ដើម្បីចុះអង្កេតការធ្វើនេសាទខុសច្បាប់ នៅតំបន់ព្រៃលិចទឹក ក្នុងស្រុកឯកភ្នំ កាលពីថ្ងៃទី១០ កញ្ញា ប៉ុន្តែមិនទទួលបានលទ្ធផលនោះទេ។ លោក ហ៊ុន ហាន អះអាងទៀតថា មូលហេតុដែលពួកគាត់ស្នើចុះអង្កេតដោយសារមួយរយៈចុងក្រោយនេះ មានអ្នកលួចធ្វើនេសាទជាច្រើនកន្លែង នៅតំបន់ព្រៃលិចទឹកនោះ។
អាស៊ីសេរីមិនអាចទាក់អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ដើម្បីសុំអត្ថាធិប្បាយជុំវិញនឹងការលើកឡើងនេះបានទេ នៅថ្ងៃទី១៤ កញ្ញា ដោយលោកមិនទទួលទូរស័ព្ទ។
ប៉ុន្តែអភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល បានចេញលិខិតឆ្លើយតបនឹងការស្នើសុំរបស់សហគមន៍នេសាទនោះ ហើយលោកមិនអនុញ្ញាតឲ្យតំណាងសហគមន៍ចុះអង្កេតការធ្វើនេសាទខុសច្បាប់នោះទេ ដោយសាលាស្រុកតម្រូវឲ្យសហគមន៍សុំច្បាប់ពីអាជ្ញាធរនៅក្នុងឃុំរបស់ខ្លួន ហើយអាចស្នើសុំអង្កេតបានត្រឹមតែតំបន់សហគមន៍របស់ខ្លួនប៉ុណ្ណោះ។ បន្ថែមពីនេះខាងសាលាស្រុកក៏បានហាមឃាត់ដល់សហគមន៍នេសាទ ឲ្យផ្អាកការធ្វើសកម្មភាព ក្នុងភូមិសាស្ត្រតំបន់នេសាទក្នុងស្រុកឯកភ្នំ ចាប់ពីថ្ងៃទី១៣ កញ្ញា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០១៨។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា រឿងនេះអាជ្ញាធរស្រុកគួរតែត្រេកអរនឹងការខ្វល់ខ្វាយរបស់សហគមន៍ទើបត្រឹមត្រូវ ព្រោះពួកគាត់មិនមានប្រាក់ខែឧបត្ថម្ភ ពីស្ថាប័នរដ្ឋដូចអាជ្ញាធរពាក់ព័ន្ធនោះទេ ប៉ុន្តែបានជួយការពារធនធានធម្មជាតិដល់រដ្ឋអំណាច៖ «រឿងនេះវាហាក់ដូចមានបញ្ហាអីនៅពីក្រោយអាថ៌កំបាំងនេះ បានជាមានការហាមឃាត់មិនសហគមន៍ចុះអង្កេតនេសាទខុសច្បាប់ ព្រោះប្រជាសហគមន៍នេះ ពួកគាត់ទទួលខុសត្រូវនៅតំបន់ដែលពួកគាត់ទទួលខុសត្រូវ ប៉ុន្តែនៅតំបន់ខ្លះមិនមានសហគមន៍ ដល់អីចឹងបានមានបទល្មើសកើតឡើងច្រើន ដូច្នេះរឿងនេះខាងសហគមន៍គាត់គ្រាន់តែសុំទៅពិនិត្យមើលហើយរាយការណ៍ជូនអាជ្ញាធរទេ ហើយគាត់មិនបានទៅបង្ក្រាបទេ»។
លោក យិន ម៉េងលី ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបើកចិត្តឲ្យទូលាយក្នុងការសហការជាមួយសហគមន៍ ដែលពួកគាត់មានឆន្ទៈជួយការពារធនធានធម្មជាតិមួយនេះ ដើម្បីឲ្យបានគង់វង្សទៅថ្ងៃអនាគតសម្បូរមច្ឆាជាតិនៅតំបន់បឹងទន្លេសាបនេះ។
តំណាងប្រជានេសាទខេត្តបាត់ដំបង លោក ហ៊ុន ហាន អះអាងថា សព្វថ្ងៃសហគមន៍មានការខ្វល់ខ្វាយយ៉ាងខ្លាំង អំពីការធ្វើនេសាទខុសច្បាប់នៅតំបន់បឹងទន្លេសាប ក្នុងស្រុកនេះ ពីព្រោះអាជ្ញាធរមូលដ្ឋានមិនបានចាត់វិធានការទៅលើជនប្រព្រឹត្តនោះទេ បើទោះបីជាពួកគាត់បានរាយការណ៍ទៅឲ្យអាជ្ញាធរយ៉ាងណាក៏ដោយ ប៉ុន្តែបទល្មើសនៅតែកើតមានដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
