ប្រជានេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង លើកឡើងថា ការធ្វើនេសាទខុសច្បាប់បានផ្ទុះឡើងកាន់តែខ្លាំងនៅតំបន់ព្រៃលិចទឹកបឹងទន្លេសាប ហើយគ្មានអាជ្ញាធរណា អើពើមានវិធានការទប់ស្កាត់នៅឡើយទេ។ អភិបាលស្រុកឯកភ្នំទទួលស្គាល់ថា ពិតជាមានបទល្មើសនេសាទខ្លះមែន តែអាជ្ញាធរមិនទាន់អាចចុះបង្ក្រាបបានទេ ដោយរង់ចាំប្រជាពលរដ្ឋរាយការណ៍ជាមុនសិន។
តំណាងប្រជានេសាទនៅខេត្តបាត់ដំបង លោក ហ៊ុត ហាន ឲ្យដឹងនៅថ្ងៃសុក្រ ទី២១កញ្ញាថា ការធ្វើនេសាទដោយប្រើឧបករណ៍មងក្រឡាញឹក ចាប់ត្រីទាំងតូចទាំងធំ កំពុងធ្វើសកម្មភាពជាច្រើនកន្លែងនៅតំបន់ព្រៃលិចទឹក ក្នុងស្រុកឯកភ្នំ មានដូចជានៅតំបន់ឡូត៍នេសាទលេខ៨ និងឡូត៍លេខ៩ ក្នុងឃុំព្រែកនរិន្ទ និងជាច្រើនកន្លែងទៀតនៅឃុំព្រៃចាស់។ លោក ហ៊ុត ហាន បន្ថែមទៀតថា ការធ្វើនេសាទនេះ ដោយសារអាជ្ញាធរបើកដៃទើបពួកគេហ៊ាននេសាទដោយមិនខ្លាចសមត្ថកិច្ចនោះ ព្រោះសមត្ថកិច្ចភាគច្រើនសុទ្ធតែបានដឹងអំពីការធ្វើនេសាទខុសច្បាប់ដែរ ប៉ុន្តែមួយរយៈនេះ គ្មានអាជ្ញាធរណាចុះបង្ក្រាបនោះទេ៖ «ឧបករណ៍ធ្វើនេសាទនឹងអស់ធំ ត្រឹមមួយហ៊ុនកន្លះ ហើយមានដល់ទៅក្រោយមួយហ៊ុនផង។ ចំណែកប្រជាពលរដ្ឋមានការព្រួយបារម្ភហិនហោចត្រីណាស់ ចំពោះការនេសាទនេះ ព្រោះឧបករណ៍ទាំងនេះចាប់បានត្រីគ្រប់ប្រភេទទាំងអស់ ហើយត្រីក៏ក្រទៅ ព្រោះត្រីតូចៗគេយកឲ្យត្រីស៊ី សម្រាប់អ្នកចិញ្ចឹមត្រី ហើយត្រីធំៗ គេយកទៅលក់ឈ្មួញ»។
ប្រជានេសាទរូបនេះបន្ថែមទៀតថា ពួកគាត់គ្មានជំនឿទៅលើអាជ្ញាធរមូលដ្ឋានក្នុងការបង្ក្រាបបទល្មើសនេសាទនេះទេ ហើយថ្មីនេះ សហគមន៍នេសាទក៏ចង់ទៅចាត់វិធានការដោយខ្លួនឯងដែរ តែជួបការលំបាក ដោយសារអាជ្ញាធរស្រុកបានរារាំងមិនឲ្យពួកគាត់ចុះទៅតំបន់ព្រៃលិចទឹកនោះ។
អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល មានប្រសាសន៍ថា អ្នកធ្វើនេសាទនេះសុទ្ធតែប្រជាពលរដ្ឋក្រីក្រទេ ដោយពួកគាត់រស់នៅពឹងផ្អែកទៅលើរបរនេសាទត្រី ដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ អភិបាលស្រុករូបនេះអះអាងទៀតថា អាជ្ញាធរស្រុកក៏មិនបានព្រងើយកន្តើយក្នុងការថែរក្សាធនធានមច្ឆាជាតិនេះដែរ ប៉ុន្តែមូលហេតុដែលមិនទាន់បានចុះបង្ក្រាបដោយសារចាប់តាំងពីរដូវទឹកឡើងមក មិនទាន់មានសហគមន៍ ឬពលរដ្ឋណា រាយការណ៍មកឲ្យសាលាស្រុកនៅឡើយ៖ «តាំងពីខ្ញុំបម្រើការនៅទីនេះមិនទាន់ដែលសហគមន៍ណារាយការណ៍មកជាលាយលក្ខណ៍អក្សរស្នើសុំឲ្យខ្ញុំទៅបង្ក្រាបបទល្មើសទេ តែនៅក្នុងឆ្នាំថ្មីនេះ ខ្ញុំបានរៀបចំកម្លាំងគណៈបញ្ជាការរួចអស់ហើយ ចាំតែការស្នើសុំពីសហគមន៍មក យើងនឹងចុះទៅបង្ក្រាបភ្លាម»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបាត់ដំបង លោក យិន ម៉េងលី លើកឡើងថា បទល្មើសនេសាទនៅតំបន់បឹងទន្លេសាប ក្នុងខេត្តមួយនេះ បានកើតមានជារៀងរាល់ឆ្នាំ ហើយកន្លងមក កម្រមានអាជ្ញាធរចាត់វិធានការណាស់។ មន្ត្រីសង្គមស៊ីវិលរូបនេះកត់សំគាល់ទៀតថា អ្នកធ្វើនេសាទខុសច្បាប់នេះ ភាគច្រើនមិនមែនប្រជាពលរដ្ឋក្រីក្រនោះទេ ព្រោះអ្នកនេសាទមួយកន្លែងៗ ត្រូវចំណាយអស់ដើមទុន មិនតិចជាង ៥ពាន់ដុល្លារអាមេរិកនោះឡើយ៖ «ក៏ប៉ុន្តែ នៅពេលសហគមន៍ចុះទៅល្បាតស្វែងរកមើលបទល្មើស ដែលកើតឡើងនោះបែរជាអាជ្ញាធរមិនឲ្យទៅវិញ ហើយបើនិយាយពីការទទួលខុសត្រូវ ជំនាញជលផល និងអាជ្ញាធរដែនដីនេះឯង ត្រូវតែទទួលខុសត្រូវចំពោះរដ្ឋអំណាច ទៅលើការវិនាសហិនហោចមច្ឆាជាតិ នៅដែនសមត្ថកិច្ចរបស់ខ្លួន។ ខ្ញុំគិតថា សហគមន៍ត្រូវតែប្រើប្រាស់ចុងក្រោយនៃការតស៊ូមតិដោយការទទួលខុសត្រូវ គឺប្ដឹងឲ្យអាជ្ញាធរទទួលខុសត្រូវចំពោះតួនាទីនិងមុខងាររបស់ខ្លួន»។
ប្រជានេសាទ និងមន្ត្រីសង្គមស៊ីវិល សម្ដែងការព្រួយបារម្ភថា ពីមួយឆ្នាំទៅមួយឆ្នាំ ចំនួនត្រីកាន់ថយចុះបន្តិចម្ដងៗ ហើយប្រសិនបើរដ្ឋអំណាចរបបលោក ហ៊ុន សែន នៅតែបណ្ដោយឲ្យអាជ្ញាធរមូលដ្ឋានមើលការខុសត្រូវ ដោយមិនមានការទប់ស្កាត់ឲ្យបានឆាប់ទេ គឺត្រីទាំងតូចទាំងធំ នឹងហិនហោចពីតំបន់បឹងទន្លេសាបក្នុងពេលដ៏ឆាប់ខាងមុខនេះ។ តំណាងប្រជានេសាទលើកឡើងថា នៅពេលដែលអស់ត្រីពីតំបន់នោះ នឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋរាប់ពាន់គ្រួសារនៅក្នុងស្រុកឯកភ្នំ ដោយសារពួកគាត់រស់នៅលើទឹកគ្មានដីដាំដុះ ដូចពលរដ្ឋនៅតំបន់ផ្សេងទេ ហើយពួកគាត់ពឹងផ្អែកទាំងស្រុកទៅលើរបរនេសាទ ដូច្នេះពួកគាត់នឹងត្រូវធ្វើចំណាកស្រុកនៅតំបន់ផ្សេង និងទៅប្រទេសថៃ កាន់តែច្រើនដើម្បីរកប្រាក់ដោះស្រាយជីវភាពគ្រួសារ។ ចំណែកកុមារតូចៗប្រឈមជួបគ្រោះមិនចេះអក្សរ ដោយសារពួកគេមិនបានចូលសាលារៀន ពីព្រោះត្រូវទៅតាមឪពុកម្ដាយនៅក្រៅប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
