ប្រជា​នេសាទ​បាត់ដំបង​ទទូច​ឱ្យ​អាជ្ញាធរ​ចាប់​វៀតណាម​ដែល​នេសាទ​ខុសច្បាប់​នៅ​ទន្លេសាប

ដោយ វ៉ែន សុមេធ
2019-02-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មង​ក្រឡា​ញឹក​នៅ​ក្នុង​ដែន​អភិរក្ស​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥
មង​ក្រឡា​ញឹក​នៅ​ក្នុង​ដែន​អភិរក្ស​តំបន់​បឹង​ទន្លេសាប នៃ​ឃុំ​កោះជីវាំង ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង។ រូបថត​ថ្ងៃ​ទី​៦ ខែ​សីហា ឆ្នាំ​២០១៥
Photo Provided

ប្រជា​នេសាទ​នៅ​ស្រុក​ឯក​ភ្នំ​ខេត្ត​បាត់ដំបង ចោទប្រកាន់​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​នេះ​ថា ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ ដើម្បី​ជា​ថ្នូរ​បើកដៃ​ឱ្យ​ជនជាតិ​វៀតណាម និង​អ្នកមាន​លុយ​នេសាទ​ត្រី​ខុសច្បាប់​នៅ​តំបន់​បឹង​ទន្លេសាប។ ប្រធាន​រដ្ឋបាល​ជលផល​ខេត្ត​បាត់ដំបង ទទួល​ស្គាល់​ថា ពិតជា​មាន​ការ​នេសាទ​ដោយ​ខុសច្បាប់​មែន ប៉ុន្តែ​មិនបាន​ប្រព្រឹត្ត​ពុករលួយ​ដូច​ការចោទប្រកាន់​នោះ​ទេ។

ប្រជា​នេសាទ​នៅ​ស្រុក​ឯក​ភ្នំ ទទូច​ឱ្យ​អាជ្ញាធរ​ថ្នាក់លើ​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​មន្ត្រី​មូលដ្ឋាន​នៅ​តំបន់​បឹង​ទន្លេសាប ដែល​ពួកគេ​បណ្ដោយ​ឱ្យ​ជនជាតិ​វៀតណាម​ធ្វើការ​នេសាទ​ដោយ​ខុសច្បាប់​នៅ​ក្នុង​តំបន់​នោះ។

ប្រជា​នេសាទ​ម្នាក់​រស់នៅ​ឃុំ​កោះ​ជីវាំង ស្រុក​ឯកភ្នំ ថ្លែង​សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ ដើម្បី​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ កុម្ភៈ ថា ទូក​នេសាទ​របស់​ជន​ជាតិ​វៀតណាម​ជាច្រើន​គ្រឿង ធ្វើ​នេសាទ ដោយ​ប្រើ​ឧបករណ៍​យ៉ាងកាវ ឬ​ហៅ​អួនក្រឡាញឹក ដែល​មាន​ជើង​ច្រវាក់​ដែក​ឆក​នៅ​ខាងក្រោម អូស​ចាប់​ត្រី​យ៉ាង​អនាធិបតេយ្យ​នៅ​តំបន់​បឹង​ទន្លេសាប​ក្នុង​ភូមិ​ក្បាល​តោល ឃុំ​​កោះជីវាំង ដោយ​មិន​មាន​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ។ ពលរដ្ឋ​រូប​នេះ​ថា ការ​នេសាទ​នេះ​ដោយសារ​អាជ្ញាធរ​ប្រចាំ​នៅ​តំបន់​នោះ​យក​ប្រាក់​ពី​អ្នក​នេសាទ​ក្នុង​ទូក​មួយ ចន្លោះ​ពី​១០ ទៅ ២០​លាន​រៀល ដើម្បី​ជា​ថ្នូរ​បាន​ធ្វើ​នេសាទ​ខុសច្បាប់៖ «ទាល់តែ​ចំណាយ​លុយ​បាន​ធ្វើ​នេសាទ​បាន។ ខ្ញុំ​ចង់​និយាយ​ថា បើ​គ្មាន​ជនជាតិ​វៀតណាម​នៅ​បឹង​ទន្លេសាប​ល្អ ព្រោះ​ជនជាតិ​វៀតណាម​មាន​ឧបករណ៍​ទំនើបៗ​ធ្វើ​នេសាទ ចំណែក​ពលរដ្ឋ​ខ្មែរ​តាំង​ពី​ដើម​មក​មិន​ដែល​មាន​ឧបករណ៍​ទំនើប​ធ្វើ​នេសាទ​ដូច​សព្វថ្ងៃ​នេះ​ទេ។ ហើយ​ការ​ប្រើ​ឧបករណ៍​ទំនើប​ចាប់​យក​ត្រី​អស់​គ្មាន​ទេ ព្រោះ​ជា​រៀងរាល់​ឆ្នាំ​ឱ្យ​តែ​ដល់​រដូវ​នេះ​ត្រី​នៅ​តាម​ព្រៃរនាម​ចុះ​មក​នៅ​ក្នុង​បឹង​ទន្លេសាប​ទាំងអស់»

លោក​បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ​ក្រីក្រ​មិន​អាច​ធ្វើ​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប​បានទេ ព្រោះ​គ្មាន​ប្រាក់​បង់​ឱ្យ​សមត្ថកិច្ច​ប្រចាំការ​នៅ​តំបន់​នោះ។

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​រដ្ឋបាល​ជលផល​ប្រចាំ​ខេត្ត​បាត់ដំបង លោក ជួង សុភា មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​ថា សមត្ថកិច្ច​ជំនាញ​របស់​លោក​បាន​ដឹង​ពី​ការ​ធ្វើ​នេសាទ​ខុសច្បាប់​នេះ​ដែរ ក៏ប៉ុន្តែ​រឿង​នេះ​មិនមែន​កើតឡើង​ពី​ការ​ប្រព្រឹត្ត​អំពើពុករលួយ​នោះ​ទេ គឺ​ដោយសារ​កម្លាំង​របស់​លោក​មាន​គ្នា​តែ ២​នាក់ ស្រប​ពេល​ដែល​អ្នកធ្វើ​នេសាទ​ប្រើ​កាណូត​ធំៗ​នេសាទ​នៅ​ពេល​យប់ ហើយ​មាន​គ្នា​ច្រើនជាង​សមត្ថកិច្ច ទើប​មិន​អាច​ទប់ទល់​បាន​ភ្លាមៗ​។ លោក​បន្ថែម​ទៀត​ថា រឿង​

នេះ​លោក​បាន​សុំ​កិច្ចសហការ​ទៅ​អាជ្ញាធរ​ខេត្ត​ដើម្បី​ចាត់វិធានការ​ទៅលើ​ជនល្មើស​ទាំងនោះ​ហើយ៖ «ថ្ងៃមុន​យើង​បាន​រាយការណ៍​ដូច្នេះ​ដែរ ខ្ញុំ​រាយការណ៍​ទៅ​គណៈ បញ្ជាការ​ឯកភាព​ខេត្ត​ទើបតែ​ប្រជុំ​៤​ថ្ងៃមុន​នេះ​ដែរ។ ហើយ​អភិបាលខេត្ត​បាន​ណែនាំ​អភិបាលស្រុក ហើយ​ថ្ងៃ​ទី​១១ ខាងមុខ​នេះ​យើង​នឹង​ចុះទៅ ដោយមាន​អភិបាលរង​ខេត្ត​ម្នាក់​ចុះ​ទៅ​ពិនិត្យ​ផ្ទាល់​ដែរ»

ទោះជា​យ៉ាង​នេះ​ក្ដី​តំណាង​ប្រជា​នេសាទ​ប្រចាំ​ខេត្ត​បាត់ដំបង​លោក ហ៊ុត ហាន អះអាង​ថា លោក​មិន​មាន​ជំនឿ​ថា អាជ្ញាធរ​ខេត្ត​អាច​ទប់ស្កាត់​បទល្មើស​នេសាទ​នេះ បានទេ ព្រោះ​បញ្ហា​នេះ​បាន​កើត​ឡើង​ដដែលៗ​ជាច្រើន​ខែ​ហើយ ម្យ៉ាងទៀត​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏បាន​ដឹង​រឿង​នេះ​ដែរ ប៉ុន្តែ​មិន​មាន​វិធានការ​ឱ្យ​បាន​តឹងរ៉ឹង ទៅលើ​ជន​ប្រព្រឹត្ត​នោះ​ទេ។ លោក​បន្ថែម​ទៀត​ថា រហូត​មក​ទល់​ពេល​

នេះ មាន​ទូក​នេសាទ​ធំៗ ចំនួន​៩​ក្រុម ក្នុង​នោះ​ទូក​នេសាទ​របស់​ជនជាតិ​វៀតណាម​ចំនួន ៤​ក្រុម និង​ទូក​នេសាទ របស់​អ្នកមាន​លុយ​ចំនួន ៥​ក្រុម ធ្វើ​នេសាទ​នៅ​តំបន់​ទន្លេសាប​ក្នុងស្រុក​ឯក​ភ្នំ៖ «ហើយ​សព្វថ្ងៃ​នេះ​គឺ កើត​ដែក​ឆក់​គ្រប់កន្លែង​ទាំងអស់ នៅ​ក្នុង​ភូមិ​ក្បាល​តោល​នឹង​ក៏​មាន នៅ​ឡូត៍​លេខ​៨​ឡូត៍​លេខ​៩ ក៏​មាន​ដែរ កំពុង​ធ្វើ​សកម្មភាព​រាល់ថ្ងៃ​ហើយ​គ្មាន​សមត្ថកិច្ច​ណា​អើពើ​ទេ គេ​ទៅ​ដែរ​ទៅ​គ្រាន់តែ​គោះ​ស្មៅ​បង្អើល​ពស់​ទេ។ ខ្ញុំ​ចង់​ឱ្យ​សមត្ថកិច្ច​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ឡើងវិញ កុំ​ឱ្យ​បណ្ដោយ​ដល់​ថ្នាក់​នឹង​នោះ ព្រោះ​ច្បាប់​ជលផល​មិន​អាច​ធ្វើ​នេសាទ​ខុសច្បាប់​បានទេ​គឺ​រំលោភ​អនុក្រឹត្យ​ស្ដីពី​ជលផល​ហើយ»

លោ​ក​បន្ត​ថា រឿង​នេះ​ប្រសិនបើ​អាជ្ញាធរ​មិន​ព្រម​ដោះស្រាយ ហើយ​នៅតែ​បន្ត​បណ្ដែតបណ្ដោយ​ឱ្យ​ការ​ធ្វើ​នេសាទ​ខុសច្បាប់​ដូច​សព្វថ្ងៃ​ទៀត គឺ​ត្រី​ទាំង​តូច​ធំ នៅ​តំបន់​បឹង​ទន្លេសាប​នឹង​ហិនហោច​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ លោក​ព្រួយបារម្ភ​ថា នៅ​ពេល​ដែល​អស់​ត្រី នឹង​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​រក​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ដែល​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក​ក្នុង​ខេត្ត​បាត់ដំបង ដែល​ពួកគាត់​នឹង​ធ្វើ​ចំណាកស្រុក​កាន់តែ​ច្រើន ព្រោះ​ពលរដ្ឋ​ទាំងនោះ​ពឹងផ្អែក​ទាំងស្រុង ទៅលើ​របប​នេសាទ​ត្រី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល