ព្រះសង្ឃនៅខេត្តឧត្ដរមានជ័យបារម្ភពីជនល្មើសលួចបាញ់សត្វក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន្ត
2020.05.17

ព្រះសង្ឃអ្នកថែរក្សាព្រៃឈើក្នុងសហគមន៍ព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្ដរមានជ័យ ព្រួយបារម្ភខ្លាចហិនហោចសត្វព្រៃនៅតំបន់ព្រៃការពារនៅពេលខាងមុខ។ ព្រះអង្គមានថេរដីកាថា ក្រុមព្រានព្រៃនាំគ្នាលួចចូលទៅបរបាញ់ និងទាក់ចាប់សត្វព្រៃនៅក្នុងព្រៃសហគមន៍ របស់ព្រះអង្គយ៉ាងអនាធិបតេយ្យអំឡុងពេលរាតត្បាតជំងឺកូវីដ១៩។
ប្រធានព្រៃសង្ឃរុក្ខវ័ន ខេត្តឧត្ដរមានជ័យ ព្រះតេជព្រះគុណ ប៊ុន សាលួត មានថេរដីកានៅរសៀលថ្ងៃទី១៥ ឧសភា ថា អំឡុងពេលមានវិបត្តិជំងឺកូវីដ១៩នេះ មានជនខិលខូចលួចចូលទៅបរបាញ់ និងចាប់សត្វក្នុងព្រៃសហគមន៍របស់ព្រះអង្គ ដោយប្រើកាំភ្លើងឆ្នៃ ដាក់ពង្រាយខ្សែភ្លើងឆក់ និងវាយលុបចាប់សត្វស្លាបជាដើម។ ព្រះអង្គបញ្ជាក់ថា សត្វព្រៃដែលជនល្មើសចាប់ រួមមាន សត្វទន្សោង ប្រើស ជ្រូកព្រៃ និងសត្វក្ងោក ជាដើម។ ព្រះអង្គបន្ថែមថា កាលពីខែមេសាកន្លងទៅ ព្រះសង្ឃនិមន្តល្បាតព្រៃប្រទះឃើញ សត្វប្រើស ៥ក្បាល និង ទន្សោង២ក្បាលត្រូវបានជនល្មើសបាញ់ងាប់ទុកចោលនៅក្នុងព្រៃសហគមន៍សង្ឃរុក្ខវ័ន៖ «បើគេដាក់អន្ទាក់ដូចពីដើមអត់សូវភ័យទេ បើថ្ងៃណេះរកមិនឃើញស្អែក យើងរកអន្ទាក់ឱ្យទាល់តែឃើញ។ បើប្រភេទឧបករណ៍ដែលអាត្មានិយាយប៉ុន្មាននេះ បើល្ងាចស្ងាត់គេដឹងថា លោកមិនបានចុះល្បាតទេ គេចូលមក តែមួយយប់ហ្នឹង តែគេបានសត្វទៅវិញបាត់ហើយ ហើយគេសារឧបករណ៍ឆក់យកទៅវិញបាត់ អីចឹងយើងអស់សត្វទៅ។ អីចឹងប្រភេទវាយលុបអស់ច្រើនជាងអីចឹងបានអាត្មាព្រួយបារម្ភ»។
ព្រះអង្គបន្តថា ជនល្មើសច្រើនធ្វើសកម្មភាពនៅពេលយប់ និងចន្លោះពេលដែលព្រះសង្ឃមិនបានចុះល្បាតព្រៃ ស្របពេលដែលសព្វថ្ងៃមានព្រះសង្ឃប្រមាណ ១០អង្គប៉ុណ្ណោះ យាមការពារព្រៃឈើក្នុងសហគមន៍សង្ឃរុក្ខវ័ន។
ទាក់ទងនឹងបញ្ហានេះអភិបាលខេត្តឧត្ដរមានជ័យ លោក ប៉ែន កុសល្យ ប្រាប់អាស៊ីសេរីយ៉ាងខ្លីថា លោកមិនទាន់ទទួលព័ត៌មានអំពីអ្នកលួចបរបាញ់សត្វព្រៃនោះនៅឡើយទេ៖ «ដូចអត់ទាន់មានរបាយការណ៍ហ្នឹងផង។ ដូចអត់ទាន់មានទេ ដោយសារមន្ត្រីបរិស្ថានខ្ញុំនៅហ្នឹងដែរជាមួយព្រះសង្ឃ ដូចអត់ទាន់មានរបាយការណ៍ហ្នឹងទេ»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំនៅខេត្តឧត្ដរមានជ័យ លោក ស្រី ណារ៉េន មានប្រសាសន៍ថា អាជ្ញាធរគួរតែចាត់វិធានការលើជនល្មើសឱ្យបានធ្ងន់ធ្ងរតាមច្បាប់ និងដោយពុំមានការលើកលែងឡើយ ពីព្រោះប្រសិនបើមិនផ្ដន្ទាទោសទេ នឹងធ្វើឱ្យអ្នកដទៃមិនខ្លាចច្បាប់ ហើយចេះតែនាំគ្នាបរបាញ់សត្វព្រៃតាមអំពើចិត្តទៀត៖ «សុំធ្វើម៉េចបន្ថែមកម្លាំង ឬចាត់វិធានការឱ្យច្បាស់លាស់បន្ថែមពីលើបទល្មើសហ្នឹងកុំថាកើតដដែលៗ ហើយអ្នកយាមនៅហ្នឹង តើគាត់គ្រាន់តែទៅយាមឬទៅបង្ក្រាបបទល្មើស។ អីចឹងយើងសុំឱ្យគាត់ពិនិត្យឡើងវិញ ហើយកុំឱ្យដាក់មនុស្សដែលគេគ្នាច្រើនអន្សមខ្លោចគ្នាដូចស្រមោចអន្សមឆៅនោះ។ អីចឹងសុំឱ្យខាងមន្ត្រីដែលគាត់ទទួលបន្ទុកអភិរក្សនៅតំបន់ហ្នឹងសុំឱ្យយកចិត្តទុកដាក់ ហើយពិនិត្យលើសកម្មភាពមន្ត្រីរបស់ខ្លួន បើមន្ត្រីណាអសកម្មទេចាត់ការផ្នែករដ្ឋបាលអីចឹងទៅ»។
ព្រៃសង្ឃរុក្ខវ័ន មានផ្ទៃដីជាង ៣ម៉ឺនហិកតារស្ថិតនៅក្នុងស្រុកអន្លង់វែង ចុងកាល់ និងស្រុកសំរោង ក្នុងខេត្តឧត្ដរមានជ័យ។ ព្រៃនេះមានសត្វព្រៃជាច្រើនប្រភេទរស់នៅ ដូចជាសត្វខ្ទីង ទន្សោង ស្វា ប្រើស និងសត្វក្ងោកជាដើម។ ព្រះតេជព្រះគុណ ប៊ុន សាលួត មានថេរដីកាថា អាចនឹងហិនហោចនៅពេលដ៏ខ្លីខាងមុខប្រសិនបើអាជ្ញាធរមិនបន្ថែមកម្លាំងជួយការពារព្រៃឱ្យបានតឹងរ៉ឹងទេនោះ។
ទាក់ទងនឹងការបរបាញ់សត្វព្រៃខុសច្បាប់នេះដែរ កាលពីថ្ងៃទី១៣ ឧសភា មន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានប្រទះឃើញសត្វទន្សោង ២ក្បាលងាប់ នៅក្នុងបរិវេណដីក្រុមហ៊ុន លឹម រ៉ូយ៉ាល់ (Lim Royal) ដោយសារតែត្រូវគ្រាប់កាំភ្លើងរបស់ជនល្មើស ហើយមន្ត្រីជំនាញកំពុងស្រាវជ្រាវករណីនេះ។ ជាមួយគ្នានេះនៅខេត្តកំពត មានបុរសម្នាក់លួចបាញ់សត្វកេងកងធំមួយក្បាលងាប់នៅឧទ្យានជាតិព្រះមុនីវង្សបូកគោ ប៉ុន្តែអាជ្ញាធរពុំបានផ្តន្ទាទោសជនល្មើសឡើយ ដោយគ្រាន់តែឱ្យធ្វើកិច្ចសន្យាឈប់បាញ់សត្វព្រៃតទៅទៀត៕