សកម្មជន​បរិស្ថាន​ស្នើ​ឱ្យ​​ស៊ើប​អង្កេត​​ក្រុមហ៊ុន​​ពីរ​​នៅ​​ខេត្ត​​ព្រះវិហារ​​ ដែល​​ទិញ​​ឈើ​​ពី​​ព្រៃ​ព្រះរកា

ដោយ ជាតិ ចំណាន
2019-10-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ច្នៃ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ២០១៩។
រថយន្ត​ច្នៃ​ដឹក​ឈើ​ចេញ​ពី​ព្រៃ​ព្រះ​រកា កាល​ពី​ពាក់​កណ្តាល​ខែ​កុម្ភៈ ២០១៩។
រូបភាព សហគមន៍

សកម្មជន​បរិស្ថាន​អំពាវនាវ ឱ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ស៊ើបអង្កេត​ក្រុមហ៊ុន សំអឿន សុវណ្ណ (Samoeun Sovann Co, Ltd) និង​ក្រុមហ៊ុន​អង្គរ ប្លាយវូដ (Angkor Plywood) ដោយសារ​ពួកគេ​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំងនេះ បាន​បើក​ទីតាំង​ប្រមូល​ទិញ​ឈើ​ខ្នាត​ធំ នៅ​ក្បែរ​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា រួច​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​តាម​ផ្លូវ​ទឹក ដោយ​គ្មាន​ការ​ស៊ើបអង្កេត​ជាច្រើន​ឆ្នាំ​មក​ហើយ។

សកម្មជន​បរិស្ថាន និង​មន្ត្រី​សង្គម​ស៊ីវិល ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៦ ខែ​តុលា ថា បើ​ទោះ​បី​ជា សហគមន៍​មូលដ្ឋាន​បាន​ផ្តល់​ព័ត៌មាន ពី​សកម្មភាព​ដឹកជញ្ជូន​ឈើ​ទ្រង់ទ្រាយ​ធំ​ខុសច្បាប់ ចេញពី​ព្រៃ​ព្រះ​រកា និង​ព្រៃ​សហគមន៍​នៅ​ខេត្ត​ព្រះវិហារ​ជាច្រើន​ករណី​មក​ហើយ​ក្ដី ក៏​គ្មាន​តម្រុយ​ស៊ើបអង្កេត​ពី​សំណាក់​អាជ្ញាធរ​នៅ​ឡើយ​​ទេ មក​ទល់​ពេល​នេះ។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ អះអាង​ថា ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​ធ្វើ​សកម្មភាព​ប្រមូល​ឈើ​ខុសច្បាប់ និង​ប្រើ​កម្មករ​ជាច្រើន​ក្រុម ចូល​ទៅ​អារ​រំលំ​ឈើ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា ចាប់​តាំង​ពី​ចុង​ឆ្នាំ ២០១៨ រហូត​ដល់​ខែ​ឧសភា ឆ្នាំ ២០១៩ ទើប​ផ្អាក​ទៅវិញ នៅ​ពេល​មាន​ភ្លៀង​ធ្លាក់​ច្រើន​។ ចំណែក ក្រុមហ៊ុន អង្គរ ប្លាយវូដ វិញ លោក​ថា បាន​ទទួល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​សំអឿន សុវណ្ណ និង​ក្រុមហ៊ុន ស៊ីងបាយអូថេក (THINK BIOTECH) នៅ​ខេត្ត​ក្រចេះ ដោយ​ដឹកជញ្ជូន​បន្ត​តាម​ផ្លូវ​ទឹក យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស​៖ «ពួកគាត់​បាន​ប្រើ​កម្មករ​ចូល​ទៅ​កាប់​ឈើ នៅ​តំបន់​ព្រៃ​ការពារ នៅ​តំបន់​ព្រៃព្រះរកា និង​ព្រៃ​ឡង់ ហើយ​ព្រៃ​ឡង់​មាន​ក្រុមហ៊ុន ស៊ីងបាយអូថេក និង​ក្រុមហ៊ុន សំអឿន សុវណ្ណ ហើយ ព្រៃ​ព្រះ​រកា មាន​ក្រុមហ៊ុន​សំអឿន សុវណ្ណ បាន​កាប់​ឈើ​នៅ​ព្រៃ​ព្រះ​រកា​ហ្នឹង។ ក្រុម​អង្គរ​អង្គរ ប្លាយវូដ គឺជា​ក្រុមហ៊ុន​ធំ នាំ​ឈើ​ចេញទៅ​ក្រៅ​ប្រទេស បែរជា​មិន​ទទួល​បាន​ការស៊ើបអង្កេត និង​ស្រាវជ្រាវ ចេញ​ពី​គណៈកម្មការ​ជាតិ»

សកម្មជន​បរិស្ថាន​រូប​នេះ ស្នើ​ឱ្យ​អាជ្ញាធរ​បង្ហាញ​ភាព​ស្របច្បាប់​ក្រុមហ៊ុន​ទាំងនេះ ជា​សាធារណៈ ខណៈ​ដែល​កន្លងទៅ អាជ្ញាធរ​ពាក់ព័ន្ធ​ហាក់​មាន​ចេតនា​លាក់​បាំង​សកម្មភាព​ខុសច្បាប់​របស់​ក្រុមហ៊ុន​ទាំងនេះ។ លោក​រក​ឃើញ​ថា ក្រុមហ៊ុន សំអឿន សុវណ្ណ បាន​បើក​ទីតាំង​ប្រមូល​ទិញ​ឈើ ក្នុង​បរិវេណ​ក្រុមហ៊ុន​ស្ករ​​អំពៅ​ចិន ហេង ហ្វូ ដោយ​យក​លេស​ថា ប្រមូល​ឈើ​ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច ដែល​មាន​លិខិតអនុញ្ញាត តែ​ធាតុ​ពិត​លោក​ថា ក្រុមហ៊ុន​នេះ បាន​ទិញ​ឈើ​ពី​គ្រប់​តំបន់​៖ «ក្រុមហ៊ុន​អង្គរ ប្លាយវូដ ក្រុមហ៊ុន សំអឿន សុវណ្ណ និង​ក្រុមហ៊ុន​ស៊ីងបាយ​អូថេក ហ្នឹង​។ ខ្ញុំ​គិត​ថា មិនមែន​ជា​ក្រុមហ៊ុន គោរព​ទៅតាម​គោល​ការណ៍ របស់​ក្រសួង ហើយ​រាជរដ្ឋាភិបាល​ទេ។ ពួកគាត់​សុទ្ធតែ​ល្មើសច្បាប់​ទាំងអស់​។ ពួកគាត់​បាន​ប្រើ​កម្មករ កាប់​ព្រៃ​ចេញពី​តំបន់​ព្រៃ​ការពារ ក្លែងបន្លំ​ជា​ឈើ​ស្របច្បាប់​ហើយ​យក​ទៅ​លក់​នៅ​ក្រៅ​ប្រទេស»

អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ដឹង​រឿង​នេះ​ទេ ហើយ​លោក​បង្វែរ​ឱ្យ​អាស៊ីសេរី​សួរ​ទៅ​អាជ្ញាធរ​ជំនាញ​វិញ​៖ «ខ្ញុំ​អត់​ដឹង​ផង​បាទ​។ សួរ​អាជ្ញាធរ​ទៅ អាជ្ញាធរ​នឹង​ចាត់ការ​ហើយ​បាទ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន និង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម លោក ស្រី វុឌ្ឍី ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ទី១៦ ខែ​តុលា។

ក្រុមហ៊ុន សំអឿន សុវណ្ណ ទទួល​សិទ្ធិ​ប្រមូល​ទិញ​ឈើ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​លើ​ផ្ទៃដី​ជាង ៤​ពាន់ ហិកតារ (.៣៣៤.៦១) ឋិត​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ តាំង​ពី​ឆ្នាំ ២០១៥ ដែល​មាន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ សហការ​សិក្សា​ពី​ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​បាន។

មន្ត្រី​ជាន់ខ្ពស់​សមាគម​ អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា នេះ​ពុំ​មែន​ជា​រឿង​ថ្មី​ទេ ដែល​សហគមន៍ និង​សកម្មជន​បរិស្ថាន រក​ឃើញ​​ក្រុមហ៊ុន​​ទាំងនេះ ​ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​ក្នុង​ព្រៃ​ការពារ​ធម្មជាតិ​។ លោក​ជំរុញ​ថា ​​ក្រសួងកសិកម្ម​ត្រូវ​ទទួលខុសត្រូវ​រឿង​នេះ និង​ត្រូវ​ស៊ើបអង្កេត​សកម្មភាព​ក្រុមហ៊ុន​ទាំងនេះ តាំងពី​ចាប់​ផ្តើម​ដំបូង រហូត​មក​ទល់​ពេលនេះ ឱ្យ​ត្រឹមត្រូវ​តាមច្បាប់​៖ «ឃើញ​ថា មាន​ប្រតិកម្ម​ពី​ក្រសួង​បរិស្ថាន​ចំពោះ​ភាព​មិន​ប្រក្រតី របស់​ក្រុមហ៊ុន​។ យើង​សង្ឃឹមថា ក្រសួង​កសិកម្ម នឹង​ធ្វើ​ការស្រាវជ្រាវ​ចំពោះ​បទល្មើស​ដែល​មាន​ការចោទប្រកាន់​ថា កើតឡើង​ដោយសារ​ក្រុមហ៊ុន។ បញ្ហា​ធនធាន​ធម្មជាតិ ជា​រឿង​ក្ដៅ​បំផុត​ពេលនេះ ដើម្បី​រក​ឱ្យ​ឃើញ​ថា ពិត​ឬ​មិន​ពិត»

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា ក្រុមហ៊ុន​អង្គរ ប្លាយវូដ មាន​ទីតាំង​ស្ដុក​ឈើ នៅ​ចំណុច​ផ្លូវ​គីឡូម៉ែត្រ​លេខ ២៧ ផ្លូវជាតិ​លេខ ៦ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន​នេះ បាន​នាំ​ឈើ​ចេញ​ក្រៅ​នៅ​ពេល​យប់ តាម​រថយន្ត​កុងទឺន័រ ដើម្បី​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​តាម​ផ្លូវ​ទឹក។ ពួកគេ​បាន​ថតរូប​ភាព និង​វីដេអូ​មួយ​ចំនួន ទុកជា​ភស្តុតាង​បង្ហាញ ពី​ភាព​មិន​ប្រក្រតី​ការ​នាំ​ឈើ​ចេញ​ក្រៅ​ប្រទេស​របស់​ក្រុមហ៊ុន​នេះ ដោយ​គ្មាន​ការអនុវត្ត​ច្បាប់។

អាស៊ីសេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន អង្គរ ប្លាយវូដ និង​ក្រុមហ៊ុន សំអឿន សុវណ្ណ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការចោទប្រកាន់​នេះ​បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។ ទោះជា​យ៉ាងណា កាល​ពី​ពេល​ថ្មីៗ នេះ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ បាន​ផ្ញើ​លិខិត​ទៅ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេង សាខុន ដើម្បី​ស៊ើបអង្កេត​សកម្មភាព​ក្រុមហ៊ុន​ អង្គរ ប្លាយវូឌ និង​ក្រុមហ៊ុន ស៊ីង​បាយអូថេក ដែល​ជាប់​សង្ស័យ​ថា បាន​កាប់​ឈើ និង​ដឹក​ឈើ​ប្រណីត​ចេញ​ដែន​ជម្រក​សត្វព្រៃ​ឡង់​។ លិខិត​អន្តរាគមន៍​របស់​ក្រសួង​បរិស្ថាន​នេះ ធ្វើឡើង​តាម​សំណើ​របស់​សហភាព​អឺរ៉ុប និង​ទីភ្នាក់ងារ USAID នៅ​កម្ពុជា ដែល​ជា​ម្ចាស់​ជំនួយ​អភិរក្ស​ព្រៃឡង់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល