សហគមន៍​ភ្នំ​ត្នោត​ខេត្ត​កំពត​បារម្ភ​ពី​ការ​បាត់បង់​ដី​និង​ព្រៃឈើ​ក្រោយ​ឈ្មួញ​ធ្វើ​ផ្លូវ​កាត់

ដោយ អាស៊ីសេរី
2017-10-24
Share
គ្រឿងចក្រ​ ឈូស​ឆាយ សហគមន៍​ភ្នំត្នោត កំពត ២០១៧ ៦២២ គ្រឿងចក្រ​កំពុង​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ក្នុង​សហគមន៍​ភ្នំត្នោត ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ថ្ងៃទី៤ ខែ​តុលា ឆ្នាំ​២០១៧។
Photo Provided

ពលរដ្ឋ​ជា​សមាជិក​សហគមន៍​ភ្នំ​ត្នោត ស្ថិត​នៅ​ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត ព្រួយបារម្ភ​ពី​ការបាត់បង់​ដី​សហគមន៍ និង​ព្រៃឈើ​នៅ​ក្នុង​សហគមន៍ ក្រោយ​ពេល​ដែល​ឈ្មួញ​បាន​ធ្វើ​ផ្លូវ​កាត់​តាម​ព្រៃ​សហគមន៍។ សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​កំពត រក​ឃើញ​ថា ករណី​នេះ គឺ​ជា​បទល្មើស​ច្បាប់​ទាំងស្រុង។

ពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​អះអាង​ថា សកម្មភាព​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ភ្នំ​ត្នោត បាន​ធ្វើ​ឡើង ២០​ថ្ងៃ​មក​ហើយ គឺ​ចាប់​តាំងពី​ថ្ងៃ​ទី​៤ រហូតមកដល់​ថ្ងៃ​ទី​២៤ តុលា។ បើ​ទោះ​ជា​ខាង​ភាគី​គ្រឿងចក្រ ប្រាប់​ពលរដ្ឋ​ក្នុង​សហគមន៍​ថា នេះ​គឺជា​ឈូស​ឆាយ​ដី​ដើម្បី​ធ្វើ​ផ្លូវ​ចូល​ក្នុង​សហគមន៍ ប៉ុន្តែ​អ្នកភូមិ​នៅ​មិនទាន់​ជឿ​នោះ​ទេ ដោយ​បារម្ភ​ក្រោយពី​ធ្វើ​ផ្លូវ​នេះ​រួច ឈ្មួញ​នឹង​ប្រើប្រាស់​ផ្លូវ​នេះ ដើម្បី​ដឹក​ឈើ ចេញពី​ព្រៃ​សហគមន៍។

សមាជិក​សហគមន៍​ភ្នំ​ត្នោត​ម្នាក់ លោក យន់ យ័ន្ដ ប្រាប់​ថា អ្នកភូមិ​ពិតជា​ចង់បាន​ផ្លូវ​សម្រាប់​ធ្វើដំណើរ​ចេញចូល​សហគមន៍ ប៉ុន្តែ​បើ​ផ្លូវ​នោះ ធ្វើឡើង​ដោយ​ឈ្មួញ ហើយ​សម្រាប់​ដឹក​ឈើ​ចេញពី​សហគមន៍ អ្នកភូមិ​សុខចិត្ត​មិន​ទទួលយក​ផ្លូវ​នោះ។ អ្នកភូមិ​ក្នុង​សហគមន៍​ភ្នំ​ត្នោត​រូប​នេះ ថា ពលរដ្ឋ​នឹង​សប្បាយចិត្ត​ប្រសិន​បើ​ការ​ធ្វើ​នោះ មិន​ធ្វើ​លើ​ដី​សហគមន៍ ហើយ​ពង្វាង​ទៅ​ធ្វើ​តាម​ព្រំ​សហគមន៍​វិញ ដើម្បី​ជៀសវាង​ការ​ឈូស​ឆាយ​កូនឈើ និង​ព្រៃឈើ​ក្នុង​សហគមន៍។

ដី​ព្រៃ​សហគមន៍​ភ្នំ​ត្នោត មាន​ទំហំ ៤៥៨​ហិកតារ មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ឃុំ​ល្បើក ស្រុក​ឈូក ខេត្ត​កំពត។ ព្រៃ​នេះ​ជា​ប្រភេទ​ព្រៃស្រោង ដែល​ពលរដ្ឋ​បី​ភូមិ គឺ​ភូមិ​ទួល ភូមិ​ត្រពាំង​គុយ និង​ភូមិ​ត្រពាំង​គគីរ នៃ​ឃុំ​ល្បើក ស្រុក​ឈូក អាស្រ័យ​ផល​ដោយ​ការ​រក​ដំឡូង ជីក​ត្រពាំង និង​ឃ្វាលគោ។ ពលរដ្ឋ​អះអាង​ថា ប្រសិនបើ ព្រៃឈើ​ក្នុង​សហគមន៍​ត្រូវ​បាន​បាត់បង់ ពួកគាត់​មិន​អាច​អាស្រ័យ​ផល​បានទេ និង ឈាន​ទៅដល់​ការបាត់បង់​ព្រៃ​ដូនតា​ក្នុង​សហគមន៍។

ឈ្មួញ​ដែល​ពលរដ្ឋ​សង្ស័យ​ថា ឈូស​ឆាយ​ដី​ដើម្បី​ដឹក​ឈើ​ចេញពី​សហគមន៍​ឈ្មោះ គាវ ហាក់ឡុង។

កាលពី​ថ្ងៃ​ទី​៤ ខែ​តុលា វេលា​ម៉ោង​១០​ព្រឹក ក្រុម​ប្រឹក្សា​ឃុំ​ល្បើក លោក ទេព វ៉ាន បាន​ទទួល​បញ្ជា​ពី​អភិបាល​ស្រុក​ឈូក លោក ខៀវ រិទ្ធិភ័ណ្ឌ ចុះ​ឃាត់​គ្រឿងចក្រ ដើម្បី​ឲ្យ​ផ្អាក​សកម្មភាព​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍ តែ​មិនបាន​សម្រេច​ទេ ដោយសារ​កម្មករ​បើក​គ្រឿងចក្រ ស្នើ​សុំ​រង់ចាំ​ការ​អនុញ្ញាតិ​ពី​អ្នក​បើក​លុយ​ឲ្យ គឺ​លោក គាវ ហាក់ឡុង ជា​មុន​សិន។

អាស៊ីសេរី​មិន​អាច​ស្នើសុំ​ការ​បំភ្លឺ​ពី លោក គាវ ហាក់ឡុង ដែល​អ្នក​សហគមន៍​ចោទ​ថា ឈូស​ឆាយ​ដី​សហគមន៍​ភ្នំ​ត្នោត​បានទេ នៅ​ថ្ងៃ​ទី​២៤ តុលា។ ប៉ុន្តែ កន្លងមក​លោក​ធ្លាប់​ប្រាប់​អាស៊ីសេរី​ថា លោក​មិនបាន​រំលោភ​យក​ដី​ព្រៃ​សហគមន៍​នោះ​ទេ។ លោក​ធ្លាប់​អះអាង​ថា បាន​ទិញ​ដី​នៅ​តំបន់​នោះ​ចំនួន ២៣៩​ហិកតារ​ពី​ប្រជាពលរដ្ឋ ៦០​គ្រួសារ នៅ​ឆ្នាំ​២០០៨ ដោយ​មាន​សំអាង​ផ្លូវច្បាប់​ច្បាស់លាស់។

កន្លងមក អ្នកភូមិ​ក្នុង​សហគមន៍​ចំនួន ៨​នាក់ និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (Adhoc) ម្នាក់ បាន​ដាក់​ពាក្យបណ្ដឹង​ប្ដឹង លោក គាវ ហាក់ឡុង ពី​បទ​កាប់​រាន​ដី​ព្រៃ​សហគមន៍​ភ្នំ​ត្នោត នៅ​ស្រុក​ឈូក ខេត្ត​កំពត ដោយ​ខុសច្បាប់។ លោក គាវ ហាក់ឡុង ធ្លាប់​បញ្ជាក់​ជំហរ​ថា នឹង​មិន​លើកលែង​ដល់​អ្នក​ដែល​ប្ដឹង​លោក​នោះ​ទេ គឺ​នឹង​ប្ដឹង​បក​វិញ​តាមរយៈ​ប្រព័ន្ធ​តុលាការ។

មន្ត្រី​អង្កេត​នៃ​សមាគម​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពត លោក ហេង ភារៈ រក​ឃើញ​ថា សកម្មភាព​គ្រឿងចក្រ​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍​ភ្នំ​ត្នោត គឺជា​សកម្មភាព​ល្មើសច្បាប់។ លោក ហេង ភារៈ ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​ទប់ស្កាត់​សកម្មភាព​ឈូស​ឆាយ​ដី​រដ្ឋ នេះ​ជាបន្ទាន់ និង​អះអាង​ថា មាន​ភស្តុតាង និង​បាន​ស្គាល់​ទាំង​មុខ​របស់​ជនសង្ស័យ​ថែមទៀត។

សង្គម​ស៊ីវិល និង​ពលរដ្ឋ​ក្នុង​សហគមន៍​ដី​ព្រៃ​ភ្នំ​ត្នោត មិន​ទុកចិត្ត​លើ​ការ​ធ្វើ​ផ្លូវ​របស់​ឈ្មួញ ឈ្មោះ គាវ ហាក់ឡុង ដោយសារ​ពួកគាត់​អះអាង​ថា ឈ្មួញ​រូប​នេះ មាន​ប្រវត្តិ​ធ្លាប់​កាប់​រាន​ដី​ព្រៃ​សហគមន៍​ដោយ​ខុសច្បាប់ និង​មានអំណាច​ធ្លាប់​គំរាមកំហែង ដល់​អ្នកភូមិ​ក្នុង​សហគមន៍៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល