សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់រិះគន់ គណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថា មានចេតនាបណ្ដោយឱ្យមាន អាជីវកម្មឈើខ្នាតធំ ក្នុងតំបន់ព្រៃឡង់។ ការរិះគន់នេះធ្វើឡើង ក្រោយពីក្រុមហ៊ុន ស៊ីង បាយអូថេក (Think Biotech Cambodia) និងក្រុមហ៊ុនអង្គរ ប្លាយវូដ (Angkor Plywood)កំពុងធ្វើសកម្មភាពកាប់រំលំឈើមូលធំៗ ក្នុងព្រៃឡង់ និងព្រៃសហគមន៍ប្រាសាទតាខ្មៅ យ៉ាងពេញទំហឹងដោយគ្មានការអនុវត្តច្បាប់។
សហគមន៍ព្រៃឡង់ និងសកម្មជនបរិស្ថាន ឱ្យដឹងនៅថ្ងៃពុធ ទី៤ ធ្នូថា ព្រៃសហគមន៍ប្រាសាទតាខ្មៅ នៅជាប់ព្រៃឡង់ និងដែនជម្រកសត្វ ព្រៃឡង់ កំពុងទទួលរងការកាប់រំលំឈើមូលធំៗ ពីសំណាក់ក្រុមហ៊ុនស៊ីងបាយ អូថេក (Think Biotech Cambodia) និងក្រុមហ៊ុន អង្គរ ប្លាយវូដ (Angkor Plywood)។ ពួកគេអះអាងថា ក្រុមហ៊ុនបានពង្រាយក្រុមកម្មករជាច្រើនក្រុម ធ្វើការប្រមូលឈើទាំងតូច-ធំជាងពីរសប្ដាហ៍មកហើយ។
ការអះអាងបែបនេះ បន្ទាប់ពីសកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ បានចុះស៊ើបអង្កេតដល់ទីតាំងក្រុមហ៊ុនអស់រយៈពេលជាច្រើនថ្ងៃ ប្រទះឃើញឈើមូលធំៗ ត្រូវបានដឹកជញ្ជូនចូលរោងចក្រអារឈើ របស់ក្រុមហ៊ុនស៊ីងបាយ អូថេក និងក្រុមហ៊ុន អង្គរ ប្លាយវូដ ដែលមានកម្មករជាច្រើនក្រុមបានធ្វើសកម្មភាពអារច្រៀកឈើ និងដឹកជញ្ជូនឈើ។
សកម្មជនបរិស្ថាន ដែលទទួលពានរង្វាន់វីរជនការពារព្រៃឈើ លោក អ៊ូច ឡេង ដែលចុះអង្កេតរឿងនេះ ប្រាប់ថា ឈើមូលធំៗ ត្រូវបានដឹកតាមគោយន្ត និងរថយន្តប៉ាកុង ឆ្លង កាត់ទីស្នាក់ការរបស់ក្រសួងបរិស្ថាន ចូលរោងចក្រអារឈើរបស់ក្រុមហ៊ុន។ លោកថា ឧក្រិដ្ឋកម្មឈើឈើខ្នាតធំនេះ មានការឃុបឃិតគ្នាជាប្រព័ន្ធ រវាងឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ជាថ្នូរអនុញ្ញាតឱ្យក្រុមហ៊ុនកាប់ឈើ និងដឹកជញ្ជូនឈើ៖ «កាប់ឈើទាំងអស់ អត់មានរើសឈើណាទេ គេបានការអនុញ្ញាតបើករោងចក្រ គឺកាប់ឈើទាំងអស់តែម្ដង ទាំងក្នុងនិងក្រៅ។ គេមិនបានទទួលយកភស្តុតាងរបស់យើងទៅ ចាត់វិធានការផ្នែកច្បាប់ទេ ផ្ទុយទៅវិញគឺ ខាងក្រសួង បរិស្ថាន ក៏ដូចជា ក្រសួងកសិកម្ម គឺច្រានសំណើពីមួយ ទៅមួយ។ ក្រសួងមិនចាត់វិធានការ បែរជារុញដាក់គ្នា។ យើងមិនមានទំនុកចិត្តទៅលើក្រសួងដែល របាយការណ៍ក្រសួងក៏ដូចជា របាយការណ៍គណៈកម្មការជាតិ គឺថា មានការលម្អៀងខ្លាំងទៅ ការពារក្រុមហ៊ុន បើទោះបីជា យើងរកឃើញថា ក្រុមហ៊ុនកាប់ឈើខុសច្បាប់យ៉ាងណាក៏ដោយ»។
លោក អ៊ូច ឡេង បន្ថែមថា បើទោះបីពួកគេ មានភស្ដុតាងច្បាស់លាស់ក្ដី ក៏ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន នៅតែរុញការទទួលខុសត្រូវដាក់គ្នាទៅវិញទៅមក។ ចំណែករដ្ឋាភិបាលក៏គ្មានវិធានការផ្នែកច្បាប់ណាមួយទាល់តែសោះ លើក្រសួងពាក់ព័ន្ធទាំងនេះ។ លោកអះអាងថា ក្រុមការងាររបស់លោក មានរូបថត និងវីដេអូជាច្រើន ដែលបង្ហាញថា ក្រុមហ៊ុនទាំងនេះ បានកាប់ឈើខុសច្បាប់ក្នុងព្រៃឡង់ និងព្រៃសហគមន៍ប្រាសាទតាខ្មៅ ជាពិសេសដើមឈើផលិតជ័រទឹក កំពុងវិនាសហិនហោច៖ «សកម្មជនមិនមែនដើរតែស្រែកទេ បើយើងបានដើរដល់ទីនោះមានរូបថត យើងបានសម្ងំពួនក្នុងព្រៃ ដើម្បីដាក់អន្ទាក់កាមេរ៉ាសម្ងាត់ លួចថតការដឹកជញ្ជូនឈើ ចូលក្នុងរោងចក្រ និងចេញពីរោងចក្រទៅ ផ្គត់ផ្គង់ទៅឱ្យរោងចក្រផ្សេងៗទៀតបាទ។ យើងឃើញ ឈើក្នុងរោងចក្រ មិនមែនក្តារបន្ទះទេ មានសុក្រំ មានបេងមានអី ការទទួលទិញ ព្រោះក្រុមហ៊ុនទទួលទិញទាំងអស់»។
សហគមន៍ព្រៃឡង់ ខេត្តស្ទឹងត្រែង លោក យឹម សុភក្ត្រ បង្ហាញក្ដីបារម្ភយ៉ាងខ្លាំង ពីឧក្រិដ្ឋកម្មព្រៃឈើឈើខ្នាតធំនេះ ព្រោះដើមច្បោះជ័រ និងដើមឈើធំៗ បន្សល់ចុងក្រោយក្នុងព្រៃអភិរក្សមួយនេះ កំពុងបាត់បង់អស់ជាបន្តបន្ទាប់។ លោកថា ក្រុមហ៊ុនបានឈូសឆាយផ្លូវ បីខ្សែ តម្រង់ចូលព្រៃឡង់ ដើម្បីងាយស្រួលដឹកឈើ ចូលការដ្ឋានរបស់ក្រុមហ៊ុន។ រីឯមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន ដែលឈរជើងការពារព្រៃឡង់ មិនបានរារាំងបទល្មើសព្រៃឈើទាំងនោះទេ។ លោកបន្ថែមថា ដើមឈើធំៗ ដែលសល់ចុងក្រោយ នៅចំណុចអូរថ្ម ចំណុចអូរស្ងួនក្រោម និងចំណុចអូរស្ងួនលើ កំពុងទទួលរងការកាប់រំលំ៖ «ខ្ញុំចង់សុំឱ្យគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ ធ្វើការស៊ើបអង្កេតឡើងវិញសាជាថ្មីម្តងទៀត ពីព្រោះយើងមានភស្តុតាងច្រើនមែនទែន បញ្ជាក់ថា ក្រុមហ៊ុនហ្នឹងរំលោភដែនអធិបតេយ្យភាព ដែនជម្រកសត្វព្រៃឡង់»។
អាស៊ីសេរីបានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្ម លោក ស្រី វុឌ្ឍី និងអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា តែទូរស័ព្ទហៅចូលច្រើនដង គ្មានអ្នកទទួលនៅថ្ងៃទី៤ ធ្នូ។
ចំណែកអ្នកនាំពាក្យគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ លោក អេង ហ៊ី ក៏មិនលើកទូរស័ព្ទដែរ នៅថ្ងៃដដែលនេះ។
តែយ៉ាងណា លោក អេង ហ៊ី បានប្រាប់អាស៊ីសេរី កាលពីសប្ដាហ៍មុនថា សហគមន៍ព្រៃឡង់អាច ដាក់បណ្ដឹងករណីនេះទៅអាជ្ញាធរដែនដី និងគណៈកម្មការជាតិ។ ចំពោះសំណួរថា តើគណៈកម្មការជាតិមានវិធានការបន្ទាន់ឬទេ នៅពេលដែលដឹងថា មានបទល្មើសព្រៃឈើខ្នាតធំ ជាប់ព្រៃឡង់ អ្នកនាំពាក្យរូបនេះឆ្លើយយ៉ាងខ្លីថា ឱ្យតែល្មើសច្បាប់ គឺគណៈកម្មការជាតិនឹងបង្ក្រាបទាំងអស់៖ «ឱ្យគាត់ប្តឹងទៅ អាជ្ញាធរដែនដី ឱ្យគាត់ប្តឹងទៅបាទ ដាក់ពាក្យបណ្តឹងទៅ។ ឱ្យគាត់ធ្វើមក ធ្វើមកគណៈកម្មការជាតិចង់ដឹងមើលៗ»។
អាស៊ីសេរីនៅមិនទាន់អាចទាក់ទង តំណាងក្រុមហ៊ុន អង្គរ ប្លាយវូដ និងក្រុមហ៊ុន ស៊ីង បាយអូថេក ដើម្បីសុំការបំភ្លឺរឿងនេះបានថា យ៉ាងណានៅឡើយទេ នៅថ្ងៃដដែលនេះ។
តែយ៉ាងណា អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន មានប្រសាសន៍ថា ជំហររបស់រដ្ឋាភិបាលបានដាក់បញ្ចូលព្រៃឡង់ ជាតំបន់អភិរក្ស ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន គឺមិនអនុញ្ញាតឱ្យមានសកម្មភាពកាប់ឈើខុសច្បាប់នោះទេ។ លោកបញ្ជាក់ថា ប្រសិនបើមានការកាប់ឈើ ក្នុងព្រៃអភិរក្សគឺ ជាទង្វើខុសច្បាប់ ហើយក្រសួងបរិស្ថានមានតួនាទីដោះស្រាយរឿងនេះ៖ «អ្វីដែលយើងបានពោះព្រំដែន ការពារគឺយើងការពារមិនអនុញ្ញាតឱ្យនរណាម្នាក់ ទៅធ្វើអាជីវកម្ម ឬមានសកម្មភាពណា ទៅបំផ្លាញព្រៃឈើទេ។ ហ្នឹងជាគោលការណ៍។ ហើយទីពីរ ប្រព្រឹត្តបទល្មើសព្រៃឈើ គឺយើងមានក្រសួងពីរ គឺក្រសួងកសិកម្ម និងក្រសួងបរិស្ថាន»។
សកម្មជនបរិស្ថាន និងសហគមន៍ព្រៃឡង់ ឱ្យដឹងថា ពួកគេបានរាយការណ៍បញ្ហានេះ ទៅគណៈកម្មការជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើស ដើម្បីអន្តរាគមន៍ទប់ស្កាត់ តែគណៈកម្មការជំនាញមួយនេះ បានរុញឱ្យពួកគេប្ដឹងអាជ្ញាធរមូលដ្ឋានទៅវិញ។ ចំណែកអាជ្ញាធរមូលដ្ឋាន តែងតែគេចវេះ និងគ្មានសមត្ថភាពទប់ទល់បទល្មើសព្រៃឈើខ្នាតធំនេះទេ។ សហគមន៍ព្រៃឡង់សង្ស័យថា អាជីវកម្មឈើទាំងនេះ គឺអ្នកមានអំណាចកាងនៅពីក្រោយខ្នង ទើបគណៈកម្មការជំនាញមិនហ៊ានអនុវត្តច្បាប់។
សហគមន៍ព្រៃឡង់រកឃើញថា ក្រុមជនជាតិដើមភាគតិចជាង ២៥ម៉ឺននាក់ (២៥០.០០០នាក់) ដែលរស់នៅក្នុងភូមិចំនួន ៣៤០ភូមិ ជាប់តំបន់ព្រៃឡង់ទាំង ៤ខេត្ត នឹងប្រឈមផលប៉ះពាល់ជីវភាពដោយផ្ទាល់ និងប្រយោល ជាពិសេស មុខរបរចិញ្ចឹមជីវិតពួកគេ ដែលអាស្រ័យផល និងរកអនុផលព្រៃឈើ ប្រសិនបើព្រៃឡង់វិនាសហិនហោចនៅថ្ងៃខាងមុខ។
ព្រៃឡង់ឋិតក្នុងចន្លោះខេត្តចំនួនបួន គឺខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តកំពង់ធំ ត្រូវរដ្ឋាភិបាលប្រកាសបង្កើតជាដែនជម្រកសត្វព្រៃកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ មានផ្ទៃដីជាង ៤៣ម៉ឺនហិកតារ (៤៣១.៦៨៣ហិកតារ) ឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ដែលមានកាតព្វកិច្ចធានាគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងកិច្ចការពារធម្មជាតិក្នុងតំបន់ព្រៃឡង់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។