មន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរខែត្រព្រះវិហារ បានតម្រូវឲ្យក្រុមហ៊ុន ដួងស្រូចគ្រុប (DOUNG SROUCH GROUP) ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ប្រមូលផល និងអនុផលព្រៃឈើ ក្នុងដីសម្បទានសង្គមកិច្ចទំហំជាង ១ពាន់ ៥រយហិកតារ ឋិតក្នុងស្រុកជាំក្សាន្ត ខែត្រព្រះវិហារ។ កន្លងទៅក្រុមហ៊ុននេះ មានប្រតិកម្មពីពលរដ្ឋរស់នៅតំបន់នោះដោយចោទថា ប្រមូលទិញឈើពីខាងក្រៅបន្លំចូលបរិវេណក្រុមហ៊ុន ដើម្បីបម្លែងជាឈើស្របច្បាប់។
សហគមន៍រស់នៅតំបន់ព្រៃឈើ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងមន្ត្រីសង្គមស៊ីវិលហាក់មិនទាន់ស្ងប់ចិត្តឡើយ បើទោះបីជាក្រសួងកសិកម្ម និងអាជ្ញាធរខែត្រព្រះវិហារ បញ្ឈប់សកម្មភាពប្រមូលផល និងអនុផលព្រៃឈើរបស់ក្រុមហ៊ុន ដួងស្រូចគ្រុបនោះយ៉ាងណាក្ដី។
ការមិនស្ងប់ចិត្តនេះ ដោយសារតែពួកគាត់ ធ្លាប់ប្រទះឃើញពីភាពមិនប្រក្រតីនៃអាជីវកម្មឈើរបស់ក្រុមហ៊ុននេះច្រើនឆ្នាំមកហើយ។
អ្នកសម្របសម្រួលផ្នែកតស៊ូមតិ របស់អង្គការពន្លកខ្មែរ លោក ប៉ិក សោភ័ណ សាទរវិធានការនេះ ក៏ប៉ុន្តែលោកពុំមានជំនឿថា នឹងមានឥទ្ធិពលជាវិជ្ជមាន បញ្ឈប់អាជីវកម្មឈើខុសច្បាប់បានទាំងស្រុងនៅឡើយទេ ដរាបណាសកម្មភាពដឹកឈើទៅក្រៅប្រទេស និងការលួចកាប់ឈើនៅតែកើតមាន។ លោកកត់សម្គាល់ថា សហគមន៍រស់នៅតំបន់នោះ ធ្លាប់ត្អូញពីការបាត់បង់ព្រៃស្រោង ដែលត្រូវគេលូចកាប់លក់ឲ្យក្រុមហ៊ុន ដួងស្រូចគ្រុប ច្រើនឆ្នាំមកហើយ តែក្រសួងទើបតែមានចំណាត់ការថ្មីៗនេះ៖ «គ្រាន់តែថា យើងអត់សូវមានជំនឿលើចំណាត់ការអស់ទាំងនេះ ព្រោះការចរាចរទិញឈើ និងដឹកឈើចេញក្រៅនៅតែកើតមានគ្រប់កន្លែង។ បទពិសោធន៍កន្លែងគ្រប់កន្លែងសុទ្ធតែមានលិខិតផ្អាក និងលិខិតបញ្ឈប់អ៊ីចឹង ព្រមទាំងបញ្ជាសម្រេចនាយករដ្ឋមន្ត្រីច្រើនលើកច្រើនសាមកហើយ តែនៅតែមាន»។
សហគមន៍រស់នៅឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខែត្រព្រះវិហារ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២៨ មករា ថា ក្រុមហ៊ុនប្រមូលអនុផលព្រៃឈើលើផ្ទៃដីដែលក្រសួងកំណត់អស់ច្រើនឆ្នាំណាស់មកហើយ ហើយនៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនបានទទួលទិញឈើពីខាងក្រៅចូលក្រុមហ៊ុន។ លោកស្រីអង្កេតឃើញថា វត្តមានក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច នៅខែត្រព្រះវិហារ គឺជាមូលហេតុនាំឲ្យបាត់បង់ធនធានធម្មជាតិធ្ងន់ធ្ងរ ហើយពលរដ្ឋមួយចំនួនជាអ្នកស្រីឈ្នួលកាប់ឈើលក់ឲ្យក្រុមហ៊ុន៖ «រដ្ឋាភិបាលជួយប្រជាពលរដ្ឋយើងផង បើមិនជួយពួកយើងអស់ដីហើយ អស់ព្រៃ ទប់មិនឈ្នះទេគេមានខ្នង។ ដឹកឈើចេញទាំងយប់ថ្ងៃ»។
ក្រុមហ៊ុន ដួងស្រូចគ្រុប ទទួលសិទ្ធិប្រមូលអនុផលព្រៃឈើ ពីក្រសួងកសិកម្ម ទំហំជាង ១ពាន់ ៥រយហិកតារ (១.៥៤៥) ឋិតក្នុងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខែត្រព្រះវិហារ តាំងពីឆ្នាំ២០១១។
មន្ត្រីអង្កេតជាន់ខ្ពស់នៃសមាគមអាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ អង្កេតឃើញថា សហគមន៍រស់នៅតំបន់នោះ បានប្រតិកម្មភាពពីភាពមិនប្រក្រតីនៃអាជីវកម្មឈើ របស់ក្រុមហ៊ុនដួងស្រូចគ្រុប យូរណាស់មកហើយ ទើបតែក្រសួងហាមឃាត់ថ្មីៗនេះ។ លោកថា ក្រុមហ៊ុននេះបានប្រមូលឈើពីតំបន់ផ្សេងៗ គឺជាប្រភេទនៃបទល្មើសឧក្រិដ្ឋព្រៃឈើ ដែលអាជ្ញាធរពាក់ព័ន្ធត្រូវតែស៊ើបអង្កេតបន្ទាន់ និងស្រាវជ្រាវករណីនេះ៖ «ពេលខ្លះក្រុមហ៊ុនកាប់ឈើនៅកន្លែងផ្ទុយពីរដ្ឋកំណត់ឲ្យ នៅតំបន់ព្រៃស្រោងជាដើម បើនិយាយពីបទល្មើសឧក្រិដ្ឋ»។
លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែមថា សំណុំរឿងបទល្មើសឧក្រិដ្ឋព្រៃឈើ អាជ្ញាធរ និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ គឺជាអ្នករួមចំណែកទទួលខុសត្រូវ ដោយសារពួកគាត់មានជាប់ពាក់ព័ន្ធលើការអនុគ្រោះឲ្យកើតមានភាពមិនប្រក្រតីនៃអាជីវកម្មឈើខុសច្បាប់។ លោកថា ការបញ្ឈប់ប្រមូលអនុផលព្រៃឈើរបស់ក្រុមហ៊ុននេះ គឺពុំមែនជាយន្តការត្រឹមត្រូវតាមច្បាប់ទាំងស្រុងដែរ ប្រសិនបើអាជ្ញាធរជំនាញរកឃើញថា ក្រុមហ៊ុននេះពិតជាប្រមូលទិញឈើពីខាងក្រៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
