សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា​ការ​កាប់​រាន​ព្រៃ​ឈើ​នៅ​កោះ​រ៉ុង​មាន​ទំហំ​ធំធេង

ដោយ ដែន អយុធ្យា
2017-03-02
Share
កាប់​ព្រៃ​ឈើ កោះរ៉ុង ២០១៧ ៨៥៥ ព្រៃ​ឈើ​ដែល​ត្រូវ​គេ​កាប់ និង​ដុត​បំផ្លាញ​នៅ​តាម​តំបន់​មួយ​ចំនួន​ដើម្បី​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន នៅ​សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។ RFA/Den Ayuthyea
RFA/Den Ayuthyea

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម បារម្ភ​ខ្លាច​ព្រៃ​ឈើ​នៅ​លើ​កោះ​រ៉ុង ត្រូវ​ឈ្មួញ និង​មន្ត្រី​មាន​អំណាច​ទន្ទ្រាន​កាន់​កាប់​ធ្វើ​កម្មសិទ្ធិ ដោយសារ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ហាក់​គ្មាន​លទ្ធភាព​ទប់ស្កាត់។ នាយក​អន្តរ​វិស័យ​សាលា​ខេត្ត​ព្រះសីហនុ ព្រមាន​ថា អ្នក​ជាប់​ពាក់ព័ន្ធ​បទល្មើស​លួច​កាប់​បំផ្លាញ​ព្រៃ​ឈើ ដែល​រដ្ឋាភិបាល​ត្រៀម​បម្រុង​ដាក់​ជា​ឧទ្យាន​ជាតិ​កោះ​រ៉ុង នឹង​ត្រូវ​ផ្ដន្ទាទោស។

មន្ត្រី​សង្គម​ស៊ីវិល និង​ភ្ញៀវ​ទេសចរ​បារម្ភ​ខ្លាច​ព្រៃ​ឈើ​ធម្មជាតិ មាន​សោភ័ណភាព​ស្រស់​បំព្រង​នៅ​លើ​កោះ​រ៉ុង ត្រូវ​រលាយ​ហិនហោច​ដោយសារ​មាន​បុគ្គល​មួយ​ចំនួន​បន្ត​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​កាប់​ព្រៃ​ដុត​រាន​យក​ដី​ធ្វើ​កម្មសិទ្ធិ​ឯកជន។

អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី ឲ្យ​អាស៊ីសេរី​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ថា អ្នកស្រី​ខ្លាច​ព្រៃ​ឈើ​មាន​ដើម​ឈើ​ធំៗ​នៅ​លើ​កោះ​រ៉ុង ត្រូវ​បំផ្លាញ ដូច​នឹង​ដី​គម្រប​ព្រៃ​ឈើ​បៃតង​ឆ្នាំ​២០០២ ដែល​រដ្ឋាភិបាល​ដាក់​ឲ្យ​រដ្ឋបាល​ខេត្ត​នេះ​ថែរក្សា​មាន​ទីតាំង​នៅ​ចុង​ឆ្នេរ​អូរត្រេះ ឬ​តំបន់​ពយ​ម៉ាចូវ ប៉ុន្តែ​បែរ​ជា​ត្រូវ​គេ​កាប់​ព្រៃ​រាន​ដី​ធ្វើ​កម្មសិទ្ធិ​រលាយ​ហិនហោច​គ្មាន​សល់។

អ្នកស្រី​សង្កេត​ឃើញ​ថា ការ​បំផ្លាញ​ព្រៃ​ឈើ​នៅ​លើ​កោះ​រ៉ុង រាល់​ថ្ងៃ​នេះ គឺ​មាន​ទំហំ​ធំធេង ដោយ​គ្រប​ដណ្ដប់ ៤​ភូមិ​នៅ​លើ​សង្កាត់​កោះរ៉ុង បន្ទាប់​ពី​មន្ត្រី​ជំនាញ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​វាស់​កំណត់​ក្បាល​ដី​ជូន​ប្រជាពលរដ្ឋ​រស់នៅ​លើ​សង្កាត់​កោះរ៉ុង កាល​ពី​ពេល​ថ្មីៗ​នេះ។

អ្នកស្រី សុធារី បន្ថែម​ថា រដ្ឋបាល​ខេត្ត​ព្រះសីហនុ គួរ​បង្កើន​សកម្មភាព​យក​ចិត្ត​ទុក​ដាក់​ថែរក្សា​ការពារ​ព្រៃ​ឈើ​នៅ​លើ​កោះ​រ៉ុង ឲ្យ​បាន​គង់វង្ស ព្រោះ​បើ​តំបន់​នេះ​អស់​ព្រៃ​ឈើ​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​ភ្ញៀវ​ទេសចរ ចូល​មក​ទស្សនា​ខេត្ត​នេះ​នា​ថ្ងៃ​អនាគត​ជា​ពុំ​ខាន។ ជាង​នេះ​ទៀត អ្នកស្រី​ក៏​ស្នើ​ដល់​អភិបាល​ខេត្ត​ព្រះសីហនុ ពិសេស​រដ្ឋាភិបាល គួរ​បញ្ជូន​មន្ត្រី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ មាន​កម្លាំង​នគរបាល កង​រាជ​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន ជាដើម ឲ្យ​បាន​ច្រើន​នាក់​ចុះ​ប្រចាំ​ការ​ជា​អចិន្ត្រៃយ៍​នៅ​លើ​កោះ​រ៉ុង ទើប​អាច​ទប់ស្កាត់​សកម្មភាព​បទល្មើស​កាប់​ព្រៃ​នៅ​លើ​កោះ​រ៉ុង​មាន​លទ្ធផល​ល្អ។

មន្ត្រី​សង្គម​ស៊ីវិល និង​ភ្ញៀវ​ទេសចរ​មួយ​ចំនួន បង្ហាញ​ទស្សនៈ​ប្រហាក់​ប្រហែល​គ្នា​ថា ការ​ប្រើ​រណារ​យន្ត ឬ​ម៉ាស៊ីន​ត្រង់ស៊ឺន័រ​ដើម្បី​ផ្ដួល​រំលំ​ដើម​ឈើ​ធំៗ​នៅ​តាម​តំបន់​ខ្លះ​នៅ​លើ​កោះ​រ៉ុង ដែល​ទីតាំង​នៅ​ជាប់​ច្រមុះ​ចៅ​សង្កាត់​កោះរ៉ុង លោក អ៊ួង និត និង​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ប្រចាំ​ការ​នៅ​លើ​សង្កាត់​កោះរ៉ុង ប៉ុន្មាន​ខែ​មក​នេះ ទំនង​ជា​អាច​មាន​ការ​ឃុបឃិត​ជា​លក្ខណៈ​ប្រព័ន្ធ​រវាង​អ្នក​នៅ​ពី​ក្រោយ​សកម្មភាព​កាប់​រាន​ដី​ព្រៃ ឬ​ឈ្មួញ ជាមួយ​មន្ត្រី​ជំនាញ​នៅ​តាម​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​អាជ្ញាធរ​មូលដ្ឋាន​សង្កាត់​កោះរ៉ុង ជា​ថ្នូរ​ចែក​ផល​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក៖ «អាជ្ញាធរ​មូលដ្ឋាន​លោក​ក៏​ធ្លាប់​បាន​និយាយ​ជា​សាធារណៈ​ដែរ​ថា តំបន់​កោះ​រ៉ុង ដែល​មាន​ភ្ញៀវ​ទេសចរ​ចូល​ទៅ​កម្សាន្ត​លេង គឺ​ដោយសារ​តែ​មាន​ព្រៃ​ឈើ​ស្រស់​បំព្រង ប៉ុន្តែ​ឥឡូវ​នេះ​ព្រៃ​នៅ​តាម​តំបន់​ខ្លះ​លើ​កោះ​រ៉ុង ត្រូវ​បាន​បុគ្គល​ដែល​អះអាង​ថា​ជា​ម្ចាស់​ដី​បាន​ធ្វើ​ការ​កាប់​រាន​ព្រៃ​ដើម្បី​ប្រែ​ក្លាយ​ទៅ​ជា​បឹង​កាឡូ ជា​ផ្ទះ​សំណាក់ និង​ភោជនីយដ្ឋាន​ជាដើម។ អ៊ីចឹង​សួរ​ថា បើ​នៅ​លើ​កោះ​រ៉ុង អស់​ព្រៃ​ឈើ ឬ​ព្រៃ​ឈើ​ត្រូវ​បំផ្លាញ​រលាយ​ហិនហោច តើ​ភ្ញៀវ​ទេសចរ​នឹង​ចូល​មក​កម្សាន្ត​កោះ​នេះ​ទៀត​ទេ​នា​ថ្ងៃ​អនាគត»

អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម អ្នកស្រី ជៀប សុធារី បាន​ស្នើ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ចេញ​បទបញ្ជា​ក្តៅ​ទៅ​ដល់​ឈ្មួញ​មាន​ទ្រព្យ និង​មន្ត្រី​មាន​តួនាទី​ខ្ពស់​មួយ​ចំនួន​កំពុង​បម្រើ​ការងារ​នៅ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជាន់​ខ្ពស់​ថ្នាក់​ជាតិ​ខ្លះ​ដែល​មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​ព្រៃ​ឈើ​នៅ​លើ​កោះ​រ៉ុង ដើម្បី​រក្សា​ព្រៃ​ឈើ​ឲ្យ​បាន​គង់វង្ស សម្រាប់​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ៖ «សំណូមពរ​មេត្តា​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ចុះ​ពិនិត្យ និង​មាន​វិធានការ​ដាក់​ពិន័យ​ទៅ​លើ​អ្នក​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​លើ​កោះ​រ៉ុង ដើម្បី​ជា​ការ​ព្រមាន។ សំខាន់​មន្ត្រី​ជំនាញ​ស្ថាប័ន​សុរិយោដី នៅ​ពេល​ដែល​ពួក​គាត់​ចុះ​វាស់វែង​ដី​ជូន​ពលរដ្ឋ​នៅ​លើ​កោះ​រ៉ុង​ហ្នឹង ពួក​គាត់​គួរ​តែ​បន្ត​ចុះ​ពិនិត្យ​បន្ត​ទៀត ព្រោះ​ចាប់​តាំង​ពី​ការ​វាស់វែង​បែងចែក​ដី​ជូន​ពលរដ្ឋ​នៅ​លើ​កោះ​រ៉ុង រហូត​មក​ដល់​ពេល​នេះ យើង​មិន​ដឹង​ថា​លទ្ធផល​ទៅ​ជា​បែប​ណា​ទៅ​ហើយ​ទេ។ ហើយ​ចំពោះ​ទីតាំង ឬ​តំបន់​ណា​ដែល​មិន​ឲ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទេ គឺ​មន្ត្រី​ជំនាញ​ត្រូវ​តែ​ដាក់​ស្លាក​សញ្ញា ឬ​បោះ​បង្គោល​កំណត់​ហាម​មិន​ឲ្យ​កាប់​ព្រៃ និង​ត្រូវ​ប្រកាស​ផ្សាយ​ជា​សាធារណៈ ដោយ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​នៅ​តំបន់​នោះ ឲ្យ​ចូលរួម​ការពារ និង​ថែរក្សា​ព្រៃ​ឈើ​ទាំងអស់​គ្នា»

តំណាង​ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group) មាន​លោក គិត ម៉េង ជា​អគ្គនាយក ហើយ​ដែល​ក្រុមហ៊ុន​នេះ​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រាជ​រដ្ឋាភិបាល​សម្រាប់​វិនិយោគ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍ និង​កំពុង​សង់​សណ្ឋាគារ​ប្រណិត​លំដាប់​ផ្កាយ​៥ មាន​ទីតាំង​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង លោក ឈុន ប៊ុនថា ក៏​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ព្រៃ​ធម្មជាតិ​នៅ​លើ​កោះ​រ៉ុង​នេះ​ដែរ។ លោក​ព្រួយ​បារម្ភ​នៅ​ពេល​ព្រៃ​ឈើ​នៅ​លើ​កោះ​រ៉ុង ត្រូវ​បំផ្លាញ​រលាយ​ហិនហោច ភ្ញៀវ​ទេសចរ ពិសេស​ភ្ញៀវ​អន្តរជាតិ នឹង​លែង​ចាប់​អារម្មណ៍ និង​ឈប់​ចូល​មក​កម្សាន្ត​នៅ​លើ​កោះ​រ៉ុង​នា​ថ្ងៃ​អនាគត។

សមត្ថកិច្ច​ចុះ​ចាប់​កម្មករ​ស៊ី​ឈ្នួល​កាប់​ព្រៃ និង​រឹប​អូស​រណារ​យន្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
សមត្ថកិច្ច​ចុះ​ចាប់​កម្មករ​ស៊ី​ឈ្នួល​កាប់​ព្រៃ និង​រឹប​អូស​រណារ​យន្ត​នៅ​សង្កាត់​កោះរ៉ុង ក្រុង​ព្រះសីហនុ ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០១៧។ Photo Provided
Photo Provided

នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលា​ខេត្ត​ព្រះសីហនុ លោក នួន ប៊ុនថុល ដែល​ទៅ​ប្រចាំ​ការ​មើល​ការងារ​នៅ​លើ​កោះ​រ៉ុង បាន​ឲ្យ​អាស៊ីសេរី​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ថា មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្រោម​ឱវាទ​រដ្ឋបាល​ខេត្ត បាន​បន្ត​ចុះ​ល្បាត​នៅ​តាម​តំបន់​គោលដៅ​ដែល​សង្ស័យ​មាន​សកម្មភាព​កាប់​ព្រៃ​ឈើ​នៅ​លើ​កោះ​រ៉ុង​ជា​ប្រចាំ​ថ្ងៃ។ លោក​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​អាជ្ញាធរ​កំពុង​ស្រាវជ្រាវ​រក​អ្នក​នៅ​ពី​ក្រោយ​បទល្មើស​លួច​កាប់​ព្រៃ​នៅ​លើ​កោះ​រ៉ុង ដើម្បី​ឈាន​ដល់​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់៖ «សកម្មភាព​កាប់ និង​ដុត​ព្រៃ​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​លើ​កោះ​រ៉ុង គឺ​យើង​កំពុង​តែ​ទប់ស្កាត់​ឲ្យខាងតែ​បាន។ បច្ចុប្បន្ន​នេះ យើង​កំពុង​ឈាន​ទៅ​វែក​រក​មុខ​ម្ចាស់​ដី​ដែល​លក់​ដី​នៅ​លើ​កោះ​រ៉ុង​បន្ត ហើយ​ត្រូវ​ម្ចាស់​ទិញ​ដី​បន្ត​បាន​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំងនោះ​ចោល ហើយ​ពេល​នេះ​អាជ្ញាធរ​យើង​កំពុង​ស្រាវជ្រាវ ព្រោះ​ពួក​គេ​ទាំងនោះ​មិន​គួរ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ទាំងនោះ​ចោល​ទេ ទោះ​បី​ជា​ព្រៃ​របោះ​ក៏ដោយ។ ក្រុម​ការងារ​យើង​បាន​រក​ឃើញ​ថា ដី​ព្រៃ​កាប់​រាន និង​ដុត​នៅ​តាម​តំបន់​មួយ​ចំនួន​នៅ​លើ​កោះ​រ៉ុង គឺ​មិន​ត្រូវ​បាន​មន្ត្រី​ជំនាញ​ចុះ​វាស់​ជូន​ទេ ហើយ​ក៏​មាន​សកម្មភាព​កាប់​ព្រៃ​ទាំងនោះ»

ចំណែក​លោក យន្ត មីន អភិបាល​ខេត្ត​ព្រះសីហនុ ធ្លាប់​បាន​អំពាវនាវ​ដល់​ប្រតិបត្តិករ​ទេសចរ ពិសេស​ប្រជាពលរដ្ឋ​មាន​លំនៅឋាន​នៅ​លើ​កោះ​រ៉ុង ឲ្យ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​នេះ ដើម្បី​រួម​គ្នា​ថែរក្សា​ការពារ​ព្រៃ​ឈើ​នៅ​លើ​កោះ​ឲ្យ​បាន​គង់វង្ស​ទាំងអស់​គ្នា ទោះ​ដីធ្លី​ដែល​មាន​ដុះ​ព្រៃ​ឈើ​ទាំងនោះ​ស្ថិត​នៅ​ក្នុង​ចំណែក​ក្បាល​ដី​ដែល​រដ្ឋាភិបាល ឬ​មន្ត្រី​ជំនាញ​បាន​ចុះ​វាស់​កាត់​ឆ្វៀល​ឈាន​ដល់​ផ្តល់​សិទ្ធិ​ប្រើប្រាស់​ស្រប​ច្បាប់​ក្តី។

លោក​ពន្យល់​ថា ព្រៃ​ឈើ​នៅ​លើ​កោះ​រ៉ុង​ជា​សក្ដានុពល​ដ៏​សំខាន់​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចម្រុះ​ជាតិ​សាសន៍ ឲ្យ​ចូល​មក​ទស្សនា​តំបន់​កោះ ប៉ុន្តែ​បើ​ព្រៃ​ឈើ​ត្រូវ​រលាយ​ហិនហោច ភ្ញៀវ​ទេសចរ​នឹង​លែង​ចាប់​អារម្មណ៍​ចូល​ទៅ​កម្សាន្ត​តាម​កោះ​ទៀត​ទេ។

លោក យន្ត មីន បញ្ជាក់​ថា នៅ​ថ្ងៃ​ខាង​មុខ ប្រសិន​បើ​ប្រជាពលរដ្ឋ ឬ​ប្រតិបត្តិករ​ទេសចរ​ត្រូវ​ការ​កាប់​ដើម​ឈើ​ដែល​ដុះ​នៅ​លើ​ចំណែក​ក្បាល​ដី​រៀងៗ​ខ្លួន​សម្រាប់​ធ្វើ​ការ​អភិវឌ្ឍ​អ្វី​មួយ គឺ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​ជូន​ដំណឹង ឬ​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​មុន បើ​មិន​ដូច្នេះ​ទេ នឹង​ប្រឈម​មុខ​ច្បាប់​ធ្ងន់ធ្ងរ៖ «បើ​យើង​ថែរក្សា​ព្រៃ​ឈើ​នៅ​លើ​កោះ​រ៉ុង​បាន​គង់វង្ស គឺ​យើង​បាន​ចំណេញ​ទាំង​បរិស្ថាន និង​ចំណេញ​ទាំង​សេដ្ឋកិច្ច ដោយ​ការ​លក់​ដី​ទទួល​បាន​តម្លៃ​ខ្ពស់​ជាដើម។ អ៊ីចឹង​សំណូមពរ​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ដី​ព្រៃ​នៅ​លើ​កោះ​រ៉ុង​ទាំងអស់ គឺ​ត្រូវ​រួម​គ្នា​ការពារ​ព្រៃ​ឈើ​ឲ្យ​បាន​គ្រប់ៗ​គ្នា ប៉ុន្តែ​បើ​ចាំបាច់​ថា​ត្រូវ​កាប់​ដើម​ឈើ​នៅ​លើ​ដី​មាន​ម្ចាស់​រៀងៗ​ខ្លួន​ដើម្បី​ធ្វើ​ការ​អភិវឌ្ឍ ចាំបាច់​ត្រូវ​តែ​សុំ​ច្បាប់​មក​អាជ្ញាធរ​ជា​មុន»

ទោះ​ជា​បែប​នេះ​ក្តី អ្នក​ឃ្លាំ​មើល​ការ​អភិវឌ្ឍ​សង្គម អ្នកស្រី សុធារី រិះគន់​ថា កន្លង​មក​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​តែង​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ពលរដ្ឋ​ក្រីក្រ​ដែល​ចូល​ទៅ​កាប់​រាន​ដី​ព្រៃ ដើម្បី​យក​ធ្វើ​ជម្រក និង​រាន​ដី​កសិកម្ម​លើ​ដី​ព្រៃ​សាធារណៈ​របស់​រដ្ឋ​បន្តិចបន្តួច បញ្ជូន​ទៅ​កាន់​តុលាការ ហើយ​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ​មួយ​ចំនួន​ដាក់​ពន្ធនាគារ។ ប៉ុន្តែ​សម្រាប់​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​មាន​ទ្រព្យ​ដែល​បាន​ជួល​កម្មករ​ឲ្យ​ចូល​ទៅ​កាប់​រាន​ដី​គម្រប​ព្រៃ​ឈើ​ឆ្នាំ​២០០២ មាន​ទីតាំង​នៅ​តំបន់​ពយ​ម៉ាចូវ ចុង​ឆ្នេរ​អូរត្រេះ និង​ដី​ព្រៃ​ឈើ​មាន​ដើម​ធំៗ​នៅ​លើ​កោះ​រ៉ុង​ជាដើម មិន​ត្រូវ​បាន​ស្ថាប័ន​រដ្ឋបាល​ព្រៃ​ឈើ ឬ​មន្ត្រី​បរិស្ថាន​ខេត្ត​ព្រះសីហនុ ចេញ​មុខ​ទប់ស្កាត់ ឬ​ប្ដឹង​អ្នក​ប្រព្រឹត្តិ​ល្មើស​ទៅ​កាន់​តុលាការ ឲ្យ​តាម​ចាប់​ជន​ល្មើស​ទៅ​ផ្ដន្ទាទោស​នោះ​ទេ។

អ្នកស្រី សុធារី ទទូច​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​មន្ត្រី​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​នេះ គួរ​ពិចារណា​រាល់​ទង្វើ និង​សកម្មភាព​របស់​ខ្លួន​ដែល​បាន​អនុវត្ត​ច្បាប់​កន្លង​ទៅ ថា​តើ​បាន​អនុវត្ត​ស្មើ​ភាព​គ្នា​រវាង​មន្ត្រី​មាន​អំណាច ឈ្មួញ​មាន​ទ្រព្យ និង​ពលរដ្ឋ​ក្រីក្រ​បាន​ត្រឹមត្រូវ​ដែរ​ឬ​យ៉ាង​ណា?

កាល​ពី​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន បាន​សម្រេច​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ចំនួន ២​បន្ថែម​ទៀត​នៅ​ខេត្ត​ព្រះសីហនុ រួម​មាន​ឧទ្យាន​ជាតិ​កោះ​រ៉ុង និង​តំបន់​អភិរក្ស​ទឹកសាប​បឹង​ព្រែក​ទប់ ឲ្យ​ក្លាយ​ជា​ឧទ្យាន​ជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល