ពលរដ្ឋ​នៅ​ស្ទឹងត្រែង​រិះគន់​ចំណាត់ការ​របស់​រដ្ឋាភិបាល​រឿង​កាប់​ឈើ

ប្រមុខ​រាជរដ្ឋាភិបាល​បាន​សម្រេច​ឲ្យ​ផ្អាក​សកម្មភាព​កាប់​ឈើ​បោស​សម្អាត​ផ្ទៃ​អាង​ស្តុក​ទឹក​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខេត្ត​ស្ទឹងត្រែង បន្ទាប់​ពី​បទ​ល្មើស​ព្រៃឈើ​អនាធិបតេយ្យ​កើត​ច្រើន​តំបន់​នោះ។
ដោយ រដ្ឋា វិសាល
2013-10-27
Share

យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​សហគមន៍ និង​មន្ត្រី​មូលដ្ឋាន​ទាមទារ​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ទៅ​លើ​ក្រុមហ៊ុន និង​ជន​ពាក់ព័ន្ធ​បង្ក​ឲ្យ​មាន​បទល្មើស​ឧក្រិដ្ឋកម្ម​ព្រៃ​ឈើ​នោះ។

ប្រជាពលរដ្ឋ​សហគមន៍​ការពារ​ព្រៃ​ឈើ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង រិះគន់​ថា ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​នេះ​យឺត​ពេល ពីព្រោះ​ឈើ​រាប់​ម៉ឺន​ម៉ែត្រ​គូប​នៅ​ក្នុង​ព្រៃ​ការពារ​ត្រូវ​គេ​លួច​កាប់ ប៉ុន្តែ​បាន​ស្វាគមន៍​សេចក្ដី​សម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ស្ដីពី​ការ​ផ្អាក​កាប់​ឈើ​ក្នុង​តំបន់​អាង​ស្តុក​ទឹក។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​តុលា ឆ្នាំ​២០១៣ បាន​ធ្វើ​លិខិត​ជម្រាប​ជូន​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ឲ្យ​ផ្អាក​ការ​ប្រមូល​ផល​អនុផល​ព្រៃ​ឈើ​របស់​ក្រុមហ៊ុន អាំង អែន អាសូស៊ីអេត ឡយ័រ (Ang & Associate Lawyer) នៅ​ក្នុង​តំបន់​អាង​ស្តុក​ទឹក​នៃ​គម្រោង​វារីអគ្គិសនី​សេសាន​ក្រោម ២ មួយ​រយៈ​ពេល​រហូត​ដល់​ពេល​មាន​ការ​កំណត់​ព្រំ​អាង​ស្តុក​ទឹក​នៅ​លើ​ទីតាំង​ជាក់​ស្ដែង​រួច​ជា​មុន​សិន និង​រៀប​ចំ​គណៈកម្មការ​អន្តរ​ក្រសួង​រួម​ជាមួយ​ក្រុមហ៊ុន​ធ្វើ​ការ​សិក្សា​កែ​តម្រូវ​និយាមកា​ដែល​មិន​ចំ​ទីតាំង​ឲ្យ​បាន​រួច​រាល់ និង​ត្រូវ​ចុះ​កំណត់​ព្រំប្រទល់​ជាក់ស្ដែង​ជា​មុន និង​កាប់​ប្រមូល​ផល​និង​សម្អាត​អាង​បន្ត។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​បាន​ទទួល​ដំណឹង​នេះ​ពី​មន្ត្រី​អាជ្ញាធរ​ស្រុក​រួច​ហើយ ប៉ុន្តែ​លោក​កត់​សំគាល់​ថា ការ​សម្រេច​ផ្អាក​នេះ​មិន​គ្រប់គ្រាន់​ទេ។ លោក​ថា ក្រុមហ៊ុន​ម៉ៅការ​បោស​សម្អាត​អាង​ជាប់​ពាក់ព័ន្ធ​កាប់ និង​ប្រមូល​ទិញ​ឈើ​ពី​ការ​កាប់​អនាធិបតេយ្យ​ក្រៅ​អាង។ ចំណែក​អាជ្ញាធរ​ជំនាញ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប ហេតុ​នេះ​ច្បាប់​ព្រៃ​ឈើ​មាន​ចែង​ពី​ការ​ពិន័យ​ជា​ប្រាក់ និង​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំពោះ​ជន​ពាក់ព័ន្ធ​បទល្មើស​ព្រៃ​ឈើ​នោះ។

លោក សៀក មេគង្គ៖ «គួរ​តែ​គិតគូរ តែ​ដឹង​ហើយ យើង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​សុទ្ធតែ​ធ្វើ​ការ​បម្រើ​ជាតិ​ទាំង​អស់ យើង​គួរ​តែ​យក​ច្បាប់​ជា​ធំ។ មាត្រា ១០០ ១០១ ហ្នឹង អស់​លោក​គួរ​តែ​ផ្ដន្ទាទោស​ដែរ អា​ហ្នឹង​បាន​មាន​យុត្តិធម៌»

ក្រសួង​កសិកម្ម​កាល​ពី​ខែ​មីនា ឆ្នាំ​២០១៣ បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន អាំង អែន អាសូស៊ីអេត  ឡយ័រ របស់​លោក គិត ម៉េង ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន រ៉ូយ៉ាល់ ហ្គ្រូប (Royal Group) ដែរ​នោះ ធ្វើ​ការ​កាប់​ប្រមូល​ផល​អនុផល​ព្រៃ​ឈើ​ក្នុង​តំបន់​អាង​ស្តុក​ទឹក​ទំហំ ៣.៦​ម៉ឺន​ហិកតារ ក៏​ប៉ុន្តែ​ក្រុមហ៊ុន​នេះ​បាន​ផ្ទេរ​សិទ្ធិ​ទៅ​ឲ្យ​ក្រុមហ៊ុន​ម៉ៅ​ការ​របស់​លោក លឹម ប៊ុណ្ណា ជា​អ្នក​អនុវត្ត​ជាក់ស្ដែង។

ប្រជា​សហគមន៍​ភូមិ​ស្រែគរ បាន​រាយការណ៍​ជា​បន្តបន្ទាប់​ពី​សកម្មភាព​កាប់​ឈើ និង​ទិញ​ឈើ​ក្រៅ​បរិវេណ​អាង​ស្តុក​ទឹក​របស់​ក្រុម​ម៉ៅការ​នេះ ដែល​ជា​មូលហេតុ​នាំ​ឲ្យ​មាន​ការ​កាប់​ឈើ​អនាធិបតេយ្យ​រាប់​ពាន់​រាប់​ម៉ឺន​ម៉ែត្រ​គូប​ពី​ព្រៃ​ការពារ​ក្រៅ​បរិវេណ​គម្រោង​បោស​សំអាត​អាង​ទឹក។

តំណាង​ក្រុមហ៊ុន​ម៉ៅការ គឺ​លោក សាន ចយ ធ្លាប់​បាន​បដិសេធ​ថា ក្រុមហ៊ុន​មិន​បាន​កាប់​ឈើ​ក្រៅ​បរិវេណ​អាង​ទេ ក៏​ប៉ុន្តែ​បាន​ទទួល​ស្គាល់​ថា ក្រុមហ៊ុន​នេះ​បាន​ទិញ​ឈើ​កាប់​អនាធិបតេយ្យ​ពី​ព្រៃ​ក្រៅ​គម្រោង​បោស​សំអាត​មែន។

កាល​ពី​សប្ដាហ៍​មុន​នេះ លោក សាន ចយ ធ្លាប់​បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​ខែ​មេសា ឆ្នាំ​២០១៣ រហូត​បច្ចុប្បន្ន ឈើ​ដែល​ក្រុមហ៊ុន​បាន​នាំ​ចេញ និង​បាន​បង់​ពន្ធ​ជូន​រដ្ឋ​បាន​ជាង ៤​ពាន់​ម៉ែត្រ​គូប។ ចំណែក​ផែនការ​កាប់​ឈើ​សំអាត​អាង​ទឹក​សម្រេច​បាន​ប្រមាណ ៥​ភាគរយ៖ «ប្រជាពលរដ្ឋ​នៅ​តំបន់​ស្រែគរ ស្រែ​សាមី នេះ​ទំនៀមទំលាប់​គាត់ គាត់​អត់​មាន​ធ្វើ​ស្រែ​ធ្វើ​ចម្ការ​ទេ គាត់​ដើរ​តែ​កាប់​ឈើ​អ៊ីចឹង។ដល់​អ៊ីចឹង​ក្រុមហ៊ុន​ជា​ជាង​អនាធិបតេយ្យ ក្រុមហ៊ុន​ក៏​ប្រមូល​ទិញ​ដើម្បី​បាន​បង់​ពន្ធ​ទៅ​ចូល​រដ្ឋ»

ទាក់ទិន​ករណី​នេះ​ដែរ មន្ត្រី​សម្របសម្រួល​អង្គការ​ទន្លេ​បី លោក មៀច មាន បាន​គាំទ្រ​ការ​អំពាវនាវ​របស់​សហគមន៍​និង​មន្ត្រី​មូលដ្ឋាន។ លោក​បន្ត​ថា ក្រៅ​ពី​ចាត់​វិធានការ​ដាក់​ទោសទណ្ឌ​អ្នក​ពាក់ព័ន្ធ​កាប់​ឈើ​នេះ លោក​ក៏​អំពាវនាវ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​សិក្សា​ឡើង​វិញ​ពី​ទីតាំង​ត្រូវ​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​ពី​តំបន់​អាង​ស្តុក​ទឹក​ឲ្យ​បាន​សមស្រប​តាម​គោលនយោបាយ​ផ្ដល់​សំណង​ចំពោះ​ប្រជាពលរដ្ឋ​អ្នក​រង​ផល​ប៉ះពាល់​ស្ដីពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ​ដែរ។

លោក មៀច មាន៖ «ត្រូវ​ចូល​រួម​និង​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ព្រំ​ប្រទល់ ឬ​ចំណុច​អ្វី​ដែល​ពាក់ព័ន្ធ​ក្នុង​ហ្នឹង ជា​ពិសេស​ទីតាំង​ដែល​គ្រោង​ជម្លៀស​ប្រជាពលរដ្ឋ​ចេញ​មិន​អាច​យក​គោលការណ៍​ចាស់​បាន​ទេ»

វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​២៧ ខែ​តុលា មិន​អាច​ទាក់ទង​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹងត្រែ លោក អ៊ី ឯកសាវត្តី សុំ​អធិប្បាយ​បញ្ហា​នេះ​បាន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល