សហគមន៍​ការពារ​ព្រៃ​ឈើ​ជាំពេន​ខេត្ត​ព្រះវិហារ​ថា​មាន​អ្នក​លួច​ចូល​កាប់​ឈើ​ខុស​ច្បាប់

0:00 / 0:00
ទាញ​យក​កម្មវិធី​វិទ្យុ​អាស៊ីសេរី សម្រាប់​ទូរស័ព្ទ និង TabletOpens in new window

សហគមន៍​ការពារ​ព្រៃ​ឈើ​ជាំពេន នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ បាន​ដាក់​វេន​គ្នា​ដើរ​ល្បាត​ការពារ​ព្រៃ​ទំហំ​ជិត ២​ពាន់​ហិកតារ ដែល​នៅ​ជាប់​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ រយៈពេល​កន្លះ​ខែ​មក​ហើយ​គិត​មក​ដល់​ពេល​នេះ។

ការ​លើក​គ្នា​ដើរ​ល្បាត គឺ​នៅ​ស្រប​ពេល​ដែល​មាន​មនុស្ស​ខ្លះ​មក​ពី​ខេត្ត​កំពង់ធំ តែង​នាំ​គ្នា​លួច​ចូល​ទៅ​កាប់​ឈើ ដើម្បី​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់ ឯ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច ហាក់​មិន​សូវ​អើពើ​ក្នុង​រឿង​បង្ក្រាប​នោះ។

ប្រជា​សហគមន៍​ការពារ​ព្រៃ​ឈើ​ជាំពេន នៃ​ភូមិ​បង្កើនផល ស្រុក​រវៀង បាន​សង្ស័យ​ទៅ​លើ​មន្ត្រី​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ ថា​ហាក់​ដូចជា​មាន​ការ​ឃុបឃិត​ជាមួយ​នឹង​ក្រុម​អ្នក​កាប់​ឈើ​ខុស​ច្បាប់ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នក​ប្រព្រឹត្តិ​បទល្មើស កាន់​តែ​បង្កើន​ការ​លួច​ចូល​ទៅ​កាប់​ឈើ​ក្នុង​តំបន់​ការពារ​កាន់​តែ​ខ្លាំង​ឡើងៗ។

តំណាង​ជនជាតិ​ដើម​ភាគ​តិច​កួយ នៃ​សហគមន៍​ជាំពេន គឺ​លោក រ៉ូ លីន។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​ពុធ ទី​១៦ ខែ​កញ្ញា ថា បច្ចុប្បន្ន​ក្រុម​អ្នក​ជួញ​ដូរ​ឈើ​ខុស​ច្បាប់ តែង​លួច​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​សហគមន៍​ជា​ញឹកញាប់។ តំណាង​សហគមន៍​ដដែល​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា កន្លង​ទៅ ក្រុម​សហគមន៍​ធ្លាប់​បាន​ព័ន្ធ​ចាប់​អ្នក​កាប់​ឈើ​ខុស​ច្បាប់​ចំនួន ៨​នាក់ ព្រម​ទាំង​រឹប​អូស​បាន​ឈើ ៥៣​ចម្រៀក គោយន្ត​ចំនួន ២​គ្រឿង និង​អាវុធ​ស្នាតេះ​ផង យក​ទៅ​ប្រគល់​ជូន​មន្ត្រី​អភិរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ ក៏ប៉ុន្តែ ៣​ថ្ងៃ​ក្រោយ​មក មន្ត្រី​បរិស្ថាន​ដែន​ជម្រក​សត្វ​ព្រៃ បាន​ដោះ​លែង​អ្នក​កាប់​ឈើ​ទាំង​នោះ ដោយ​មិន​បញ្ជូន​ទៅ​តុលាការ​ទេ ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​អ្នក​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់​មិន​រាង​ចាល ហើយ​នៅ​តែ​លួច​ចូល​ទៅ​កាប់​ឈើ​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ៖ «១​ថ្ងៃ​មាន​ម៉ាស៊ីន​អារ​ឈើ​២ ឬ ១ ហើយ​ប៉ុន្មាន​នេះ គឺ​លួច​ឆ្មក់​ចូល​កាប់​រហូត។ ថ្ងៃ​នេះ​ពួក​ខ្ញុំ​កំពុង​តែ​លើក​កម្លាំង​ទៅ​យាម​ទាំង​យប់​ទាំង​ថ្ងៃ»

ក្រុម​សហគមន៍​បាន​សង្ស័យ​ទៅ​លើ​មន្ត្រី​ឧទ្យានុរក្ស ថា​អាច​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​ជន​ដែល​កាប់​ឈើ​ខុស​ច្បាប់ ក៏ប៉ុន្តែ​មន្ត្រី​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ បាន​បដិសេធ​ចោល​ចំពោះ​ការ​ចោទ​ប្រកាន់​នោះ ថា​ជា​រឿង​មិន​ពិត។

នាយ​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ លោក យ៉ាន់ ប៊ុនសឿន បដិសេធ​ថា លោក និង​មន្ត្រី​ការពារ​ឧទ្យាន​ជាតិ មិន​បាន​ឃុបឃិត​ជាមួយ​ជន​ដែល​លួច​ចូល​កាប់​ឈើ​ខុស​ច្បាប់​ទាំង​នោះ​ទេ។ លោក យ៉ាន់ ប៊ុនសឿន បញ្ជាក់​ថា ជា​រៀង​រាល់​ពេល គឺ​មន្ត្រី​របស់​លោក រួម​ទាំង​សមត្ថកិច្ច​ចម្រុះ តែង​សហការ​ជាមួយ​សហគមន៍​ការពារ​ព្រៃ​ឈើ​ជាំពេន ប៉ុន្តែ​ការ​ដោះ​លែង​អ្នក​កាប់​ឈើ​ចំនួន ៨​នាក់​កន្លង​ទៅ គឺ​ធ្វើ​តាម​ច្បាប់ ដោយ​ផាក​ពិន័យ​យក​ប្រាក់​ជូន​រដ្ឋ៖ «អា​ហ្នឹង​មិន​មែន​ដោះ​លែង ដោយ​គ្មាន​មូលហេតុ​ទេ គឺ​ផាក​ពិន័យ​យក​បង់​ចូល​រដ្ឋ។ ខ្ញុំ​អម្បាញ់មិញ គឺ​ដាក់​ទាំង​កម្លាំង​ដែន​ជម្រក​សត្វ​ព្រៃ ទាំង​កម្លាំង​ប៉ូលិស ទាហាន ទៅ​ជួយ​បង្ក្រាប​អ្នក​កាប់​ឈើ​ជាមួយ​នឹង​សហគមន៍»

ទោះ​យ៉ាង​ណា នាយ​ដែន​ជម្រក​សត្វ​ព្រៃ​បឹងពែរ មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់លាស់​ថា តើ​ការ​ផាក​ពិន័យ​លើ​អ្នក​កាប់​ឈើ ដែល​សហគមន៍​ចាប់​មក​ប្រគល់​ឲ្យ​នោះ បាន​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន​ឡើយ?

មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លក​ខ្មែរ លោក ប៉ិក សោភ័ណ អះអាង​ថា ចាប់​តាំង​ពី​ការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣ រហូត​មក​ដល់​ពេល​នេះ គឺ​សកម្មភាព​កាប់​ឈើ​យក​ទៅ​ជួញ​ដូរ​ខុស​ច្បាប់ នៅ​តែ​កើត​មាន​តាម​បណ្ដា​ស្រុក​ជាច្រើន​នៃ​ខេត្ត​ព្រះវិហារ មិន​មាន​ថយ​ចុះ​ទេ។ អង្គការ​ពន្លក​ខ្មែរ​ដដែល​អះអាង​ថា បើ​ទោះ​បី​ជា​ថ្មីៗ​នេះ រដ្ឋាភិបាល​បាន​ប្រកាស​លុប​ចោល​ដី​សម្បទាន​សេដ្ឋកិច្ច​ខ្លះ​ក៏ដោយ ក៏​គេ​នៅ​តែ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​បាត់បង់​ព្រៃ​ឈើ​បន្ត​ទៅ​ទៀត ពីព្រោះ​តែ​ព្រៃ​ឈើ​ជាច្រើន​កន្លែង​នៃ​ខេត្ត​ព្រះវិហារ ដែល​ស្ថិត​ក្នុង​តំបន់​ការពារ នៅ​តែ​ទទួល​រង​ការ​គំរាម​កំហែង ហើយ​គ្មាន​ការ​បង្ក្រាប៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។