ពលរដ្ឋស្រុកសណ្ដាន់អះអាងថាបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់គ្មានថយចុះ
2015.12.29

ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅតែបារម្ភចំពោះវាសនាព្រៃឡង់នៅតំបន់ខេត្តមួយនេះ។ ការបារម្ភរបស់ពួកគាត់ បន្ទាប់ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់ ចូលមកតំបន់រោងចក្រកែច្នៃឈើមួយចំនួន ព្រមទាំងដឹកចេញទៅតំបន់ផ្សេងៗជារៀងរាល់យប់ ដោយមិនមានការទប់ស្កាត់។
ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំដែលរស់នៅក្បែរតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំ បញ្ជាក់ថា សកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃចូលទៅរោងចក្រកែច្នៃឈើក្នុងតំបន់ដីសម្បទានសង្គមកិច្ច និងស្តុកទុកនៅតំបន់មួយចំនួនក្នុងឃុំមានរិទ្ធ នៅតែកើតមានឡើង។ រថយន្ត និងគោយន្តច្នៃដឹកឈើចេញពីព្រៃមួយយប់ៗ ស្ទើរតែធ្វើឲ្យប្រជាពលរដ្ឋរស់នៅតាមមាត់ផ្លូវសម្រាន្តមិនបាន។
ប្រជាពលរដ្ឋនៅឃុំមានរិទ្ធ លោក សេក សឿង មានប្រសាសន៍ថា សកម្មភាពដឹកជញ្ជូនឈើដោយខុសច្បាប់ចេញពីតំបន់ព្រៃឡង់ កាន់តែគួរឲ្យបារម្ភ។ លោកថា សកម្មភាពកាប់ឈើនៅតំបន់ព្រៃឡង់ គឺប្រព្រឹត្តនៅពេលថ្ងៃ ហើយដឹកជញ្ជូនចេញនៅពេលយប់គ្មានថ្ងៃស្រាកស្រាន្តឡើយ៖ «ខ្ញុំមិនជឿថា មន្ត្រីអាជ្ញាធរ ដូចជា ភូមិ ឃុំ ប៉ុស្តិ៍អី គាត់មិនដឹងទេ គឺគាត់ដឹង»។
បន្ថែមពីនេះទៀត សមាជិកក្រុមប្រឹក្សាឃុំមានរិទ្ធ លោក សុខ ម៉ាប់ មើលឃើញថា សកម្មភាពកាប់ឈើប្រណីតប្រភេទលេខពីរ រួមមាន ផ្ដៀក ដួងចែម ឈើទាល ជាដើមនោះ កាន់តែមានស្ថានភាពធ្ងន់ធ្ងរឡើង។ លោកបន្តថា រូបភាពកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃ រួមមាន ប្រជាពលរដ្ឋមកពីតំបន់ផ្សេងៗដែលមានម៉ាស៊ីនអារឈើ នាំគ្នាកាប់យកមកលក់បន្តឲ្យរោងចក្រកែច្នៃឈើមួយចំនួន។ លើសពីនេះទៀត មានឈើខ្លះត្រូវដឹកចូលទៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ឬហៅរោងចក្រ ៩៥ ដែលរដ្ឋាភិបាលផ្តល់ឲ្យពលរដ្ឋមកពីខេត្តកំពង់ចាម ស្របពេលឈើនៅក្នុងតំបន់នោះលែងមានទៅហើយ៖ «ព្រៃឡង់នឹងចប់នៅពេលបច្ចុប្បន្ននេះហើយបង គឺកាប់ទ្រង់ទ្រាយធំមែនទែនបង។ ម៉ាស៊ីនទន្លេថង គឺមកស្ទើរគ្រប់ខេត្តគ្រប់ស្រុកមកកាប់កាត់តាមភូមិខ្ញុំ»។
សមាជិកក្រុមប្រឹក្សាឃុំដដែលបន្តថា ប្រសិនបើរាជរដ្ឋាភិបាលនៅតែមិនព្រមទប់ស្កាត់លើបញ្ហានេះ ឈើប្រណីតនៅតំបន់ព្រៃឡង់នៅក្នុងខេត្តកំពង់ធំ នឹងវិនាសនៅត្រឹមរដូវប្រាំងខាងមុខមិនខាន។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងទៅនាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ និងនាយខណ្ឌព្រៃឈើកំពង់ធំ លោក ទឹប ញាតា បានទេនៅថ្ងៃទី២៩ ធ្នូ។
ចំណែកអភិបាលស្រុកសណ្ដាន់ លោក អ៊ុន បុត្រ មានប្រសាសន៍ថា បញ្ហាបទល្មើសព្រៃឈើកក្រើកឡើងវិញពេលនេះ លោកមិនទាន់ទទួលព័ត៌មាននោះទេ ប៉ុន្តែលោកនឹងបញ្ជូនព័ត៌មាននេះទៅមន្ត្រីជំនាញ ដើម្បីចាត់វិធានការទប់ស្កាត់។
ព្រៃឡង់ គ្របដណ្ដប់លើខេត្តចំនួនបួននៅក្នុងប្រទេសកម្ពុជា មានផ្ទៃដីចំនួនជាង ៤០ម៉ឺនហិកតារ។ រហូតមកដល់បច្ចុប្បន្ន គេនៅមិនទាន់ដឹងថា មានចំនួនផ្ទៃដីព្រៃឈើនៅសេសសល់ប៉ុន្មាន និងបាត់បង់អស់ចំនួនប៉ុន្មានហិកតារនៅឡើយទេ។
ករណីមួយចំនួនដែលបណ្ដាលឲ្យព្រៃឈើនៅតំបន់ព្រៃឡង់វិនាស រួមមាន ការផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឯកជនមួយចំនួន ព្រមទាំងការផ្តល់ដីសម្បទានសង្គមកិច្ច។ បន្ថែមពីនេះ ការចូលរុករានកាន់កាប់ដីព្រៃធ្វើជាកម្មសិទ្ធិពីសំណាក់ពលរដ្ឋ ដោយមានក្រុមអ្នកមានប្រាក់ និងមានអំណាចកាងនៅពីក្រោយ ព្រមទាំងសកម្មភាពចូលកាប់បំផ្លាញឈើប្រណីតតាមរូបភាពជួលប្រជាពលរដ្ឋ និងក្រុមកម្មកររបស់ក្រុមហ៊ុន ជាដើម។
ទាក់ទងបញ្ហានេះ អ្នកសម្របសម្រួលនៃបណ្ដាញស្នូលព្រៃឡង់ទាំងបួនខេត្ត លោក សេង សុខហេង មានប្រសាសន៍ថា បទល្មើសកាប់បំផ្លាញឈើនៅក្នុងតំបន់ព្រៃឡង់ គឺគ្មានការថយចុះឡើយ។ ជាមួយគ្នានេះ ព្រៃឈើនៅតំបន់ព្រៃឡង់ កាន់តែវិនាសជាបណ្ដើរៗ ហើយឈានទៅបាត់បង់នៅពេលខាងមុខ ប្រសិនរាជរដ្ឋាភិបាលមិនមានវិធានការឲ្យមានប្រសិទ្ធភាពនោះទេ៕