ប្រជាពលរដ្ឋរស់នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ អះអាងថា សកម្មភាពកាប់រំលំដើមឈើធំៗដើម្បីយកផ្កាប៉ប្រកទៅលក់នៅប្រទេសថៃ កាន់តែកើនឡើងនៅទូទាំងឃុំថ្មដា ដោយគ្មានការទប់ស្កាត់។
ប្រជាពលរដ្ឋដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភៈ ថា ដើមឈើមុខកាត់ចាប់ពី ២០ ទៅ ៥០សង់ទីម៉ែត្រ នៅតាមបណ្ដោយស្ទឹងម្កាក់ និងស្ទឹងកាច់ ឋិតនៅជាប់ជើងភ្នំនៃឃុំថ្មដា ត្រូវបានពលរដ្ឋប្រើរណារង៉ោង កាត់រំលំរាល់ថ្ងៃ។ អ្នកស្រីថា រាល់ចុងសប្ដាហ៍មានម៉ូតូដឹកដើមផ្កាប៉ប្រកយ៉ាងតិច ១០គ្រឿង ចេញតាមច្រកថ្មដា ទៅលក់នៅខេត្តត្រាត ប្រទេសថៃ៖ «គេកាប់យកដើមផ្កាតាមព្រៃធំនៅក្នុងឃុំថ្មដា។ ខ្ញុំចង់ឲ្យប្រធានច្រកថ្មដា លោក គឹម ញ៉ ជួយទប់ស្កាត់កុំបើកផ្កាទៅលក់នៅប្រទេសថៃ ពីព្រោះបើអ៊ីចឹង ប្រជាជននាំគ្នាកាប់ដើមឈើធំៗហិនហោចអស់ហើយ»។
ទាក់ទងបញ្ហានេះ អភិបាលស្រុកវាលវែង លោក ហេង សុភាណា ថ្លែងទទួលស្គាល់ថា នៅឃុំថ្មដា ពិតជាមានសកម្មភាពកាប់រំលំដើមឈើយករុក្ខជាតិផ្កាទៅលក់នៅប្រទេសថៃ មែន ប៉ុន្តែពុំមានទ្រង់ទ្រាយធំនោះទេ។ កន្លងទៅ ក្រុមការងារលោកបានចុះស្រាវជ្រាវ ហើយដឹងថា ពួកគាត់ប្ដូរទម្លាប់មកឡើងបេះ ដោយមិនកាប់រំលំដើមឈើឡើយ។ យ៉ាងណាលោកថា នឹងចុះអង្កេតករណីនេះទៀត។
ដើមផ្កាប៉ប្រក គឺជារុក្ខជាតិម្យ៉ាងដុះផ្ញើខ្លួនលើដើមឈើធំៗ ហើយគេនិយមយកទៅដាក់តាំងលំអផ្ទះ ឬសណ្ឋាគារ។ បច្ចុប្បន្ន រុក្ខជាតិនេះមានហាងឆេងខ្លាំងនៅលើទីផ្សារ ហើយបើគេនាំយកទៅលក់នៅថៃ បានតម្លៃពី ១០០បាត ទៅ ៣០០បាត ស្មើនឹងប្រហែល ១ម៉ឺន ទៅ ៣ម៉ឺនរៀលក្នុង១ដើម ទៅតាមដើមផ្កាប៉ប្រកនោះស្រស់ល្អ និងមានទំហំតូច ឬធំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។