ជនជាតិដើមភាគតិចកួយ ២ភូមិ រស់នៅខេត្តព្រះវិហារបន្តទាមទារឱ្យអាជ្ញាធរ និងតុលាការ រកមធ្យោបាយការពារព្រៃអាស្រ័យផលជាង ៣ ពាន់ហិកតារដែលជាប្រភពសេដ្ឋកិច្ចសហគមន៍កំពុងទទួលរងការរំលោភបំពាន។ ពួកគាត់ស្នើសុំបែបនេះ ក្នុងពេលចូលទៅបំភ្លឺនៅសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា ក្នុងសំណុំរឿង ដែលមន្ត្រីបរិស្ថានប្តឹងតំណាងសហគមន៍ ៤នាក់ ពាក់ព័ន្ធនឹងសកម្មភាពការពារព្រៃឈើ។
តំណាងជនជាតិដើមភាគតិចកួយ៤ នាក់ ក្នុងចំណោមពលរដ្ឋជាង២៥០ នាក់ រស់នៅក្នុងភូមិដងផ្លិត និងភូមិណារុង ឃុំឆែបពីរ ស្រុកឆែប បានស្នើនៅចំពោះមុខតំណាងអយ្យការខេត្តព្រះវិហារ លោក ថុល គឹមហ៊ឹង ជួយការពារព្រៃឈើនៅកៀកភូមិកំណើតរបស់ពួកគាត់ ដែលកំពុងប្រឈមការបាត់បង់ទ្រង់ទ្រាយធំ បន្ទាប់ពីមានមន្ត្រីបរិស្ថានចូលទៅតំបន់នោះ។
ពួកគាត់ថ្លែងបែបនេះ ក្នុងសវនាការសាលាដំបូងខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា ក្នុងសំណុំរឿង ដែលមន្ត្រីបរិស្ថានប្តឹងតំណាងសហគមន៍ ៤នាក់ ក្រោយពីអ្នកភូមិលើកគ្នាតវ៉ា ការពារព្រៃអភិរក្ស។
តំណាងសហគមន៍ លោក សោម ណៃ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ កុម្ភៈថា ពួកលោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ទេ ហើយបំណងរបស់ប្រជាសហគមន៍ ចង់ការពារសុវត្ថិភាពដីព្រៃអភិរក្សទំហំជាង ៣ពាន់ហិកតារ ដែលកំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់ ពីបុគ្គលមានលុយមានអំណាច។
លោក សោម ណៃ៖ «បច្ចុប្បន្នពួកគាត់មិនចង់ឱ្យមន្ត្រីនោះយកអភិវឌ្ឍន៍អ្វីអីៗស្តាយបាត់បង់ទៅ គាត់ទៅរស់នៅឯណា?និងមានសេរីភាព គេព័ទ្ធបាញ់ថ្នាំជុំវិញអស់ហើយ គេបម្រុងយកទាំងអស់។ បើគេយកទៅ គាត់បាត់បង់ បន្លែព្រៃ បាយដំណើបអូគីដេ លក់ចិញ្ចឹមឆ្នាំង»។
កាលពីថ្ងៃទី៣១ មករា ជនជាតិដើមភាគតិចកួយ ជាង ១៥០នាក់ បានលើកគ្នាតវ៉ាឃ្លាំមើលតំណាងពួកគាត់ ៤នាក់ មកឆ្លើយបំភ្លឺនៅសាលាដំបូងខេត្តព្រះវិហារ ក្រោមបណ្តឹងរបស់មន្ត្រីបរិស្ថាន។
ការប្តឹងផ្តល់នេះកើតឡើង ក្រោយពីពលរដ្ឋជាង ២៥០នាក់បានលើកគ្នា ឃាត់ចាប់រណារយន្ត និងគ្រឿងចក្រ ២គ្រឿង ដែលឈូសឆាយព្រៃអាស្រ័យផល និងព្រៃកប់សពរបស់ជនជាតិដើមភាគតិចកួយ កាលពីចុងឆ្នាំ២០២៣។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីតំណាងអយ្យការខេត្តព្រះវិហារ លោក ថុល គឹមហ៊ឹង បាននៅឡើយទេ នៅថ្ងៃទី១ កុម្ភៈ។ រីឯប្រធានមន្ទីរបរិស្ថាន លោក សុង ច័ន្ទសុជាតិ ក៏មិនទាន់អាចទាក់ទង សុំការបំភ្លឺបានដែរនៅថ្ងៃដដែលនេះ។
ក៏ប៉ុន្តែតំណាងអយ្យការ លោក ថុល គឹមហ៊ឹង បានថ្លែងក្នុងសវនាការថា ព្រះរាជអាជ្ញានឹងលើកលែងការចោទប្រកាន់លើតំណាងពលរដ្ឋ ៤នាក់ ។ លោកបានផ្តល់លេខទូរស័ព្ទឱ្យតំណាងសហគមន៍ទាក់ទង ប្រសិនបើមានការឈូសឆាយដីព្រៃអភិរក្ស ពលរដ្ឋអាចទូរស័ព្ទមកប្តឹងលោកដោយផ្ទាល់។
ទាក់ទងរឿងនេះ មេធាវីការពារក្តីឱ្យតំណាងសហគមន៍ លោក លូត សាំង ពន្យល់ថា សំណុំរឿងនេះ កំពុងឋិតក្នុងដៃព្រះរាជអាជ្ញានៅឡើយ ដោយមិនទាន់បញ្ជូនទៅចៅក្រមស៊ើបនៅឡើយទេ។
លោកបញ្ជាក់ថា មន្ត្រីបរិស្ថានសំអាងតែរបាយការណ៍ ដោយគ្មានភស្តុតាងដាក់បន្ទុកនោះទេ។
លោក ថុល គឹមហ៊ឹង៖ «បើព្រះរាជអាជ្ញាទម្លាក់ការចោទប្រកាន់ទាល់មានចេញដីកាសម្រេច។ តែពួកគាត់ថា ទម្លាក់មិនទាន់ឃើញមានចេញដីកាសម្រេច»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ថា អាជ្ញាធរខេត្តគួរតែដោះស្រាយបញ្ហានេះក្រៅប្រព័ន្ធតុលាការដោយតម្លាភាព និងយុត្តិធម៌ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសត្រូវផ្តល់អាទិភាព ឱ្យសហគមន៍ម្ចាស់ស្រុកដែលរស់នៅតំបន់នោះយូរយារមកហើយ ក្នុងការអាស្រ័យផលធនធានធម្មជាតិតាមទំនៀមទម្លាប់ប្រពៃណី។
លោក ប៉ឹក សោភ័ណ៖ «គួរមានការសម្បទានទៅដល់សហគមន៍ ដែលជាម្ចាស់ស្រុក ដែលពួកគាត់ រស់នៅអាស្រ័យផល ទីនោះយូរហើយ។ យើងឃើញថា វិស័យឯកជន ដែលអាជ្ញាធររដ្ឋាភិបាលវិស័យឯកជន ធ្វើការវិនិយោគ ដូចជា ចិញ្ចឹមគោ និងដំណាំផ្សេងៗ ហ្នឹងជារឿងមួយ អយុត្តិធម៌»។
ព្រៃអាស្រ័យនៅតំបន់វាលដំរីមានទំហំសរុបជាង ៣ ពាន់ហិកតារជាប់ដែនជម្រកសត្វព្រៃព្រះរកា ដែលជនជាតិដើមភាគតិចកួយ ចំនួន ២ភូមិ អាស្រ័យផល និងធ្វើកសិកម្មតាមចន្លោះព្រៃជាច្រើនជំនាន់មកហើយ។
ព្រៃនៅតំបន់នោះ មានបឹងធម្មជាតិ ជម្រកសត្វព្រៃ ព្រៃកប់សព ដើមឈើផលិតជ័រទឹក កន្លែងឃ្វាលគោក្របី និងកន្លែងអនុផលព្រៃឈើរបស់ជនជាតិដើមភាគតិច។
រីឯជនជាតិដើមភាគតិច ៤នាក់ទៀត កំពុងជាប់បណ្តឹងនៅតុលាការដោយសារតែតវ៉ាការពារព្រៃអភិរក្សនេះ ត្រូវមន្ត្រីបរិស្ថានប្តឹងផ្តល់ ដើម្បីគំរាមបំបាក់ស្មារតី។ រីឯអ្នកភូមិខ្លះទៀតត្រូវមន្ត្រីបរិស្ថានគំរាមចាប់ដាក់គុក ប្រសិនបើនៅតែចូលទៅអាស្រ័យផល ធ្វើចម្ការក្នុងព្រៃអភិរក្សនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។