លោក កឹម សុខា បន្ត​ចុះ​ផ្តល់​ជំនួយ​​ដល់​ពលរដ្ឋ ក្រោយ​លោក ហ៊ុន សែន ហាម​មិន​ឱ្យ​អាជ្ញាធរ​រារាំង

0:00 / 0:00

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បន្ត​ចុះ​ជួប​ និង​ចែក​អំណោយ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ សកម្មភាព​សប្បុរសធម៌​នេះ មិន​មាន​ការ​រារាំង​ពី​អាជ្ញាធរ​ឡើយ ក្រោយ​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​បើក​ទូលាយ​ដល់​គ្រប់​គណបក្ស​នយោបាយ ​អាច​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​រងគ្រោះ។

លោក កឹម សុខា បាន​ដឹកនាំ​ក្រុម​មន្ត្រី​របស់​លោក​ ចុះ​ចែក​ជំនួយ​មនុស្ស​ធម៌​ មា​ន​អង្ករ ​មី និង​តង់ ជាដើម ​ដល់​ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់ នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៧ តុលា។ លោក​មិន​បាន​ថ្លែង​សារ​នយោបាយ​អ្វី​នោះ​ទេ គ្រាន់​តែ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ និង​ប្រាប់​ពី​បំណង​ដែល​លោក​ចុះ​ជួប​ពួក​គាត់។ សកម្មភាព​មនុស្ស​ធម៌​ទាំង​នោះ លោក​បាន​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្លូវ​ការ​របស់​លោក។ ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា ជំនួយ​មនុស្ស​ធម៌​ទាំងនេះ​បាន​មក​ពី​សហគមន៍​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក កាណាដា និង​អូស្ត្រាលី។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តែង​អម​ដំណើរ​លោក កឹម សុខា ចុះ​ជួប​ពលរដ្ឋ​តាម​មូលដ្ឋាន គឺ​លោក មាជ សុវណ្ណរ៉ា ឱ្យ​ដឹង​ថា សកម្មភាព​របស់​​ លោក កឹម សុខា នេះ ជា​រឿង​មនុស្សធម៌​សុទ្ធសាធ មិន​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​ឡើយ ហើយ​គាត់​ក៏​មិន​បាន​និយាយ​រឿង​នយោបាយ​អ្វី​នោះ​ដែរ ក្រៅ​តែ​ពី​ការ​សួរ​សុខ​ទុក្ខ​ពលរដ្ឋ៖ « ទោះបី​ជា​អតីត​សកម្មជន​ក្ដី ប្រជាពលរដ្ឋ​ក្ដី សួរ​គាត់​ថា តើ​គណបក្ស​ហ្នឹង​យ៉ាងម៉េច​ហើយ អ្វី​ហើយ ? គាត់​អត់​អាច​និយាយ​បាន​ទេ គ្រាន់​ ( គាត់ ) ថា បងប្អូន​តាម​ដាន​តាម​រយៈ​ការ​គិត​របស់​បង​ប្អូន​អ៊ីចឹង​ទៅ។ ដោយ​សារ​គាត់​មាន​បម្រាម​នយោបាយ ហាម​និយាយ​នយោបាយ​ ហាម​ជួប​ជុំ អ៊ីចឹង​កាល​ណា​យើង​ទៅ​និយាយ​រឿង​នយោបាយ វា​កើត​ជា​បញ្ហា »

កាល​ពី​ថ្ងៃ​ទី១៥ តុលា អាជ្ញាធរ​មូលដ្ឋាន​ក្នុង​​ខេត្ត​បន្ទាយមានជ័យ​ បាន​រារាំង​មិន​ឱ្យ​លោក កឹម សុខា ចែក​អំណោយ​មនុស្សធម៌​ដល់​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​នោះ​ឡើយ ក្រោម​ហេតុផល​ថា ជាន់​កម្មវិធី​គ្នា​ជាមួយ​ក្រុម​ដទៃ​ទៀត។ ទង្វើ​បែបនេះ​បាន​រង​ការ​រិះគន់​ថា ជា​ការ​រើស​អើង​ផ្នែក​នយោបាយ​លើ​មេ​បក្ស​ប្រឆាំង​រូប​នេះ។

ទោះ​ជា​យ៉ាង​ណា ក្រោយ​ផ្ទុះ​ការ​រិះគន់​ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ខេត្ត​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​លោក កឹម សុខា និង​គណបក្ស​នយោបាយ​ដទៃ​ទៀត អាច​ធ្វើ​សកម្មភាព​ចុះ​ចែក​អំណោយ​ដល់​ពលរដ្ឋ​បាន​ដោយ​គ្មាន​ការ​រារាំង៖ « កិច្ច​ការ​ដែល​យើង​កំពុង​ធ្វើ​នេះ ជា​កិច្ច​ការ​មនុស្ស​ធម៌ ហើយ​ដោយ​មិន​ប្រកាន់​បក្ខពួក​នយោបាយ​ទេ គឺ​គិត​ពី​ប្រជាជន​រស់​រាន​មាន​ជីវិត។ នៅ​ពេល​ដែល​ក្រុម​គាត់ និង​ខ្លួន​​គាត់​ចុះ​ទៅ​ចែក​អំណោយ​នៅ​មូលដ្ឋាន គឺ​សូម​បង្ក​លក្ខណៈ​ឱ្យ​គាត់​បាន​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ។ មិន​ថា តែ​ឯកឧត្ដម កឹម សុខា ទេ ( គឺ ) គ្រប់​គណបក្ស​នយោបាយ »

លោក កឹម សុខា បាន​ចាប់​ផ្ដើម​ចុះ​ជួប​ពលរដ្ឋ​នៅ​តាម​ខេត្ត​ នៅ​​ខែកក្កដា ឆ្នាំ២០២០​ ក្រោយ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ និង​ក្នុង​ផ្ទះ​អស់​រយៈពេល​ជាង ២ឆ្នាំ។ តុលាការ​បាន​ចេញ​លិខិត​ព្រមាន​លោក​ថា សកម្មភាព​មួយ​ចំនួន​អាច​នឹង​ឈាន​ដល់​ការ​បំពាន​កាតព្វកិច្ច​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ។ ទោះ​ជា​យ៉ាង​ណា លោក កឹម សុខា នៅ​តែ​មាន​សកម្មភាព​មួយ​ចំនួន​តាម​មូលដ្ឋាន​ ដូចជា ជួប​ពលរដ្ឋ ដាំ​កូន​ឈើ ​លែង​កូន​ត្រី និង​ចូល​រួម​ពិធី​បុណ្យ​កាន់​បិណ្ឌ-ភ្ជុំ​បិណ្ឌ​នៅ​តាម​វត្តអារាម ជាដើម ហើយ​មួយរយៈពេល​ចុងក្រោយ​នេះ លោក​ចុះ​ផ្តល់​ជំនួយ​មនុស្សធម៌​ដល់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់។ លោក​ក៏​បាន​ផ្តល់​ថវិកា​ចំនួន​៥ ពាន់​ដុល្លារ​អាមេរិក​ ដល់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដើម្បី​ចូលរួម​ឆ្លើយតប​នឹង​គ្រោះ​ទឹក​ជំនន់​នេះ​ផង​ដែរ។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណរ៉ា ឱ្យ​ដឹង​ថា លោក កឹម សុខា នឹង​ចុះ​ទៅ​ខេត្ត​មួយ​ចំនួន​ទៀត ដែល​រង​គ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹក​ជំនន់ ដូច​ជា ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​ភាគ​ពាយ័ព្យ​ជាដើម។ លោក​បន្ត​ថា លោក​​ កឹម សុខា គឺជា​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​ដ៏​ធំ ដូច្នេះ​គាត់​​ត្រូវ​តែ​ចុះ​ជួយ​ពលរដ្ឋ ពេល​ពលរដ្ឋ​ជួប​ទុក្ខ​លំបាក ហើយ​នៅ​ពេល​គាត់​មាន​សិទ្ធិ​ធ្វើ​នយោបាយ​វិញ គាត់​នឹង​រៀបចំ​គោល​នយោបាយ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ៖ « គាត់​បាន​ដើរ​អ៊ីចឹង ទោះបី​គាត់​មិន​បាន​និយាយ​អំពី​​នយោបាយ ក៏​ក្នុង​នាម​​គាត់​ជា​អ្នក​នយោបាយ​កំពូល​ម្នាក់​ គឺ​គាត់​ស្ដាប់​ ចង់​ដឹង​ថា តើ​ប្រជាពលរដ្ឋ​ហ្នឹង​មាន​ទឹក​ចិត្ត​ពុះកញ្ជ្រោល​យ៉ាង​ម៉េច​ក្នុង​សង្គមប្រជាធិបតេយ្យ សេរីភាព​ពួក​គាត់​រឹតត្បិត​យ៉ាងម៉េច ហើយ​គាត់​ចង់​បាន​អ្វី​នៅ ចំពោះ​មុខ​ទៅ​ថ្ងៃ​អនាគត »

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត ថ្លែង​ថា មក​ដល់​ពេល​នេះ លោក​ កឹម សុខា នៅ​តែ​ជា​បុគ្គល​គ្មាន​ទោស​ ព្រោះ​តុលាការ​មិ​ន​ទាន់​សម្រេច​រឿង​ក្ដី​គាត់​នៅ​ឡើយ។ លោក​ថា សកម្មភាព​របស់​លោក កឹម សុខា បង្ហាញ​ពី​ផ្នែក​មួយ​នៃ​​ព្រហ្មវិហារ​ធម៌​របស់​អ្នក​ដឹក​នាំ គឺ​ការ​ឱ្យ​ទាន ហើយ​មិន​បំពាន​បម្រាម​របស់​តុលាការ​ឡើយ ព្រោះ​ជា​សកម្មភាព​មនុស្ស​ធម៌។ អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ​ជំរុញ​ឱ្យ​ លោ កឹម សុខា ធ្វើ​សកម្មភាព​ឱ្យ​បាន​កាន់​តែ​ច្រើន ដើម្បី​ផ្សារភ្ជាប់​ជាមួយ​ពលរដ្ឋ និង​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​លោក៖ « សម្រាប់​លោក កឹម សុខា ខ្ញុំ​គិត​ថា គួរ​តែ​ដើរ​តួនាទី​ឱ្យ​កាន់​តែ​ផុលផុស កាន់​តែ​សកម្ម​ជាង​នេះ​បន្ត​ទៀត ពី​ព្រោះ​ដើម្បី​បញ្ជាក់​ថា គាត់​ជា​អ្នក​នយោបាយ​មួយ​ស្អាតស្អំ មិន​មែន​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ទេ។ ​ហើយ​សកម្មភាព​ហ្នឹង គឺ​ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​អ្នក​គាំទ្រ​របស់​អតីត​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មូលដ្ឋាន​ផង ហើយ​និង​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​បម្រាម​១០០នាក់​ជាង​ហ្នឹង​ថា កុំ​ឱ្យ​បាក់​ទឹក​ចិត្ត ពី​ព្រោះ​អ្វីៗ វា​អាច​នឹង​មាន​ការ​ចរចា »

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ត្រូវ​បាន​តុលាការ​របប​លោក ហ៊ុន សែន ចោទ​ប្រកាន់​ពី​បទ"សន្ទិដ្ឋិភាព" ឬ​​ការ​​ត្រូវ​រ៉ូវ​គ្នា​​​ជាមួយ​បរទេស​ ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ក្រោយ​ស៊ើបអង្កេត​ជាង ២ឆ្នាំ តុលាការ​បាន​ចាប់​ផ្ដើម​បើក​សវនាការ​រឿង​ក្ដី​នេះ​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា និង​បន្ត​រហូត​ដល់​ចុង​ខែ​មីនា ទើប​ផ្អាក​សវនាការ​ដោយសារ​ការ​រាល​ដាល​ជំងឺ​កូវីដ-១៩។ ទោះ​ជា​យ៉ាង​ណា ក្រុម​មេធាវី​លោក កឹម សុខា បាន​ដាក់​លិខិត​ពីរ​ដង​រួច​មក​ហើយ ដើម្បី​ស្នើសុំ​ឱ្យ​តុលាការ​បន្ត​សវនាការ​រឿង​ក្ដី​នេះ​ឡើយ​វិញ ប៉ុន្តែ​ តុលាការ​មិន​ទាន់​ឆ្លើយតប​យ៉ាងណា​នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី១៧ តុលា។

សហគមន៍​ជាតិ និង​អន្តរជាតិ ព្រម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ផង នៅ​តែ​ទាម​ទារ​ឱ្យ​របប​លោក ហ៊ុន សែន ទម្លាក់​ចោល​បទ​ចោទ និង​ផ្តល់​សេរីភាព​ពេញលេញ​ដល់​លោក កឹម សុខា វិញ ដោយ​ពិនិត្យ​ឃើញ​ថា មេ​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​ប្រព្រឹត្ត​ទង្វើ​ក្បត់ជាតិ​ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។