ពលរដ្ឋក្រុងកំពង់ឆ្នាំងរីករាយនឹងផ្លូវទើបស្ថាបនាថ្មីប៉ុន្តែបារម្ភគ្រោះថ្នាក់ចរាចរណ៍
2014.12.29

ប្រជាពលរដ្ឋរស់នៅក្រុង និងខេត្តកំពង់ឆ្នាំង រីករាយនឹងការទទួលបានផ្លូវក្រាលកៅស៊ូប្រវែងជាង ៤គីឡូម៉ែត្រ (៤.៤០០ម) និងប្រព័ន្ធលូរំដោះទឹកជំនន់ជាង ៩គីឡូម៉ែត្រ (៩.៥៥០ម) ដែលជាជំនួយឥតសំណងរបស់ជប៉ុន។ ស្របពេលគ្នានេះក៏មានពលរដ្ឋ និងអ្នករត់ម៉ូតូឌុបខ្លះ បារម្ភពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ដោយសារគ្មានភ្លើងស្តុបចរាចរណ៍ ចំណែកទឹកស្អុយចេញពីបង្គន់នៅតែជាបញ្ហា។
ក្រុមអ្នកឯកទេស និងកម្មករស្ថាបនាផ្លូវកៅស៊ូ និងប្រព័ន្ធលូនៅក្នុងក្រុង កំពុងរូតរះបញ្ចប់ការងាររបស់ខ្លួនតាមគម្រោងនៅចុងខែមករា ឆ្នាំ២០១៥។ យោងតាមអនុប្រធានការិយាល័យមន្ទីរសាធារណការខេត្ដកំពង់ឆ្នាំង បច្ចុប្បន្នការងារស្ថាបនាផ្លូវ និងប្រព័ន្ធលូសម្រេចបានជាង ៨៩.៥ភាគរយហើយ ប៉ុន្តែតាមផ្លូវនានាក្នុងក្រុងនឹងមិនបំពាក់ភ្លើងស្តុប ចំណែកលូបង្ហូរកាកសំណល់ពីបង្គន់ក៏មិនទាន់មានដែរ។
ប្រជាកសិករ និងជាអ្នករត់ម៉ូតូឌុប លោក ម៉ៅ គឹមឆុន មានប្រសាសន៍ថា ត្បិតនៅក្រុងកំពង់ឆ្នាំង ពុំទាន់មានការកកស្ទះចរាចរណ៍នៅពេលយប់ ឬពេលថ្ងៃ ប៉ុន្តែអ្នកបើកបរយានយន្តគ្រប់ប្រភេទភាគច្រើនមិនសូវគោរពច្បាប់ឡើយ។ លោកយល់ថា នៅពេលស្ថាបនាផ្លូវស្រូលហើយ ក៏នៅតែមានគ្រោះថ្នាក់ញឹកញាប់ដែរ ប្រសិនបើមិនបំពាក់ភ្លើងស្តុបចរាចរណ៍ ឬអ្នកបើកបរនៅតែបន្ដបំពានច្បាប់៖ «ខ្ញុំចង់ឲ្យមានភ្លើងស្ដុបនៅតាមផ្លូវ។ បុក (គ្រោះថ្នាក់ចរាចរណ៍) ច្រើនជាងគេនៅកន្លែងផ្លូវបំបែកទល់មុខធនាគារអេស៊ីលីដា ហ្នឹង!»។
ចំណែកក្រុមអាជីវករ និងអ្នករត់ម៉ូតូឌុបខ្លះទៀត បានបង្ហាញពីការចាប់អារម្មណ៍របស់ខ្លួនទៅលើផ្លូវស្អាត មានប្រព័ន្ធលូរំដោះជំនន់ទឹកភ្លៀង និងនៅពេលយប់កន្លែងខ្លះនៃក្រុងកំពង់ឆ្នាំង ចាប់ផ្ដើមមានភ្លើងអគ្គិសនីបំភ្លឺ ដែលកន្លងមកមិនធ្លាប់មាន។ អ្នកខ្លះលាន់មាន់មាត់ថា ផ្លូវនៅស្រុកខ្មែរ ប្រសិនបើធ្វើបានល្អដូចគម្រោងចៃកា (Jica) របស់ជប៉ុននេះ ម្ល៉េះសមផ្លូវមិនធ្វើមុខខូចក្រោយធ្វើក្រោយខូចមុខទេ។
កំពុងអង្គុយលក់នំមុខផ្ទះ ឋិតនៅចម្ងាយប្រមាណ ១០០ម៉ែត្រពីវិមានឯករាជ្យ ក្រុងកំពង់ឆ្នាំង អ្នកស្រី អ៊ូ សុភា ថ្លែងបែបអឹមអៀមថា រយៈពេលជិត ១០ឆ្នាំហើយដែលគ្រួសារគាត់ធ្វើបង្គន់មិនដែលជួលគេបូមលាមកចេញ ប៉ុន្តែបង្គន់ចាប់ផ្ដើមស្ទះរកកល់ពេញអាងស្ដុកកាលពីជាង ១ខែមុន ហើយគាត់បានទិញលូជីកកប់ក្នុងដីចំនួនពីររណ្ដៅទៀតតែបង្គន់នៅតែស្ទះ។
អ្នកស្រីចង់ឲ្យមានលូរំដោះទឹកស្អុយ ឬលាមកចេញពីក្នុងបង្គន់ ពីព្រោះអ្នករស់នៅក្រុងកំពង់ឆ្នាំង ទាំងអស់ត្រូវជួលម៉ាស៊ីនគេបូមយកលាមកចេញដោយខ្លួនឯង ហើយត្រូវចំណាយប្រាក់ច្រើនទៀត៖ «រឿងផ្លូវថ្នល់ស្អាត លូរំដោះទឹកស្អាតខ្ញុំសប្បាយចិត្ដណាស់។ តែបញ្ហាបង្គន់ស្ទះពិបាកមែនទែន បើអាចខ្ញុំចង់ឲ្យមានលូបង្ហូរទឹកសំអុយ និងលាមកចេញពីបង្គន់ ព្រោះពិបាករកគេបូមណាស់ ហើយថ្លៃទៀត»។
ទាក់ទងបញ្ហានេះ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំង បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្ននៅក្នុងក្រុងមិនទាន់មានលូបង្ហូរទឹកសំអុយ ឬកាកសំណល់ចេញពីបង្គន់នៅឡើយទេ ប៉ុន្តែប្រព័ន្ធលូបែបនេះ នឹងត្រូវធ្វើជៀសមិនរួច នៅពេលប្រជាជនកាន់តែច្រើនឡើងរស់នៅក្នុងក្រុង។ អាជ្ញាធរនឹងសង់អាងប្រព្រឹត្តិកម្មចំនួន ៣ គឺនៅទំនប់បឹងធំ សំរោង និងនៅចុងកោះ ដើម្បីបម្លែងទឹកសំអុយ ឬលាមកចេញពីបង្គន់នានាក្នុងក្រុងកំពង់ឆ្នាំង។ នៅឆ្នាំ២០១៥ មន្ទីរបរិស្ថានគ្រោងនឹងចំណាយទឹកជាង ២០ម៉ឺនដុល្លារ ដើម្បីគ្រប់គ្រងកាកសំណល់រឹង និងរាវ ព្រមទាំងការផ្សព្វផ្សាយអប់រំផ្សេងៗនៅក្នុងខេត្ត។
ងាកមករឿងផ្លូវថ្នល់វិញ អនុប្រធានការិយាល័យសាធារណការខេត្តកំពង់ឆ្នាំង លោក កែវ វ៉ិត បញ្ជាក់ថា តាមគម្រោងស្ថាបនាផ្លូវ និងប្រព័ន្ធលូត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៥ ហើយសម្ពោធឲ្យប្រើប្រាស់នៅអំឡុងខែកុម្ភៈ ឆ្នាំ២០១៥ បន្ទាប់ពីបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៣។ នៅពេលស្ថាបនារួចនឹងពុំមានបំពាក់ភ្លើងស្តុបចរាចរណ៍តាមផ្លូវប្រសព្វនានាទេ តែលោកគិតថា បច្ចុប្បន្នការធ្វើចរាចរណ៍ក្នុងក្រុងនៅតិចមិនជាបញ្ហាប្រឈមឡើយ។
លោកថា គម្រោងចៃកា ជប៉ុននេះ គឺជាជំនួយឥតសំណង តែលោកមិនដឹងថាចំណាយទឹកប្រាក់ប៉ុន្មាននោះទេ៖ «យើងរង់ចាំមើលឆ្នាំក្រោយ បើភ្លៀងមកមេធំនឹងហូរដាច់អស់ (គ្មានបញ្ហាស្ទះទឹកក្នុងក្រុង) ពីព្រោះគេធ្វើត្រឹមត្រូវតាមបច្ចេកទេស»។
ចំណែកប្រធានការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន ក៏អះអាងប្រហែលនឹងលោក កែវ វ៉ិត ដែរថា ភ្លើងស្តុបនៅពេលបច្ចុប្បន្នមិនមែនជាកត្តាបង្កហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍នោះទេ គឺបណ្ដាលមកកត្តាមនុស្សបើកបរមិនគោរពច្បាប់ចរាចរណ៍ ដោយបើកលើសល្បឿនកំណត់ និងបើកបរក្រោមឥទ្ធិពលស្រវឹងជាដើម។ លោកថា តួលេខគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៤ ខាងការិយាល័យរបស់លោកមិនទាន់បូកសរុបនៅឡើយ តែតួលេខអាចកើនឡើងជាងឆ្នាំ២០១៣ តិចតួចប៉ុណ្ណោះ ដោយផ្អែកលើកត្តាមធ្យោបាយធ្វើដំណើរកាន់តែច្រើន៕