សង្គមស៊ីវិញ​ជំរុញ​ឱ្យ​គណៈកម្មការ​ជាតិ​អនុវត្ត​ច្បាប់​លើ​ឧកញ៉ា ទ្រី ភាព ដូច​ឧកញ៉ា ស៊ឹង សំអុល

ដោយ សេក បណ្ឌិត
2019-07-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក​ឧកញ៉ា ទ្រី ភាព។
លោក​ឧកញ៉ា ទ្រី ភាព។
Photo/Global Witness

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ខ្នាត​ធំ​របស់​ក្រុមហ៊ុន ទ្រី ភាព និង​ត្រូវ​អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​បាន​ពេញលេញ​ចំពោះ​ឧកញ៉ា​រូប​នេះ ។ ពួកគេ​រក​ឃើញ​ថា លោក ទ្រី ភាព គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​អាជីវកម្ម​ឈើ​ខុសច្បាប់ ដែល​ដឹកជញ្ជូន​ចេញ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ឋិត​ក្នុង​ចន្លោះ​ខេត្ត​ពោធិ៍សាត់ ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កោះកុង។

អ្នកឃ្លាំមើល​ព្រៃឈើ​រកឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព បាន​រួម​ចំណែក​បំផ្លាញ​ព្រៃ​អភិរក្ស​ទ្រង់ទ្រាយ​ធំ​ជាច្រើន​ឆ្នាំ​មក​ហើយ ។ សកម្មភាព​កាប់​ឈើ​ទាំងនោះ ក្រុមហ៊ុន បាន​បើក​ដេប៉ូ​ប្រមូល​ទិញ​ឈើ ៣​ទីតាំង​ផ្សេងគ្នា ក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់។

ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ធនធានធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ លោក ជា ​ហ៊ាន ដែល​អង្កេត​រឿង​នេះ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៨ កក្កដា ថា ប្រសិនបើ អាជ្ញាធរ​មិន​ចាប់​ខ្លួន លោក ទ្រី ភាព ឱ្យ​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ទេ លោក​គ្មាន​សង្ឃឹមថា ព្រៃឈើ​ដែល​នៅសល់​ចុងក្រោយ នឹង​ឋិតថេរ​គង់វង្ស​នោះ​ឡើយ ។ លោក​រក​ឃើញ​ថា ឧកញ៉ា​រូប​នេះ ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​នៃ​ធ្វើ​អាជីវកម្ម​ព្រៃឈើ​ខ្នាត​ធំ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឱរ៉ាល់។ លើស​ពី​នេះ​ផ្ទៃដី ដែល​ក្រុមហ៊ុន​ទ្រី ភាព ទទួល​សិទ្ធិ​វិនិយោគ​ក្នុង​ឃុំ​ប្រមោយ ស្រុក​វាលវែង ពុំ​មាន​ឈើ​ធំៗ​សម្រាប់​ធ្វើ​អាជីវកម្ម​ទៀត​ទេ​។ រីឯ​ឈើ​ដែល​ធ្វើ​អាជីវកម្ម​កន្លងទៅ ជា​ឈើ​ដឹក​ចេញពី​ព្រៃ​ការពារ​ធម្មជាតិ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ចំណុច​ភ្នំ​ក្បាល​ខ្មោច ជាប់​ព្រំប្រទល់​ស្រុក​ថ្មបាំង ខេត្ត​កោះកុង និង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល៖ «ខ្ញុំ​សូម​ឲ្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ធ្វើ​យ៉ាង​ម៉េច? ឲ្យ​ដូច​លោក ស៊ឹង សំអុល។ បើ​ដូច លោក ស៊ឹង សំអុល អាច​នឹង​លោក ឧកញ៉ាទ្រី ភាព មិន​ហ៊ាន​បង្ក្រាប​បទ​ល្មើស​ថែម​ទៀត​ទេ។ ឥឡូវ​គាត់​ថា ឈប់​ហើយ​តែ​គាត់​នៅ​ពី​ក្រោយ​ខ្នង​ដដែល​ទេ។ មេ​ការ​របស់​គាត់​នៅ​តែ​ធ្វើ​សកម្មភាព​ដដែល។ តាមពិតគាត់​ធ្វើ ៤ ទៅ ៥ឆ្នាំ​ហើយ តែ​គាន់​តែ​ថា ពី​មុន និង​បច្ចុប្បន្ន ពី​មុន​ទ្រង់ទ្រាយ​ធំ បច្ចុប្បន្ន​ទ្រង់ទ្រាយ​តូច។ តូច​ថា ម៉េច? ដូច​ថា ឈើ ១០០ម៉ែត្រ​គូប អស់​អ៊ីចឹង គាត់​រើ​ចេញ។ សកម្មភាព​កាប់​ឈើ​នៅ​តំបន់​អភិរក្ស​នៅ​តែ​បន្ត»

សកម្មជន​បរិស្ថាន​រូប​នេះ​រក​ឃើញ​ថា ក្រុមហ៊ុន ទ្រី ភាព បាន​បើក​ទីតាំង​ធ្វើ​អាជីវកម្ម​ឈើ​ចំនួន ៣​ទីតាំង​ផ្សេងគ្នា ក្នុងស្រុក​វាលវែង​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​មក​ទល់​ពេល​នេះ សកម្មភាព​កាប់​ផ្តួល​រំលំ​ឈើ​ក្នុង​ព្រៃ​អភិរក្ស នៅតែ​បន្ត​កើតមាន៖ «គាត់​កាប់​រំលំ​ដើម​ឈើ គាត់​កាប់​ចុង​អ៊ីចឹង​ទៅ ត្រៀម​ដឹក​នៅ​ខែ ១១ និង ១២ អាច​នឹង​ត្រៀម​ដឹក​ចេញ ដោយសារ​រដូវ​នេះ គឺ​ជា​រដូវ​វស្សា ផ្លូវ​ដាច់ គឺ​លំបាក។ នៅ​ខែ​១១ និង ១២ ពួក​គេ​នឹង​អាច​ដឹក​ជញ្ជូន​ចេញ​បន្ត​ទៀត»

អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន ទ្រី ភាព ដើម្បី​សុំ​ការ​បំភ្លឺ ជុំវិញ​ការ​ចោទប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ កក្កដា ។ ចំណែក​អ្នកនាំពាក្យ​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ លោក អេង ហ៊ី មិន​លើក​ទូរស័ព្ទ​នៅ​ថ្ងៃ​ដដែល​នេះ ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍​មូលដ្ឋាន នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ យល់​ថា គណៈកម្មការ​ជាតិ​ត្រូវ​ស្រាវជ្រាវ និង​ស៊ើបអង្កេត អាជីវកម្ម​ឈើ របស់ លោក ទ្រី ភាព ឱ្យ​ស៊ីជម្រៅ និង​ត្រូវ​អនុវត្ត​ច្បាប់​ព្រៃឈើ​ឱ្យ​ពេញលេញ ព្រោះ​កន្លងទៅ​ក្រុមហ៊ុន ទ្រី ភាព បាន​រួម​ចំណែក​ធ្វើ​ឱ្យ​បាត់បង់​ទំហំ​ព្រៃឈើ​ធំធេង​ជា​ប្រព័ន្ធ​ដោយ​គ្មាន​ការស៊ើបអង្កេត ។ លោក​ថា ច្បាប់​ស្ដីពី​ព្រៃឈើ បាន​កំណត់​អាជ្ញាយុកាល​នៃ​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​មាន​រយៈពេល ១៥​ឆ្នាំ ដែល​ទាមទារ​ឱ្យ​គណៈកម្មការ​ជំនាញ​ត្រូវ​ស្រាវជ្រាវ រឿង​នេះ និង​អនុវត្ត​ច្បាប់​ជា​ធរមាន៖ «គណៈកម្មការ​ជាតិ​ត្រូវ​លោក ស្រាវជ្រាវ​អំពី​បំផ្លាញ​ទាំង​អស់​ហ្នឹង។ អាជ្ញាយុកាល​នៃ​ច្បាប់​ព្រៃ​ឈើ និង​ច្បាប់​ស្តីពី​តំបន់​ការពារ​ធម្មជាតិ ក៏​ដូចជា​ក្រប​ព្រហ្មទណ្ឌ​បាន​បញ្ជាក់​ច្បាស់​ថា អាជ្ញាយុកាល​នៃ​បទ​ល្មើស​ឧក្រិដ្ឋ​មាន​រយៈ​ពេល ១៥ឆ្នាំ គិត​ពី​ថ្ងៃ​ប្រព្រឹត្ត​បទ​ល្មើស»

សកម្មជន​បរិស្ថាន​រក​ឃើញ​ថា បច្ចុប្បន្ន​មាន​កម្មករ​ជាច្រើន​ក្រុម កំពុង​សម្ងំ​កាប់​ឈើ​ក្នុង​តំបន់​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​តំបន់​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល។ ក្រុម​កម្មករ​ទាំងនោះ បាន​លួច​អារ​រំលំ​ឈើ រួច​កាត់​ចុង និង​គល់ បំណង​ត្រៀម​ដឹកជញ្ជូន​ចេញ​ក្រៅ​លក់​ឱ្យ​ក្រុមហ៊ុន ទ្រី ភាព ។ ក្រុម​សកម្មជន​អះអាង​ថា ការ​កាប់​ឈើ​ក្រៅ​ក្រុមហ៊ុន គឺជា​ករណី​ខុសច្បាប់ ដែល​គណៈកម្មការ​ជាតិ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ត្រូវ​បង្ហាញ​ភាព​ស្មោះត្រង់ អនុវត្ត​ច្បាប់​ឱ្យ​ស្មើភាព និង​យុត្តិធម៌៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល