ដើម​នាង​នួន​១​ដើម​នៅ​តំបន់​អភិរក្ស​បឹង​យក្សឡោម​ត្រូវ​គេ​លួច​រំលំ​កាត់​ជា​កង់ៗ

ដើម​នាង​នួន​មួយ​ដើម មាន​តម្លៃ​ប្រមាណ ១​ម៉ឺន​ដុល្លារ ដែល​អភិរក្ស​ក្នុង​តំបន់​រមណីយដ្ឋាន​បឹង​យក្សឡោម សង្កាត់​យក្សឡោម ក្រុង​បានលុង ខេត្ត​រតនគិរី ត្រូវ​បាន​គេ​ធ្វើ​ឲ្យ​ងាប់ បន្ទាប់​មក​ត្រូវ​គេ​លួច​រំលំ​កាត់​ជា​កង់ៗ ហើយ​ច្រៀក​ជា​បន្ទះ​នាំ​ចេញ​ពី​តំបន់​អភិរក្ស ដោយ​គ្មាន​អ្នក​ណា​ទទួល​ខុស​ត្រូវ។

ដើម​នាង​នួន​មួយ​ដើម​នេះ មាន​មុខ​កាត់ ៦០​សង់ទីម៉ែត្រ ប្រវែង ១៣​ម៉ែត្រ ត្រូវ​គេ​អារ​នាំ​យក​ទៅ​បាត់​អស់​ប្រវែង​បី​ម៉ែត្រ នៅ​សល់ ១០​ម៉ែត្រ​ទៀត ទើប​ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ក្រុម​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​ថ្ងៃ​ទី​២៩ ខែ​កក្កដា។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) លោក ឆាយ ធី ចាត់​ទុក​សកម្មភាព​នេះ​ទំនង​ធ្វើ​ឡើង​ជា​ប្រព័ន្ធ​រវាង​សហគមន៍​អ្នក​អភិរក្ស​តំបន់​រមណីយដ្ឋាន និង​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​មន្ត្រី​ជំនាញ និង​មាន​ឈ្មួញ​ជា​អ្នក​បញ្ជា​ទិញ​ឈើ​នោះ។ លោក​ថា អ្នក​កាប់​ត្រូវ​បាន​គេ​នាំ​គ្នា​លាក់​អត្តសញ្ញាណ ហើយ​ក្លែង​ថា​ជា​ឈើ​ងាប់។ ហេតុ​នេះ អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​បើក​ការ​ស៊ើប​អង្កេត​ករណី​នេះ៖ «គេ​ចង់​បាន​ឈើ​ធ្វើ​ឲ្យ​ងាប់ ដើម្បី​យក​ឈើ​ហ្នឹង។ តាម​ក្តាប់​ព័ត៌មាន ឮ​ថា​មាន​ថៅកែ​នៅ​ពី​ក្រោយ​ខ្នង​ឲ្យ​អារ​ឈើ​ហ្នឹង គេ​ហ៊ាន​ឲ្យ​តម្លៃ​រហូត​ដល់ ៣​ពាន់​ដុល្លារ​ទៀត។ អា​ហ្នឹង​ហើយ​កាប់​ក្នុង​តំបន់​ការពារ​របស់​ខ្លួន​ឯង​ទាំង​មូល ហើយ​មាន​អ្នក​លក់​អ្នក​ដូរ យើង​ឃើញ​ថា សុទ្ធ​តែ​មាន​ការ​ឃុបឃិត​គ្នា»

មន្ត្រី​ប៉ូលិស​ក្រុង​បានលុង ឲ្យ​ដឹង​ថា បច្ចុប្បន្ន​មន្ត្រី​ជំនាញ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ និង​សហគមន៍​បឹង​យក្សឡោម កំពុង​ប្រទាញប្រទង់​គ្នា​យក​ឈើ​នោះ​មក​រក្សា​ទុក​នៅ​កន្លែង​រៀងៗ​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។