សហគមន៍​និង​អ្នកឃ្លាំមើល​ផ្នែក​បរិស្ថាន​​បារម្ភ​ខ្លាំង​ចំពោះ​បទល្មើស​ព្រៃឈើ​ឆ្លង​ដែន​ទៅ​វៀតណាម

ដោយ សន ចាន់រដ្ឋា
2017-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រថយន្ត​ដឹង​ឈើ​ដែល​ពលរដ្ឋ​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឃាត់ តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​ប្រគល់​ឲ្យ​ឈ្មួញ​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ សហគមន៍
រថយន្ត​ដឹង​ឈើ​ដែល​ពលរដ្ឋ​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ឃាត់ តែ​ត្រូវ​អាជ្ញាធរ​ដោះលែង​ប្រគល់​ឲ្យ​ឈ្មួញ​វិញ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៧។ រូបថត​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៧ ដោយ សហគមន៍
Photo provided

​ជំនួញ​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅ​តែ​ជា​ក្តី​បារម្ភ​របស់​សហគមន៍ និង​អ្នក​ឃ្លាំមើល​ផ្នែក​បរិស្ថាន ខណៈ​ដែល​រដ្ឋាភិបាល​ពុំ​មាន​វិធានការ​ទប់ស្កាត់​ដូច​ការ​សន្យា។ ពលរដ្ឋ​រស់​នៅ​ឃុំ​ស្តៅ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង អះអាង​ថា ការ​ដឹក​ជញ្ជូន​ឈើ​ចូល​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ដើម្បី​បម្លែង​ជា​ឈើ​ស្រប​ច្បាប់ រួច​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម នៅ​តែ​កើត​មាន​ពេញ​បន្ទុក បើ​ទោះ​បី​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ បិទ​ទ្វារ​ទឹក​ជា​ស្ថាពរ​ហើយ​ក្តី។

កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ និង​ពលរដ្ឋ​រស់​នៅ​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ចាត់​ទុក​ការ​ដឹក​ជញ្ជូន​ឈើ​ចូល​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ជា​អាជីវកម្ម​ឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​មួយ ដែល​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ជីវចម្រុះ​ជា​ប្រព័ន្ធ ដោយ​មាន​ការ​បើក​ដៃ​ពី​អាជ្ញាធរ​រដ្ឋាភិបាល។ ពួកគេ​អះអាង​ថា រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល មិន​ត្រឹមតែ​មិន​ទប់​ស្កាត់​ល្មើស​ព្រៃឈើ​ទេ បែរ​ជា​ឃុបឃិត​គ្នា​បណ្ដោយ​ឲ្យ​បទល្មើស​ព្រៃឈើ​នៅ​តែ​កើត​មាន។

កម្មករ​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ថា ក្នុង​មួយ​យប់ៗ មាន​រថយន្ត​បាកុង​ដឹក​ឈើ​មូល​ធំៗ មិន​ក្រោម ១០​គ្រឿង​ទេ ចូល​រោងចក្រ​អារ​ឈើ​ចំនួន ២​កន្លែង ក្នុង​តំបន់​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ។ លើស​ពី​នេះ​ក៏​មាន​រថយន្ត​យីឌុប​ត្រៀម​ដឹក​ជញ្ជូន​ចេញ​យក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ទៀត។ លោក​ថា ក្នុង​មួយ​យប់ៗ មាន​រថយន្ត​យីឌុប​មិន​ក្រោម ១៥​គ្រឿង​ទេ ផ្ទុក​ឈើ​ចាប់​ពី ៣០​ម៉ែត្រ​គូប ដល់ ៥០​ម៉ែត្រ​គូប​ក្នុង​មួយ​រថយន្ត៖ «អា​វ៉េវ (រថយន្ត​បាកុង) ភាគ​ច្រើន​ដឹក​ឈើ​ប្រភេទ​សរសេរ ភាគ​ច្រើន​ដុល​ធំៗ​ចាប់​ពី​មុខ​កាត់ ៣​តឹក​ឡើង​ទៅ​មិន​ក្រោម ១៥​គ្រឿង​ក្នុង​មួយ​យប់ៗ។ អំឡុង​ពេល​ម៉ោង ១០ និង​ម៉ោង ១១​យប់​ចាប់​ផ្ដើម​ចរាចរណ៍​ពី​វារីអគ្គិសនី​ទៅ​ខាង​រតនគិរី និង​ផ្លូវ​ធំ​ទៅ​ក្រចេះ ឆ្លង​ទៅ​វៀតណាម»

បុរស​ដដែល​អះអាង​ថា ជំនួញ​ឈើ​តាម​រថយន្ត​យីឌុប​ជា​រៀងរាល់​យប់​នេះ គឺ​ជា​ប្រភព​នៃ​វិនាសកម្ម​ព្រៃឈើ​ដ៏​ធំ​សម្បើម​នៅ​កម្ពុជា ជះ​ឥទ្ធិពល​អាក្រក់​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ និង​ការ​ប្រែប្រួល​អាកាសធាតុ។

ជំទប់​ទី​២ ឃុំ​ស្តៅ ស្រុក​សេសាន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ទើប​ដក​ពី​តំណែង​លោក ប៊ុ ចន្ធី ឲ្យ​ដឹង​ថា ឈើ​មូល​មុខ​កាត់ ៤០​ឡើង​ទៅ ត្រូវ​បាន​គេ​កាប់​ធ្វើ​អាជីវកម្ម ដឹក​ជញ្ជូន​ចូល​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ជា​រៀងរាល់​ថ្ងៃ។ លោក​បញ្ជាក់​ថា សកម្មភាព​កាប់​ឈើ​នេះ បាន​រាល​ដាល​ដល់​តំបន់​ក្បែរ​សហគមន៍​រស់​នៅ និង​ព្រៃស្រោង​មួយ​ចំនួន​ដែល​សហគមន៍​អាស្រ័យ​ផល។ លោក​បារម្ភ​ថា ទំហំ​ព្រៃ​ឈើ​ក្បែរ​តំបន់​ពលរដ្ឋ​រស់​នៅ និង​អាស្រ័យ​ផល​តាំង​ពី​ដើម​មក នឹង​រលាយ​ទាំង​ស្រុង​នៅ​ពេល​ឆាប់ៗ​នេះ៖ «មាន​គោយន្ត​ខ្លះ និង​ឡាន​បាកុង ជាង ២០​គ្រឿង ឥឡូវ​នេះ​ប្រជាជន​កំពុង​រអ៊ូ​រក​ឈើ​ធ្វើ​ផ្ទះ​គ្មាន។ កន្លង​មក​ខ្ញុំ​បាន​អំពាវនាវ​ទៅ​រដ្ឋាភិបាល តែ​ប្រហែល​ជា​គាត់​មិន​ដឹង​មិន​ដឹង។ យក​មិន​ដឹង​មាន​វិធី​ណា​ទប់ស្កាត់​អង្គុយ​តែ​ស្ដាយ»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ពុំ​មាន​អ្នក​ទទួល។ រី​ឯ​អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក អេង ហ៊ី បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី ទេ។

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ មាន​ផ្ទៃដី ៣​ម៉ឺន ៦​ពាន់​ហិកតារ (៣៦.០០០​ហិកតារ) ឋិត​ក្នុង​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associates Lawyer Co., Ltd.) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំង​ពី​ឆ្នាំ​២០១២។ ក៏ប៉ុន្តែ​ពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​រក​ឃើញ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​បិទ​ទ្វារ​ទឹកជា​ស្ថាពរ​ដើម្បី​បំពេញ​តួប៊ីន​ផលិត​អគ្គិសនី​ជិត ៣​ខែ​ហើយ តែ​អាជីវកម្ម​ឈើ​លើ​ខ្នង​ទំនប់ និង​ការ​ដឹក​ជញ្ជូន​ពី​ក្រៅ​ចូល​ផ្ទៃ​អាង​នៅតែ​កើត​មាន​ដដែលៗ។

មន្ត្រី​ឃ្លាំមើល​ព្រៃឈើ​នៃ​សមាគម​អាដហុក (ADHOC)  លោក ហូ សំអុល ចាត់​ទុក​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ​ថា ជា​ទង្វើ​ផ្គើន​នឹង​បទ​បញ្ជា​ប្រមុខ​រដ្ឋាភិបាល​ដែល​ជំរុញ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ខណៈ​ដែល​រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ជាតិ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ តែ​អាជីវកម្ម​ឈើ​នៅ​តែ​កើត​មាន​ដោយ​ពុំ​មាន​ការ​ទទួល​ខុស​ត្រូវ៖ «មន្ទីរ​កសិកម្ម​ខែត្រ​ថា មិន​ចំណាត់​ការ​ទៅ​ហើយ ហើយ​ថ្នាក់​លើ​ខ្ញុំ​មិន​ជឿ​ថា មិន​ដឹង​ករណី​ហ្នឹង​កើត​ឡើង​នៅ​តែ​ពុំ​មាន​ចំណាត់​ការ​ទៀត។ ឃើញ​ដូច​ពុំ​មាន​ចំណាត់​ការ​ត​ទៅ​ហ្នឹង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នៅ​តំបន់​ព្រំដែន​ប្រទេស​ឡាវ និង​ខាង​រតនគិរី ស្រុក​សៀមប៉ាង»

​កន្លង​ទៅ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​មន្ត្រី​ថ្នាក់​ក្រោម​ជាតិ ត្រូវ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ព្រៃឈើ និង​លុបបំបាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ក្នុង​បំណង​រក្សា​សំឡេង​ឆ្នោត​របស់​បក្ស​កាន់​អំណាច បន្ទាប់​ពី​រដ្ឋាភិបាល​រំលាយ​បក្ស​សង្គ្រោះ​ជាតិ ដោយ​ជោគជ័យ។ ក៏ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​ពលរដ្ឋ​កត់​ចំណាំ​ថា បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល គឺ​ពុំ​មាន​ឥទ្ធិពល​ជា​វិជ្ជមាន​ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​ឲ្យ​មាន​ប្រសិទ្ធភាព​ទេ។ ផ្ទុយ​ទៅ​វិញ បទល្មើស​ព្រៃឈើ​នៅ​តែ​កើន​មាន​ខ្លាំង​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (3)
Share

អ្នក​អាន​អនាមិក

ចង់មើលវីដេអូ . តើ ជនល្មើសអោយយើង ថតវីដេអូ ឬ ?
និយាយដូចជា ស្រួលណាស់ សូមគឹតមើលផង !
នេះជាស្រុក ខ្មែរ របបហ៑ុនសែន មិនមែនស្រុក ថៃ ទេ សូមជ្រាប .

Dec 31, 2017 12:39 AM

អ្នក​អាន​អនាមិក

នេះជា នយោបាយ ពុករលួយ បំផ្លាញទ្រព្យសម្បត្តិជាតិ របស់ តាចាស់ ហ៑ុន សែន !

Dec 30, 2017 09:36 PM

អ្នក​អាន​អនាមិក

We need to see videos about this criminal because Audio is not so interesting.

Dec 29, 2017 11:43 AM

គេហទំព័រ​ទាំងមូល