អាជ្ញាធរ​និង​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ព្រះវិហារ​រង​ការ​ចោទ​ថា​ឈូស​ឆាយ​ដី​ព្រៃ​សហគមន៍

0:00 / 0:00

សហគមន៍​ការពារ​ព្រៃឈើ​កំពង់ស្រណោះ ឃុំ​កំពង់ស្រឡៅ១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដែល​នៅ​ជិត​ព្រំដែន​ប្រទេស​ឡាវ បាន​ចោទ​ប្រកាន់​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ ដែល​មាន​ទីស្នាក់ការ​ក្បែរ​នោះ​ថា បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ​ព្រៃឈើ​មួយ​ចំនួន។ ក៏ប៉ុន្តែ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ បាន​ច្រាន​ចោល​ភ្លាមៗ ថា មិន​មាន​ពាក់ព័ន្ធ និង​ការ​ឈូស​បំផ្លាញ​ព្រៃ នៅ​ទី​នោះ​ឡើយ។

តើ​អ្នក​ណា​គឺ​ជា​អ្នក​ពាក់ព័ន្ធ​ពិតប្រាកដ​ចំពោះ​ការ​ឈូស​បំផ្លាញ​ព្រៃ​សហគមន៍​នោះ?

អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បណ្ដាញ​គាំទ្រ​សហគមន៍​ព្រៃឈើ​ក្នុង​ខេត្ត​ព្រះវិហារ មួយ​ចំនួន កំពុង​ប្រតិកម្ម​ទៅ​លើ​ការ​ប្រើ​គ្រឿងចក្រ​ឈូស​បំផ្លាញ​ព្រៃឈើ​មួយ​ចំនួន​នៅ​តំបន់​ព្រៃខ្លែងពណ៌ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​សហគមន៍​ការពារ​ព្រៃឈើ​កំពង់​ស្រណោះ។

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​បណ្ដាញ​គាំទ្រ​សហគមន៍​ការពារ​ព្រៃឈើ​ទាំង​នោះ​ឱ្យ​ដឹង​ថា ពួកគេ​កំពុង​ស្រាវជ្រាវ និង​ស៊ើប​អង្កេត​រក​អ្នក​ពាក់ព័ន្ធ និង​ការ​ឈូស​បំផ្លាញ​ព្រៃឈើ​នោះ ឱ្យ​ពិត​ប្រាកដ​រួច​ហើយ​នឹង​ធ្វើ​ពាក្យ​បណ្ដឹង​ជុំវិញ​បញ្ហា​នេះ។

ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​កំពង់ស្រណោះ នៃ​ឃុំ​កំពង់ស្រឡៅ១ ស្រុក​ឆែប គឺ​លោក ថោង អាន។ លោក​អះអាង​ថា កាល​ពី​សប្ដាហ៍​មុន មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដែល​មាន​ទីស្នាក់ការ​នៅ​ក្បែរ​ព្រៃ​សហគមន៍​របស់​លោក បាន​យក​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ​ព្រៃឈើ​អស់​ប្រមាណ ៣​ពាន់​ម៉ែត្រ​ការ៉េ។ លោក​ថា ការ​ឈូស​ឆាយ​ដោយ​មិន​ជូន​ដំណឹង​និង​សុំ​យោបល់​ពី​សហគមន៍​ព្រៃឈើ​នេះ ធ្វើ​ឱ្យ​ឈើ​ជា​ច្រើន​ដើម​ខូចខាត និង​ប៉ះពាល់​ដល់​ជីវៈ​ចម្រុះ​ខ្លះ​ទៀត។

ប្រធាន​សហគមន៍​ការពារ​ព្រៃឈើ​ដដែល​ព្រមាន​ថា​៖​លោក​នឹង​រៀបចំ​ឯកសារ​ប្ដឹង​ប្រឆាំង និង​ការ​ឈូស​ឆាយ​នោះ៖ «គេ​យក​អា​អ៊ិច​ទៅ​កាយ​ទៅ​ចូក ហើយ​ថយ​ទៅ​ប៉ះ​ដើម​ឈើ​ក្នុង​ដី​នោះ​ឯង។ សហគមន៍​អត់​សុខ​ចិត្ត​ទេ ព្រោះ​អី​ដី​រដ្ឋាភិបាល​ប្រគល់​ឱ្យ​ហើយ ដល់​មក​ធ្វើ​អ៊ីចុះ គឺ​បំពាន​ច្បាប់​មក​លើ​សហគមន៍​ទៀត។ ថា​ត្រឡប់​ទៅ​វិញ​នឹង​ធ្វើ​ពាក្យ​បណ្ដឹង​ទៅ​តាម​អ្នក​ទទួល​ខុស​ត្រូវ​របស់​សហគមន៍»

កាល​ពី​ឆ្នាំ​២០១៣ សហគមន៍​កំពង់ស្រណោះ ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ដី​ព្រៃ​ទំហំ​ជាង ៣.១០០​ហិកតារ​ឱ្យ​ជួយ​ការពារ។

សហគមន៍​ការពារ​ព្រៃឈើ​កំពង់ស្រណោះ សង្ស័យ​ថា មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ដែល​ប្រើ​គ្រឿងចក្រ​ឈូស​ឆាយ​នោះ ទំនង​ជា​យក​ធ្វើ​ទីស្នាក់ការ​អ្វី​មួយ។ ក៏ប៉ុន្តែ​មន្ត្រី​សង្កាត់​រដ្ឋបាល​ព្រៃឈើ​បាន​ច្រានចោល​ដោយ​ថា ការ​ចោទ​ប្រកាន់​របស់​សហគមន៍ គឺ​ជា​រឿង​មិន​ពិត។

នាយ​សង្កាត់​រដ្ឋបាល​ព្រៃឈើ ស្រុក​ឆែប លោក សេង លាង បដិសេធ​ថា មន្ត្រី​របស់​លោក​មិន​បាន​ពាក់ព័ន្ធ និង​ការ​យក​គ្រឿងចក្រ ទៅ​ឈូស​ឆាយ​ព្រៃ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ មន្ត្រី​ដដែល​បញ្ជាក់​ថា សហគមន៍​ដែល​ចោទ​ប្រកាន់​មក​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​នោះ គឺ​មិន​មាន​ភស្តុតាង​ច្បាស់​លាស់​ទេ ប៉ុន្តែ​បើ​សហគមន៍​ចង់​ឱ្យ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ជួយ​ក្នុង​រឿង​នេះ សូម​អញ្ជើញ​មក​ទីស្នាក់ការ គឺ​លោក​នឹង​ជួយ​បើក​ផែនទី​ពិនិត្យ​ជូន។

លោក សេង លាង៖ «មក​ចោទ​ខាង​ខ្ញុំ​អ៊ីចឹង​ម៉េច​ត្រូវ? អត់​ត្រូវ​ទេ មាន​តែ​ខ្ញុំ​ការពារ​ឱ្យ​ខ្ញុំ​ទៅ​រំលោភ​បំពាន​អ៊ីចឹង​យ៉ាង​ម៉េច​នឹង​កើត? ហ្នឹង​រឿង​ខាង​ក្រុមហ៊ុន​វិនិយោគ​ដែល​សុំ​ការ​អនុញ្ញាត​ពី​ខាង​អភិបាល​ខេត្ត​នោះ​ទេ​តើ! ទីស្នាក់ការ​ហ្នឹង​របស់​ខាង​ក្រុមហ៊ុន​ហ្នឹង មិន​មែន​ខាង​ខ្ញុំ​ទេ ខ្ញុំ​បាន​ចូល​ទៅ​ថ្ងៃ​មុន គឺ​ប្រាប់​ខាង​សហគមន៍​ហ្នឹង​ដែរ ថា​ឱ្យ​មើល​កិច្ច​ការងារ​អស់​ខ្លួន​ទៅ ហើយ​ម៉េច​ក៏​មក​ថា​ខ្ញុំ​វិញ ខ្ញុំ​ម៉េច​ដឹង? ខ្ញុំ​អត់​ទាន់​ដឹង​កន្លែង​ណា​ដែល​គេ​ឈូស​ហ្នឹង​ផង ព្រោះ​គ្រាន់​តែ​ឮ​ថា​មាន​គេ​ធ្វើ​ផ្លូវ​កាត់​កន្លែង​ហ្នឹង»

​ទោះ​យ៉ាង​ណា បណ្ដាញ​គាំទ្រ​សហគមន៍​ការពារ​ព្រៃឈើ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ទៀត នៅ​តែ​ដាក់​ការ​សង្ស័យ​ទៅ​លើ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថា គឺ​ជា​អ្នក​ឈូស​ឆាយ​ដី​ព្រៃឈើ​នៅ​ព្រៃខ្លែងពណ៌​នោះ។

ប្រធាន​បណ្ដាញ​គាំទ្រ​សហគមន៍​ការពារ​ព្រៃឈើ ស៊ី.អិន.អេ (CNA) នៅ​ខេត្ត​ព្រះវិហារ លោក គឿង ផន អះអាង​ថា លោក​មាន​សាក្សី​ខ្លះ​ដែល​ប្រាប់​លោក​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ គឺ​ជា​អ្នក​យក​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ​ព្រៃ​ទី​នោះ។

លោក គឿង ផន ប្រតិកម្ម​ថា វា​មិន​មែន​ជា​បញ្ហា​ធំដុំ​ទេ បើ​គ្រាន់​តែ​យក​គ្រឿងចក្រ​ទៅ​ឈូស​ធ្វើ​ឱ្យ​ខូចខាត​ឈើ​ចំនួន ៣០-​៤០​ដើម​នោះ ក៏ប៉ុន្តែ​ការ​ធ្វើ​មិន​ប្រាប់ និង​សុំ​យោបល់​ពី​សហគមន៍​ជា​មុន​បែប​នេះ គឺ​ជា​ការ​មើល​ស្រាល​ចំពោះ​សហគមន៍​ការពារ​ព្រៃឈើ៖ «ខ្ញុំ​ធ្លាប់​ជួប​មេ​ទាហាន​ប្រចាំ​នៅ​កំពង់ស្រឡៅ ប្រាប់​ខ្ញុំ​ថា រដ្ឋបាល​ព្រៃឈើ គឺ​ជា​អ្នក​ឈូស ពីព្រោះ​នៅ​ទល់​មុខ​គ្នា និង​ទីស្នាក់ការ​រដ្ឋបាល​ព្រៃឈើ ព្រៃខ្លែងពណ៌ មេបញ្ជាការ​ទាហាន​គាត់​ប្រាប់​ខ្ញុំ​ច្បាស់​អ៊ីចឹង​ឯង។ ខ្ញុំ​ឆ្ងល់​ថា បើ​មេព្រៃ​មិន​ធ្វើ ចុះ​ម្ដេច​ក៏​មេព្រៃ​មិន​ចាប់​អ្នក​ធ្វើ? ពីព្រោះ​វា​ជា​អំពើ​ខុស​ច្បាប់។ មុន​នឹង​ធ្វើ​អី​គួរ​តែ​ពិភាក្សា​គ្នា​ជួបជុំ​និយាយ​ទៅ​វា​មិន​ខុស មិន​អស់​ប៉ុន្មាន​ទេ ប៉ុន្តែ​ដល់​ធ្វើ​អ៊ីចឹង​ដូច​ជា​ហួសហេតុ​ពេក មើល​រំលង​សហគមន៍»

ចំណែក​មន្ត្រី​ផ្នែក​តស៊ូ​មតិ​របស់​អង្គការ​ពន្លកខ្មែរ លោក ប៉ិក សោភ័ណ មាន​ប្រសាសន៍​ថា អ្នក​ដែល​យក​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ​ព្រៃ​សហគមន៍​នោះ គឺ​បាន​រំលោភ​ទៅ​លើ​កិច្ច​ព្រមព្រៀង​របស់​រដ្ឋាភិបាល​ដែល​សម្រេច​ប្រគល់​ដី​ព្រៃ​ទៅ​ឱ្យ​សហគមន៍​ការពារ​កន្លង​ទៅ៖ «ឈូស​ឆាយ​រហូត​មក​ដល់​ឥឡូវ​នេះ មើល​ជា​សណ្ឋាន​ទ្រង់ទ្រាយ​តាម​បណ្ដោយ​ផ្លូវ​ព្រៃ​ហ្នឹង គឺ​ប្រហែល​ជា ១៥០​ម៉ែត្រ ហើយ​ទទឹង​ចូល​ទៅ​ក្នុង​ព្រៃ​ប្រហែល​ជា ២០​ម៉ែត្រ ហើយ​គេ​អត់​បាន​ប្រាប់​អត់​បាន​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​សហគមន៍​ទេ។ ខាង​ក្រុម​ការងារ​របស់​ខ្ញុំ​គាត់​បាន​ទៅ​មើល ឃើញ​ថា​វា​ខុស​នឹង​កិច្ច​ព្រមព្រៀង​ដែល​បាន​ប្រកាស​ជូន​ដល់​សហគមន៍ ដើម្បី​ធ្វើ​ផែនការ​គ្រប់គ្រង​អី​ជាដើម»

លោក ប៉ិក សោភ័ណ បញ្ជាក់​ថា បើ​ទោះ​បី​ថា មន្ត្រី​រដ្ឋបាល​ព្រៃឈើ ឬ​ក៏​អ្នក​ផ្សេង​ទៀត​មាន​សំអាង​ការ​ឈូស​ឆាយ​ដី​នោះ ដើម្បី​យក​ទៅ​ធ្វើ​ជា​អ្វី​ក៏ដោយ ក៏​គួរ​តែ​មាន​ការ​ជូន​ដំណឹង ឬ​ក៏​ពិគ្រោះ​យោបល់​ជាមួយ​សហគមន៍​ដែល​ទទួល​ការពារ​ព្រៃ​នោះ​ជា​មុន​ដែរ មិន​គួរ​ធ្វើ​យ៉ាង​ដូច្នេះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។