បច្ចុប្បន្ននេះ សកម្មភាពកាប់ព្រៃឈើយកទៅជួញដូរខុសច្បាប់ នៅតំបន់ព្រៃសហគមន៍ជាំពេន នាភូមិបង្កើនផល ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ នៅតែកើតមាន ជារៀងរាល់ថ្ងៃ។ ជាច្រើនខែមកហើយ គណៈកម្មការសហគមន៍ការពារព្រៃឈើនៅទីនោះតែងអំពាវនាវទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញដែលពាក់ព័ន្ធឱ្យជួយបង្ក្រាបសកម្មភាពកាប់ឈើខុសច្បាប់ទាំងនោះ ប៉ុន្តែហាក់មិនមានចំណាត់ការណាមួយឱ្យមានប្រសិទ្ធភាពទេ។
គណៈកម្មការសហគមន៍ការពារព្រៃឈើជាំពេន ក្នុងឃុំរមទម នៃស្រុករវៀង ឱ្យដឹងថា គេនឹងធ្វើពាក្យបណ្ដឹងប្រឆាំងមេខ្លោងកាប់ឈើនៅក្នុងតំបន់ការពាររបស់ពួកគេដាក់ទៅតុលាការខេត្តព្រះវិហារ នៅក្នុងសប្ដាហ៍នេះ។
តំណាងសហគមន៍ការពារព្រៃឈើជាំពេន គឺលោក រស់ លីន។ លោកមានប្រសាសន៍នៅរសៀលថ្ងៃអង្គារ ខែកញ្ញា ថាសហគមន៍របស់លោកនឹងធ្វើពាក្យបណ្ដឹងដាក់ទៅតុលាការប្រឆាំងនឹងមេខ្លោងកាប់ឈើខុសច្បាប់ចំនួន ៣រូប។ លោកថា គណៈកម្មការសហគមន៍ការពារព្រៃឈើរបស់លោក កំពុងចុះស្រាវជ្រាវប្រវត្តិមេខ្លោងដែលកាប់បំផ្លាញព្រៃឈើទាំង ៣រូបនោះ ឱ្យបានច្បាស់លាស់អំពីទីលំនៅពិតប្រាកដ៖ «មនុស្ស៣នាក់ហ្នឹង បើយើងនិយាយពីត្រីវិញ គឺដុះស្លែ។ គឺនៅតែក្នុងតំបន់ព្រៃសហគមន៍ ហើយកាប់ឈើ មិនចេញទៅណាទេ»។
រយៈពេលជិតកន្លះឆ្នាំហើយ សហគមន៍ការពារព្រៃឈើជាំពេន ដែលនៅជាប់ព្រំប្រទល់គ្នានឹងដែនជម្រកសត្វព្រៃបឹងពែរ ត្រូវមនុស្ស ១ក្រុមចូលទៅកាប់ឈើធំៗហើយដឹកជញ្ជូនធ្វើអាជីវកម្មខុសច្បាប់ ដោយមានការបង្ក្រាបតិចតួចពីសមត្ថកិច្ច។ កាលពីពាក់កណ្ដាលខែសីហា ក្រុមអ្នកកាប់ឈើដែលមានអាវុធកែច្នៃខ្លះផង បានគំរាមសម្លាប់សកម្មជនការពារព្រៃឈើណាដែលព្យាយាមបង្ក្រាបអំពើកាប់ឈើខុសច្បាប់របស់ពួកគេ។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ បានគាំទ្រសហគមន៍ការពារព្រៃឈើ ដែលប្ដឹងក្រុមអ្នកកាប់ឈើខុសច្បាប់ទាំងនោះ។
លោក ឡោ ចាន់ មានប្រសាសន៍ថា មនុស្ស១ក្រុមដែលសហគមន៍មានគម្រោងប្ដឹងនោះ គឺបានកាប់បំផ្លាញព្រៃឈើក្នុងតំបន់សហគមន៍ការពារជាយូរមកហើយមិនព្រមឈប់ទេ៖ «អ៊ីចឹងមានតែឱ្យសហគមន៍ធ្វើតាមផ្លូវច្បាប់។ មុនដំបូងយើងគិតថា ចង់រកដំណោះស្រាយក្រៅប្រព័ន្ធតុលាការ ប៉ុន្តែជនល្មើសកាប់ឈើនោះ នៅតែប្រព្រឹត្តិខុសច្បាប់ជាច្រើនលើក រហូតដល់សហគមន៍ទ្រាំលែងបាន»។
កាលពីថ្ងៃទី១៦ ខែសីហា នាយកដែនជម្រកសត្វព្រៃនៃឧទ្យានជាតិបឹងពែរ លោក មាស ញឹម ធ្លាប់មានប្រសាសន៍ថា កម្លាំងរបស់លោកបានចុះទៅពិនិត្យមើលតំបន់ព្រៃសហគមន៍ជាំពេន ហើយឃើញថា ពិតជាមានស្លាកស្នាមកាប់ឈើខុសច្បាប់មែន ក៏ប៉ុន្តែលោកមិនដែលជួបក្រុមអ្នកកាប់ឈើទាំងនោះឡើយ។
មន្ត្រីដដែលបញ្ជាក់ថា លោកក៏ធ្លាប់ឮសហគមន៍ការពារព្រៃឈើ រាយការណ៍ពីឈ្មោះអ្នកកាប់ឈើទាំងនោះដែរ ប៉ុន្តែលោកមិនដែលស្គាល់មុខ ព្រមទាំងនៅក្នុងសហគមន៍នោះ មានជនបង្កប់របស់អ្នកកាប់ឈើផង ជាហេតុធ្វើឱ្យផែនការបង្ក្រាបជាច្រើនលើកមិនបានជោគជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។