អាជ្ញាធរ​និង​សង្គម​ស៊ីវិល​​គ្រោង​​ចុះ​ធ្វើ​កិច្ច​សន្យា​ជាមួយ​អ្នក​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅ​ពោធិ៍សាត់

ដោយ ជិន ជេដ្ឋា
2017-02-25
Share
ផែនទី​ខេត្ត​ពោធិ៍សាត់ ៨៥៥ ផែនទី​ខេត្ត​ពោធិ៍សាត់
Photo: RFA

អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ជលផល គ្រោង​ចុះ​អប់រំ​ផ្សព្វផ្សាយ និង​ធ្វើ​កិច្ច​សន្យា​ជាមួយ​ពលរដ្ឋ​ដែល​ទន្ទ្រាន​ព្រៃ​លិច​ទឹក​ធ្វើ​ស្រែ​ប្រាំង នៅ​តំបន់​អភិរក្ស​ទន្លាក្រាស់ ឲ្យ​បញ្ឈប់​សកម្មភាព​ទាំង​ស្រុង ចាប់​ពី​ចុង​ខែ​កុម្ភៈ នេះ​ទៅ។ អាជ្ញាធរ​បញ្ជាក់​ថា ពលរដ្ឋ​ដែល​នឹង​ត្រូវ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ល្មើស​ច្បាប់​មាន​ជាង ២០​គ្រួសារ។

អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល (Fact) បាន​កំណត់​យក​ថ្ងៃ​ទី​២៧ និង​ទី​២៨ ខែ​កុម្ភៈ ដើម្បី​ចូលរួម​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ និង​មន្ទីរ​កសិកម្ម ព្រម​ទាំង​ជំនាញ​ជលផល ចុះ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​ទន្ទ្រាន​ព្រៃ​លិចទឹក និង​ធ្វើ​ស្រែ​ប្រាំង​នៅ​តំបន់​បឹង​ទន្លេសាប ក្នុង​ឃុំ​ស្នាអន្សារ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បណ្ដាល​ឲ្យ​ប៉ះពាល់​ព្រៃ​អភិរក្ស​ជាង ៥០០​ហិកតារ​នៅ​តំបន់​នោះ។

មន្ត្រី​សម្របសម្រួល​គម្រោង​របស់​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​អភិរក្ស​ធនធាន​ជលផល​លោក ឯក ចំរើន មាន​ប្រសាសន៍​ថា អង្គការ​លោក​គាំទ្រ​រដ្ឋាភិបាល និង​សមត្ថកិច្ច​ជំនាញ​លើ​វិធានការ​ម៉ឺងម៉ាត់​ចុះ​ទប់​ស្កាត់​បទល្មើស​គ្រប់​ប្រភេទ​នៅ​ពេល​ចុង​ក្រោយ​នេះ។ លោក​គាំទ្រ​សមត្ថកិច្ច​ចុះ​អប់រំ​ផ្សព្វផ្សាយ ឬ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់​សកម្មភាព​ល្មើស​មុន​នឹង​ប្រើ​វិធានការ​ច្បាប់​ចំពោះ​​ពលរដ្ឋ៖ «មាន​ប៉ុន្មាន​គ្រួសារ​យក​ទៅ​តុលាការ ប៉ុន្តែ​ក្រោយ​មក​គាត់​នាំ​គ្នា​ទៅ​កាប់​រុករាន​ធ្វើ​ស្រែ​ប្រាំង​បន្ត​ទៀត​យ៉ាង​គគ្រឹកគគ្រេង មាន​គោយន្ត មាន​ម៉ាស៊ីន​បូម​ទឹក​អី​ជា​ដើម។ អ៊ីចឹង​បាន​យើង​លើក​យក​អា​ហ្នឹង​មក​ដាក់​នៅ​ក្នុង​សិក្ខាសាលា​ទៅ បាន​ជំនាញ​បាន​សម្រេច​ចិត្ត​នៅ​ពេល​ខាង​មុខ​មួយ​ថ្ងៃ ឬ​ពីរ​ថ្ងៃ​ទៀត គឺ​នឹង​មាន​វិធានការ មិន​ទាន់​ទៅ​ចាប់​បង្ក្រាប​តែ​ម្ដង​ទេ មាន​ន័យ​ថា គាត់​មាន​ឈ្មោះ ហៅ​ឈ្មោះ​អ្នក​នៅ​ធ្វើ​តំបន់​អភិរក្ស​ទាំង​ប៉ុន្មាន​មក​ជជែក​គ្នា ហើយ​សុំ​ឲ្យ​គាត់​ដក​ឧបករណ៍​ទាំង​អស់​ដែល​កំពុង​ធ្វើ​ចេញ»

មេ​ឃុំ​ត្រពាំងចាន់ ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ស្ងួន សាមាន ថា​ពលរដ្ឋ​ក្នុង​ឃុំ​​អ្នកស្រី​ប្រហែល ១០០​គ្រួសារ បាន​ចូល​ធ្វើ​ស្រែ​នៅ​ចំណុច​ទន្លាជ្រុំ ខ្សាច់ស និង​ក្រចាប់ នៃ​ឃុំ​អន្សាចំបក់ ជា​ច្រើន​ឆ្នាំ​ហើយ ប៉ុន្តែ​បច្ចុប្បន្ន​មាន​ពលរដ្ឋ​ខ្លះ​បាន​បញ្ឈប់​ល្មើស​នេះ​ហើយ។

ចំណែក​ពលរដ្ឋ​របស់​អ្នកស្រី​ដែល​ជាប់​ឃុំ​ដោយសារ​លួច​ចូល​ធ្វើ​ស្រែ​លើ​ព្រៃ​អភិរក្ស​នេះ ត្រូវ​បាន​ដោះលែង​វិញ​ហើយ ប៉ុន្តែ​នៅ​ជាប់​គោយន្ត។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ លោក ប៉ាន់ មរកត ឲ្យ​ដឹង​ថា សមត្ថកិច្ច​នឹង​ធ្វើ​កិច្ច​សន្យា​ជាមួយ​ពលរដ្ឋ​ប្រមាណ ២០​នាក់ បន្ទាប់​ពី​ឃាត់​ខ្លួន​ពលរដ្ឋ ៥​នាក់ និង​គោយន្ត​ចំនួន ៦​គ្រឿង រួច​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដោយ​ពលរដ្ឋ​ទាំង​នោះ​ប្រព្រឹត្ត​ល្មើស​ជាក់ស្ដែង។ លោក​ថា ព្រៃ​អភិរក្ស​ជាង ៥០០​ហិកតារ ត្រូវ​បាន​ពលរដ្ឋ​ទន្ទ្រាន​ដោយ​ដុំៗ​យក​ដី​ធ្វើ​ស្រែ​អស់​ប្រហែល ១០០​ហិកតារ៖ «វា​អត់​ទាន់​ធ្ងន់ធ្ងរ​ដល់​ករណី​ដែល​យើង​មិន​អាច​ស្រង់​ឡើង​វិញ​បាន​ទេ ព្រោះ​យើង​ទុក​វា​តែ​បន្តិច​ទៅ វា​ដុះ​ឡើង​វិញ​ហើយ ព្រោះ​ព្រៃ​លិច​ទឹក។ យើង​បាន​វាយ​ផ្លាក​តំបន់​ហាម​ឃាត់ ដែល​មាន​ជួយ​ពី​អង្គការ Fact វាយ​ផ្លាក​ចាប់​ពី​ឆ្នាំ​២០១២ ប៉ុន្តែ​យើង​បន្ត​ដាក់​ផ្លាក​ទៀត​ព្រោះ​វា​ខូច​អស់​ខ្លះ»

ពលរដ្ឋ​រស់​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ និង​ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង បាន​ទន្ទ្រាន​ព្រៃ​យក​ដី​ធ្វើ​ស្រែ​នៅ​តំបន់​អភិរក្ស​ទន្លាក្រាស់ ហើយ​សកម្មភាព​នេះ​កើត​មាន​កាន់​តែ​ច្រើន​ចាប់​តាំង​ពី​ឆ្នាំ​២០១២ មក។ កាល​ពី​ខែ​មករា មន្ត្រី​បរិស្ថាន​ខេត្ត​ពោធិ៍សាត់ បាន​ចាប់​ពលរដ្ឋ ៥​នាក់​បញ្ជូន​ទៅ​តុលាការ​ដោយ​ចោទ​ពី​បទ​ប៉ះពាល់​កម្មសិទ្ធិ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

ច្បាប់​ភូមិបាល​មាត្រា​២៥៩ ចែង​ថា ការ​ប៉ះពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ៥​លាន​រៀល​ទៅ​ដល់ ៥០​លាន​រៀល។

កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១១ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​កំណត់​ដែន​ព្រៃ​លិច​ទឹក​ជាង ៦​សែន​ហិកតារ (៦៤៧.៤០៦) នៅ​ក្នុង​ខេត្ត​ជាប់​បឹង​ទន្លេសាប​ចំនួន​៦ រួម​មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​កំពង់ធំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល