"ឈើ​មូល​រាប់​រយ​ម៉ែត្រ​គូប​ត្រូវ​បាន​ដឹក​​តាម​ទឹក​ចូល​ផ្ទៃ​អាង​​​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ"

ដោយ អាស៊ីសេរី
2017-11-03
Share
ដឹក​ឈើ ស្ទឹងត្រែង ៦២២ សាឡង់​អូស​ឈើ​បណ្ដែត​ទឹក​នៅ​ទន្លេ​ស្រែពក ក្នុង​ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៧។
រូប​សហគមន៍ស្រែគរ

ពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែគរ (ចាស់) ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ប្រទះ​ឃើញ​សាឡង់​អូស​ឈើ​មូល​បណ្ដែត​ទឹក​តាម​ទន្លេ​ស្រែពក ចូល​រោង​អារ​ច្រៀក​ឈើ​ក្នុង​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ។ អ្នក​ភូមិ​ចាត់​ទុក​ថា អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ បាន​បំផ្លាញ​ធនធាន​ធម្មជាតិ សត្វ​កម្រ​ក្នុង​តំបន់ និង​ជីវភាព​រស់​នៅ​ពលរដ្ឋ​ជា​ប្រព័ន្ធ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែគរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ថា ឈើ​មូល​រាប់​រយ​ម៉ែត្រ​គូប​ត្រូវ​បាន​ឈ្មួញ​ដឹក​ជញ្ជូន​ដោយ​ប្រើ​សាឡង់​អូស​បណ្ដែត​ទឹក​តាម​ទន្លេ​ស្រែពក ដោយ​មាន​កម្មករ​ចាប់​ពី ៥ ទៅ ១០​នាក់ ជិះ​លើ​សាឡង់​នោះ។ លើស​ពី​នេះ ឈើ​ទាំង​នោះ​ត្រូវ​បាន​គេ​នាំ​ចូល​ក្នុង​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ ដើម្បី​អារ​ច្រៀក​រួច​ដឹក​ចេញ​ក្រៅ។

ពលរដ្ឋ​រស់​នៅ​ភូមិ​ស្រែគរ (ចាស់) ឃុំ​ស្រែគរ ស្រុក​សេសាន ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ប្រទះឃើញ​សាឡង់​អូស​ឈើ​មូល​ធំៗ​មាន​មុខ​កាត់ ៤​តឹក​ឡើង​ទៅ បណ្ដោយ ៦​ម៉ែត្រ ដល់ ១៥​ម៉ែត្រ ត្រូវ​បាន​គេ​អូស​តាម​ទន្លេ​ស្រែពក ចូល​បាត​អាង។  ឈើ​មូល​ដែល​គេ​ដឹក​ជញ្ជូន​នោះ ទំនង​គេ​កាប់​នៅ​តំបន់​ភ្នំ​ក្រឡាពស់ និង​តំបន់​ព្រៃ​មួយ​ចំនួន​ជាប់​ខែត្រ​រតនគិរី។ លោក​ថា ក្នុង​សា​ឡង់​នីមួយៗ​អាច​ផ្ទុក​ឈើ​មូល​រាប់​រយ​ម៉ែត្រ​គូប ដោយ​ក្នុង​មួយ​ថ្ងៃៗ​គេ​ដឹក​ជាច្រើន​ជើង។ លោក​បារម្ភ​ថា អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ បាន​បំផ្លាញ​ជីវិត​រស់នៅ​ពលរដ្ឋ​ធ្ងន់ធ្ងរ ខណៈ​សកម្មភាព​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​នៅ​តែ​កើត​មាន​គគ្រឹកគគ្រេង​​ពុំ​មាន​ការ​ហាមឃាត់៖ «»។

បុរស​ដដែល​បន្ត​ថា  ក្នុង​បាត​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ មាន​រោងចក្រ​អារ​ឈើ​ពីរ​ទីតាំង ដែល​មាន​កម្មករ​រាប់​រយ​នាក់​ចាំ​អារ​ច្រៀក និង​មាន​រថយន្ត​យីឌុប​ច្រើន​គ្រឿង ត្រៀម​ដឹក​ជញ្ជូន​ឈើ​ចេញ​ក្រៅ ឬ​ទៅ​ប្រទេស​វៀតណាម។

ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ មាន​ផ្ទៃ​ដី ៣៦.០០០​ហិកតារ ឋិត​ក្នុង​ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ដែល​មាន​ក្រុមហ៊ុន​ឈ្មោះ អាំង អែន អាសូស៊ីអែត ឡយ័រ (Ang & Associates Lawyer Co., Ltd) របស់​ឧកញ៉ា គិត ម៉េង ទទួល​សិទ្ធិ​សម្អាត​បាត​អាង​តាំង​ពី​ឆ្នាំ​២០១២។

​អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសានក្រោមពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​បញ្ជាក់​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា។

​មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ទទួល​ស្គាល់​ថា ភាព​មិន​ប្រក្រតី​នៃ​អាជីវកម្ម​ឈើ​ទ្រង់ទ្រាយ​ធំ​នេះ បាន​កើត​មាន​ច្រើន​ឆ្នាំ​ណាស់​មក​ហើយ តែ​អាជ្ញាធរ​ឃុំ​ពុំ​មាន​លទ្ធភាព​បង្ក្រាប បាន​ត្រឹមតែ​រាយការណ៍​ទៅ​ថ្នាក់​ស្រុក ហើយ​អាជ្ញាធរ​ស្រុក​ឆ្លើយ​តប​ថា ជា​ឈើ​ស្រប​ច្បាប់។ លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​មិន​បាន​លើក​ទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​សកម្មភាព​ទប់ស្កាត់​បទ​ល្មើស​ព្រៃឈើ​នោះ​ទេ មាន​តែ​ការ​គាប​សង្កត់ ប្រសិនបើ​លោក​ឈឺ​ឆ្អាល​រឿង​បទល្មើស​ព្រៃឈើ៖ «»។

មន្ត្រី​ឃ្លាំមើល​បញ្ហា​ព្រៃឈើ លោក ហូ សំអុល ឲ្យ​ដឹង​ថា សមាគម​អាដហុក (ADHOC) បាន​ទទួល​ព័ត៌មាន​ពី​សហគមន៍​ករណី​នេះ​ដែរ ហើយ​លោក​អំពាវនាវ​ជា​ថ្មី​ទៀត ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ទប់ស្កាត់​ជា​បន្ទាន់ ដើម្បី​សង្គ្រោះ​ព្រៃឈើ​ដែល​នៅ​សេសសល់​តិចតួច។ លោក​ចាត់​ទុក​ការ​ចរាចរ​ឈើ​នេះ​ថា​ជា​អាជីវកម្ម​ឈើ​ខុស​ច្បាប់ នៅ​គ្រា​ដែល​ផ្ទៃ​អាង​នៃ​ទំនប់​វារីអគ្គិសនី​សេសានក្រោមពីរ លិច​ទឹក​អស់​ហើយ​​នោះ៖ «»។

លោក ហូ សំអុល បន្ថែម​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខែត្រ​ស្ទឹងត្រែង ហាក់​គ្មាន​សមត្ថភាព​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​នេះ​ទេ ព្រោះ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នេះ​អាច​ជាប់​ពាក់ព័ន្ធ​អ្នក​មាន​អំណាច​មួយ​ចំនួន​ដែល​ប្រើ​ឥទ្ធិពល​របស់​ខ្លួន​ធ្វើ​អាជីវកម្ម​ឈើ​ខុស​ច្បាប់ បំផ្លាញ​បរិស្ថាន​ធម្មជាតិ​ជា​ប្រព័ន្ធ​នៅ​កម្ពុជា។ លោក​បារម្ភ​ថា ទំហំ​ព្រៃឈើ​ទាំង​មូល​នឹង​ត្រូវ​រលាយ​ទាំង​ស្រុង​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ បើ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋាភិបាល​នៅ​តែ​ធ្វើ​មិន​ដឹង​មិន​ឮ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល