អ្នកនេសាទខេត្តកំពត បោះបង់មុខរបរនេសាទ ដោយសារជនជាតិវៀតណាមលួចនេសាទក្នុងដែនសមុទ្រខ្មែរ
2023.01.02
ពលរដ្ឋជាច្រើនគ្រួសារនៅខេត្តកំពត ត្អូញត្អែរ បាត់បង់មុខរបរនេសាទលក្ខណៈគ្រួសារចិញ្ចឹមជីវិត ក្រោយពីជនជាតិវៀតណាមបន្តប្រើឧបករណ៍នេសាទខុសច្បាប់បំពានចូលដែននេសាទរបស់កម្ពុជា ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ។ ប្រជានេសាទអះអាងថា អាជ្ញាធរកម្ពុជាមិនអើពើចាត់វិធានការទប់ស្កាត់ បទល្មើសនេសាទទាំងនេះទេ។
ប្រជានេសាទរាប់ពាន់គ្រួសារ រស់នៅសង្កាត់ព្រែកត្នោត ក្រុងបូកគោ បន្តអំពាវនាវឱ្យអាជ្ញាធរខ្មែរអន្តរាគមន៍ ទប់ស្កាត់ជនជាតិវៀតណាម ដែលតែងតែលួចនេសាទ ក្នុងដែនសមុទ្រខ្មែរជាញឹកញាប់ បំពានដែនអធិបតេយ្យរបស់កម្ពុជា។
ប្រជានេសាទខ្លះបាក់ទឹកចិត្ត និងបោះបង់មុខនេះ ក្រោយពីឧបករណ៍នេសាទរបស់ពួកគាត់មានតម្លៃចន្លោះពី ១លានរៀល (១.០០០.០០០) ទៅជាង ៣លានរៀល (៣.០០០.០០០) តែងតែខូចខ្ទេច នៅពេលដែលទូកនេសាទរបស់ជនជាតិវៀតណាម លបចូលក្នុងដែនសមុទ្រខ្មែរម្ដងៗ។
អ្នកនេសាទរស់នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត លោក សាន សុវណ្ណ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២ មករាថា បទល្មើសនេសាទខុសច្បាប់ ដូចជា ឆក់ត្រី និងអូសអួន ជាមូលហេតុចម្បងគំរាមកំហែង ដល់ការនេសាទលក្ខណៈគ្រួសារចិញ្ចឹមជីវិត របស់ពលរដ្ឋខ្មែរនៅតំបន់នោះ។
រីឯអាជ្ញាធរខ្មែរមិនបានអន្តរាគមន៍ ទប់ស្កាត់បទល្មើសនេសាទទាំងនេះទេ ជាច្រើនខែមកហើយ ធ្វើឱ្យអ្នកភូមិខ្លះ បង្ខំចិត្តបោះបង់មុខរបរនេះ។ លោកបញ្ជាក់ថា ទូកនេសាទខ្មែរមិនអាចចូលទៅនេសាទ ក្នុងដែនសមុទ្រវៀតណាមបានទេ ផ្ទុយពីទូកនេសាទជនជាតិវៀតណាម តែងតែឆ្លងចូលមកនេសាទក្នុងដែនសមុទ្រខ្មែរតាមចិត្ត។
លោក សាន សុវណ្ណ៖ «វាអូសទៅណា អត់មានវាង មុខវាទៅណា វាអូសទៅហើយ។ បានវិញក៏បានដែរ បើបានក៏អត់ៗ ទៅ ដល់អ៊ីចឹងវាបាត់បង់ច្រើន។
ប្រជានេសាទព្រែកត្នោតស៊ើបដឹងថា អ្នកនេសាទភាគច្រើនជាជនជាតិវៀតណាម ប្រើឧបករណ៍នេសាទខុសច្បាប់ ដូចជា មងក្រឡាធំ និងអគ្គិសនីឆក់ត្រី ជាដើម ត្រូវបង់លុយឱ្យអាជ្ញាធរខ្មែរ ដែលប្រចាំការនៅទីនោះ។
អ្នកនេសាទម្នាក់ទៀត រស់នៅសង្កាត់ព្រែកត្នោត លោក សឹម វណ្ណា បារម្ភថា កន្លងទៅពលរដ្ឋជាច្រើនគ្រួសារតែងតែរងគ្រោះ ដោយសារការប៉ះទង្គិចជាមួយ ទូកនេសាទរបស់ជនជាតិវៀតណាមធំៗ ឆ្លងចូលនេសាទក្នុងដែនសមុទ្រខ្មែរ នាំឱ្យខូចមង អួន និងលបជាដើម។
លោកបញ្ជាក់ថា ជនជាតិវៀតណាមប្រើឧបករណ៍នេសាទខុសច្បាប់ និងទូកធំៗ ជាមធ្យោបាយ មានលទ្ធភាពចាប់ត្រី និងជីវចម្រុះសមុទ្ររាប់សិបតោន បង្កប៉ះពាល់ដល់ការនេសាទលក្ខណៈគ្រួសារ របស់ពលរដ្ឋខ្មែរ។
លោក សឹម វណ្ណា៖ «កណ្ដាលសមុទ្រចង់លិចទូកម្ដងៗ យើងរកស៊ីខុសច្បាប់ រកយូរដែរ ៨ឆ្នាំហើយ»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីចៅសង្កាត់ព្រែកត្នោត លោក គង់ ប៊ុនរា បាននៅឡើយទេ នៅថ្ងៃទី២ មករា។ ចំណែកអភិបាលខេត្តកំពត លោក ម៉ៅ ធនិន ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរ។
ប្រធានសហគមន៍នេសាទព្រែកត្នោត លោក អុក សុវណ្ណារិទ្ធ មានប្រសាសន៍ថា សមាជិកសហគមន៍មានគ្នាតិច មិនអាចទប់ស្កាត់បទល្មើសនេសាទគ្រប់ជ្រុងជ្រោយទេ។ លោកថា មុខរបរនេសាទសមុទ្រ ធ្វើឱ្យជីវភាពពលរដ្ឋធូរធារ ក៏ប៉ុន្តែរបរនេះ កំពុងប្រឈមការគំរាមកំហែងរួមមាន ការនេសាទខុសច្បាប់ ការលុបឆ្នេរសមុទ្រ និងការបំផ្លាញព្រៃកោងកាងជាដើម៖
លោក អុក សុវណ្ណារិទ្ធ៖ «ការនេសាទខុសច្បាប់របស់សហគមន៍ព្រែកត្នោត វាបំផ្លាញណាស់ទាំងតូចៗ បើសិនជាយើងមិនធ្វើការទប់ស្កាត់ទេ ឧបករណ៍ហ្នឹងបំផ្លាញតូចៗ វាបំផ្លាញធនធានថយចុះ។ សហគមន៍អត់មានសិទ្ធិ មានតែសិទ្ធិទៅណែនាំ អត់យកឧបករណ៍ទៅបំផ្លាញ អត់មានទេ។
សហគមន៍នេសាទព្រែកត្នោតមានផ្ទៃដីសរុប ១ពាន់ ១រយ ហិកតារ (១.១៦៨) ក្នុងនោះមានព្រៃកោងកាង ជាង ២០ហិកតារ ស្មៅសមុទ្រ ៧០០ហិកតារ ផ្កាថ្ម ១៤០ហិកតារ។ សហគមន៍នេះ មានពលរដ្ឋចូលរួម ធ្វើជាសមាជិក ២៤៨នាក់ ក្នុងបំណងអភិរក្សជីវចម្រុះសមុទ្រ ដោយថែរក្សាព្រៃកោងកាងជម្រកត្រីពងកូន និងទប់ស្កាត់បទល្មើសនេសាទជាដើម។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តកំពត លោក យន់ ផល្លី ស្នើឱ្យអាជ្ញាធររកមធ្យោបាយ ទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាពយូរអង្វែង និងលុបបំបាត់អំពើពុករលួយ។ លោកថា ការបាត់បង់មុខរបរនេសាទ នឹងបណ្ដាលឱ្យជីវភាពគ្រួសាររបស់ពលរដ្ឋកាន់តែក្រីក្រ ហើយកត្តាចំណាកស្រុកនឹងកើនឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។