MRC ទាមទារ​ឱ្យ​កម្ពុជា​ផ្តល់​ព័ត៌មាន​លម្អិត​ពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន

គណៈកម្មការ​ទន្លេ​មេគង្គ (MRC) កំពុង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ផ្តល់​ព័ត៌មាន​លម្អិត​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន។ ក៏ប៉ុន្តែ ភាគី​កម្ពុជា​នៅ​ពុំ​ទាន់​បាន​ផ្តល់​ឱ្យ​នៅ​ឡើយ​ទេ។

ក្នុង​អត្ថបទ​សម្ភាសន៍​មួយ​ផ្សាយ​ជា​ភាសា​អង់គ្លេស​ក្នុង​កាសែត​ ឌឹ ភ្នំពេញ ប៉ុស្តិ៍ (The Phnom Penh Post) កាលពី​ថ្ងៃទី៤ ខែឧសភា គណៈកម្មការ​ទន្លេ​មេគង្គ (MRC) ឱ្យ​ដឹង​ថា ខ្លួន​បាន​ដាក់​លិខិត​ជា​ច្រើន​ច្បាប់​ទៅ​រដ្ឋាភិបាល​កម្ពុជា​ ទាមទារ​ឱ្យ​ផ្តល់​ព័ត៌មាន​បច្ចេកទេស​លម្អិត​អំពី​គម្រោង​សាងសង់​ព្រែកជីក​នេះ។ ក្នុង​នោះ​ ក៏​មាន​ការ​ស្នើ​សុំ​ឱ្យ​កម្ពុជា​ផ្តល់​ឯកសារ​សិក្សា​ពី​ការវាយតម្លៃ​លើ​ផល​ប៉ះពាល់​នានា និង​របាយការណ៍​ដទៃ​ទៀត​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ។

ទោះ​ជា​យ៉ាងណា គណៈកម្មការ​ទន្លេ​មេគង្គ​ថា គិត​មក​ទល់​ពេល​នេះ ខ្លួន​នៅ​មិន​ទាន់​ទទួល​បាន​ការ​ឆ្លើយ​តប​ពី​ភាគី​កម្ពុជា​វិញ​នៅឡើយ​ទេ។ គណៈកម្មការ​ទន្លេ​មេគង្គ គ្រោង​នឹង​ចែកចាយ​ព័ត៌មាន​ទាំងនេះ​បន្ត​ទៅ​ឱ្យ​ប្រទេស​សមាជិក​នៅ​ពេល​ដែល​ខ្លួន​ទទួល​បាន​ឯកសារ​ពី​ភាគី​កម្ពុជា។

គណៈកម្មការ​ទន្លេ​មេគង្គ ឱ្យ​ដឹង​បន្ថែម​ថា ភាគី​វៀតណាម តាមរយៈ​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​វៀតណាម បាន​លើកឡើង​ពី​កង្វល់​នានា​របស់​ភាគី​ពាក់ព័ន្ធ តាមរយៈ​លិខិត​ផ្លូវការ​កាលពី​ខែ​កញ្ញា ឆ្នាំ២០២៣ និង​ខែ​មីនា ឆ្នាំ២០២៤។ ក្នុង​នោះ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​វៀតណាម បាន​លើកឡើង​ពី​កង្វល់​ជាច្រើន​អំពី​លទ្ធភាព​នៃ​ផល​ប៉ះពាល់​ឆ្លងដែន​កើត​ចេញ​ពី​គម្រោង​នេះ​មក​លើ​ខ្សែ​ទឹក​ខាងក្រោម គឺ​តំបន់​ដីសណ្ដ​នៅ​ប្រទេស​វៀតណាម។ លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​វៀតណាម​បាន​ស្នើ​ឱ្យ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​ទន្លេ​មេគង្គ ធ្វើការ​ឱ្យ​បាន​ដិតដល់​ជាមួយ​គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា ដើម្បី​ទទួល​បាន​ព័ត៌មាន​បច្ចេកទេស​លម្អិត​អំពី​គម្រោង​នេះ និង​ឯកសារ​ពាក់ព័ន្ធ។

កន្លងទៅ គណៈកម្មាធិការ​ជាតិ​ទន្លេ​មេគង្គ​កម្ពុជា កាលពី​ដើម​ខែ​សីហា ឆ្នាំ២០២៣ ធ្លាប់​បាន​ជូន​ដំណឹង​ជា​ផ្លូវការ​ទៅ​គណៈកម្មការ​ទន្លេ​មេគង្គ​អំពី​គម្រោង​សាងសង់​ព្រែកជីក​ហ្វូណន​តេជោ​នេះ។ ក៏ប៉ុន្តែ គណៈកម្មការ​ទន្លេ​មេគង្គ ថា ព័ត៌មាន​ដែល​កម្ពុជា​ផ្តល់​ឱ្យ​នេះ​មិន​ទាន់​គ្រប់គ្រាន់​អាច​ទទួល​យក​បាន​នៅ​ឡើយ​ទេ។

គណៈកម្មការ​ទន្លេ​មេគង្គ (MRC) គឺ​ជា​អង្គការ​ប្រចាំ​អនុ​តំបន់​ទន្លេ​មេគង្គ​ខ្សែទឹក​ខាង​ក្រោម ហើយ​មាន​ប្រទេស​៤​ជា​សមាជិក គឺ​កម្ពុជា ឡាវ ថៃ និង​វៀតណាម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។