សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ ស្នើ​សុំ​អភិបាល​ខេត្ត​កំពង់ស្ពឺ​ឱ្យ​ចាត់​វិធានការ​អ្នក​កាប់​ឈើ ធ្វើ​ឱ្យ​ខូច​ព្រះពុទ្ធ​បដិមា

0:00 / 0:00

ប្រជា​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ ស្នើ​សុំ​ដល់​អភិបាល​ខេត្ត​កំពង់ស្ពឺ ឱ្យ​ចាត់​វិធានការ​ទៅ​លើ​ជន​ល្មើស​ ដែល​បាន​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ បណ្ដាល​ឱ្យ​ដួល​លើ​​ព្រះពុទ្ធ​បដិមាខូច​ចំនួន​ ៣អង្គ។ មន្ត្រី​សង្គម​ស៊ីវិល ចាត់​ទុក​ទង្វើ​របស់​ក្រុម​ជន​ល្មើស​នេះ​ថា​ ជា​អំពើ​អសីលធម៌ គ្មាន​សាសនា ហើយ​ស្នើ​សុំ​ឱ្យ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន​លើ​ព្រៃ​សហគមន៍​បន្ត​ទៀត។បទល្មើស​ព្រៃ​ឈើ​ក្នុង​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ឬ​ព្រៃ​មេត្តា​ធម្មជាតិ នៅ​តែ​បន្ត​កើត​មាន ទោះ​បី​ជា​ក្នុង​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​យ៉ាងណា​ក្ដី នៅ​ក្នុង​នោះ ព្រះពុទ្ធ​បដិមា​ ៣អង្គ​ខូច​ខាត​ដោយ​សារ​ជនល្មើស​កាប់​ឈើ​ដួល​លើ កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា។

Metta_Nature_FB_092422_9.jpg
ប្រជាសហគមន៍​នាំ​គ្នា​លើក​ព្រះកេស​ពុទ្ធ​បដិមា ១អង្គ ក្នុង​ចំណោម​ ៣អង្គ​ ដែល​បាក់​ខូច​ខាត​ដោយ​សារ​ជនល្មើស​កាប់​ឈើ​ដួល​លើ កាល​ពី​ថ្ងៃ​ទី២៤ ខែ​កញ្ញា ឆ្នាំ២០២២។ រូបពីហ្វេសប៊ុក Metta Nature

សមាជិក​សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ លោក ឡោក សុខលី ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​សោក​ស្ដាយ និង​សង្វេគ​នៅ​ពេល​ឃើញ​ព្រះពុទ្ធ​បដិមា ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​ការ​កាប់​ព្រៃឈើ។ លោក ឡោក សុខលី ចាត់​ទុក​សកម្មភាព​បែបនេះ​ថា ជា​ការ​ប្រមាថ​មើលងាយ​ដល់​សាសនា​ជាតិ​របស់​ខ្លួន ហើយ​លោក​ស្នើ​សុំ​ឱ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​មាន​វិធានការ​បន្ទាន់ និង​ដាក់​ទោស​ដល់​ជន​ល្មើស​ទាំង​នេះ​ឱ្យ​បាន​ធ្ងន់ធ្ងរ​តាម​ច្បាប់។ ជាមួយ​គ្នា​នេះ លោក ឡោក សុខលី ស្នើ​សុំ​ឱ្យ​អភិបាល​ខេត្ត​កំពង់ស្ពឺ ជួយ​អន្តរាគមន៍​ការពារ​ព្រៃ​សហគមន៍​មេត្តា​ធម្មជាតិ ដោយ​កំណត់​ព្រំ​ប្រទល់​ព្រៃ​សហគមន៍​ឱ្យ​បាន​លឿន ដើម្បី​រក្សា​ព្រៃ​នេះ​ជា​ជម្រក​ដល់​សត្វ​ព្រៃ និង​ប្រជា​សហគមន៍​មូលដ្ឋាន​ទាញ​យក​អនុផល​ព្រៃឈើ៖ « ខ្ញុំ​ចង់​សំណូមពរ​ទៅ​ដល់​អាជ្ញាធរ ស្ថាប័ន​ពាក់​ព័ន្ធ​ទាំង​អស់ ជួយ​អន្តរាគមន៍ ទៅ​លើ​ការ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​ហ្នឹង ព្រោះ​ក្នុង​សហគមន៍ គាត់​ចង់​ការពារ​ឱ្យ​នៅ​គង់​វង្ស ចង់​ឱ្យ​បាន​សត្វ​ព្រៃ​រស់​នៅ នឹង​ប្រជាពលរដ្ឋ​មូលដ្ឋាន​គាត់​បាន​អាស្រ័យ​ផល បាន​មើល​គោ មើល​ក្របី បាន​ដក​ផ្សិត ដក​បន្លែ »

ជុំវិញ​រឿង​នេះ​ដែរ មន្ត្រី​ជាន់​ខ្ពស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ម៉ា ចិត្រា ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា លោក​តក់​ស្លុត​នៅ​ពេល​ឃើញ​ក្រុម​ជន​ល្មើស​កាប់​ព្រៃឈើ ដោយ​មាន​ចេតនា​បំផ្លាញ​ព្រះ​ពុទ្ធ​បដិមា​ដូច្នេះ។ លោក ម៉ា ចិត្រា ចាត់​ទុក​អ្នក​ដែល​ប្រព្រឹត្តិ​អំពើ​នេះ គឺ​ជា​ក្រុម​មនុស្ស​ឥត​សាសនា ដែល​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​មាន​ចំណាត់​ការ​បន្ទាន់។ លោក ម៉ា ចិត្រា បន្ថែម​ថា មូលហេតុ​ដែល​បណ្ដាល​ឱ្យ​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​សហគមន៍​មេត្តា​ធម្មជាតិ​នៅ​តែ​បន្ត​កើត​មាន គឺ​បណ្ដាល​មក​ពី​ខេត្ត​អនុវត្ត​ច្បាប់​ធូរ​រលុង។ លោក ម៉ា ចិត្រា ស្នើ​សុំ​ឱ្យ​ថ្នាក់​ដឹក​នាំ​រដ្ឋាភិបាល​ឈប់​ផ្ដល់​ដី​សម្បទាន​ទៅ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ ទៅ​លើ​ដី​ព្រៃ​សហគមន៍​នេះ ព្រោះ​សកម្មភាព​ដូច​នេះ មិន​ត្រឹម​តែ​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ប៉ុណ្ណោះ​ទេ ក៏​ជា​កត្តា​ជំរុញ​ឱ្យ​មាន​បម្រែបម្រួល​អាកាស​ធាតុ​ផង​ដែរ៖ « ហើយ​បើ​យើង​ប្រៀបធៀប​មើល ដូច​ពួក​អ្នក​ធំ​មួយ​ចំនួន ដី​គាត់​ច្រើន​រាប់ពាន់ សិប​ហិកតារ​អី​អ៊ីចឹង​ទៅ គួរណា​តែ​យើង​គិតគូរ​អា​ដី​ហ្នឹង​មក​ឱ្យ​ទាហាន​វិញ កុំ​ទៅ​យក​ដី​ព្រៃ ដែល​ជា​សម្បត្តិ​របស់​ជាតិ​ទាំង​អស់​គ្នា យក​ទៅ​បំផ្លិចបំផ្លាញ​បែប​ហ្នឹង វា​ជា​រឿង​មួយ​អត់​សមរម្យ ហើយ​វា​ប៉ះពាល់​ដល់​បរិស្ថាន​ប្រទេស​យើង​ទាំង​មូល ដូច​យើង​ឃើញ​ហើយ បម្រែបម្រួល​អាកាសធាតុ​នេះ វា​ជា​ការ​ចូលរួម​យ៉ាង​ខ្លាំង​ណាស់ ទាក់ទង​នឹង​ការ​កាប់​ព្រៃឈើ​ហ្នឹង »

វិទ្យុអាស៊ីសេរី​នៅ​ពុំ​ទាន់​អាច​ទាក់​ទង​អភិបាល​ខេត្ត​កំពង់ស្ពឺ លោក វ៉ី សំណាង ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា។ ទោះ​ជា​យ៉ាង​ណា លោក វ៉ី សំណាង បាន​ឆ្លើយ​តប​សារ​ព័ត៌មាន វីអូឌី កាល​ពី​ថ្ងៃ​ទី២៥ ខែ​កញ្ញា ថា លោក​បាន​ដឹង​ពី​ការ​លួច​កាប់​ឈើ​រហូត​នាំ​ឱ្យ​ខូច​បដិមាករ​ព្រះពុទ្ធ​នេះ​ហើយ ហើយ​លោក​ថា អាជ្ញាធរ​នឹង​ចាត់​វិធានការ​លើ​ក្រុម​ជន​ល្មើស​ក្រោយ​ពី​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ។

កាល​ពី​ខែ​សីហា ឆ្នាំ២០២១ កន្លង​ទៅ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ ឆ្វៀល​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ឬ​មេត្តា​ធម្មជាតិ ២៦២,២៤ហិកតារ ពី​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុង​ភូមិ​ពោធិ៍មាស ឃុំ​ត្រពាំង​ជោរ​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ ដើម្បី​បែង​ចែក​ជូន​គ្រួសារ​យោធិន "ង-៧០" កង​រថក្រោះ ៤១គ្រួសារ និង ពលរដ្ឋ​ក្រីក្រ​ជា​ច្រើន​គ្រួសារ​ទៀត សម្រាប់​សង់​លំនៅ​ឋាន និង​បង្ក​បង្កើន​ផល។

តែ​យ៉ាង​ណា មន្ត្រី​សង្គម​ស៊ីវិល​ស៊ើប​ដឹង​ថា គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​អភិរក្ស​នេះ​ដើម្បី​បែង​ចែក​ឱ្យ​គ្រួសារ​កង​ទ័ព គឺ​ជា​ល្បិច​អាក្រក់ បំណង​ច្បាម​យក​ដី​ព្រៃ​លក់​ប៉ុណ្ណោះ មិន​មែន​បែង​ចែក​ជូន​ពលរដ្ឋ​ក្រីក្រ និង​គ្រួសារ​យោធិន​ក្រីក្រ​ពិត​ប្រាកដ​នោះ​ទេ។ លើស​ពី​នេះ ក្រុម​អ្នក​មាន​អំណាច បាន​យក​ឈ្មោះ​មន្ត្រី​យោធា និង ពលរដ្ឋ​ក្រីក្រ ជា​ខែល ដើម្បី​ស្នើ​សុំ​ឱ្យ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី​ព្រៃ​តំបន់​នោះ ដើម្បី​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​តែ​ប៉ុណ្ណោះ។

ព្រៃ​សហគមន៍​មេត្តា​ធម្មជាតិ​មាន​ផ្ទៃ​ដី ៨៨៧ហិកតារ មាន​សត្វ​ព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​រស់​នៅ ក្នុង​នោះ​រួម​មាន ទោច ស្វា ក្ងោក មាន់ព្រៃ និង​ឈ្លូស​ជា​ដើម។ បើ​ទោះ​បី​ជា​មាន​ការ​សន្យា​ពី​អភិបាល​ខេត្ត លោក វ៉ី សំណាង ថា នឹង​ការពារ​ព្រៃ​សហគមន៍​នេះ កាល​ដើម​ខែ​សីហា ឆ្នាំ២០២២ យ៉ាង​ណា​ក្ដី មក​ដល់​ថ្ងៃ​នេះ ក្រុម​អ្នក​មាន​អំណាច មន្ត្រី​យោធា និង​ឈ្មួញ​ខិល​ខូច នៅ​តែ​បន្ត​សកម្មភាព​កាប់​ព្រៃ​ឈើ និង​ទន្ទ្រាន​យក​ដី​ព្រៃ​នេះ​មិន​ឈប់​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។