ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ឲ្យ​ប្រយ័ត្ន ចំពោះ​​គ្រោះ​ថ្នាក់​រន្ទះ​បាញ់ ខ្យល់​កន្ត្រាក់ ពី​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី១២ ឧសភា

ដោយ សេក បណ្ឌិត
2019.05.06
Share on WhatsApp
Share on WhatsApp
ផ្ទះរលំ ស្រុក​កូន​មុំ ខេត្ត​រតនគិរី ៦២២ លំនៅឋាន​ពលរដ្ឋ​រស់​នៅ​ឃុំ​ត្រពាំង​ក្រហម ស្រុក​កូន​មុំ ខេត្ត​រតនគិរី ដួល​រលំ​ដោយសារ​ខ្យល់​កន្ទ្រាក់ កាល​ពី​ល្ងាច​ថ្ងៃ​ទី២៣ ខែ​មីនា ឆ្នាំ២០១៩។
រូបភាព៖ ហ្វេសបុក ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម អំពាវនាវ​ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន ចំពោះ​បាតុភូត​គ្រោះ​ថ្នាក់​រន្ទះ​បាញ់ ខ្យល់​កន្ត្រាក់ នៅ​ចន្លោះ​ថ្ងៃ​ទី៦ ដល់​ថ្ងៃ​ទី១២ ឧសភា ព្រោះ​ចន្លោះ​ថ្ងៃ​ទាំង​នេះ គឺ​ជា​ដំណាក់​កាល​ឆ្លង​រដូវ​ប្រាំង ចូល​រដូវ​វស្សា។

ក្រសួង​ធនធាន​ទឹក ជូន​ដំណឹង​ថា ដំណាក់​កាល​ឆ្លង​រដូវ​ឆ្នាំ​នេះ ភ្លៀង​នឹង​ធ្លាក់​បន្តបន្ទាប់ ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ។ តែ​អាច​កន្លែង​ខ្លះ មាន​​ភ្លៀង​ធ្លាក់​ច្រើន។ កន្លែង​ដែល​មាន​ភ្លៀង​ធ្លាក់​មិន​ទាន់​ប្រសើរ​​នឹង​មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ នៅ​តែ​បន្ត​កើត​មាន​ដដែល។

សីតុណ្ហ​ភាព​អតិបរមា សម្រាប់​រយៈពេល ១សប្ដាហ៍ ​នៃ​ដំណាក់​ឆ្លង​រដូវ គឺ ៣៤អង្សា​សេ ទៅ ៣៧អង្សា​សេ។ ក្រសួង​ធនធាន​ទឹក ព្យាករ​ថា ស្ថានភាព​អាកាស​ធាតុ​មក​ដល់​ពេល​នេះ កាន់​តែ​បង្ហាញ​ឲ្យ​ឃើញ​ថា រដូវ​វស្សា​នឹង​ឈាន​ចូល​មក​ដល់​នៅ​សប្ដាហ៍​ទី៣ នៃ​ខែ​ឧសភា។

របាយការណ៍​របស់​គណៈកម្មការ​​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បង្ហាញ​ថា រយៈ​ពេល ៤ខែ គឺ​ចន្លោះ​ពី​ថ្ងៃ​ទី១ ខែ​មករា ដល់​ថ្ងៃ​ទី២២ ខែ​មេសា មនុស្ស​​ម្នាក់​ស្លាប់ និង ៨នាក់​រង​របួស ដោយសារ​ខ្យល់​កន្ត្រាក់ បាក់​រលំ​ផ្ទះ​សង្កត់​ពី​លើ។ ចំនួន​ផ្ទះ​រលំ និង​ខូចខាត​ធ្ងន់ធ្ងរ មាន ៣៨៩ខ្នង។ ខ្យល់​កន្ត្រាក់​វាយ​ប៉ើង​ដំបូល និង​ខូចខាត​ផ្នែក​ខ្លះ​នៃ​ផ្ទះ មាន​ចំនួន ១.៩០០ខ្នង។ ក្រៅ​ពី​ផ្ទះ​ពលរដ្ឋ ក៏​មាន​សំណង់​ផ្សេង​ទៀត រង​ការ​ខូច​ខាត ដោយសារ​ខ្យល់​កន្ត្រាក់​ដែរ ដូច​ជា តូប​លក់​ដូរ​តាម​ឆ្នេរ កសិដ្ឋាន រោង​ម៉ាស៊ីន​កិន​ស្រូវ សាលា​ឆ​ទាន សាលា​ស្រុក និង​សាខា​​គណ​បក្ស​នយោបាយ​ជា​ដើម។

របាយការណ៍​ដដែល​បង្ហាញ​ថា ចម្ការ​ចេក​ប្រហែល ៦០ហិកតារ ដើម​ទុរេន​ជាង ៤០០ដើម និង​ដើម​មៀន​ជិត ៣ពាន់​ដើម នៅ​ទូទាំង​ប្រទេស រង​ការ​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​ដែរ។ មនុស្ស ១២នាក់​ស្លាប់ និង ១៧នាក់​រង​របួស ដោយសារ​រន្ទះ​បាញ់ និង​ផ្ទះ ៤ខ្នង រង​ការ​ខូចខាត​ដោយ​សារ​រន្ទះ​បាញ់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។