ពលរដ្ឋ​ជាង ៤០០នាក់ លើក​គ្នា​ឃ្លាំមើល​តំណាង​របស់​ពួក​គេ បំភ្លឺ​នៅ​តុលាការ​ខេត្តកំពង់ស្ពឺ ពី​បទ​ញុះញង់

ពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ជាង ៤០០នាក់ នៅ​ថ្ងៃ​ទី២៣ កុម្ភៈ បាន​លើក​គ្នា​ទៅ​ឃ្លាំមើល​តំណាង​របស់​ពួក​គាត់ ៦នាក់ មក​បំភ្លឺ​នៅ​តុលាការ​ខេត្ត​នេះ​ពេញ​មួយ​ថ្ងៃ ដើម្បី​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​រឿង​ចេញ​មុខ​ការពារ​ព្រៃ​សហគមន៍​មួយ​កន្លែង។ ក្រុម​អ្នក​តវ៉ា​មួយ​ចំនួន​បាន​ស្រែក​យំ នៅ​ខាង​មុខ​តុលាការ ព្រោះ​តែ​ស្ដាយ​ស្រណោះ​ព្រៃ ក្នុង​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ដែល​កំពុង​ទទួល​រង​កាប់​បំផ្លាញ​ទ្រង់ទ្រាយ​ធំ ពី​សំណាក់​មន្ត្រី​យោធា "ង-៧០"។

ក្រុម​ពលរដ្ឋ​ទាំង​នោះ​រស់នៅ​ឃុំ​ត្រពាំងជោរ ស្រុកឱរ៉ាល់ និង​ឃុំអមលាំង ស្រុកថ្ពង ដង្ហោយ​ស្រែក​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យ​ចេញ​បញ្ជា​ជា​បន្ទាន់ លុប​ចោល​គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍ ២៦២ហិកតារ ឋិត​ក្នុង​ព្រៃ​សហគមន៍​ឧត្តម​ស្រែ​ពស់ ដែល​ពួក​គាត់​ខំ​ថែទាំ​ជិត ២០ឆ្នាំ​មក​ហើយ។

អ្នក​ភូមិ​ថា តំណាង​ពលរដ្ឋ ៦នាក់ ដែល​បង្ហាញ​ខ្លួន​ចូល​បំភ្លឺ​នៅ​តុលាការ ខេត្តកំពង់ស្ពឺ គ្រាន់តែ​ប្រើ​សិទ្ធិ​ការពារ​ផល​ប្រយោជន៍​ជាតិ ពុំ​បាន​ប្រព្រឹត្ត​កំហុស ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

តំណាង​ពលរដ្ឋ​ដែល​ជាប់​បណ្ដឹង​នៅ​តុលាការ គឺ​លោក សយ សាប ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ពួក​លោក​មាន​ហេតុផល​ច្បាស់លាស់​សម្រាប់​បំភ្លឺ​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ និង ចៅក្រម ពី​សកម្មភាព​ការពារ​ព្រៃ​សហគមន៍ ដើម្បី​ប្រយោជន៍​ជាតិ ស្រប​តាម​ច្បាប់ ពោល​គឺ​គ្មាន​កំហុស​នោះ​ទេ។ លោក​បន្ត​ថា ជំហរ​របស់​សហគមន៍​គ្រាន់​តែ​ចង់​អភិរក្ស​ព្រៃ​ឈើ ក្នុង​តំបន់​ព្រៃ​សហគមន៍​ឧត្តម​ស្រែ​ពស់​ឱ្យ​គង់វង្ស​ជា​ប្រយោជន៍​រួម​របស់​ជាតិ​តែ​ប៉ុណ្ណោះ៖ «ពលរដ្ឋ​រស់​នៅ​រាប់​ពាន់​នាក់ ​ដល់​ពេល​យើង​អស់​ព្រៃ​នេះ​ទៅ ​ជីវភាព​យើង​ដុនដាប​ មេម៉ាយ ​ដូច​ពួក​ខ្ញុំ គឺ​អាស្រ័យផល​ ក្នុង​ព្រៃ​ហ្នឹង​ទាំង​អស់​តាំង​ពី ដូចជា​រក​បន្លែ​លក់ ឃ្វាលគោ លក់​ទំពាំង។ ដល់​ព្រៃ​នេះ​ទៅ​ យើង​អស់​មាន​រក​អី​ទៀត​ទេ។ ម្យ៉ាង​ទៀត ទុក​ឱ្យ​ក្មេង​ជំនាន់​ក្រោយ​ បាន​ស្គាល់​ផង មាន​តែ​ព្រៃ​ប៉ុណ្ណឹង​គត់ »។

សមាជិក​សហគមន៍​ការពារ​ព្រៃ​ឈើ​ឧត្ដម​ស្រែ​ពស់ ៦នាក់ ដែល​ចេញ​មុខ​ការពារ​ព្រៃ​សហគមន៍ ត្រូវ​តុលាការ​កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ ក្រោម​បទ​ចោទ ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា គំរាម​កំហែង ជេរប្រមាថ ជា​សាធារណ: និង​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម។ ប្រជា​សហគមន៍​សង្ស័យ​ថា មន្ត្រី​យោធា "ង៧០" គឺ​ជា​ដើម​បណ្ដឹង​ក្នុង​សំណុំរឿង​នេះ ដើម្បី​គំរាម​កំហែង​មិន​ឱ្យ​ពួក​គាត់​ចេញ​តវ៉ា ការពារ​ព្រៃ​សហគមន៍​នេះ​បន្ត​ទៀត។

កាល​ពី​ថ្ងៃ​ទី២២ កុម្ភៈ​កន្លង​ទៅ​សមាជិក​សហគមន៍ ៣០នាក់ បាន​ចុះ​ទប់​ស្កាត់ សកម្មភាព​ក្រុម​មន្ត្រី​យោធា "ង-៧០" ២០នាក់ កំពុង​ប្រើ​រណា​យន្ត អារ​រំលំ​ដើម​ឈើ​ធំៗ ឋិត​ក្នុង​ព្រៃ​សហគមន៍​នេះ។ ក្នុង​ពេល​ប្រជា​សហគមន៍​ចុះ​ល្បាត ក្រុមទាហាន បាន​បាញ់​កាំភ្លើង​រះ​ឡើង​លើ គំរាម​ពលរដ្ឋ​ចំនួន ២គ្រាប់ និង​បាន​ប្រើ​ហិង្សា មក​លើ​សមាជិក​សហគមន៍ ៣នាក់ ឱ្យ​រង​របួស​ធ្ងន់។ សមាជិក​សហគមន៍​ឱ្យ​ដឹង​ថា ពួក​គេ​បាន​កំណត់​អត្តសញ្ញាណ មន្ត្រី​យោធា​ទាំង​នោះ​រួច​ហើយ។



តំណាង​ពលរដ្ឋ​ម្នាក់​ទៀត​គឺ​លោកស្រី ឃន ខន ចាត់​ទុក​ព្រៃ​សហគមន៍​នេះ ជា​អាយុ​ជីវិត​របស់​ពលរដ្ឋ​រាប់ពាន់​គ្រួសារ​ដែល​តែង​រក​អនុផល​ព្រៃ​ឈើ ត្រី​សាច់ ក្ដាម​ខ្យង ថ្នាំ​បុរាណ បន្លែ​ផ្លែ​ឈើ និង​ចិញ្ចឹម​គោ​ក្របី​លក់​ចិញ្ចឹម​ជីវិត​ជា​ដើម។ លោក​ស្រី​ថា ស្ត្រី​មេម៉ាយ និង​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត​សង្ឃឹម​លើ​ព្រៃ​សហគមន៍​ដែល​បន្សល់​ចុង​ក្រោយ​នេះ ព្រោះ​តំបន់​នោះ​ផ្តល់​តម្លៃ​ធនធាន​ធម្មជាតិ​សំបូរ​បែប និង​ទី​ស្នាក់​អាស្រ័យ របស់​សត្វ​ព្រៃ​ជា​ច្រើន​ប្រភេទ ​ហើយ​ក៏​ជា​កន្លែង​គោរព​បូជា​បែប​ពុទ្ធសាសនា ដោយ​មាន​អាស្រម ​ព្រះសង្ឃ​ តាជី និង​យាយ​ជី​ស្នាក់​អាស្រ័យ មិន​គួរ​បំផ្លិចបំផ្លាញ​នោះ​ទេ។ លោកស្រី​សំពះ​អង្វរ ឱ្យ​អាជ្ញាធរ​ខេត្តកំពង់ស្ពឺ និង​រដ្ឋាភិបាល ទុក​ព្រៃ​នេះ​ឱ្យ​គង់វង្ស​ផ្តល់​ជម្រក​ដល់​សត្វព្រៃ និង​បម្រើ​វិស័យ​ទេសចរណ៍៖ «សូម​អំពាវ​នាវ​ដល់​សម្ដេច​ចុង​ក្រោយ​ថា​ សូម​សម្ដេច​លុប​អនុបយោគ​ហ្នឹង​ចោល​ទៅ ព្រោះ​តំបន់​នេះ ជា​តំបន់​ការពារ​មិន​មាន​ចាំបាច់ ​ទុក​ធ្វើ​ជា​សម្បត្តិ​ឯកជន​ទេ​។ ក្នុង​នេះ​មាន​វត្ត​ផង​ ជា​ជម្រក​ពលរដ្ឋ​ទៅ​កម្សាន្ត​ ឬ​អង្គុយ​ក្រោម​ម្លប់​ឈើ ​បើ​សិន​ជា​ណា ​កាប់​បំផ្លាញ​ រុក​រាន​គឺ​អស់​ហើយ»

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង អ៊ូ ផាត បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៣ កុម្ភៈ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​ទទួល។ ចំណែក​មន្ត្រី​យោធា ២នាក់ ដែល​រង​ការ​ចោទ​ថា បាញ់​ឡើង​លើ គំរាម​ពលរដ្ឋ ក៏​មិន​ទាន់​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ប៉ុន្តែ​អភិបាល​ខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា មន្ត្រី​ជំនាញ​បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ព្រៃ​មាន​ជម្លោះ​នោះ​ហើយ មិន​ឋិត​ក្នុង​តំបន់​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់​នោះ​ទេ។ លោក​បញ្ជាក់​ថា មន្ត្រី​ជំនាញ កំពុង​ព្យាយាម​ពន្យល់​ប្រាប់​ពលរដ្ឋ ស្រប​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​កសិកម្ម៖ «ជា​គោលការណ៍​គ្មាន​ដី​សហគមន៍​ណា​ធំធេង​ដល់​ប៉ុណ្ណឹង​ទេ​ តែ​យើង​អនុវត្ត​តាម​ច្បាប់​ដែល​ក្រសួង​កសិកម្ម​គាត់​ចេញ​ឱ្យ។ ចេញ​ឱ្យ​តូច​ទេ​មិន​ធំ ដូច​កន្លែង​គាត់​ថា​ទេ មិន​ដល់​ហ្នឹង​ទេ»

កាល​ពី​ខែ​សីហា ឆ្នាំ២០២១ កន្លង​ទៅ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ ឆ្វៀល​ដី​ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ខ្ពស់​មាន​ទំហំ ២៦២,២៤ហិកតារ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ក្នុង​ភូមិ​ពោធិ៍​មាស ឃុំ​ត្រពាំង​ជោរ​ស្រុក​ឱរ៉ាល់​ខេត្ត​កំពង់ស្ពឺ ដើម្បី​បែងចែក​ជូន​គ្រួសារ​យោធិន "ង-៧០" កង​រថក្រោះ ៤១គ្រួសារ សម្រាប់​កសាង​លំនៅឋាន និង​បង្ក​បង្កើន​ផល។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ មិន​គាំទ្រ​ចំពោះ​ការ​កាត់​ឆ្វៀល​ដី ព្រៃ​សហគមន៍​ដ៏​ធំធេង ដើម្បី​បែងចែក​ជូន​គ្រួសារ​កងទ័ព​នោះ​ទេ ព្រោះ​វា​ប៉ះពាល់​ព្រៃ​ឈើ សត្វព្រៃ ជីវភាព​ប្រជាជន និង​បង្កើត​ឱ្យ​មាន​រឿងរ៉ាវ​ច្រើន។ លោក​យល់​ថា ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ រដ្ឋាភិបាល​គួរ​តែ​លុប​អនុក្រឹត្យ​កាត់​ឆ្វៀល​ព្រៃ​សហគមន៍​នេះ​ចេញ​ជា​បន្ទាន់ ដោយ​ត្រូវ​សិក្សា​រក​ទីតាំង​ដី​នៅ​តំបន់​ផ្សេង ចែក​ជូន​គ្រួសារ​កងទ័ព​វិញ៖ «ឥលូវ​ការ​បំផ្លាញ​ព្រៃឈើ​ច្រើន​ណាស់ ​រាន់​ម៉ឺន​សែន លាន​ហិកតារ ហើយ​បើ​សិន​ជា​ការ​ផ្តល់​ឱ្យ សម្បទាន​សង្គម​កិច្ច​ខាង​កង​ទ័ព ​វា​ប៉ះពាល់​ដី​គម្រប​ព្រៃឈើ​ទៀត គួរតែ​បញ្ចៀស​ទៅ​រក​កន្លែង​ផ្សេង​ទៀត»

កាល​ពី​ចុង​ខែតុលា ឆ្នាំ ២០២១ ពលរដ្ឋ​ជាង ៧០០រយ​នាក់ បាន​តវ៉ា​មិន​ពេញ​ចិត្ត​ចំពោះ​គម្រោង​កាត់​ឆ្វៀល​ដី​ព្រៃ​សហគមន៍​នេះ។ អ្នក​ភូមិ​ចាត់​ទុក​គម្រោង​ឈូស​ឆាយ​ព្រៃ​សហគមន៍​នេះ ជា​ការ​បំផ្លាញ​ព្រៃ សត្វព្រៃ​ និង​កន្លែង​គោរព​សក្ការៈ​របស់​អ្នក​រក្សាសីល​ជា​ដើម។

ព្រៃ​សហគមន៍​ឧត្ដម​ស្រែ​ពស់ ឬ​ហៅ​ថា ព្រៃ​មេត្តា​ធម្មជាតិ គឺ​ជា​ផ្នែក​មួយ​នៃ​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱរ៉ាល់ ហើយ​ត្រូវ​បាន​ចុះ​បញ្ជី​ទទួល​ស្គាល់​ជា​ព្រៃ​អភិរក្ស​ពី​ក្រសួង​បរិស្ថាន​កាល​ពី​ឆ្នាំ២០០២។ ព្រៃ​សហគមន៍​មួយ​នេះ​មាន​ផ្ទៃ​ដី​ប្រមាណ ២.០០០ហិកតារ ប៉ុន្តែ​បច្ចុប្បន្ន​កាន់​តែ​រួម​តូច​នៅ​សល់​តែ ៨០០ហិកតារ​ប៉ុណ្ណោះ ដោយសារ​មាន​ការ​រំលោភ​បំពាន​យក​ជា​បន្ត​បន្ទាប់​ពី​ក្រុមហ៊ុន​ឯកជន និង​ឈ្មួញ​ខិលខូច​មួយ​ចំនួន។ ព្រៃ​សហគមន៍​នេះ មាន​សត្វ​ព្រៃ​កម្រ​ជា​ច្រើន​ប្រភេទ​រស់​នៅ រួម​មាន ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស ក្ដាន់ និង​ស្វា​ជា​ដើម។ សត្វ​ទាំង​នេះ​នឹង​ប្រឈម​បាត់បង់​ទីជម្រក ប្រសិន​បើ​រដ្ឋាភិបាល​មិន​បញ្ឈប់​គម្រោង​នេះ​ទេ។

តំណាង​អយ្យការ និង​តុលាការ បាន​បញ្ចប់​ការ​សួរ​ដេញដោល លើ​ប្រជា​សហគមន៍ ៦នាក់ នា​ល្ងាច​ម៉ោង ៥ជាង នៅ​ថ្ងៃ​ទី២៣ កុម្ភៈ​ដដែល​នេះ ហើយ​អនុញ្ញាត​ឱ្យ​ពួក​គាត់ ត្រឡប់​មក​ផ្ទះ​វិញ។ រីឯ​ពលរដ្ឋ​ជាង ៤០០នាក់ដែលអង្គុយចាំ​ឃ្លាំមើល​តំណាង​ពួក​គាត់ នៅ​មុខ​តុលាការ​ពេញ​មួយ​ថ្ងៃ​នោះ ក៏​មិន​មាន​ការ​ប៉ះទង្គិច​ហិង្សា​អ្វី​ជាមួយ​សមត្ថកិច្ច​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។