ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ បន្តធ្វើយាត្រាឆ្ពោះទៅក្រុងព្រះសីហនុនៅថ្ងៃទី១៨ តុលា នេះ បន្ទាប់ពីសម្រាកកាលពីម្សិលមិញ ដើម្បីសន្សំកម្លាំង និងរៀបចំយុទ្ធសាស្ត្រថ្មី។
យុទ្ធនាការថ្ងៃទីបីនេះ មានក្រុមយុវជនមាតាធម្មជាតិ ៥នាក់ និងព្រះសង្ឃ២ អង្គ ធ្វើយាត្រាបានជាង២០ គីឡូម៉ែត្រ ពីចំណុចឃុំវល្លិសរ ស្រុកសំរោងទង រហូតដល់ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ក្រុមយុវជន និងព្រះសង្ឃ បានសុំវត្តមួយកន្លែងស្នាក់នៅពេលយប់ ក្នុងឃុំមហាសាំង ហើយព្រះចៅអធិការវត្តបានអនុញ្ញាត។
ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ បានចាប់ផ្តើមធ្វើយាត្រាពីភ្នំពេញ កាលពីថ្ងៃទី១៥ តុលា និងគ្រោងប្រើរយៈពេល ៩ថ្ងៃ ដើម្បីទៅដល់ក្រុងព្រះសីហនុ។ គោលបំណងនៃការធ្វើយាត្រាលើចម្ងាយផ្លូវជាង ២០០គីឡូម៉ែត្រនេះ គឺដើម្បីទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុចុះរុះរើសំណង់កាស៊ីណូចិនយីហោ ជីន ទីង (Jingding) ដែលសាងសង់រំលោភលើដីឆ្នេរសមុទ្រកោះរ៉ុងសន្លឹម។ ក្រុមយុវជន និងព្រះសង្ឃ នឹងធ្វើយាត្រាបន្តទៀតនៅព្រឹកថ្ងៃទី១៩ ស្អែកនេះ និងនៅថ្ងៃបន្តបន្ទាប់ទៀត រហូតទៅដល់ទីរួមខេត្តព្រះសីហនុ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។