ក្រុមយុវជនមាតាធម្មជាតិ និងព្រះសង្ឃ ផ្អាកធ្វើយាត្រាមួយថ្ងៃនៅថ្ងៃទី១៧ តុលា នេះ ដើម្បីសម្រាកយកកម្លាំង និងរៀបចំយុទ្ធសាស្ត្រថ្មីនៃយុទ្ធនាការដើរយាត្រាសម្រាប់ថ្ងៃបន្តបន្ទាប់ទៀត។
ក្រុមយុវជនមាតាធម្មជាតិ ៥នាក់ និងព្រះសង្ឃ២ អង្គ បានចាប់ផ្តើមធ្វើយាត្រាពីភ្នំពេញ កាលពីថ្ងៃទី១៥ តុលា និងមានគោលដៅទៅដល់ក្រុងព្រះសីហនុ ដោយប្រើរយៈពេល ៩ថ្ងៃ។ គោលបំណងនៃការធ្វើយាត្រាលើចម្ងាយផ្លូវជាង២០០ គីឡូម៉ែត្រនេះ គឺដើម្បីទាមទារឱ្យអាជ្ញាធរខេត្តព្រះសីហនុចុះរុះរើសំណង់កាស៊ីណូចិនយីហោ ជីនទីង (Jingding) ដែលត្រូវបានសាងសង់រំលោភលើដីឆ្នេរសមុទ្រកោះរ៉ុងសន្លឹមដោយខុសច្បាប់។
ទោះបីជាស្ថិតក្រោមក្រសែភ្នែកតាមដានពីអាជ្ញាធរមូលដ្ឋានក្តី ក៏យុទ្ធនាការថ្ងៃទីមួយធ្វើបានដោយរលូន ពោលគឺក្រុមយុវជន និងព្រះសង្ឃ ធ្វើយាត្រាបានជាង ២០គីឡូម៉ែត្រ។ ដោយឡែក នៅថ្ងៃទីពីរ គឺថ្ងៃទី១៦ តុលា ម្សិលមិញ ក្រុមយុវជន និងព្រះសង្ឃ ធ្វើយាត្រាបានជាង២០ គីឡូម៉ែត្រទៀត ក៏ប៉ុន្តែត្រូវជួបប្រទះបញ្ហាមួយ គឺអាជ្ញាធរមូលដ្ឋានបានដាក់សម្ពាធចៅអធិការវត្ត និងប្រជាពលរដ្ឋនៅក្បែរទីរួមខេត្តកំពង់ស្ពឺ មិនឱ្យផ្ដល់កន្លែងស្នាក់នៅដល់ក្រុមយុវជន និងព្រះសង្ឃ ដែលធ្វើយាត្រានោះឡើយ។ ក្រុមយុវជន និងព្រះសង្ឃក៏បានត្រឡប់មកស្នាក់នៅផ្ទះប្រជាពលរដ្ឋនៅភូមិត្រពាំងវែង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល ទីដែលពួកគាត់បានស្នាក់នៅកាលពីយប់ថ្ងៃទីមួយវិញ។
សមាជិកក្រុមធ្វើយាត្រា លោក ហ៊ុន វណ្ណៈ អះអាងថា ពួកលោកមិនបោះបង់ការធ្វើយាត្រានេះទេ បើទោះបីជារងសម្ពាធ និងការប៉ុនប៉ងយាយីពីសំណាក់អាជ្ញាធរមូលដ្ឋានបែបណាក្តី។ លោកបញ្ជាក់ថា ពួកលោកនឹងចាប់ផ្ដើមធ្វើយាត្រាឡើងវិញនៅព្រឹកថ្ងៃទី១៨ តុលា ដោយចេញពីចំណុចក្បែរទីរួមខេត្តកំពង់ស្ពឺ ទីដែលលោកបានទៅដល់កាលពីពេលធ្វើយាត្រាថ្ងៃទីពីរ។ លោកសង្កត់ធ្ងន់ថា បញ្ហាកន្លែងស្នាក់នៅមិនមែនជាឧបសគ្គរារាំងយុទ្ធនាការធ្វើយាត្រានេះឡើយ ហើយពួកលោកនឹងទៅឱ្យដល់គោលដៅតាមការគ្រោងទុក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
