ពលរដ្ឋ​ខេត្តកោះកុង និង​មន្ត្រី​សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​បទ​ល្មើស​ព្រៃ​កោងកាង ដូច​នៅ​តំបន់​បឹង​ទន្លេសាប

មន្ត្រី​សង្គម​ស៊ីវិល ​និង​ប្រជា​សហគមន៍​ខេត្ត​កោះកុង​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ទប់ស្កាត់​បទល្មើស​ព្រៃ​កោងកាង​ឱ្យ​គ្រប់​ជ្រុង​ជ្រោយ​ ដូចគ្នា​ទៅ​ការ​បង្ក្រាប​ដី​ព្រៃលិចទឹក​ នៅ​តំបន់​បឹង​ទន្លេសាប​ដូច្នេះ​ដែរ​។ ​ការ​លើក​ឡើង​ធ្វើ​ឡើង ក្រោយពី​ដី​ព្រៃ​កោង​កាង​ជា​ច្រើន​តំបន់​ នៅតែ​ទទួល​រង​ការ​កាប់​បំផ្លាញ​ទ្រង់ទ្រាយ​ធំ ​ដោយ​គ្មាន​ការ​អនុវត្ត​ច្បាប់។

ប្រជា​សហគមន៍​ខេត្ត​កោះកុង ​និង ​មន្ត្រី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ ពី​ជោគ​វាសនា​ព្រៃ​កោងកាង​ដែល​ជា​ប្រភព​សេដ្ឋកិច្ច​សំបូរ​បែប​របស់​ពលរដ្ឋ​ជា​ច្រើន​ពាន់​គ្រួសារ កំពុង​ទទួល​រង​ការ​កាប់​ផ្ដួល ដើម្បី​យក​ដី​ធ្វើ​ជា​កម្មសិទ្ធិ​ជា​បន្ត​បន្ទាប់ ​ដោយ​គ្មាន​ការ​ទប់ស្កាត់ ​និង​អនុវត្ត​ច្បាប់​ឱ្យ​តឹងរ៉ឹង​នៅ​ឡើយ​ទេ។

ប្រជា​សហគមន៍​អន់ចិត្ត ​ពី​ភាព​ព្រងើយ​កន្តើយ ​មិន​បង្ក្រាប​បទល្មើស​ព្រៃ​កោងកាង​របស់​អាជ្ញាធរ​ខេត្ត​កោះកុង ​បើ​ទោះបី​ជា​ពួកគាត់ ​បង្ហាញ​ភស្តុតាង​បទល្មើស​រាប់​មិន​អស់​ក្ដី។

តំណាង​ពលរដ្ឋ រស់នៅឃុំជ្រោយ​ស្វាយ​ ស្រុក​ស្រែអំបិល លោកស្រី ហៀប ឪ ​ប្រាប់​វិទ្យុ​អាស៊ី​សេរី ​នៅ​ថ្ងៃ​ទី​២៥ កុម្ភៈ​ថា ព្រៃ​កោងកាង​ទំហំ​ជិត ១០០ហិកតារ ឋិត​នៅ​ភូមិ​ជ្រោយ​ស្វាយ​ខាង​លិច ត្រូវ​បាន​គេ​លប​កាប់​បំផ្លាញ​ឱ្យ​ក្លាយ​ជា​វាល នៅ​រយៈ​ពេល ៨ខែចុងក្រោយនេះ ដើម្បី​គ្រប់គ្រង​ជា​កម្មសិទ្ធិ ដោយ​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង។

លោកស្រី​ថា កន្លង​ទៅ​អ្នកភូមិ​រក​ឃើញ​ភស្តុតាង និង​កំណត់​អត្តសញ្ញាណ​ជនល្មើស ៧នាក់ បញ្ជូន​ឈ្មោះ​ពួកគេ ទៅ​មន្ត្រី​ជំនាញ​តែ​រហូត​មក​ទល់​ពេល​នេះ នៅតែ​គ្មាន​ចំណាត់​ការ។ រីឯ​សកម្មភាព​កាប់​ផ្ដួល​ព្រៃ​កោងកាង នៅតែ​បន្ត​កើត​មាន​ឥត​ស្រាកស្រាន្ត។ លោកស្រី​គ្មាន​ភាព​កក់ក្ដៅ ចំពោះ​អាជ្ញាធរ​ខេត្ត​នេះ​ថា នឹង​អាច​ការពារ​ធនធាន​ធម្មជាតិ​ឱ្យ​គង់វង្ស​ទាល់​តែ​សោះ ដោយសារ​មន្ត្រី​ពាក់ព័ន្ធ​គ្មាន​ភាព​ច្បាស់​លាស់​អនុវត្ត​ច្បាប់៖ «ទទួល​ផល​ប្រយោជន៍​ច្រើន​ណាស់ ​ណា​មួយ​ងាវ ក៏​បាន​ក្រាម​ថ្ម​ពង​ទាំង​អស់​ ដល់​ពេល​កាប់​បំផ្លាញ​ព្រៃ​លិច​ទឹក​ហ្នឹង​ទៅ ​ហិន​ហោច​ទាំង​អស់ បង្ការ​ក្ដាម​អី ​បំផ្លាញ​គ្រប់​មុខ​និយាយ​រួម។ បើ​ថា យើង​អត់ រក​ងាវ​អាច​យក​លក់​បាន​ មួយ​ម៉ឺន ២ម៉ឺន គ្រាន់​ដោះ​ទាល់​។ ​ពិសេស​ក្ដាម​ថ្ម ​ដូច​គ្នា»

ប្រជា​សហគមន៍​ម្នាក់​ទៀត​រស់​នៅ​ស្រុកស្រែ​អំបិល លោក អុយ សារុន រៀបរាប់​ថា ក្រុម​ជន​ល្មើស​ដែល​ធ្វើ​សកម្មភាព​ស៊ីឈ្នួល​កាប់​ព្រៃ​កោងកាង​ឱ្យ​អ្នក​មាន​លុយ មាន​អំណាច​មិន​ខ្លាច​ក្រែង​ច្បាប់​នោះ​ទេ ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​សកម្មភាព​កាប់​ទន្ទ្រាន​កាន់តែ​រីក​ធំ​ឡើង​ជា​រៀង​រាល់​ថ្ងៃ។ រីឯ​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ ដែល​ពឹង​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​បទល្មើស​ព្រៃ​កោងកាង​ ពុំ​ឃើញ​មាន​ការ​ដោះស្រាយ​នៅ​ឡើយ​ទេ ជា​ច្រើន​ខែ​មក​ហើយ៖ «ពិបាក​ដែល​មិន​ដឹង​ថា ​និយាយ​ម៉េចៗ ពលរដ្ឋ​សង្ឃឹម​លើ​អាជ្ញាធរ​មូលដ្ឋាន​ ដល់​ពេល​អាជ្ញាធរ​ស្រុក​ / ខែត្រ​គាត់​មិន​អើពើ ​ដល់​ពេល​នេះ​គាត់​អស់​សង្ឃឹម​ អត់​មាន​ដំណោះ​ស្រាយ​ជូន​គាត់។​ ពលរដ្ឋ​បាន​ផល ​រក​បាន​ត្រី​សាច់​មួយ​គីឡូ​ពី​គីឡូ ​ដោះដូរ​នៅ​ទីផ្សារ ​គាត់​សង្ឃឹម​ដី​ហ្នឹង»

វិទ្យុ​អាស៊ី​សេរី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាលរង​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​សាលាខេត្ត​កោះកុង លោក សុខ សុទ្ធី បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៥ កុម្ភៈ ដោយ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង​តែ​គ្មាន​អ្នក​លើក​។

ប៉ុន្តែ​អភិបាលរង​ខេត្ត​រូប​នេះ​បាន​ថ្លែង​នៅ​ចំពោះ​មុខ​ពលរដ្ឋ​កាល​ពី​ចុង​ឆ្នាំ២០២១ ថា ពលរដ្ឋ​ដណ្ដើម​ផល​ប្រយោជន៍​គ្នា​មិន​ស្មើ ទើប​កើត​មាន​រឿង​រ៉ាវ​ទាំង​នេះ។ លោក​បញ្ជាក់​ថា ដី​ព្រៃ​កោងកាង ជា​ទ្រព្យ​សាធារណៈ​របស់​រដ្ឋ​នៅ​តែ​ជា​ដី​រដ្ឋ​ដដែល បើ​ទោះ​បី​មាន​ការ​កាប់​រាន​ក្ដី។

វិទ្យុ​អាស៊ី​សេរី ​មិន​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កោះកុង លោក ហ៊ុន ម៉ារ៉ាឌី និង​អភិបាលខេត្ត កោះកុង អ្នកស្រី មិថុនា ភូថង បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ដដែល​នេះ។

រីឯ​ប្រធាន​អង្គភាព​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ដោយ​លោក​រុញ​ឱ្យ​អាស៊ី​សេរី​សួរ​ទៅ​អាជ្ញាធរ​ខេត្ត​កោះកុង​វិញ។ តែ​យ៉ាង​ណា​លោក​ផ្កាំ​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​អាច​សរសេរ​ញត្តិ បង្ហាញ​ក្ដី​កង្វល់​របស់​ខ្លួន​ផ្ញើ​ចូល​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រសិន​បើ​មន្ត្រី​មូលដ្ឋាន​មិន​ដោះស្រាយ៖ «សរសេរ​សំបុត្រ​ចូល​ផេក របស់​សម្ដេច តេជោ​ទៅ អាច​ឆ្លើយ​ លោក​នឹង​ចាត់ចែង​ក្រុម​អ្នក​ឆ្លើយ»

ប្រជា​សហគមន៍​រក​ឃើញ​ថា ដី​ព្រៃ​កោងកាង ​ឋិត​នៅ​ចំណុច ​ភ្នំ​ពយ​អគ្គីនេត្រ ទល់​នឹង​ចំណុច​ព្រែក​រូង​ក្នុង​ឃុំព្រែកខ្សាច់ ស្រុក​គិរីសាគរ ត្រូវ​ក្រុម​ឈ្មួញ​ និង​អាជ្ញាធរ​ខ្លះ​ឃុបឃិត​គ្នា​ឈូស​ឆាយ ចាក់​ដី​លុប និង​កាប់​ទន្ទ្រាន​ធ្វើ​អាជីវកម្ម​អស់​ជាង ២រយ​ហិកតារ នៅ​រយៈ​ពេល​ជាង ២ឆ្នាំ​ចុង​ក្រោយ​នេះ។ រីឯ​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ជ្រោយ​ស្វាយ ក៏​កំពុង​ប្រឈម​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​កោង​កាង អស់ ១០០ហិកតារ ដែល​នៅ​រយៈ​ពេល​ជាង ៥ខែ​ចុង​ក្រោយ​នេះ។

ជុំ​វិញ​រឿង​នេះ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្តកោះកុង​លោក ថោង ច័ន្ទតារា គិត​ថា បើ​គ្មាន​បទ​បញ្ជា​ផ្ទាល់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ទេ លោក​គ្មាន​សង្ឃឹម​ថា នឹង​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​កោង​កាង​មាន​ប្រសិទ្ធភាព​យូរ​អង្វែង។ លោក​អំពាវនាវ​ឱ្យ​លោក ​ហ៊ុន សែន គួរតែ​ចេញ​បញ្ជា​ផ្ទាល់ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព៖ «ជំនាញ​អាជ្ញាធរ​ធ្វើការ​ភ្នែក​ចាំ​ងាក​មើល​តែ​លើ​ទេ ​បើ​អា​លើ​មិន​មាត់​ទេ ​អា​ក្រោម​ហ្នឹង ក៏​ចេះតែ ​បើ​ពលរដ្ឋ​ធម្មតា ​មាន​ចំណាត់​ការ បើ​មើល​ឃើញ ​ខ្នង​ធំ​ខ្សែ​ធំ​ចេះ​តែ​ស្ងៀមៗ ឬ​មួយ​គេ​ដោះស្រាយ​ស្ងាត់ៗ របៀប​សម្រប​សម្រួល​ផ្អាក បើ​ចំណាត់​ការ​ផ្លូវ​ច្បាប់ ​ជាមួយ​អ្នក​មាន​ខ្សែ ​មាន​ខ្នង​ ដូច​មិន​ដែល​ធ្វើ​ចេះ​ជា​ដុំ​កំភួន​ទេ»

ពលរដ្ឋ​ខេត្ត​កោះកុង​រាប់​ពាន់​គ្រួសារ​ចាត់​ទុក​ព្រៃ​កោងកាង​គឺ​ជា​ឆ្នាំងបាយ និង​ជា​ប្រភព​ម្ហូប​អាហារ​ត្រីសាច់ និង​ក្ដាម​ខ្យង​សំបូរ​បែប​ធ្វើ​ឱ្យ​ពួកគាត់​មាន​ជីវភាព​ធូរធារ មិន​ធ្វើ​ចំណាក​ស្រុក។ អ្នកភូមិ​ថា សម្រស់​ព្រៃ​កោងកាង បង្កើត​សោភ័ណ​ភាព​ស្រស់​បំព្រង​គួរតែ​អាជ្ញាធរ​ថែទាំ​ឱ្យ​បាន​ល្អ ដើម្បី​ទាញ​ប្រយោជន៍​ពី​ទេសភាព​មក​បម្រើ​វិស័យ​ទេសចរណ៍ រក្សា​ការពារ​តម្លៃ​នៃ​ធនធាន​ធម្មជាតិ​ឲ្យ​មាន​និរន្តរភាព និង​បង្កើត​ឱកាស​ការងារ​ដល់​ប្រជា​សហគមន៍​​តាម​រយៈ​ភ្ញៀវ​ទេសចរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។