មន្ត្រី​បរិស្ថាន​ថា​នឹង​ចាត់​វិធានការ​បន្ថែម​លើ​អ្នក​កាប់​រាន​ព្រៃ​យក​ដី​នៅ​តំបន់​ព្រៃឡង់

ដោយ សូត សុខប្រាថ្នា
2017.07.12
Share on WhatsApp
Share on WhatsApp
កាប់​ឈើ​តំបន់​ព្រៃ​សហគមន៍​ក្បាល​ខ្លា ព្រៃឡង់ ២០១៧ ១៤៤០ ដើម​ឈើ​ដែល​ត្រូវ​គេ​កាប់​នៅ​តំបន់​ព្រៃ​សហគមន៍​ក្បាល​ខ្លា ជា​តំបន់​ទ្រនាប់​តំបន់​ព្រៃឡង់ នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Saut Sokprathna

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លើក​ឡើង​ថា បទល្មើស​កាប់​ឈើ និង​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​តំបន់​ព្រៃឡង់ គឺ​ថយ​ចុះ​កាន់​តែ​ច្រើន ប៉ុន្តែ​ពួក​គេ​ថា បទល្មើស​កាប់​រាន​ដី​ព្រៃ​ធ្វើ​ចម្ការ​កើត​មាន​ខ្លះ ពិសេស​នៅ​ពេល​យប់។ មន្ត្រី​ជំនាញ​បញ្ជាក់​ថា ពួក​គេ​នឹង​ពង្រឹង​ការ​យក​ចិត្ត​ទុក​ដាក់ ព្រម​ទាំង​បង្ក្រាប​សកម្មភាព​កាប់​រាន​ដី​ព្រៃ​ធ្វើ​ចម្ការ​បន្ថែម​ទៀត បើ​ទោះ​បី​ជា​ពួក​គេ​ធ្លាប់​បាន​ចាត់​វិធានការ​កន្លង​ទៅ​ក៏ដោយ។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ ស្វាគមន៍​ចំពោះ​ការ​ប្ដេជ្ញា​នេះ ប៉ុន្តែ​មិន​ទាន់​មាន​ជំនឿ​ចិត្ត​ទាំងស្រុង​ទេ។

មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ធំ ប្ដេជ្ញា​ថា​នឹង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប​បទល្មើស​កាប់​រាន​ដី​ព្រៃ និង​ការ​លួច​ដាំ​ដំណាំ​នៅ​តំបន់​ព្រៃឡង់​ដោយ​ខុស​ច្បាប់។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​មាន​សកម្មភាព​កាប់​រាន​ដី​ធ្វើ​ចម្ការ​នៅ​តំបន់​ព្រៃឡង់​កើត​ឡើង​មួយ​ចំនួន ដូចជា​នៅ​ចំណុច​ច្រក​តោ ទំហំ​ប្រមាណ ៣​ហិកតារ និង​ចំណុច​ផ្សេង​ទៀត។

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ធំ លោក តុប កក្កដា មាន​ប្រសាសន៍​ថា បទល្មើស​កាប់​ឈើ​នៅ​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ គឺ​កាន់​តែ​ថយ​ចុះ ដោយសារ​មាន​សកម្មភាព​ចុះ​ល្បាត​របស់​មន្ត្រី​ជំនាញ និង​ប្រជា​សហគមន៍​ជា​ប្រចាំ ម្យ៉ាង​នៅ​រដូវ​នេះ​ជា​រដូវ​ភ្លៀង ធ្វើ​ឲ្យ​ផ្លូវ​ដំណើរ​ក្នុង​ព្រៃ​ពិបាក។ យ៉ាង​នេះ​ក្តី លោក​ថា​មាន​បទល្មើស​កាប់​រាន​ដី​ព្រៃ និង​សកម្មភាព​លួច​ដាំ​ដំណាំ​ដូចជា​ស្វាយចន្ទី​នៅ​ពេល​យប់ ហើយ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ពាក់ព័ន្ធ បាន​ចាត់​វិធានការ​ជា​បន្តបន្ទាប់។ បន្ថែម​ពី​នេះ កាល​ពី​ខែ​មិថុនា មន្ត្រី​ជំនាញ​បាន​ធ្វើ​កិច្ចសន្យា​ជាមួយ​ពលរដ្ឋ​រស់នៅ​តំបន់​ច្រក​តោ ជាង ៤០​គ្រួសារ គឺ​មិន​អនុញ្ញាត​ឲ្យ​កាប់​រាន​ដី​ព្រៃ​បន្ថែម​ទៀត​ឡើយ ក្រៅ​តែ​ពី​ដី​របស់​ពួក​គេ​ដែល​ធ្លាប់​ដាំ​ដំណាំ​ពី​មុន​មក​ប៉ុណ្ណោះ៖ «ខ្ញុំ​បាន​កំពុង​តែ​ហៅ​តាម​ស្នាក់ការ​នីមួយៗ​មក​ប្រជុំ​ពិគ្រោះ​យោបល់ ដាក់​ផែនការ​ពី​រឿង​ដាក់​វិធានការ​ទៅ​លើ​អ្នក​រាន​ដី​ចម្ការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ជាង​មុន»

តំបន់​ព្រៃ​សហគមន៍​ក្បាល​ខ្លា ជា​តំបន់​ទ្រនាប់​តំបន់​ព្រៃឡង់ នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៧។
តំបន់​ព្រៃ​សហគមន៍​ក្បាល​ខ្លា ជា​តំបន់​ទ្រនាប់​តំបន់​ព្រៃឡង់ នៅ​ឃុំ​សណ្ដាន់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ។ រូបថត​ថ្ងៃ​ទី​៤ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Saut Sokprathna

កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជ​រដ្ឋាភិបាល​ប្រកាស​បង្កើត​តំបន់​ព្រៃឡង់​ជា​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ) គ្រប​ដណ្ដប់​លើ​ខេត្ត​ចំនួន​៤ រួម​មាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន ដែល​មាន​កាតព្វកិច្ច​ធានា​គាំពារ​បរិស្ថាន ការ​អភិរក្ស​ជីវចម្រុះ និង​ការពារ​ធម្មជាតិ​ក្នុង​តំបន់​មួយ​នេះ ហើយ​ត្រូវ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ។

មន្ត្រី​បរិស្ថាន ដដែល​បញ្ជាក់​ថា រូបភាព​លួច​កាប់​រាន​ដី​ព្រៃ​ធ្វើ​ចម្ការ គឺ​ពលរដ្ឋ​ខ្លះ​អះអាង​ថា​មាន​គេ​ជួល​ពួក​គាត់​មក ប៉ុន្តែ​ខាង​លោក​នៅ​មិន​ទាន់​ស្វែងរក​ជនល្មើស​នៅ​ពី​ក្រោយ​ខ្នង​ពួក​គេ​ឃើញ​ទេ។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង សាទរ​ចំពោះ​វិធានការ​របស់​មន្ត្រី​ជំនាញ ប៉ុន្តែ​លោក​ចង់​ឃើញ​ការ​អនុវត្ត​ច្បាប់​មួយ​ដោយ​គ្មាន​ការ​យោគយល់ និង​ស្មើ​ភាព​គ្នា ពិសេស​អនុវត្ត​ទៅ​ក្រុម​ជនល្មើស​ដែល​នៅ​ពី​ក្រោយ​ខ្នង​ប្រជាពលរដ្ឋ ជៀសវាង​ធ្វើ​ឲ្យ​មតិ​សាធារណៈ​អស់​ជំនឿ​លើ​ការ​ប្ដេជ្ញា​ចិត្ត​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ៖ «មាន​រូបភាព​ពីរ គឺ​មានការ​អូស​ទាញ​ពី​អ្នក​ខាង​ក្រៅ​មក​កាប់ ស៊ី​ឈ្នួល​កាប់ ដោយ​មានការ​ការពារ​ពី​ខាង​មន្ត្រី​សមត្ថកិច្ច​នៅ​ក្នុង​មូលដ្ឋាន​តែ​ម្តង​ដែល​បាន​អូស​ទាញ​កម្លាំង​មក​កាប់​បំផ្លាញ»

ព្រៃឡង់ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​វិនាស​បាត់បង់​បន្តិច​ម្តងៗ​តាម​រយៈ​សកម្មភាព​មួយ​ចំនួន ដូចជា​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច និង​សង្គមកិច្ច ដោយ​មិន​បាន​សិក្សា​អំពី​ផល​ប៉ះពាល់​ច្បាស់លាស់ និង​មាន​មួយ​ចំនួន​ខុស​ច្បាប់។ បន្ថែម​ពី​នេះ សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម និង​រាន​យក​ដី​ធ្វើ​ចម្ការ​ដោយ​អ្នក​មាន​ប្រាក់ និង​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង​ពលរដ្ឋ​ផង។

លោក សេង សុខហេង យល់​ថា ការ​ស៊ើប​អង្កេត​រក​ជនល្មើស​នៅ​ពី​ក្រោយ​ខ្នង​ពលរដ្ឋ នឹង​អាច​រក​ឃើញ ប្រសិន​បើ​មន្ត្រី​រាជ​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ អនុវត្ត​ច្បាប់​ដោយ​គ្មាន​ការ​យោគយល់ និង​បញ្ឈប់​វប្បធម៌​អន្តរាគមន៍ ព្រម​ទាំង​លុបបំបាត់​អំពើ​ពុក​រលួយ ជាដើម។ លោក​ថា ប្រសិន​បើ​ស្ថាប័ន​ពាក់ព័ន្ធ​អាច​ចាត់​វិធានការ​ចំពោះ​ក្រុម​ជនល្មើស​ធំៗ​បាន បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ជម្រក​សត្វ នឹង​កាត់​បន្ថយ​បាន​ច្រើន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល