មន្ត្រី​ក្រសួង​រ៉ែ​និង​សមាជិក​រដ្ឋសភា​នឹង​ចុះ​ពិនិត្យ​ក្រុមហ៊ុន​សុំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​រតនគិរី

ដោយ រដ្ឋា វិសាល
2016.01.31
រ៉ែ​មាស​មេស្កូ ហ្គោល រតនគិរី ២០១៥ ៨៥៥ បុគ្គលិក​នៃ​ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) រៀបចំ​គ្រឿងចក្រ ឋិត​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ​២០១៥។ RFA/Ratha Visal
RFA/Ratha Visal

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល រួម​ទាំង​សមាជិក​រដ្ឋសភា គ្រោង​បំពេញ​ទស្សនកិច្ច​នៅ​ការដ្ឋាន​ក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) ដែល​បាន​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ ឃុំ​យ៉ាទុង ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ជា​ជំហាន​វិជ្ជមាន​បន្ថែម​ទៀត ដើម្បី​កំណត់​លក្ខណៈ​សម្បត្តិ​ត្រៀម​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ផ្លូវ​ការ និង​លើក​ដំបូង​របស់​ក្រុមហ៊ុន​នេះ​នៅ​កម្ពុជា។

ក្រសួង​រ៉ែ និង​ថាមពល គ្រោង​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឈ្មោះ មេស្កូ ហ្គោល ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្ត​រតនគិរី បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បំពេញ​បែបបទ​ស្នើសុំ និង​លក្ខខណ្ឌ​សិក្សា​ហេតុ​ប៉ះពាល់​បរិស្ថាន និង​សង្គម​ពេញលេញ​រួច​រាល់។

គម្រោង​ផ្តល់​អាជ្ញាប័ណ្ណ​នេះ ធ្វើ​ឡើង​ស្រប​ពេល​ដែល​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​រ៉ែ និង​ថាមពល រួម​ទាំង​សមាជិក​រដ្ឋសភា បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ការដ្ឋាន​ក្រុមហ៊ុន មេស្កូ ហ្គោល នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ពិនិត្យ​មើល​ដំណើរ​ការ​រៀបចំ​ទីតាំង​ការដ្ឋាន​ធ្វើ​អាជីវកម្ម​រ៉ែ​មាស និង​ដំណោះស្រាយ​ផល​ប៉ះពាល់​នានា។

អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក ម៉េង សក្តិធារ៉ា បញ្ជាក់​ថា រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល លោក ស៊ុយ សែម នឹង​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ការដ្ឋាន​ក្រុមហ៊ុន​នៅ​ថ្ងៃ​ទី​៣ ខែ​កុម្ភៈ។ លោក​បន្ត​ថា ឯកសារ​ពាក់ព័ន្ធ​ការ​ស្នើសុំ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ បាន​ដាក់​ជូន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ស៊ី.ឌី.ស៊ី (CDC) ត្រួត​ពិនិត្យ និង​កោះ​ប្រជុំ​អន្តរ​ក្រសួង វាយ​តម្លៃ​ពី​គម្រោង​នេះ មុន​នឹង​សម្រេច​ចេញ​អាជ្ញាប័ណ្ណ៖ «សភា​ចង់​ឃើញ​ដែរ ហើយ​ចង់​ឲ្យ​ក្រុមហ៊ុន​ធ្វើ​បទ​បង្ហាញ​សមាជិក​រដ្ឋសភា ចង់​ស្តាប់​ដែរ តើ​ក្រុមហ៊ុន​ធ្វើ​យ៉ាង​ម៉េច

ក្រុមហ៊ុន​ឈ្មោះ មេស្កូ ហ្គោល របស់​ប្រទេស​ឥណ្ឌា មាន​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ភូមិ​ពាក់ រយៈពេល ៣០​ឆ្នាំ លើ​ផ្ទៃ​ដី​ខាង​លើ ៥០​ហិកតារ ជម្រៅ​ចុះ​ទៅ​ក្រោម​ដី ៣០​ម៉ែត្រ និង​ទំហំ​វិនិយោគ​ក្រោម​ដី ១២​គីឡូ​ម៉ែត្រ​ការ៉េ បន្ទាប់​ពី​ក្រុមហ៊ុន អង្គរ ហ្គោល (Angkor Gold) របស់​ប្រទេស​អូស្ត្រាលី (Australia) បាន​សិក្សា​ស្រាវជ្រាវ​រយៈពេល​ជាង ១០​ឆ្នាំ​រក​ឃើញ​ថា តំបន់​នោះ​មាន​សក្ដានុពល​រ៉ែ​មាស។

តំណាង​ក្រុមហ៊ុន មេស្កូ ហ្គោល លោក ហ៊ាង សេដ្ឋា ថ្លែង​បញ្ជាក់​ថា ក្រុមហ៊ុន​តៀម​លក្ខណៈ​រួច​ហើយ ដើម្បី​ធ្វើ​បទ​បង្ហាញ​ជូន​ប្រតិភូ​ថ្នាក់​ជាតិ​ចុះ​មក​បំពេញ​ទស្សនកិច្ច​នៅ​ការដ្ឋាន​រ៉ែ​មាស​នេះ។ លោក​ថា ក្រុមហ៊ុន​បាន​បំពេញ​លក្ខខណ្ឌ​ស្ដីពី​ការ​សិក្សា​ហេតុ​ប៉ះពាល់​ផ្នែក​បរិស្ថាន និង​សង្គម តាម​រយៈ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់ ស៊ី.អ៊ី.អេស (CES) សហការ​ជាមួយ​ក្រសួង​បរិស្ថាន និង​ដោះស្រាយ​ផល​ប៉ះពាល់​បញ្ហា​សង្គម ស្ដីពី​គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នេះ​ចប់​សព្វគ្រប់​ហើយ៖ «ឌី.អាយ.អេ (DIA) គឺ​ផល​ប៉ះពាល់​ប្រជាជន គេ​ធ្វើ​អស់​ហើយ តាំង​ពី​សំឡេង តាំង​ពី​ជាតិ​ពុល​ចេញ​អស់»

គម្រោង​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន មេស្កូ ហ្គោល មាន​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ពាក់ ១៨​គ្រួសារ និង​ដី​អ្នក​ភូមិ ២៦​ហិកតារ រួម​ទាំង​ដី​សហគមន៍ ១២​ហិកតារ ក៏ប៉ុន្តែ​ផល​ប៉ះពាល់​នេះ អ្នក​ភូមិ​បាន​ទទួល​សំណង​ជា​ប្រាក់​ពី​ក្រុមហ៊ុន​រួច​ហើយ។

ប្រធាន​សមាគម​ខ្មែរ​លើ អ្នកស្រី ដាំ ចន្ធី បាន​ឃ្លាំ​មើល​បញ្ហា​នេះ ឲ្យ​ដឹង​ដែរ​ថា អ្នក​ភូមិ​បាន​យល់​ព្រម​ដោយ​ស្ម័គ្រ​ចិត្ត​ទទួល​យក​ដំណោះស្រាយ​សំណង​ផល​ប៉ះពាល់ បន្ទាប់​ពី​ក្រុមហ៊ុន​បើក​កិច្ច​ពិភាក្សា​ផ្ទាល់​ជាមួយ​អ្នក​ភូមិ និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ចំនួន​ពីរ​លើក។ អ្នកស្រី​រំពឹង​ថា គម្រោង​នេះ​នឹង​ជួយ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ប្រជាពលរដ្ឋ​តំបន់​នោះ​ឲ្យ​បាន​ត្រឹមត្រូវ តាម​គោលការណ៍​វិនិយោគ៖ «សិទ្ធិ​សម្រេច​របស់​ប្រជាពលរដ្ឋ ទារ​សំណង​ជា​សិទ្ធិ​របស់​គាត់ គ្រាន់​តែ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​ដំណើរ​ការ​ហ្នឹង​ល្អ​ប្រសើរ»

អ្នក​នាំ​ពាក្យ​ក្រសួង​រ៉ែ កាល​ពី​ខែ​កុម្ភៈ កន្លង​ទៅ បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​ថា តំបន់​នោះ​មាន​សក្ដានុពល​រ៉ែ​មាស និង​ទង់ដែង ជា​មូលដ្ឋាន​ឧស្សាហកម្ម​ដ៏​ធំ។ ចំណែក​រ៉ែ​មាស​ដែល​មាន​ក្នុង​ដី​នៅ​តំបន់​នោះ លាត​សន្ធឹង​រហូត​ដល់​ព្រំប្រទល់​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ។ ក្នុង​រ៉ែ​មួយ​តោន គេ​អាច​ចម្រាញ់​បាន​មាស​ពី ៤​ក្រាម​ទៅ ៥​ក្រាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។