គណៈកម្មការទី១នៃរដ្ឋសភាទទួលបន្ទុកអង្កេត សិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹង បានចុះទៅអង្កេតទីតាំងបឹងកំហែងនៅក្នុងខេត្តកណ្ដាល បន្ទាប់ពីក្រុមពលរដ្ឋដាក់ពាក្យទៅរដ្ឋសភា សុំឲ្យរដ្ឋសភាអន្តរាគមន៍កុំឲ្យមានការចាក់ដីធ្វើប្រឡាយកាត់បឹង។ ពលរដ្ឋរអ៊ូរទាំថា ពេលនេះពួកគេកំពុងជួបបញ្ហាខ្វះខាតទឹកធ្វើស្រែ ព្រោះទំនប់នោះកំពុងកាត់ផ្ដាច់ខ្សែទឹកហូរ។
ក្រោយចុះអង្កេតគណៈកម្មការទី១នៃរដ្ឋសភា កំពុងប្រមូលឯកសារពាក់ព័ន្ធនានា ដើម្បីត្រៀមធ្វើអន្តរាគមន៍លើករណីចាក់ដីទំនប់ កាត់បឹងចេញជាពីរ។ ចំណែកអាជ្ញាធរខេត្តអះអាងនឹងសុំគោលការណ៍ទៅរដ្ឋាភិបាលរឿងគម្រោងរុះរើទំនប់នោះ។
តំណាងពលរដ្ឋដែលដាក់ពាក្យប្ដឹងនៅរដ្ឋសភា លោក ប៉ូ ប៊ុនរឿន ប្រាប់ឲ្យដឹងថា ក្រុមការងាររបស់លោក ឧកញ៉ា ឌី ប៉ូ ក្រៅពីចាក់ដីធ្វើទំនប់ ពួកគេថែមទាំងកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់បឹង។ ពលរដ្ឋរូបនេះប្រាប់ឲ្យដឹងទៀតថា ពលរដ្ឋស្ទើរទាំងស្រុកពញាឮ យកទឹកបឹងប្រើប្រាស់ធ្វើស្រែរដូវប្រាំង ជាកន្លែងនេសាទត្រី ប៉ុន្តែនៅពេលធ្វើទំនប់បិទបឹងដូចនេះ ធ្វើឲ្យប៉ះពាល់ដំណាំស្រូវពលរដ្ឋ៖ «នៅរដូវទឹកសម្រកគេឃាំងទឹកមិនឲ្យប្រជាពលរដ្ឋប្រើតែម្ដង គេចាក់ដីកាត់បឹងជាពីរ»។
ពលរដ្ឋប្រាប់ថា លោកឧកញ៉ា ឌី ប៉ូ មុនដំបូងលូចធ្វើទំនប់ ក្នុងបឹងកំហែង នៅពេលយប់កាលពីខែមីនា។ ប៉ុន្តែក្រោយធ្វើប្រឡាយបានខ្លះ ពួកគេប្ដូរមកធ្វើទាំងយប់ទាំងថ្ងៃគ្មានអាជ្ញាធរណារារាំង បើទោះជាពលរដ្ឋតវ៉ាប្ដឹងផ្ដល់ជាញឹកញាប់ក្ដី។ បឹងកំហែង ស្ថិតឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្ដាល ពលរដ្ឋអះអាងថាមានផ្ទៃក្រឡាជិត២០០ហិកតារ។
ប្រធានគណៈកម្មការទី១នៃរដ្ឋសភាទទួលបន្ទុកអង្កេត សិទ្ធិមនុស្ស និងទទួលពាក្យបណ្ដឹង លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា លោកពិតជាឃើញក្រុមហ៊ុនលោកឧកញ៉ា ឌី ប៉ូ កំពុងធ្វើសកម្មភាពដាក់ដីធ្វើទំនប់លើដីបឹង ហើយតំណាងក្រុមហ៊ុនចេញមុខប្រាប់លោកថា សកម្មភាពពួកគេធ្វើមានច្បាប់អនុញ្ញាតត្រឹមត្រូវ។ លោក អេង ឆៃអ៊ាង បន្តថា គណៈកម្មការសភាកំពុងតែប្រមូលឯកសារពាក់ព័ន្ធនានា ដើម្បីដឹងថាតើអាជ្ញាធរខេត្តរូបណាដែលផ្ដល់សិទ្ធិឲ្យធ្វើទំនប់ដូចនេះ៖ «ខ្ញុំមិនទាន់សន្និដ្ឋានទេ ព្រោះខ្ញុំរង់ចាំមើលប្រមូលភស្តុតាងសិនថាតើអាជ្ញាធរថ្នាក់ណាអនុញ្ញាតឲ្យធ្វើទំនប់នោះ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីលោកឧកញ៉ា ឌី ប៉ូ ដែលរងការចោទប្រកាន់បានទេនៅថ្ងៃទី២១ ខែឧសភា។
ឆ្លើយតបការព្រួយបារម្ភរបស់ក្រុមពលរដ្ឋ អភិបាលខេត្តកណ្ដាលលោក ម៉ៅ ភិរុណ ថ្លែងឲ្យដឹងថា សកម្មភាពចាក់ដីពុះបឹងជាពីរដើម្បីធ្វើទំនប់នេះ គឺលោកឧកញ៉ា ឌី ប៉ូ ធ្វើសកម្មភាពមុនការសម្រេចរបស់ខេត្ត។ លោកអភិបាលខេត្តបញ្ជាក់ថា នៅពេលនេះ ខេត្តសហការជាមួយក្រសួងធនធានទឹក ដើម្បីសុំគោលការណ៍ពីរដ្ឋាភិបាល ពីគម្រោង ទំនប់កាត់បឹងរបស់លោក ឧកញ៉ា ឌី ប៉ូ៖ «យើងកំពុងធ្វើរឿងពេលចប់នឹងសុំគោលការណ៍ពីរដ្ឋាភិបាលថានឹងរុះរើឬយ៉ាងលើទំនប់ហ្នឹង»។
លោក អេង ឆៃអ៊ាង ថ្កោលទោសអាជ្ញាធររូបណា ដែលអនុញ្ញាតឲ្យមានការចាក់ដីលុបបឹងបែបនេះ ថាជាទង្វើខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។