ពលរដ្ឋ​បារម្ភ​មានការ​ជន​លិច​ម្ដង​ទៀត បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ

ដោយ សេក បណ្ឌិត
2020.11.03
ទឹកជំនន់ នៅ​ផ្សារ​កួរ​ស្រូវ ភ្នំពេញ 101520 ពលរដ្ឋ​នៅ​តំបន់​រង្វង់​មូល​កួរ​ស្រូវ ផ្សារ​ព្រែក​ជ្រៃ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ជញ្ជូន​ឥវ៉ាន់​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់ នៅ​ថ្ងៃ​ទី១៥ ខែ​តុលា ឆ្នាំ២០២០។
រូប៖ ពលរដ្ឋ

ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ​បារម្ភ​ទឹក​លិច​ម្តង​ទៀត ក្រោយ​មាន​ភ្លៀង​ធ្លាក់​ជា​ថ្មី​ទៀត នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​។ ពួកគេ​ត្អូញត្អែរ​ពី​ផល​លំបាក និង​ផល​ប៉ះពាល់​ដែល​បង្ក​ដោយ​ជំនន់​ទឹកភ្លៀង ជន់​លិច​ផ្ទះ និង​នាំមក​នូវ​សំរាម ភក់​ស្អុយរលួយ​ដែល​បង្ក​ជា​មេរោគ​ប៉ះពាល់​ដល់​សុខភាព​ហើយ​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍​រឿង​នេះ​ឲ្យ​បាន​ឆាប់រហ័ស។

ពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ភូមិ​សំបួរ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ លោកស្រី ហេង ហួរ រៀបរាប់​ថា ជំនន់​ទឹកភ្លៀង​នៅ​ភូមិ​លោកស្រី​បាន​ស្រក​បន្តិច​ហើយ ប៉ុន្តែ​លោកស្រី នៅតែ​បារម្ភ​ខ្លាច​ជន់​លិច​ធ្ងន់ធ្ងរ​ម្តង​ទៀត​នៅ​ពេល​ភ្លៀង​ធ្លាក់​។ លោកស្រី បន្ត​ថា ជំនន់​ទឹកភ្លៀង​ដែល​ពោរពេញ​ដោយ​សំរាម​និង​ភក់​ស្អុយ​កខ្វក់​ដែល​មាន​កម្រាស់​ក្រាស់ គឺ​នៅ​រំខាន​ដល់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ ដូចជា​បង្ក​ជា​មេរោគ​រមាស់ និង​ការខូចខាត​នូវ​សម្ភារៈ​ជាច្រើន រួមមាន​ឡាន​ដែល​អ្នកភូមិ​ដែល​ទុកចោល​នៅ​ក្នុង​ផ្ទះ តុ ទូ និង​ជាពិសេស​គឺ សិប្បកម្ម​ដែក​ដែល​លោកស្រី​ស្តុក​ទុក​លក់​បន្ត​នោះ​រង​ការខូចខាត ច្រេះ​ចាប់​ជាដើម​។ លោកស្រី​ថា នៅ​ពេល​ភ្លៀង​ធ្លាក់​ម្តងៗ លូ​នៅ​តំបន់​នោះ​កកស្ទះ និង​ហូរ​ចុះ​យឺត​។ លោកស្រី​ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​អន្តរាគមន៍ ដោយ​បូម​ទឹក កាយ​ភក់​ខ្មៅ​ទាំងនោះ​ចេញ និង​ពង្រីក​ប្រព័ន្ធ​លូ​នៅ​តំបន់​នោះ​ផង​ដែរ។ «»

ប្រធាន​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា និង​ជា​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​បុរី​ពិភព​ថ្មី​វេង​ស្រេង ក្នុង​ខណ្ឌ​ដង្កោ លោក សន ជ័យ ឲ្យ​ដឹងថា ភ្លៀង​ធ្លាក់​ចុងក្រោយ​នេះ ពុំ​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​តំបន់​នោះ នៅ​តែ​មាន​ហានិភ័យ​ខ្ពស់ ប្រសិនបើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​។ លោក​បន្ត​ថា កិច្ច​អន្តរាគមន៍​របស់​អាជ្ញាធរ​មូលដ្ឋាន និង​ស្ថាប័ន​មួយ​ចំនួន ដើម្បី​រំដោះ​ទឹក​ចេញ ពុំ​ទាន់​មាន​ប្រសិទ្ធភាព​នៅ​ឡើយ ជាពិសេស ការ​រំដោះ​ចេញ​នូវ​ភាព​កកស្ទះ​តាម​ប្រព័ន្ធ​លូ និង​ប្រឡាយ​មេ ដូចជា​សំរាម ភក់ និង​ទឹកភ្លៀង​ជាដើម​។ លោក​បន្ត​ថា ជំនន់​ទឹកភ្លៀង​ដែល​ជន់​លិច​ផ្ទះ​អ្នកភូមិ​កន្លង​មក​នេះ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ខ្លាំង ដូច​ជា​មាន​ស្នាម​ប្រេះ​តាម​ជញ្ជាំង​ផ្ទះ របស់​របប​ប្រើប្រាស់ ដូចជា​តុ ទូ ម៉ាស៊ីន​បោក​ខោអាវ និង​ទូទឹកកក​ជាដើម ត្រូវ​រង​ការខូចខាត​។ លោក​បារម្ភ​ថា ទឹកភ្លៀង​អាច​នឹង​ងាយ​ធ្វើ​ឲ្យ​មានការ​ជន់​លិច​នៅ​ក្នុង​បុរី​ពិភព​ថ្មី​នេះ​បន្ត​ទៀត ប្រសិនបើ​ស្ថានភាព​បច្ចុប្បន្ន​មិន​ត្រូវ​បាន​ដោះស្រាយ​។ លោក​ស្នើ​ឲ្យ​អាជ្ញាធរ​អន្តរ​ខណ្ឌ​គួរ​ជួយ​អន្តរាគមន៍​រំដោះ​ទឹក​ចេញ​ជូន​ពលរដ្ឋ​នៅ​តំបន់​រងគ្រោះ។ «»

អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក ឃុន សុខា មាន​ប្រសាសន៍​ថា ភ្លៀង​ធ្លាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ ពុំ​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​រាជធានី ខេត្ត​ទាំង​១៩​ដែល​រង​ផល​ប៉ះពាល់​កន្លងមក ទឹកជំនន់​ក៏បាន​បន្ត​ស្រក​ចុះ​ច្រើន រួម​ទាំង​ខេត្ត​បន្ទាយមានជ័យ​ផង​ដែរ​។ លោក​បន្ត​ថា ពលរដ្ឋ​ដែល​ជម្លៀស​ខ្លួន ភាគច្រើន​ក៏បាន​វិលត្រឡប់​ទៅផ្ទះ​វិញ​ហើយ ប៉ុន្តែ​ពួកគេ​មិនទាន់​អស់​ហានិភ័យ​នោះ​ទេ ក្រោយ​ជំនន់​ទឹកភ្លៀង​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ ផ្ទះ និង​ផលដំណាំ​របស់​ពួកគេ​។ លោក​បន្ត​ថា ក្រសួង​នៅតែ​បន្ត​ជួយ​ផ្គត់ផ្គង់​ស្បៀងអាហារ និង​ជំនួយ​ផ្សេងទៀត​ដល់​ពលរដ្ឋ​រង​គ្រោះ​។ រីឯ ការ​ខួច​ខាត​ផ្សេងទៀត​ដែល​ត្រូវ​ស្តារ​ឡើង​វិញ ក្រោយ​ការ​លិចលង់​នោះ ក្រសួង​ទាំង​៤ រួមមាន ក្រសួង​សាធារណការ ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្រសួង​កសិកម្ម និង​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​នឹង​ចុះ​អន្តរាគមន៍​រឿង​នេះ​ជាបន្ទាន់។ «»

របាយការណ៍​គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​គ្រោះ​មហន្តរាយ បង្ហាញ​ថា គ្រោះ​ទឹកជំនន់ បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ជិត​១​សែន ៥​ម៉ឺន​គ្រួសារ ក្នុង​នោះ​ពលរដ្ឋ​ត្រូវ​ជម្លៀស​ចេញពី​លំនៅឋាន​មាន​ប្រមាណ​ជិត ១​ម៉ឺន ២​ពាន់​គ្រួសារ និង​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ៤៤​នាក់​ផង​ដែរ។

ក្រៅ​ពី​នេះ ដំណាំ​ប្រជាពលរដ្ឋ​ដូចជា ស្រូវ ដំឡូង​មី និង​ដំណាំ​រួមផ្សំ​ផ្សេងទៀត ជាង ៣​សែន ៨​ម៉ឺន​ហិកតារ ខ្នង​ត្រូវ​លិចលង់ លិច​សាលារៀន​ជាង ៩ រយ កន្លែង​(៩៥១) លិច​វត្ត​ជាង ៣ រយ​កន្លែង​(៣០៧) និង​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន សែន បញ្ចេញ​សារ​រឿង​បដិសេធ​យុវជន​ម្នាក់​នៅ​ជប៉ុន​ស្នើ​សុំ​ធ្វើជា​ទីប្រឹក្សា​ជា​នយោបាយ​ប្រជាភិថុតិ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។