មន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ រួមគ្នាបើកយុទ្ធនាការចុះសំអាតអនាម័យនៅតាមផ្លូវសាធារណៈ ប្រយោជន៍រក្សាសោភណភាពក្រុង ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះច្រើនថែមទៀត។
មន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ បានគាំទ្រយុទ្ធនាការនេះ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋ អាជីវករ និងវិស័យឯកជនចូលរួមឲ្យបានទាំងអស់គ្នា ដើម្បីទីក្រុងស្អាត និងមានអនាម័យល្អ។
ចាប់ពីព្រលឹមថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា គេសង្កេតឃើញថ្នាក់ដឹកនាំនៅតាមមន្ទីរស្ថាប័នពាក់ព័ន្ធនានានាក្នុងខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីក្រោមឱវាទរៀងៗខ្លួន ចុះសំអាតអនាម័យ ឬរើសសំរាមដែលគេបោះចោលរាយប៉ាយ នៅតាមផ្លូវសាធារណៈ តាមទីប្រជុំជន និងតាមតំបន់ឆ្នេរសមុទ្រមួយចំនួន។
អភិបាលរងខេត្តព្រះសីហនុ លោក ផៃ ប៊ុនវណ្ណៈ ដែលបានដឹកនាំមន្ត្រីចុះសំអាតអនាម័យនៅតាមផ្លូវមុខសាលាខេត្តនេះ បានផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីថា យុទ្ធនាការនេះ មានបំណងបំផុសដល់ផ្នែកពាក់ព័ន្ធ មានទាំងស្ថាប័នរដ្ឋ វិស័យឯកជន ពិសេសប្រជាពលរដ្ឋ ឲ្យចូលរួមសំអាតបរិស្ថាននៅតាមលំនៅឋានរៀងៗខ្លួនជាប្រចាំ។
លោកបន្តថា យុទ្ធនាការសំអាតបរិស្ថានឲ្យមានសោភណភាពល្អរបស់មន្ត្រីនៅតាមស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ ដើម្បីជាការទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តនេះច្រើនថែមទៀត៖ «ពលរដ្ឋដែលរស់នៅក្រុងព្រះសីហនុ ទាំងមូលមេត្តាជួយសម្អាតគ្នាឲ្យបានស្អាត ដើម្បីឲ្យក្រុងរបស់យើងប្រកបដោយសោភណភាព»។
លោក ផៃ ប៊ុនវណ្ណៈ បន្ថែមថា ដើម្បីឲ្យយុទ្ធនាការសំអាតបរិស្ថាននាមូលដ្ឋានក្រុងទេសចរណ៍មួយនេះ មានលទ្ធផលល្អ លោកស្នើដល់ក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ត្រូវចុះអនុវត្តការងារប្រមូលសំរាមរបស់ខ្លួនឲ្យបានទៀងទាត់ ហើយស្នើឲ្យប្រជាពលរដ្ឋ ឬក្រុមអាជីវករត្រូវវេចខ្ចប់កាកសំណល់ឲ្យបានត្រឹមត្រូវ និងចូលរួមឲ្យបានទាំងអស់គ្នា។
ចំណែកលោក សាមុត សុធារិទ្ធ ប្រធានមន្ទីរបរិស្ថានខេត្តព្រះសីហនុ ដែលបាននាំមន្ត្រីក្រោមឱវាទស្ថាប័នខ្លួន ចុះរើសសំរាមតាមឆ្នេរសមុទ្រ ឬនៅម្តុំរង្វង់មូលតោពីរ បានឲ្យដឹងថា យុទ្ធនាការសំអាតបរិស្ថានតាមទីសាធារណៈពេលនេះ អនុវត្តទៅតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ។ លោកមានជំនឿថា តាមរយៈយុទ្ធនាការនេះ ប្រជាពលរដ្ឋ ឬភ្ញៀវទេសចរ នឹងមានការយល់ដឹងពីសារសំខាន់នៃការទុកដាក់កាកសំណល់សំរាមបានប្រសើរជាងពេលមុន៖ «ដើម្បីបំផុសប្រជាពលរដ្ឋឲ្យគាត់ចូលរួមទាំងអស់គ្នា ដើម្បីឲ្យទីក្រុងយើងសមស្របជាទីក្រុងទេសចរណ៍»។
ស្រដៀងគ្នាដែរ លោក ស៊ុន ថូង ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះសីហនុ ដែលដឹកនាំមន្ត្រីប្រមាណ ១០នាក់ ចុះរើសសំរាមតាមផ្លូវឯករាជ្យ ជាប់ទីតាំងស្ថាប័នខ្លួន បានចាត់ទុកសំរាម ឬបញ្ហារក្សាអនាម័យជាបញ្ហាចម្បង ដែលផ្នែកពាក់ព័ន្ធត្រូវរួមគ្នាដោះស្រាយឲ្យបានជាប្រចាំ ជាពិសេសប្រជាពលរដ្ឋ និងក្រុមអាជីវករត្រូវចូលរួមទាំងអស់គ្នា៖ «កិច្ចការងារនេះខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យជួយ បើប្រជាពលរដ្ឋមិនជួយទេ ទីក្រុងយើងមិនបានស្អាតទេ»។
ត្រង់ចំណុចនេះ លោក ឱ សារឿន ប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ ឲ្យដឹងថា យុទ្ធនាការចុះសំអាតអនាម័យនៅតាមទីសាធារណៈពេលនេះ គឺមន្ត្រីនៅតាមស្ថាប័ន ឬមន្ទីរជំនាញពាក់ព័ន្ធក្រោមឱវាទខេត្តនេះ បានចុះអនុវត្តទាំងអស់គ្នា។ លោកបន្តថា មិនថា តែស្ថាប័នស៊ីវិលទេ សូម្បីស្ថាប័នប្រដាប់អាវុធមាននគរបាល កងរាជអាវុធហត្ថ និងកងទ័ពជាដើម ក៏បានសហការធ្វើការងារសំអាតអនាម័យតាមផ្លូវសាធារណៈនេះដែរ។ លោកថា យុទ្ធនាការសំអាតបរិស្ថាននេះ អាចនឹងត្រូវអនុវត្តយ៉ាងតិច ១ខែម្តងនៅតាមស្ថាប័ននីមួយៗ។
មន្ត្រីសម្របសម្រួលអង្គការលីកាដូ ខេត្តព្រះសីហនុ លោក ប៊ួន ណារិទ្ធ បានគាំទ្រយុទ្ធនាការសំអាតបរិស្ថាន ផ្ដើមដោយមន្ត្រីនៅតាមស្ថាប័ន ឬមន្ទីរនានា ខេត្តជាប់មាត់សមុទ្រមួយនេះ ប៉ុន្តែស្នើឲ្យការចុះអនុវត្តនេះឲ្យបានជាប្រចាំខែ និងបំផុសឲ្យប្រជាពលរដ្ឋចូលរួមទើបទទួលបានជោគជ័យ។
ទាក់ទងបញ្ហានេះដែរ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ធ្លាប់ព្រមានផាកពិន័យទៅលើប្រជាពលរដ្ឋ ឬក្រុមអាជីវករទាំងឡាយណា ដែលបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នៅតាមទីសាធារណៈនាំឲ្យប៉ះពាល់ដល់បរិស្ថាន និងសោភណភាពមូលដ្ឋាននេះ។ ទន្ទឹមសារព្រមាននេះ ក៏បានបញ្ជូនមន្ត្រីជំនាញចុះអប់រំពីសារសំខាន់នៃការទុកដាក់កាកសំណល់រឹងរាវជូនប្រជាពលរដ្ឋ និងក្រុមអាជីវករជាបន្តបន្ទាប់ ហើយជំរុញឲ្យមន្ត្រីនៅតាមមន្ទីរ ឬស្ថាប័នជំនាញនានា ចុះអនុវត្តការងារថែរក្សាអនាម័យនេះធ្វើជាគំរូ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។