មន្ត្រីគណបក្សប្រឆាំង និងប្រជាពលរដ្ឋមួយចំនួនរស់នៅខេត្តព្រះសីហនុ បង្ហាញការព្រួយបារម្ភ និងជំទាស់ទៅនឹងសកម្មភាពសាងសង់ផែថ្មទូកទេសចរណ៍របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍន៍កោះរ៉ុង នៅចំកណ្ដាលឆ្នេរអូរត្រេះ ថានាំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរ និងភ្ញៀវទេសចរចូលទៅកម្សាន្តតំបន់នោះ។
ក្តីព្រួយបារម្ភទាំងនេះ កើតឡើងនៅគ្រាឃើញសកម្មភាពការដ្ឋានសំណង់របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានបណ្ដុះបង្គោលថ្មចេញពីមាត់ច្រាំង ឬឆ្នេរចូលទៅក្នុងទឹកសមុទ្រជាច្រើនបង្គោលរួចមក។
សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ នៃគណបក្សសង្គ្រោះជាតិ លោក សុខ សាវ៉ាត នៅល្ងាចថ្ងៃពុធ ទី៤ ខែវិច្ឆិកា បានប្រាប់វិទ្យុអាស៊ីសេរី ថា លោកពុំធ្លាប់ឃើញសំណើរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍន៍កោះរ៉ុង (Royal Group Koh Rong Development Company) ត្រូវបានអភិបាលខេត្ត ឬប្រធានក្រុមប្រឹក្សាខេត្តនេះដាក់ជូនទៅក្នុងកិច្ចប្រជុំ ស្ដីពីសំណើសុំសាងសង់ផែថ្មសម្រាប់ដឹកភ្ញៀវទេសចរ មានទីតាំងនៅឆ្នេរអូរត្រេះ ស្ថិតក្នុងភូមិ៦ សង្កាត់៤ នោះទេនាពេលកន្លងមក។
លោកថា អាជ្ញាធរស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ មានអភិបាលខេត្ត និងមន្ទីរសាធារណការ ជាដើម មិនគួរលើកដៃស៊ីញេច្បាប់អនុញ្ញាតនៅចំកណ្ដាលឆ្នេរទេសចរណ៍ ដែលភ្ញៀវជាតិអន្តរជាតិដើរ ឬចុះងូតទឹកកម្សាន្តនោះទេ។
លោក សុខ សាវ៉ាត សំណូមពរឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ត្រូវពិចារណារកទីតាំងផ្សេងពីឆ្នេរអូរត្រេះ សម្រាប់ផ្តល់ជូនក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីសង់កំពង់ផែទូកទេសចរណ៍ជំនួសវិញ ដើម្បីកុំឲ្យប៉ះពាល់ដល់បរិស្ថានឆ្នេរអូរត្រេះ និងភ្ញៀវទេសចរចូលទៅកម្សាន្តតំបន់នោះ៖ «បើសិនជាអាច អភិបាលខេត្តព្រះសីហនុ ត្រូវរកទីតាំងផ្សេងផ្តល់ជូនក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីសង់ផែដឹកអ្នកដំណើរជំនួសសំណង់នៅឆ្នេរអូរត្រេះ ព្រោះតំបន់អូរត្រេះ មានអនាម័យ មានខ្សាច់ស និងទឹកថ្លា ហើយភ្ញៀវទេសចរជាតិអន្តរជាតិ ក៏និយមចូលទៅទស្សនាឆ្នេរនេះដែរ»។
ទាក់ទិនបញ្ហានេះ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋមួយចំនួន ដែលបានចូលទៅកម្សាន្តតាមឆ្នេរអូរត្រេះ នៅព្រឹកថ្ងៃពុធ ទី៤ ខែវិច្ឆិកា បានបង្ហាញអារម្មណ៍ហួសចិត្តកាលបើឃើញបង្គោលថ្មជាច្រើនដើម ត្រូវក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប អភិវឌ្ឍន៍កោះរ៉ុង បណ្ដុះចូលទៅក្នុងសមុទ្រនៅឆ្នេរអូរត្រេះ ដែលមានខ្សាច់សក្បុស និងមានទឹកថ្លាឆ្លុះ សម្រាប់ភ្ញៀវទេសចរចុះងូតទឹក ឬដើរកម្សាន្តកន្លងមក។
គ្រូបង្រៀនម្នាក់ដែលនិយាយស្នើមិនបង្ហាញអត្តសញ្ញាណ បានសំណូមពរដល់អភិបាលខេត្តព្រះសីហនុ និងមន្ត្រីតាមមន្ទីរស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តនេះ មុននឹងអនុញ្ញាតច្បាប់ដល់បុគ្គល ឬក្រុមហ៊ុនសាងសង់សំណង់អ្វីមួយនៅតាមឆ្នេរ ឬបឹងធម្មជាតិ ជាដើម ត្រូវចុះពិនិត្យជាក់ស្តែងពីផលប៉ះពាល់ជាមុន។ ជាងនេះ ត្រូវជៀសឲ្យផុតពីសំណូកពុករលួយ នាំឲ្យហិនហោចដល់ទ្រព្យសម្បត្តិជាតិ ដែលការពារដោយរដ្ឋធម្មនុញ្ញ៖ «តំបន់ឆ្នេរអូរត្រេះ ដែលគេចាត់ទុកថា ជាឆ្នេរស្អាតប្រណិតមានខ្សាច់ល្អ គឺមិនគួរឲ្យមានសង់សំណង់ផែថ្ម កើតឡើងនៅតំបន់ឆ្នេរនេះទេ។ បើកអនុញ្ញាតឲ្យមានសង់ផែនៅតំបន់នេះនាំឲ្យខូចបរិស្ថាន ដោយសារប្រេង ឬសំណល់ផ្សេង ដែលអាចបង្ហូរចេញពីទូក ឬកប៉ាល់ដឹកអ្នកដំណើរចូលទៅក្នុងទឹកសមុទ្រ»។
មន្ត្រីរាជការ និងពលរដ្ឋច្រើនទៀតដែលឈឺឆ្អាលរឿងនេះ បានស្នើឲ្យ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ពិចារណារកទីតាំងផ្សេងផ្តល់ជូនក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដើម្បីសង់កំពង់ផែដឹកភ្ញៀវទេសចរជំនួសទីតាំងនៅឆ្នេរអូរត្រេះ។
ទោះយ៉ាងណា លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរី នៅក្រោយបញ្ចប់កិច្ចប្រជុំពេញមួយថ្ងៃនាសាលាខេត្តល្ងាចថ្ងៃពុធ ទី៤ ខែវិច្ឆិកា ថា អាជ្ញាធរខេត្តបានផ្អាកមិនឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប សង់ផែទូកទេសចរណ៍ស្ថិតនៅភូមិ៦ សង្កាត់៤ ម្តុំឆ្នេរអូរត្រេះ ទៀតទេ។ លោកប្រកាសដល់សាធារណជន ភ្ញៀវទេសចរ និងអ្នកជាប់ពាក់ព័ន្ធដទៃទៀតសូមស្ងប់អារម្មណ៍។ លោកបន្តថា បញ្ហានេះ អាជ្ញាធរបានតម្រូវឲ្យក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ស្វែងរកទីតាំងថ្មីដើម្បីសង់ផែទូកដឹកអ្នកដំណើរនៅតំបន់ផ្សេងពីឆ្នេរអូរត្រេះ ជំនួសវិញ៖ «ខ្ញុំបានបង្កក ឬផ្អាកការដ្ឋានសង់ផែថ្មទូកទេសចរណ៍របស់ក្រុមហ៊ុនលោកឧកញ៉ា គិត ម៉េង ប្រមាណពីរខែមកមិនឲ្យសង់នៅតំបន់ឆ្នេរអូរត្រេះ នេះទៀតទេ។ ពេលនេះ ខ្ញុំបានឲ្យគាត់រកទីតាំងផ្សេង ដើម្បីសង់ជំនួសវិញ។ ករណីនេះ ខ្ញុំកំពុងដាក់សំណើពិភាក្សាជាមួយថ្នាក់ជាតិ»។
បញ្ហានេះ លោក យន្ត មីន សង្កត់ធ្ងន់ថា នឹងមិនអនុញ្ញាតឲ្យមានសំណង់រឹងមាំសង់នៅតាមឆ្នេរ ឬបឹងធម្មជាតិ នាំឲ្យប៉ះពាល់ដល់បរិស្ថាន ប៉ះពាល់ដល់សោភ័ណភាពឆ្នេរ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិអន្តរជាតិ ដែលចូលមកកម្សាន្តខេត្តព្រះសីហនុ កើតឡើងទៀតទេ។
ទាក់ទិនបញ្ហានេះ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានសរសេរលិខិតចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៥ ផ្ញើជូន លោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ តាមរយៈ លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ត្រី បានស្នើសុំសាងសង់ផែទូកទេសចរណ៍មួយកន្លែងមានទីតាំងនៅភូមិ៦ សង្កាត់៤ ដើម្បីបម្រើសេវាដឹកជញ្ជូនភ្ញៀវទេសចរជាតិអន្តរជាតិទៅមកកោះរ៉ុង និងដឹកជញ្ជូនសម្ភារៈបម្រើឲ្យការអភិវឌ្ឍកោះរ៉ុង។ សំណើរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានទីស្នាក់ការធំនៅរាជធានីភ្នំពេញ បានមកដល់ដៃ លោក ណុប ហេង ប្រធានមន្ទីរសាធារណការខេត្តព្រះសីហនុ ចុះហត្ថលេខាឯកភាពនៅថ្ងៃទី២ ខែកុម្ភៈ និងបញ្ជូនបន្តទៅដល់ដៃ លោក ឈិត សុខុន អតីតអភិបាលខេត្តព្រះសីហនុ ចុះហត្ថលេខាអនុញ្ញាតច្បាប់សាងសង់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥ មុនពេលរូបលោកត្រូវគ្រប់អាយុចូលនិវត្តន៍។
យ៉ាងណាក៏ដោយចុះ មន្ត្រីគណបក្សប្រឆាំង ប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ នឹងតាមដានចំណាត់ការរបស់ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ថាអាចទប់ស្កាត់សកម្មភាពសាងសង់ផែថ្មក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប របស់អ្នកឧកញ៉ា គិត ម៉េង នាឆ្នេរអូរត្រេះ នោះ មានប្រសិទ្ធភាពដែរ ឬក៏យ៉ាងណា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
