សហគមន៍​ព្រៃ​ឡង់​ថា កម្មករ​ជាង ១០០នាក់ ​សម្រុក​ធ្វើ​អាជីវកម្ម​ឈើ​ក្នុង​ព្រៃ​ឡង់​ឱ្យ​ក្រុមហ៊ុន​វៀតណាម

0:00 / 0:00

ប្រជា​សហគមន៍​ព្រៃ​ឡង់​រក​ឃើញ​រណា​យន្ត​ជាង ១០០គ្រឿង គោយន្ត​ដឹក​ឈើ​ជិត ១០០​គ្រឿង​ និង​រថយន្ត​កែច្នៃ ៤គ្រឿង ដែល​ជា​មធ្យោបាយ​កាប់​បំផ្លាញ​ព្រៃ​ឡង់ ធ្វើ​អាជីវកម្ម​យ៉ាង​ពេញ​ទំហឹង ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់ ខេត្តព្រះវិហារ ដែល​មាន​ជាប់​ព័ន្ធ​ក្រុមហ៊ុន​វៀតណាម​ ភីអ៊ិនធី (PNT Co., Ltd.)។ ប្រជា​សហគមន៍​ព្រៃ​ឡង់​បាន​ស្ដីបន្ទោស​ឆ្មាំ​អភិរក្ស​របស់​ក្រសួងបរិស្ថាន​ថា​ នៅតែ​មិន​អើពើ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ខ្នាត​ធំ​ទាំង​នេះ តែ​បែរ​ជា​ស្វែង​រក​អ្នក​ការពារ​ព្រៃឈើ​ ដើម្បី​អនុវត្តច្បាប់​ទៅ​វិញ។

ប្រជា​សហគមន៍​ខេត្តព្រះវិហារ ៨​នាក់ ​បាន​លប​ចុះ​ល្បាត​ព្រៃ​ឡង់ រយៈ​ពេល ៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៣ ដល់​ថ្ងៃ​ទី១៦ ធ្នូ ដោយ​បាន​រក​ឃើញ​ទីតាំង​កាប់​ឈើ​ខ្នាត​ធំ ៩កន្លែង ដែល​ជា​តំបន់​បន្សល់​ឈើ​មូល​ធំៗ ចុង​ក្រោយ ដែល​ក្រសួង​បរិស្ថាន​ចាត់​ទុក​ថា ជា​តំបន់​ស្នូល ឬ​ហៅថា​ តំបន់​ការពារ​តឹង​តែង​បំផុត។ ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទាំង​នេះ ឋិត​នៅ​ចំណុច​បុស្ស​រាំង ជ្រាប់​ក្បាល​ដំរី ស្រែ​កណ្ដោល ភូមិ​ចាស់ ភ្នំ​ចោទ ប្រាសាទ​គោល ព្រៃ​ស្រឡៅ អូរ​អាមច៍​ដែក និង​ចំណុច​ក្បាល​តា​ង៉ុត។

​ប្រជា​សហគមន៍​អះអាង​ថា​ ក្រុម​អ្នក​កាប់ឈើ ​បាន​បោះតង់​ជា​ច្រើន​កន្លែង ​ដើម្បី​លប​កាប់​ឈើ​ធំៗ ​ពង្រាយ​ពេញ​ព្រៃ​ ដោយ​ភាគច្រើន​ជា​ពលរដ្ឋ​ចំណូល​ស្រុក​ មក​ពី​ខេត្តរតនគិរី​ ឧត្តរមានជ័យ ​និង ​ខេត្តកំពង់ ធំ​ជាដើម​។

សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ខេត្តព្រះវិហារ លោក ស្រី ទីន អះអាង​នៅ​ថ្ងៃ​ទី២០ ធ្នូ​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​នេះ កើត​ឡើង​តាំង​ពី​ដើម​ឆ្នាំ២០២១ មក​ទល់​ពេល​នេះ ដោយ​គ្មាន​មន្ត្រី​បរិស្ថាន និង​អាជ្ញាធរ​ណា​ទប់ស្កាត់​នោះ​ទេ។ លោក​ថា គ្រាន់តែ​ផ្លូវ​មួយ​ច្រក មាន​គោយន្ត​២៧គ្រឿង ដឹក​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ ចេញ​ពី​ព្រៃ​ឡង់ មក​ទម្លាក់​ទុក​នៅ​ជាយ​ព្រៃ​ឡង់ ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី ឋិត​ក្នុង​ស្រុក​រវៀង ខេត្តព្រះវិហារ ដោយ​មាន​រថយន្ត​ច្នៃ ៤គ្រឿង ចាំ​ទទួល​ដឹក​ឈើ​បន្ត។

លោក​បន្ថែម​ថា ក្រុម​កម្មករ​ជាង ១០០នាក់ ដែល​ស៊ីឈ្នួល​កាប់​ឈើ និង​ដឹក​ឈើ​ឱ្យ​ក្រុមហ៊ុន​សុទ្ធតែ​មាន​ជំនាញ​អារ​ឈើ​ក្នុង​ព្រៃ​ដោយ​មិន​ខ្លាច​ច្បាប់​នោះ​ឡើយ។ លោក​អះអាង​ថា លោក​ស៊ើប​ដឹង​ថា ឧក្រិដ្ឋកម្ម​ព្រៃឈើ​ទាំង​នេះ​កើត​ឡើង​ច្រើន​ដោយសារ​មាន​ការ​ឃុបឃិត​គ្នា ជា​ប្រព័ន្ធ​ជាមួយ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន៖ «ការ​ធ្វើ​ទ្រង់ទ្រាយ​ធំ​ដោយសារ​មាន​ការ​ឃុបឃិត​ពី​ពួក ​មន្ត្រី​បរិស្ថាន​ អត់​មាន​ធ្វើ​វិធានការ​ទប់ស្កាត់​បទល្មើស​ណាមួយ​ មានតែ​ការ​បណ្ដែត​បណ្ដោយ​ឱ្យ​បទល្មើស​ចូល​កាប់​គ្មាន​ច្បាប់​ទម្លាប់។ ទោះ​បី​ជា ​ក្រុមហ៊ុន​ហ្នឹង​ចុះ​កុងត្រា​ជាមួយ​ក្រសួង ​ឱ្យ​ដី​សម្បទាន ឬ​ក៏​ព្រៃ​សម្បទាន​ ក៏​វា​មិន​ចូល​ដល់​តំបន់​ការពារ​អ៊ីចឹង​ដែរ។ ក្រសួង​បរិស្ថាន​នៅ​តែ​ព្រងើយ​កន្តើយ ​មិន​អើ​ក្នុង​ព្រៃ​ឡង់​ នៅ​ថ្ងៃ​ខាង​មុខ ​ព្រៃ​ហ្នឹង ​ព្រៃ​ក្លាយ​ជា​វាល ​អត់​មែន​ជា​ព្រៃ​ដែល​ត្រូវ​អភិរក្ស​ទៀត​ទេ។

រីឯ​អ្នក​សម្រប​សម្រួល​សហគមន៍ ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ លោក ស្រី ថី ចោទ ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន​ថា ជា​អ្នក​បន្ត​លាក់បាំង​អាជីវកម្ម​ឈើ​ខុសច្បាប់​របស់​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ។ លោក​ថា ទីតាំង​ដែល​ក្រុមហ៊ុន​បញ្ជូន​កម្លាំង​កម្មករ​កាប់​ផ្ដួល​ឈើ​ធំៗ គឺ​សំបូរ​ដោយ​ដើម គគីរ ត្រាច ដួងចែម ផ្ដៀក លំបោរ និង ស្ទៀង ដែល​មាន​មុខ​កាត់ ៤តឹក​ឡើង​ទៅ។ លើស​ពី​នេះ តំបន់​នោះ ក៏​ជា​កន្លែង​សំខាន់ ដែល​សត្វ​ព្រៃ​កម្រ​រស់​នៅ និង​ចិញ្ចឹម​ជីវិត​ផង​ដែរ។

លោក​បន្ថែម​ថា លោក ចាប សារ៉ន មាន​តួនាទី​ជា​មន្ត្រី​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​តែ​បន្ត​ធ្វើ​ជា​មេការ​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ ធ្វើ​អាជីវកម្ម​ឈើ​យ៉ាង​សស្រាក់សស្រាំ​ជា​ច្រើន​ខែ​មក​ហើយ៖ «ខ្ញុំ​ដើរ​ហើយ​ ចាប់​អី​ក៏​ចាប់​ទៅ ​ចង់​វែក​មុខ​ថា បើ​ចាប់​ខ្ញុំ​ដាក់​គុក ​ឱ្យ​ចាប់​អ្នក​អារ​ឈើ​ផង​ មេការ​ក្រុមហ៊ុន​ផង​។​ វា​ហួស​ហេតុ ​ហួស​ចិត្ត​ពេក​ ដូច​ធ្វើ​អី​អត់​មាន​ប្រសិទ្ធភាព​សោះ ​ដាក់​របាយការណ៍​លើក​ណា​ ច្រាន​ចោល​ គ្រប់​ទឹក ​អត់​មាន​អី​លើក​ទឹក​ចិត្ត​ឱ្យ​បណ្ដាញ​ព្រៃ​ឡង់ ​មាន​ទឹក​មុខ ​មាន​តែ​ចោទ​យើង​ថា​ បង្ក​ថេរភាព​សង្គម​វិញ។​ នេះ​យើង​ចង់​សំណូម​ឱ្យ​សម្ដេច​ធ្វើ​ដូច​ព្រៃ​លិច​ទឹក។

ក្រុមហ៊ុន ភីអ៊ិនធី (PNT Co., Ltd.) ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​ទំហំ ៧.៩០០ហិកតារ នៅ​ស្រុក​រវៀង ខេត្ត​ព្រះវិហារ កាល​ពី​ឆ្នាំ២០១០ ក្រោម​កិច្ច​សន្យា​រយៈ​ពេល ៧០ឆ្នាំ។

ក្នុង​កិច្ច​សន្យា​ក្រុមហ៊ុន​នេះ​វិនិយោគ​ដំណាំ​ខ្លឹម​ច័ន្ទ ចន្ទី និង​ដំណាំ​រួម​ផ្សំ​ផ្សេងៗ ទៀត ប៉ុន្តែ​ប្រជា​សហគមន៍​អះអាង​ថា ក្រុមហ៊ុន​មិនបាន​ដាំ​ដុះ​តាម​កិច្ចសន្យា​នោះ​ទេ ដោយ​សម្រុក​​កាប់​ឈើ និង​អាជីវកម្ម​ឈើ​ទៅ​វិញ។ លើស​ពី​នេះ​ទៀត ក្រុមហ៊ុន​មាន​ម៉ាស៊ីន​អារ​ច្រៀក​ឈើ​ខ្នាត​ធំ ៤គ្រឿង​ឋិត​ក្នុង​ស្រុក​រវៀង ជាប់​ព្រៃ​ឡង់​ខេត្ត​ព្រះវិហារ។

វិទ្យុ​អាស៊ី​សេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ឡង់​ខេត្ត​ព្រះវិហារ លោក មាស ញឹម និង​មេការ​ក្រុមហ៊ុន ភីអ៊ិនធី លោក ចាប សារ៉ន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២០ ធ្នូ។ រីឯ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា និង អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​លោក ស្រី វុឌ្ឍី អាស៊ី​សេរី​ក៏​មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ដែរ ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​គ្មាន​អ្នក​លើក។

ទាក់ទង​រឿង​នេះ​ដែរ ព្រះរាជ​អាជ្ញា​អម​សាលាដំបូង ខេត្តព្រះវិហារ លោក ទី សុវិនថាល់ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា សំណុំរឿង​បទល្មើស​ព្រៃឈើ ពាក់ព័ន្ធ​ក្រុមហ៊ុន​នេះ បាន​ឈាន​ដល់​ដៃ ចៅក្រម​ស៊ើប​សួរ​ហើយ​។ លោក​បដិសេធ​មិន​អធិប្បាយ​លម្អិត​រឿង​នេះ​ទេ ដោយ​លោក​អះអាង​ថា វា​ជា​កិច្ចការ​សម្ងាត់​របស់​តំណាង​អយ្យការ និង​តុលាការ។ តែ​យ៉ាង​ណា លោក​ផ្កាំ​ផ្ញើ​ឱ្យ​ប្រជា​សហគមន៍​ព្រៃ​ឡង់ ​ទាក់ទង​មក​លោក​ផ្ទាល់ ហើយ​ជូន​លោក​ទៅ​ពិនិត្យ​មើល​បទល្មើស​ព្រៃឈើ​ជាក់​ស្ដែង ប្រសិន​បើ​រក​ឃើញ​ថា មាន​ជន​ណា​ប្រព្រឹត្ត​ខុស​ច្បាប់ ដោយ​លោក​ត្រូវ​អនុវត្ត​ច្បាប់​មិន​លើកលែង​ទេ៖ «បើ​ហាម​សហគមន៍​ហើយ​ បែរ​ជា​មិន​អាច​ទប់ស្កាត់​បទល្មើស​បាន អា​ហ្នឹង​ជា​រឿង​ឱ្យ​អាម៉ាស់។ ក្រសួង​ខ្លួនឯង​បើ​សិន​ជា​មាន​ចេតនា​ឱ្យ​ព្រៃ​ឡង់​នៅ​គង់​វង្ស​បាន​ ខ្ញុំ​គិត​ថា​ មិន​ចាំ​បាច់​ បង្ក​បរិយាកាស​ស្មុគស្មាញ​ដល់​សហគមន៍​មូលដ្ឋាន​ទេ។ អា​ហ្នឹង​គ្រាន់តែ​ជា​លេស​មួយ ​ដាក់​គំនាប​ពួកគាត់ ក្នុង​ការពារ​ព្រៃ​ទេ»

ជុំវិញ​រឿង​នេះ មន្ត្រី​សម្រប​សម្រួល​គម្រោង​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក អូត ឡាទីន សង្កេត​ឃើញ​ថា ក្រសួង​បរិស្ថាន​ទាំង​មូល មិន​ត្រឹមតែ​គ្មាន​សមត្ថភាព​ការពារ​ព្រៃ​ឡង់​ឱ្យ​គង់វង្ស​ទេ តែ​បែរ​ជា​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​រារាំង លើ​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ទៅ​វិញ​។ លោក​ថា ក្រុម​ល្បាត​មិន​អាច​ការពារ​ព្រៃឈើ​បាន​ពេញ​លេញ​នោះ​ទេ ព្រោះ​មន្ត្រី​បរិស្ថាន​តែង​តែ​តាមដាន​ និង​ឃ្លាំមើល​ពួកគាត់​ដល់​ផ្ទះ។

លោក​គិត​ថា ប្រសិនបើ​ក្រសួង​បរិស្ថាន​នៅតែ​បន្ត​រឹតត្បិត​សិទ្ធិ​សហគមន៍​មិន​ឱ្យ​ចុះ​ល្បាត​ព្រៃ​ឈើ​បែប​នេះ មិន​យូរ​ទេ ដើម​ឈើ​ធំៗ ក្នុង​ដែន​អភិរក្ស​នេះ​នឹង​រលាយ​ហិន​ហិច​ទាំង​ស្រុង៖ «ចង់​ដឹង​ការ​ពិត​ឱ្យ​ពួក​ហ្នឹង បុគ្គល​ទាំង​អស់​ហ្នឹង​មក​ចួប​ខ្ញុំ​ ហើយ​ខ្ញុំ​សុខចិត្ត​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ ចុះ​ទៅ​ពិនិត្យ​មើល​ ហើយ​ដាក់​លក្ខខណ្ឌ​ទាំង​អស់​គ្នា​។ អ្នក​ណា​ខុស ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា ប្រជា​សហគមន៍​បាន​ឆ្មក់​ចុះ​ល្បាត​ព្រៃ​ឡង់​ដេក​ក្នុង​ព្រៃ ៣យប់​ដើម្បី​ឃ្លាំមើល​ពី​ស្ថានភាព​ព្រៃ​ឡង់​ពេល​ថ្មីៗ នេះ ​ដោយ​រក​ឃើញ​ភស្តុតាង​ភ្ជាប់​រូបភាព និង​វីដេអូ​បទ​បង្ហាញ​ពី​ល្មើស​ព្រៃ​ឈើ​ច្បាស់លាស់​ក្នុង​បំណង​ស្នើ​ឱ្យ​ក្រសួង​បរិស្ថាន​លុបបំបាត់​បទល្មើស​ព្រៃឈើ​ប៉ុន្តែ​ក្រសួង​សាមី និង​អាជ្ញាធរ​តែងតែ​ច្រានចោល ដោយ​មិន​បាន​ចុះ​ទៅ​ស៊ើប​អង្កេត​នោះ​ទេ។

កាលពីខែសីហា ឆ្នាំ ២០២១ កន្លងទៅ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តព្រះវិហារ បាន​ចេញ​ដីកា​បញ្ជា​ឱ្យ ម្ចាស់​ក្រុមហ៊ុន ដួង ស្រួច គ្រុប (DOUNG SROUCH GROUP) គឺ​លោក ដួង ស្រួច និង​បក្ខពួក​បង្ហាញ​ខ្លួន​មក​ស្ថាប័ន​អយ្យការ​ខេត្ត​នេះ ដើម្បី​សាកសួរ​ក្នុង​សំណុំរឿង​កាប់​ប្រមូល និង​កែច្នៃ​ឈើ​ប្រណិត​គ្រប់​ប្រភេទ និង​បទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទល្មើស​ឧក្រិដ្ឋ​ជាអាទិ៍ ដែល​ប្រព្រឹត្ត​ឡើង​នៅ​ចំណុច ត្រពាំង​ឈើ​ទាល​ពេន ក្នុង​ដែន​ព្រៃ​ឡង់ ខេត្ត​ព្រះវិហារ ផ្អែក​តាម​ច្បាប់​ព្រហ្មទណ្ឌ និង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ។

ប្រជា​សហគមន៍​ថា សំណុំ​រឿង​នេះ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ក្រុមហ៊ុន​វៀតណាម ភីអ៊ិនធី ប៉ុន្តែ​មក​ទល់​ពេល​នេះ​ហាក់​ដូចជា​ស្ងាត់​ឈឹង មិន​ឃើញ​ស្ថាប័ន​អយ្យការ​នាំ​ខ្លួន​ជន​សង្ស័យ​ណា​ម្នាក់​មក​ផ្ដន្ទាទោស​នៅ​ឡើយ​ទេ។ ចំណែក​ក្រុមហ៊ុន ​នៅតែ​បន្ត​បញ្ជូន​កម្មករ​កាប់​ឈើ​ក្នុង​ព្រៃ​ឡង់ ធ្វើ​អាជីវកម្ម​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។