សហគមន៍​ព្រៃឡង់​រក​ឃើញ​ថា គម្រោង​រ៉េដ​បូក​២​ខេត្ត​បរាជ័យ​លើ​ការ​ការពារ​ព្រៃឈើ

ដោយ ទីន ហ្សាការីយ៉ា
2024.02.24
សហគមន៍​ព្រៃឡង់​រក​ឃើញ​ថា គម្រោង​រ៉េដ​បូក​២​ខេត្ត​បរាជ័យ​លើ​ការ​ការពារ​ព្រៃឈើ មន្ត្រីពង្រឹងការអនុវត្តច្បាប់នៃគម្រោងរេដបូកទំរីង ចុះបង្រ្កាបបទល្មើសព្រៃឈើ និងសត្វព្រៃ នៅតំបន់អូរព្រូសឃុំក្រយា ស្រុកសន្ទក ខេត្ដកំពង់ធំ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ២០២៣។
រូប៖ ហ្វេសប៊ុកគម្រោងរេដបូកទំរីង - Tumring REDD+ Project

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​រកឃើញ​ថា គម្រោង​រ៉េដបូក (Redd+) ចំនួន ​២​ខេត្ត គឺ​ខេត្ត​កំពង់ធំ និង​ខេត្ត​ស្ទឹងត្រែង កំពុង​បរាជ័យ​ក្នុង​ការ​ការពារ​ព្រៃឈើ ដោយមាន​ការ​កាប់​ទន្ទ្រាន​យក​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិ​នៅ​តំបន់​ការពារ​រ៉េដបូក។ មន្ត្រី​សង្គម​ស៊ីវិលយល់​ឃើញ​ថា ការ​បាត់បង់​គម្រប​ព្រៃឈើ​នេះ ដោយសារតែ​អាជ្ញាធរ​ពាក់ព័ន្ធ​បណ្ដែតបណ្ដោយ​ និង​គប់គិត​គ្នា​ឲ្យ​មាន​ការ​កាប់​ទន្ទ្រាន។

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ បាន​បង្ហាញ​របាយការណ៍​សង្ខេប​មួយ ដោយ​រក​ឃើញ​ថា តំបន់​ព្រៃ​ការពារ​ស្ថិត​នៅ​ក្រោម​គម្រោង​រ៉េដបូក​ទំរីង ខេត្ត​កំពង់ធំ និង​ខេត្តស្ទឹងត្រែង កំពុង​រង​បរាជ័យ ដោយសារ​មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ធ្វើ​ជា​កម្មសិទ្ធិឯកជន ដែល​ធ្វើ​ឲ្យ​មានការ​កើនឡើង​នៃ​ការ​បំភាយ​កាបូន។ របាយការណ៍​នេះ​ក៏បាន​បញ្ជាក់​ថា ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​ធម្មជាតិ ការ​កេងប្រវ័ញ្ច និង​បំបិទ​សិទ្ធិ​សហគមន៍​មូលដ្ឋាន​មិន​ឲ្យ​ចូលរួម​ការពារ​ព្រៃឈើ​ទើប​បណ្ដាល​ឲ្យ​មានការ​បាត់បង់​គម្រប​ព្រៃឈើ​នៅ​តំបន់​ទាំងនោះ។

របាយការណ៍​ពេញ​ដែល​មាន​កម្រាស់ ៣៤​ទំព័រ និយាយ​អំពី​ការ​ឃ្លាំមើល​ព្រៃឈើ​តំបន់​ការពារ​លើក​ទី​៣ បាន​ចុះ​សិក្សា​ស្រាវជ្រាវ​រយៈពេល ​១​ឆ្នាំ ដោយ​បាន​ប្រើប្រាស់​ដ្រូន ទូរស័ព្ទ​ស្មាតហ្វូន ប្រព័ន្ធ​បច្ចេកវិទ្យា ផ្កាយរណប និង​ការ​ចុះ​ស្រាវជ្រាវ​ផ្ទាល់​របស់​សហគមន៍​មូលដ្ឋាន ដើម្បី​ប្រមូល​ទិន្នន័យ​និង​ថតរូប​ភាព​ទុកជា​ភស្តុតាង។

អ្នកសម្របសម្រួល​បណ្ដា​ញ​សហគមន៍​ព្រៃ​ឡង់ ខេត្តព្រះវិហារ លោក ខេម សុឃី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ​ថា ទីតាំង​ដែល​ស្ថិត​ក្រោម​គម្រោង​រ៉េដបូក កំពុងតែ​រង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ ដើម្បី​យក​ដី​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​អនាធិបតេយ្យ ហើយ​មន្ត្រី​ពាក់ព័ន្ធ​នៅ​តំបន់​នោះ មិនបាន​ទប់ស្កាត់​បទល្មើស​ទាំងនេះ​នោះ​ទេ។ លោក​ថា ផ្ទុយ​ទៅវិញ​មន្ត្រី​ទាំងនោះ​ព្យាយាម​តាម​ធ្វើ​ទុក្ខបុកម្នេញ​ទៅ​លើ​អ្នកការពារ​ព្រៃឈើ​តែប៉ុណ្ណោះ។

លោក ខេម សុឃី៖ «ស្នើសុំ​ឲ្យ​អ្នកផ្ដល់​មូលនិធិ​គម្រោង​រ៉េដបូក និង​រដ្ឋាភិបាល​ពិចារណា​ឲ្យ​បាន​ច្បាស់លាស់​នៅ​កិច្ចការ​ទាំងអស់​នេះ ប្រសិនបើ​យើង​នៅតែ​បណ្ដែតបណ្ដោយ​ឲ្យ​គម្រោង​ចេះតែ​ដើរ​ហើយ​ព្រៃ​ចេះតែ​អស់ សួរ​ថា យើង​បាន​ផល​អ្វី​មកវិញ បានតែ​អស់​លុយ​នឹង​ការ​គប់គិត​គ្នា​យក​លុយ​មក​តែ​ចាយ​ហ្នឹង​ប្រជា​សហគមន៍​ដែល​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ការ​បែរជា​ពួកគាត់​អត់​បាន​ផលប្រយោជន៍​អ្វី​ទេ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខៃ អាទិត្យា ដើម្បី​សុំ​ការ​ឆ្លើយ​តប​បានទេ នៅ​ថ្ងៃទី​២៣ ខែ​កុម្ភៈ ដោយ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល។

អ្នកសម្របសម្រួល​គម្រោង​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) លោក អូត ឡាទីន យល់ឃើញ​ថា ដោយសារ​ភាព​កម្សោយ​នៃ​ការអនុវត្ត​ច្បាប់ និង​មិន​អនុញ្ញាត​ឲ្យ​សហគមន៍​មូលដ្ឋាន​បាន​ចូលរួម​ការពារ​ព្រៃឈើ និង​មិន​មាន​ការ​សហការ​ជាមួយ​អង្គការ​ជា​ដៃគូ​ទើប​ធ្វើ​ឲ្យ​គម្រោង​មួយ​នេះ​រង​បរាជ័យ។ លោក​បន្ថែម​ថា អាជ្ញាធរ​ត្រូវតែ​សហការ​ជាមួយ​សហគមន៍​មូលដ្ឋាន​ជា​ចាំបាច់ និង​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​បាន​តឹងរ៉ឹង​ទៅលើ​អ្នក​ប្រព្រឹត្ត។

លោក អូត ឡាទីន៖ «ចំណុច​សំខាន់​បំផុត​ទីមួយ​គឺ​រដ្ឋាភិបាល​ត្រូវតែ​ផ្ដល់​សិទ្ធិអំណាច​ពេញលេញ​ទៅដល់​សហគមន៍​មូលដ្ឋាន ក្នុង​ការ​ការពារ​តំបន់​របស់​ពួកគាត់ យុវជន​ទាំងអស់​ហ្នឹង​អាច​ធ្វើ​កិច្ចការ​រួមគ្នា​ទៅលើ​រួមចំណែក​ជួយ​ការពារ​ធនធានធម្មជាតិ យើង​អាច​ធានា​ថា គម្រោង​រ៉េដបូក​មានការ​ល្អ​ប្រសើរ​ផ្ទុយទៅវិញ។ ប្រសិនបើ​រដ្ឋាភិបាល​អត់​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​អនុវត្ត​ច្បាប់​របៀប​នេះ​ទេ ខ្ញុំ​ជឿ​ថា ការអនុវត្ត​គម្រោង​រ៉េដបូក​តំបន់​មួយចំនួន​ពិបាក​ក្នុង​ទទួល​បាន​ជោគជ័យ​ណាស់»

បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​លើកឡើង​ទៀត​ថា ដើម្បី​ធានា​ដល់​បរិស្ថាន និង​សុចរិត​ភាព​សង្គម​រដ្ឋាភិបាល​គួរតែ​មាន​តម្លាភាព និង​គណនេយ្យភាព ហើយ​ប្រកាន់ខ្ជាប់​នូវ​ការ​ការពារ​សង្គម និង​បរិស្ថាន​ឲ្យ​បាន​តឹងរ៉ឹង និង​មានការ​ចូលរួម​ការពារ​ព្រៃឈើ​ពី​សហគមន៍​មូលដ្ឋាន​ដែល​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​តំបន់​នោះ។

កាលពី​ឆ្នាំ​២០២០​ កន្លងទៅ សហព័ន្ធ​ចលនា​ដើម្បី​បរិស្ថាន (Korea Federation for Environmental Movements) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​កូរ៉េ បាន​ចេញ​ផ្សាយ​របាយការណ៍​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ នៅ​តំបន់​រ៉េដបូក របស់​កូរ៉េ​ក្នុង​ប្រទេស​កម្ពុជា។ របាយការណ៍​នេះ​បាន​រក​ឃើញ​ទៀត​ថា ព្រៃ​សហគមន៍​ចំនួន១៤ ​មាន​ផ្ទៃដី​សរុប​ជាង ៧​ម៉ឺន​ហិកតារ​ នៅ​ជាប់​ព្រៃឡង់​ក្នុង​ខេត្ត​កំពង់ធំ​បាន​បាត់បង់​ព្រៃឈើ​ជាង ២​ម៉ឺន​ហិកតារ នៅ​រយៈពេល​ ៦ឆ្នាំ​ចុង​ក្រោយនេះ ធ្វើ​ឱ្យ​ការ​អនុវត្ត​គម្រោង​រេដបូក​បាន​បរាជ័យ​។ ក្រៅ​ពី​នេះ​ ទំហំ​ព្រៃឈើ​ដែល​បាត់បង់​ភាគច្រើន​បាន​ប្រែក្លាយ​ទៅជា​ដីស្រែ​ចម្ការ​មាន​ដំណាំ​ដំឡូង​មី កៅស៊ូ និង​ស្វាយចន្ទី​ជាដើម​គ្រប់គ្រង​កម្មសិទ្ធិ​ដោយ​បុគ្គល​ឯកជន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។