អ្នកឃ្លាំមើលបរិស្ថាន និងក្រុមស្នូលបណ្ដាញសហគមន៍ការពារព្រៃឡង់ខេត្តព្រះវិហារ ចោទមន្ត្រីក្រសួងបរិស្ថានថា នៅតែផ្តល់ឱកាស ឱ្យកម្មកររាប់រយនាក់ ចូលកាប់ឈើក្នុងព្រៃឡង់លក់ឱ្យក្រុមហ៊ុនឯកជនដដែលៗ ដោយគ្មានការអនុវត្តច្បាប់។ ការលើកឡើងនេះ ក្រោយពីពួកគាត់បានឆ្មក់ចុះស៊ើបអង្កេត ពីបទល្មើសព្រៃឈើ ក្នុងតំបន់ព្រៃឡង់ជាថ្មីទៀត។
ក្រុមស្នូលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ និងសមាគមបណ្ដាញយុវជនកម្ពុជា (CYN) រកឃើញ ភស្តុតាងជាថ្មីទៀត ពីឧក្រិដ្ឋកម្មព្រៃឈើ ឋិតក្នុងដែនជម្រកសត្វព្រៃឡង់ កំពុងកើតមានឥតឈប់ឈរ ដែលប្រព្រឹត្តឡើងដោយ ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) និង ក្រុមហ៊ុនវៀតណាម ភីអ៊ិនធី (PNT Co., Ltd.)។
កាលពីថ្ងៃទី១ ដល់ទី៣ សីហា ប្រជាសហគមន៍ព្រៃឡង់ និងអង្គការសង្គមស៊ីវិល មានគ្នា ៦នាក់ បានលបចុះល្បាត នៅតំបន់ព្រៃឡង់ ប្រទះឃើញក្រុមកម្មករ និងមេកាក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) ជាច្រើននាក់ កំពុងនាំគ្នាកាប់ឈើ និងដឹកជញ្ជូនឈើចេញពីតំបន់អភិរក្សនេះ នៅចំណុចមុំបី ឬតំបន់ប្រសព្វគ្នា រវាងខេត្តកំពង់ធំ ស្ទឹងត្រែង និងព្រះវិហារ។
ទន្ទឹមនឹងនេះ ក្រុមល្បាត ក៏ប្រទះឃើញ គោយន្តជាច្រើនគ្រឿង សម្រុកដឹកឈើហ៊ុបធំៗ ប្រភេទសុក្រំ ដួងចែម គគីរ និងឈើទាល នៅចំណុចស្រែអាចម៍ដែក អូរធ្នង់ ជាំប្រទាល និងត្រពាំងស្មាច់ តម្រង់ចូលការដ្ឋានក្រុមហ៊ុនឯកជនទាំងនេះ នៅជាប់តំបន់ព្រៃឡង់ ឋិតក្នុងស្រុករវៀង ខេត្តព្រះវិហារ។
អ្នកសម្របសម្រួលបណ្ដាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហារ លោក ស្រី ថី ប្រាប់វិទ្យុអាស៊ីសេរីថា បច្ចុប្បន្នអាត្រាក់ទ័រ ៦គ្រឿង រទេះក្របី ១៤ នឹម និង គោរយន្តរាប់សិបគ្រឿង គឺជាមធ្យោបាយដឹកឈើធំៗ ចេញពីដែនជម្រកសត្វព្រៃឡង់ មកស្តុកទុក ក្នុងដេប៉ូឈើមួយកន្លែង នៅជាប់ព្រៃឡង់ ខេត្តព្រះវិហារ។
លោកថា បទល្មើសព្រៃឈើទាំងនេះ កើតមានឡើងច្រើន ជាបន្តបន្ទាប់ ជាង ៧ ខែមកហើយ ហើយពួកលោកបាន រាយការណ៍ទៅមន្ត្រីបរិស្ថានជាច្រើនលើក ក៏គ្មានបានផលដែរ តែផ្ទុយទៅវិញ ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានបានពង្រាយកម្លាំង យាមល្បាតផ្លូវគ្រប់ច្រកចូលព្រៃឡង់ ដើម្បីរាំងខ្ទប់មិនឱ្យ ប្រជាសហគមន៍ចូលល្បាតព្រៃ៖ «មន្ត្រីបរិស្ថាននៅកន្លែងអភិរក្សអត់យកចិត្តទុកដាក់បណ្តោយ គឺមានតែបើកដៃឱ្យក្រុមជនល្មើស កាប់បន្តបន្ថែមទៀត រទេះក្របីឡើង ១៤ រទេះ គោយន្តផង អាត្រាក់ទ័រផង ពេញតែព្រៃ។
របាយការណ៍ប្រជាសហគមន៍ការពារព្រៃឡង់បង្ហាញថា ក្រុមអ្នកដឹកឈើ បានប្រើប្រាស់ ត្រាក់ទ័រ ៦គ្រឿងទាញឈើហ៊ុបធំៗ មកទម្លាក់ទុក ក្នុងដេប៉ូទី១ របស់ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទិក (ខេមបូឌា) ស្ថិតនៅចំណុចភ្នំស្រឡៅ និងចំណុចបុស្សរាំង ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។
រីឯរទេះក្របី ១៤ នឹម ត្រូវគេប្រើឱ្យអូសឈើធំៗ ដោយមានគោយន្តយ៉ាងហោចណាស់ ៥០ គ្រឿង នាំឈើដឹកជញ្ជូនបន្ត មកស្តុកទុក ក្នុងបរិវេណក្រុមហ៊ុនវៀតណាមភីអ៊ិនធី។ ទន្ទឹមនឹងនេះ មេការក្រុមហ៊ុន និងក្រុមកម្មករខ្លះ មានកាំភ្លើងច្នៃ ភ្លើងសូឡា និងវិទ្យុទាក់ទងស្ទើរគ្រប់ដៃ ដើម្បីងាយស្រួល ផ្តល់ព័ត៌មាន ពីសកម្មភាពដឹកឈើ ក្នុងអភិរក្សនេះ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា និងរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន បាននៅឡើយទេ នៅថ្ងៃទី៥ សីហា។
រីឯតំណាងក្រុមហ៊ុនវៀតណាមភីអ៊ិនធី និង ក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទង សុំការបំភ្លឺបានដែរ នៅថ្ងៃដដែលនេះ។
កន្លងទៅ រដ្ឋបាលព្រៃឈើបានបំភ្លឺនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយបង្ហាញថា ក្រសួងកសិកម្មបានអនុញ្ញាតឱ្យក្រុមហ៊ុន ម៉ាឃល ឡូជីស្ទីក (ខេមបូឌា) (MACLE LOGISTICS) ប្រមូលឈើក្នុងអនុតំបន់ ២.៣ និងអនុតំបន់ ៤ ឋិតក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន ភីអ៊ិនធី(P.N.T Co., Ltd.)។ ប៉ុន្តែប្រជាសហគមន៍ថា មកទល់ពេលនេះ ក្នុងបរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនវៀតណាមភីអ៊ិនធី ពុំមានដើមឈើធំៗទៀតទេ គឺមានតែព្រៃរេចរឹលប៉ុណ្ណោះ។
ក្រុមហ៊ុនភីអ៊ិនធី (PNT Co., Ltd.) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំជិត៨ពាន់ ( ៧.៩០០ )ហិកតារ នៅស្រុករវៀង ខេត្តព្រះវិហារ កាលពីឆ្នាំ២០១០ ក្រោមកិច្ចសន្យារយៈពេល ៧០ឆ្នាំ។ ប្រជាសហគមន៍អះអាងថា ក្រុមហ៊ុនមិនបានដាំដុះតាមកិច្ចសន្យា ជាមួយរដ្ឋាភិបាលនោះទេ ដោយសម្រុកកាប់ឈើ និងធ្វើអាជីវកម្មឈើជាងមួយឆ្នាំមកហើយ។ លើសពីនេះទៀត ក្រុមហ៊ុនមានម៉ាស៊ីនអារច្រៀកឈើខ្នាតធំ ៤គ្រឿងឋិតក្នុងស្រុករវៀង ជាប់ព្រៃឡង់ខេត្តព្រះវិហារ។
មន្ត្រីសម្របសម្រួលគម្រោងនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) លោក អូត ឡាទីន ដែលចុះអង្កេតរឿងនេះ មើលឃើញថា ក្រសួងបរិស្ថាននៅតែមិនព្រម មានវិធានការច្បាប់ ចំពោះជនល្មើស រួមទាំងមន្ត្រីខិលខូចឃុបឃិតគ្នា បំផ្លាញព្រៃអភិរក្សនេះ។ លោកថា ក្រសួងសាមីមួយនេះ កំពុងបណ្តែតបណ្តោយមិនយកចិត្តទុកដាក់ ដោះស្រាយបញ្ហានេះ ធ្វើឱ្យឧក្រិដ្ឋកម្មព្រៃឈើ នៅតែកើតមានដដែលៗ គ្មានទីបញ្ចប់៖ «ពេលដែលអស់ព្រៃឈើ តាំងនាំគ្នាទៅស្តារព្រៃឡើងវិញ នាំគ្នាទៅដាំកូនឈើ។ អាហ្នឹងគឺជាការប្រព្រឹត្តកំហុសធ្ងន់ធ្ងរ ដែលយើងមានច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ មានមន្ត្រីរដ្ឋបាលការពារ ហើយយើងអត់ព្រម ធ្វើការអនុវត្តច្បាប់ អត់ដោះស្រាយបញ្ហា កំឡុងពេលបញ្ហាកំពុងកើតមានតូចតាច នេះជាការប្រព្រឹត្តកំហុសធ្ងន់ណាស់ សម្រាប់មន្ត្រីអនុវត្តច្បាប់។
ជុំវិញរឿងនេះ សកម្មជនការពារព្រៃឡង់ លោក ហេង ស្រស់ ចាត់ទុកឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ ជាចេតនា របស់រដ្ឋាភិបាល និងក្រសួងបរិស្ថាន បណ្តែតបណ្តោយឱ្យកម្មករក្រុមហ៊ុនកាប់ឈើដោយសេរី។ លោកថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរខ្លះ មានជាប់ពាក់ព័ន្ធឃុបឃិតគ្នា ប្រព្រឹត្តបទល្មើសព្រៃឈើទាំងនេះ ទើបការអនុវត្តច្បាប់គ្មានប្រសិទ្ធភាព៖ «បើសិនជារដ្ឋាភិបាលមានឆន្ទៈពិតប្រាកដ យើងជឿថា រដ្ឋាភិបាលនឹងបង្ក្រាបលើក្រុមឧកញ៉ា និងក្រុមហ៊ុនមួយចំនួន រកស៊ីកាប់ឈើលក់នៅក្រៅប្រទេស ដូចកាលពីឆ្នាំ២០១៦ ដែរ។
សកម្មជនបរិស្ថានរូបនេះ បន្ថែមថា ដែនជម្រកសត្វព្រៃឡង់ក្នុងខេត្តក្រចេះ ក៏មានបទល្មើសព្រៃឈើ កើតឡើងយ៉ាងច្រើនសន្ធឹកសន្ធាប់ដូចគ្នាដែរ ហើយបច្ចុប្បន្ន មានកម្មកររាប់រយនាក់ កំពុងពង្រាយពេញព្រៃឡង់ ដើម្បីកាប់ផ្តួលរំលំដើមឈើរាប់រយដើម ដឹកលក់ឱ្យក្រុមហ៊ុន ស៊ីងបាយអូថេក (Think BIOTECH CAMBODIA) និងក្រុមហ៊ុនអង្គរប្លាយវូដ (Angkor Plywood)។ លោកថា ក្រុមហ៊ុនទាំងនេះ ប្រើរូបភាពធ្វើអាជីវកម្មឈើប្រុងប្រយ័ត្នជាងមុន ដោយបញ្ជូនកងសន្តិសុខយាមល្បាតគ្រប់ច្រក មិនឱ្យមនុស្សប្លែកមុខចេញចូលតំបន់នោះ។
លោក ហេង ស្រស់ សង្កេតឃើញថា ពួកលោកបានលបឆ្មក់ចុះល្បាត ដោយរកឃើញ ជំរំកាប់ឈើ ៥កន្លែង ដែលគេសង់ឡើង ដើម្បីឱ្យកម្មករសម្រាកហូបអាហារ ក្នុងដែនជម្រកសត្វព្រៃឡង់។
វិទ្យុអាស៊ីសេរីមិនទាន់អាច ទាក់ទង សុំការបំភ្លឺរឿងនេះ ពីតំណាងក្រុមហ៊ុនទាំងនេះ បាននៅឡើយទេ។
បណ្ដាញក្រុមស្នូលការពារព្រៃឡង់បន្ថែមថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ដែលរដ្ឋាភិបាលបញ្ជូនឱ្យឈរជើង ការពារព្រៃ នៅតំបន់ព្រៃឡង់ទាំងបួនខេត្ត មិនបានបំពេញតួនាទី អនុវត្តច្បាប់ព្រៃឈើឱ្យបានត្រឹមត្រូវនោះឡើយ ហើយបច្ចុប្បន្នបែរជា កាងអាជីវកម្មឈើខុសច្បាប់ របស់ក្រុមហ៊ុនទាំងនេះ ព្រោះតែផលប្រយោជន៍។
លើសពីនេះ មន្ត្រីបរិស្ថានទាំងនោះ តែងតែឃ្លាំមើល ប្រជាសហគមន៍មិនឱ្យចុះល្បាតព្រៃឡង់ ដោយលើកហេតុផលថា មិនសុំច្បាប់អនុញ្ញាត ប៉ុន្តែបើកដៃឱ្យក្រុមអ្នកកាប់ឈើចូលព្រៃឡង់ដោយសេរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
