សហគមន៍​ការពារ​ព្រៃឡង់​ខេត្ត​កំពង់ធំ​ស្នើ​អាជ្ញាធរ​បញ្ឈប់​ការ​លាប​ពណ៌​មក​លើ​ពួកគាត់

ដោយ មាន ឫទ្ធិ
2017-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ល្បាត​ព្រៃ​ឡង់​កាល​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៧។ រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់
ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ និង​សមត្ថកិច្ច​មូលដ្ឋាន ចុះ​ល្បាត​ព្រៃ​ឡង់​កាល​ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០១៧។ រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់
រូបថត​ផ្ដល់​ដោយ​សហគមន៍​ព្រៃ​ឡង់

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ ត្អូញត្អែរ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​ក្នុង​ការ​បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយនេះ។ បញ្ហា​ប្រឈម​ទាំង​នោះ មាន​ដូច​ជា​អាជ្ញាធរ​តម្រូវ​ឱ្យ​ពួកគាត់​សុំច្បាប់ មុន​ពេល​ចុះ​ល្បាត​ព្រៃ​ជាដើម។ បន្ថែម​លើស​ពី​នេះ​ទៀត អាជ្ញាធរ​តាម​បាន​ដាន​សកម្មភាព​ប្រជា​សហគមន៍ និង​ចោទប្រកាន់​ពួកគាត់​ថា ជា​ក្រុម​បដិវត្ត​ពណ៌ ឬ​មាន​បំណង​ចង់​បង្កើត​តំបន់​អបគមន៍​ជាដើម។

ប្រជា​សហគមន៍​ការពារ​ព្រៃឡង់​នៅ​ខេត្ត​កំពង់ធំ មាន​បំណង​ចង់​ជួបពិភាក្សា​គ្នា​ជាមួយ​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ និង​អង្គការក្រៅរដ្ឋាភិបាល ដើម្បី​បញ្ជាក់​ឱ្យ​ច្បាស់​ពី​ការងារ​របស់​ខ្លួន។ មិន​តែ​ប៉ុណ្ណោះ​ពួកគាត់​ចង់​ឱ្យ​មាន​កិច្ច​សហការ​ល្អ​រវាង​សហគមន៍ ជាមួយ​អាជ្ញាធរ​ដែនដី និង​មន្ត្រី​ជំនាញ។ ជាមួយ​គ្នា​នេះ​ដែរ សហគមន៍​ស្នើ​ឱ្យ​អាជ្ញាធរ​ទាំងអស់ បញ្ឈប់​ការ​លាប​ពណ៌​មក​លើ​ពួកគាត់​តាម​រូបភាព​ផ្សេងៗ ហើយ​នាំគ្នា​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​នៅ​តំបន់​ព្រៃ​អភិរក្ស​មួយ​នេះ​ប្រសើរ​ជាង។

បណ្ដាញ​ស្នូល​ការពារ​ព្រៃឡង់ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ លោក មិញ នី លើក​ឡើង​ថា មួយ​រយៈ​ពេល​ចុង​ក្រោយនេះ ពួកគាត់​តែង​រង​ការ​គំរាមកំហែង​ដោយ​ប្រយោល និង​រង​ការ​ចោទ​ប្រកាន់​ថា ជា​ក្រុម​គណបក្សប្រឆាំង ឬ​ជា​ក្រុម​បដិវត្តន៍​ពណ៌។ លោក​បារម្ភ​ចំពោះ​ការចោទប្រកាន់​មក​លើ​ពួកគាត់​បែបនេះ និង​នាំ​ឲ្យ​ធ្វើ​ឱ្យ​ប្រជា​សហគមន៍​មួយ​ចំនួន​ញញើត មិន​មាន​សេរីភាព​ក្នុង​ការ​បំពេញភារកិច្ច​របស់​ខ្លួន៖ «បើ​និយាយ​ពី​សហគមន៍​ខ្ញុំ​ចង់​ឱ្យ​រដ្ឋាភិបាល និង​បណ្ដាញ​សហគមន៍​ព្រៃឡង់​ទាំង​បួន​ខេត្ត ឬ​ទូទាំង​ប្រទេស ដើម្បី​ឱ្យ​ក្រសួងបរិស្ថាន​និយាយ​គ្នា​ថា ពួក​យើង​ធ្វើ​ដើម្បី​គណបក្ស​ណា​ឬ​ក្រោម​បញ្ជា​នយោបាយ​របស់​នរណា​ទេ»

កាលពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ រាជរដ្ឋាភិបាល​បាន​ប្រកាស​បង្កើត​តំបន់​ព្រៃឡង់​ជា​តំបន់​ដែន​ជម្រក​សត្វព្រៃ​មាន​ផ្ទៃដី​ជាង ៤៣​ម៉ឺន​ហិកតារ (៤៣១.៦៨៣​ហិកតារ​) គ្របដណ្ដប់​លើ​ខេត្ត​ចំនួន​៤ រួមមាន​ខេត្ត​ព្រះវិហារ ខេត្ត​កំពង់ធំ ក្រចេះ និង​ខេត្ត​ស្ទឹងត្រែង ដែល​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​បរិស្ថាន។

អភិបាលខេត្ត​កំពង់ធំ លោក សុខ លូ មានប្រសាសន៍​កាលពី​កន្លង​ទៅ​ថា ចាប់​តាំង​ពី​លោក​ទទួល​តំណែង​ជា​អភិបាលខេត្ត​មក លោក​មាន​ទិសដៅ​សំខាន់​មួយ គឺ​ការពារ​ព្រៃឈើ ហើយ​តែងតែ​សហការ​ជាមួយ​ប្រជា​សហគមន៍​ជានិច្ច។

លោក​ថា រយៈពេល​ចុងក្រោយ​នេះ រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់​ចំពោះ​ការងារ​របស់​ពួកគាត់ ហើយ​កន្លងមក​អាជ្ញាធរ​ខេត្ត​តែងតែ​ចូលរួម និង​សហការ​ជាមួយ​សហគមន៍​ទាំងនេះ ព្រោះ​ទាំង​អាជ្ញាធរ​ខេត្ត និង​ប្រជាពលរដ្ឋ គឺ​មាន​ទិសដៅ​ការពារ​ព្រៃឈើ​ដូចគ្នា។ លោក​ចាត់​ទុក​ការ​ចូលរួម​របស់​បង​ប្អូន​ប្រជា​សហគមន៍ ថា​ជា​កត្តា​ល្អ​ណាស់។ ចំណែក​ការ​គំរាមកំហែង​ណាមួយ​ទៅលើ​សហគមន៍ លោក​បដិសេធ​ថា មិន​ដឹង​កើតឡើង​ពី​ពេលណា​នោះ​ទេ។

លេខាធិការដ្ឋាន​បណ្ដាញ​ការពារ​ព្រៃឡង់ លោក សេង សុខហេង អះអាង​ថា ប្រជា​សហគមន៍​ពិតជា​លំបាក​បំពេញការងារ​របស់​ខ្លួន​ក្នុង​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​មែន ដូចជា​ការ​តម្រូវ​ឱ្យ​ពួកគាត់​សុំច្បាប់​ទៅ​មន្ត្រី​ជំនាញ​មុន​ពេល​ចុះ​ល្បាត​ព្រៃ។ មិនតែប៉ុណ្ណោះ អាជ្ញាធរ​ដែនដី​តែង​តាមដាន​សកម្មភាព​ប្រជុំ ឬ​ជួបជុំ​របស់​សហគមន៍ និង​លាប​ពណ៌​ផ្សេងៗ ជាដើម។ រូបភាព​ចោទប្រកាន់ និង​លាប​ពណ៌ គឺ​កើតឡើង​ទៅលើ​ប្រជា​សហគមន៍​ទាំង​បួន​ខេត្ត ដែល​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​តែម្ដង៖ «តួនាទី​សហគមន៍ សង្គម​ស៊ីវិល គឺ​យើង​ធ្វើការ​ដោយ​ឯករាជ្យ ហើយ​អង្គការ​ទាំងអស់​នោះ សង្គម​ស៊ីវិល​ទាំងអស់​នោះ គឺ​គាត់​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​នៅ​ក្រសួង​ត្រឹមត្រូវ​យើង​មាន​បេសកកម្ម យើង​មាន​ផែនការ​ច្បាស់លាស់។ អីចឹង​ហេតុផល​ការពារ​ព្រៃឈើ​គឺ​មិនមែន​ជា​ហេតុផល​ណាមួយ​ដែល​ទាក់ទង​បដិវត្តន៍​ពណ៌​ទេ»

លោក សេង សុខហេង បញ្ជាក់​ថា ការចោទប្រកាន់ ឬ​លាប​ពណ៌ និង​ការ​រឹតត្បិត​សកម្មភាព​របស់​ប្រជា​សហគមន៍ គឺ​មិន​អាច​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​បានទេ ប៉ុន្តែ​ផ្ដល់​ភាព​ងាយស្រួល​ដល់​ក្រុម​ជនល្មើស​ក្នុង​ការ​បំផ្លិចបំផ្លាញ​ព្រៃឈើ​តែប៉ុណ្ណោះ។

មន្ត្រី​កម្មវិធី​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម ឬ​ការចោទប្រកាន់​ផ្សេងៗ ទៅលើ​សហគមន៍ មិនមែន​ទើបតែ​កើតមាន​ពេលនេះ​ទេ គឺ​កើតមាន​ជា​យូរ​មក​ហើយ។ ពិសេស​បញ្ហា​ប្រឈម​ជាមួយ​ក្រុម​ជនល្មើស អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ សមត្ថកិច្ច ដែល​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ឬ​ឃុបឃិត​ជាមួយ​ឧក្រិដ្ឋជន​។ ជាក់ស្ដែង​ពេល​ថ្មីៗ នេះ ដោយសារ​ប្រទេស​កម្ពុជា​មាន​វិបត្តិ​នយោបាយ ធ្វើ​ឱ្យ​មន្ត្រី​ខិលខូច​មួយ​ចំនួន ភ្ជាប់​ចលនា​ផ្សេងៗ ឬ​យក​រឿង​នយោបាយ​ទៅ​ដាក់​សម្ពាធ​លើ​ប្រជា​សហគមន៍​តែម្ដង៖ «យើង​គិត​ថា ប្រជា​សហគមន៍​យើង គាត់​ធ្វើការ​ត្រឹមត្រូវ ហើយ​គាត់​គ្មាន​បំណង​បង្កើត​តំបន់​អបគមន៍​អ្វី​ទេ​បាទ ព្រោះ​ពាក្យ​អបគមន៍​មួយ​ជា​ពាក្យ​ធ្ងន់ធ្ងរ​ណាស់»

លោក ប៉ែន ប៊ុណ្ណារ៍ បន្ថែម​ថា ប្រជា​សហគមន៍ អាច​ប្រើ​យុទ្ធសាស្ត្រ​មួយទៀត គឺ​រួមគ្នា​ដាក់​បណ្ដឹង​បរិហារ ដោយ​ប្ដឹង​អាជ្ញាធរ​ដែនដី មន្ត្រី​ជំនាញ សមត្ថកិច្ច ដែល​បណ្ដែតបណ្ដោយ​ឱ្យ​មាន​បទល្មើស ឬ​វិនាសកម្ម​ព្រៃឈើ​កើតឡើង​នៅ​ក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល