តំណាងសហគមន៍ការពារព្រែឈើមកពីខេត្តចំនួន ៣ទទូចឱ្យភាគីពាក់ព័ន្ធចូលរួមថែរក្សាព្រៃឈើដែលនៅសេសសល់ចុងក្រោយនៅ តាមតំបន់ដែលពួកគេរស់នៅ។
ការអំពាវនាវនេះធ្វើឡើងនៅពេលដែលតំណាងសហគមន៍ការពារព្រៃឈើ ៣រូបបានទៅចូលរួមក្នុងសន្និសីទអន្តរជាតិស្ដីពីជីវចម្រុះ (Cop15 UN) នៅទីក្រុងម៉ុងរ៉េអាល់ (Montreal) ប្រទេសកាណាដា (Canada)។
តំណាងសហគមន៍ទាំង៣រូបនោះរួមមាន ព្រះតេជព្រះគុណ ថូ ធូរស់ ប្រធានសហគមន៍ព្រៃសង្ឃរុក្ខវ័ន ក្នុងខេត្តឧត្តរមានជ័យ តំណាងសហគមន៍ព្រៃឡង់ក្នុងខេត្តកំពង់ធំ លោក ហឿន សុភាព និងតំណាងសហគមន៍ព្រៃព្រះរកា នៅក្នុងខេត្តព្រះវិហារ លោក សុត សាវន។
តំណាងទាំង ៣រូបនេះ មានឱកាសចូលរួមក្នុងសន្និសីទពិភពលោកនេះដើម្បីចែករំលែកពីបទពិសោធន៍ការពារព្រៃឈើនៅកម្ពុជា និងសិក្សាពីបទពិសោធន៍ពីបណ្ដាប្រទេសធំៗ មួយចំនួនចូលរួម។
តំណាងសហគមន៍ព្រៃសង្ឃរុក្ខវ័ន ព្រះតេជព្រះគុណ ថូ ធុរស លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់តំណាងសហគមន៍ទាំង៣ថា យើងទាំងអស់គ្នាមិនអាចរស់បានទេ បើមិនមានព្រៃឈើ ហេតុនេះព្រះអំពាវនាវឱ្យគ្រប់ភាគីទាំងចូលរួមការពារព្រៃឈើ មិនថា អាជ្ញាធរ បុព្វជិតសាសនា និងអ្នកពាក់ព័ន្ធដទៃទៀត។
តំណាងសហគមន៍ការពារព្រៃឡង់នៅខេត្តកំពង់ធំ លោក ហឿន សុភាព ថ្លែងប្រាប់វិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃទី ១៣ ខែធ្នូ ម្សិលមិញថា អ្វីដែលលោករៀនសូត្របានពីសន្និសីទពិភពលោកនេះគឺព្រៃឈើ ធនធានធម្មជាតិអាចគង់វង្សបានទាល់តែមានការចូលរួមពីគ្រប់ភាគី ពិសេសគឺការចូលរួមពីសហគមន៍មូលដ្ឋាន ដោយមានការជំរុញលើកទឹកចិត្តពីសំណាក់រដ្ឋាភិបាល។
លោក ហឿន សុភាព៖ «ប្រទេសកម្ពុជាយើងមានបរិបទរាងខុសពីស្រុកគេ យោងតាមរបាយការណ៍ ឬក៏បទបង្ហាញ និងអនុសាសន៍ពីរដ្ឋមន្ត្រីបរិស្ថាននៅប្រទេសកាណាដា និងនៅប្រទេសចិនគេជំរុញ និងលើកទឹកចិត្តឱ្យសហគមន៍ ពលរដ្ឋឱ្យជនជាតើដើមភាគតិចគេឱ្យចូលរួមក្នុងសហគមន៍ជាមួយភាគីរដ្ឋ កឺមានការជំរុញល្អមែនទែន ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាយើងទង់បានឃើញ ខ្ញុំនិយាយម៉ាប៉ែកព្រៃឡង់ គឺរដ្ឋមន្ត្រីក្រសួងបរិស្ថានអត់ទាន់ជំរុញឱ្យសហគមន៍ចូលរួមជាមួយក្រសួងបរិស្ថានទេ»។
ចំណែកតំណាងសហគមន៍ព្រៃព្រះរកា លោក ស៊ុត សាវន លើកឡើងដែរថា ជនជាតិដើមកួយរួមទាំងរូបលោកផងរស់នៅអាស្រ័យលើផលអនុផលព្រៃឈើ។ លើសពីនេះលោកថា ជនជាតិកួយ ជឿថាព្រៃគឺជាជម្រករបស់ដូនតា ដែលបន្តរាប់ជំនាន់មកហើយ។
បើទោះជាយ៉ាងណាមកដល់ពេលនេះសហគមន៍ការព្រៃឈើទាំង ៣នេះជួបបញ្ហាប្រឈមជាច្រើនដែលជាការលំបាកក្នុងការងារការពារព្រៃឈើសហគមន៍ឱ្យគង់វង្ស ក្នុងនោះរួមមាននៅតំបន់ព្រៃឡង់ ដែលអាជ្ញារារាំងមិនឱ្យសហគមន៍ចូលល្បាតព្រៃប្រមាណជាង២ឆ្នាំមកហើយ ចំណែកសហគមន៍ព្រៃព្រះរកាក៏ជួបបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចិន រីឯសហគមន៍ព្រៃសង្ឃរុក្ខវ័នតែងជួបប្រទះបញ្ហាខ្វះខាតធនធានចាំបាច់ ដើម្បីការពារព្រៃ។ លើសពីនេះជីវភាពប្រជាសហគមន៍ក៏ខ្វះខាតដោយសារមិនអាចពឹងអាស្រ័យធនធានធម្មជាតិបានដូចមុន ចំណែកតំណាងសហគមន៍មួយចំនួនត្រូវជាប់ពន្ធនាគារ ឬជាប់បណ្ដឹងទៅតុលាការ ដោយសារការងារការពារព្រៃឈើរបស់ពួកគេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។